« ការស្វែងរកចម្លើយចំពោះសំណួររបស់បងប្អូន ៖ សេចក្តីណែនាំ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )
ការស្វែងរកចម្លើយចំពោះសំណួររបស់បងប្អូន
សេចក្តីណែនាំ
ជាយូរមកហើយ មុនពេល យ៉ូសែប ស្ម៊ីធ លុតជង្គង់អធិស្ឋាននៅក្នុងព្រៃពិសិដ្ឋ លោកបានដាក់គ្រឹះសម្រាប់ការរីកចម្រើនខាងវិញ្ញាណរបស់លោក ។ លោកបានចំណាយពេលជាច្រើនខែក្នុងការចូលរួមកម្មវិធីថ្វាយបង្គំ ការអានព្រះគម្ពីរប៊ីប និងការចូលរួមក្នុងការអធិស្ឋានក្នុងគ្រួសារ ។ លោកបាននិយាយជាមួយសមាជិកគ្រួសាររបស់លោក រួមទាំងមនុស្សមួយចំនួនដែលសង្ស័យលើសាសនាដែលបានរៀបចំឡើង ។ យ៉ូសែបត្រូវខិតខំដើម្បីស្វែងរកចម្លើយចំពោះសំណួររបស់លោក ។ នៅទីបំផុត ព្រះបានឆ្លើយតបនឹងការអធិស្ឋានរបស់យ៉ូសែប ។ ប៉ុន្តែការនិមិត្តដំបូងមិនបានឆ្លើយសំណួរទាំងអស់របស់យ៉ូសែបទេ ។ សម្រាប់យ៉ូសែប ការស្វែងរកចម្លើយគឺជាការខិតខំប្រឹងប្រែងពេញមួយជីវិត ។
សព្វថ្ងៃនេះ ព័ត៌មានអំពីប្រវត្ដិសាស្ដ្រនៃសាសនាចក្រព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺអាចចូលមើលបានច្រើនជាងពេលមុនៗ ។ នេះអាចជាពរជ័យដ៏អស្ចារ្យមួយ ប៉ុន្តែវាមិនមែនជាការងាយស្រួលជានិច្ចនោះទេដើម្បីដឹងថាប្រភពណាដែលគួរឲ្យទុកចិត្ត ។ ហើយរឿងមួយចំនួនដែលយើងរៀនអាចលើកឡើងចោទជាសំណួរដ៏លំបាកផងដែរ ។ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានកត់ចំណាំថា « អ្នកខ្លះអាចមានអារម្មណ៍អៀនខ្មាស ឬថាមិនស័ក្ដិសមដោយសារពួកគេបានស្វែងរកសំណួរដែលទាក់ទងទៅនឹងដំណឹងល្អ ប៉ុន្ដែពួកគេមិនត្រូវមានអារម្មណ៍បែបនោះទេ » ។ លោកបានបង្រៀនថា « ការសួរសំណួរមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ វាគឺជាប្រផ្នូលមួយនៃការរីកចម្រើន » ។១ អត្ថបទនៅក្នុងធនធាននេះផ្ដល់យោបល់ជាច្រើនដែលអាចជួយបងប្អូនឲ្យរកឃើញនូវសេចក្តីសុខសាន្ត នៅពេលបងប្អូនស្វែងរកចម្លើយចំពោះសំណួររបស់បងប្អូន ។