« សូមអត់ធ្មត់ជាមួយខ្លួនឯង និងអ្នកដទៃ » ប្រធានបទ និងសំណួរ ( ឆ្នាំ ២០២៣ )
ការស្វែងរកចម្លើយចំពោះសំណួររបស់បងប្អូន
សូមអត់ធ្មត់ជាមួយខ្លួនឯង និងអ្នកដទៃ
ពួកបរិសុទ្ធជំនាន់ដើមមានសក្ខីភាពផ្ទាល់អំពី យ៉ូសែប ស្ម៊ីធ និងការស្តារឡើងវិញ ។ ពួកគេបានមើលឃើញនូវអព្ភូតហេតុទាំងនោះ—ការបកប្រែ ការព្យាបាល និងការនិមិត្តនានា ។ ពួកគេក៏បានមើលឃើញបញ្ហាប្រឈម កំហុស និងបរាជ័យនានាផងដែរ ។ ពួកគេបានរៀនធ្វើតាមព្យាការីដោយមាន « សេចក្ដីអត់ធន់ និងសេចក្ដីជំនឿ » ។១
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀន « ដូច្នេះ ចូរចិត្តល្អចំពោះភាពទន់ខ្សោយនៃមនុស្សលោក—ទាំងភាពទន់ខ្សោយរបស់អ្នក ក៏ដូចជាភាពទន់ខ្សោយរបស់ពួកអ្នកដែលបម្រើជាមួយអ្នកក្នុងសាសនាចក្រ ដែលដឹកនាំដោយបុរសស្ដ្រីខាងសាច់ឈាមស្ម័គ្រចិត្តទាំងឡាយ ។ លើកលែងតែក្នុងករណីនៃព្រះរាជបុត្រាទ្រង់តែមួយប៉ុណ្ណោះ នោះមនុស្សដែលមិនឥតខ្ចោះ គឺជាអ្វីទាំងអស់ដែលព្រះតែងតែត្រូវធ្វើកិច្ចការជាមួយ » ។ អែលឌើរ ហូឡិន បានអំពាវនាវឲ្យយើង « អត់ធន់ និងចិត្តសប្បុរស និងអភ័យទោស » ជាមួយគ្នាទៅវិញទៅមក ។២ គំរូមួយនៃការអត់ធ្មត់គឺសមត្ថភាពដើម្បីផ្តល់ការយកចិត្តទុកដាក់របស់យើង ទៅលើអ្វីមួយក្នុងរយៈពេលយូរ ដោយចៀសវាងការធុញទ្រាន់ និងកំហឹង ។ វាតម្រូវឲ្យមានភាពរាបទាប សប្បុរសធម៍ និងការអាណិតអាសូរ ។ យើងរីកចម្រើនដោយសេចក្ដីជំនឿនៅពេលយើងអនុវត្តការអត់ធ្មត់ជាមួយនឹងបងប្អូនប្រុសស្រីរបស់យើង និងជាមួយខ្លួនឯង ។ សូមពិចារណាអំពីសាច់រឿងខាងក្រោម ៖
-
ចូរអត់ធ្មត់ជាមួយខ្លួនឯង ។ វាអាចជាការច្របូកច្របល់ ឬធ្វើឲ្យអាក់អន់ចិត្តនៅពេលបងប្អូនរៀនអ្វីមួយអំពីសាសនាចក្រ ឬប្រវត្តិរបស់វា ដែលប្រឆាំងនឹងអ្វីដែលបងប្អូនបានយល់ពីមុន ។ អនុញ្ញាតឲ្យពេលវេលារបស់បងប្អូនមើលឃើញបញ្ហាកាន់តែច្បាស់ និងចាប់ផ្ដើមយល់អំពីព័ត៌មានថ្មី ។ បន្តការសិក្សា និងការអធិស្ឋាន ។ វាអាចចំណាយពេលមុនពេលបងប្អូនមានអារម្មណ៍ថាបងប្អូនមានគ្រឹះរឹងមាំ និងអាចទុកចិត្តបានវិញ ។ បងប្អូនទាំងឡាយដែលបានឃើញដំណើរការនេះ អាចធ្វើជាសាក្សីថាវាបានធ្វើឲ្យការផ្លាស់ប្ដូររបស់ពួកគេកាន់តែស៊ីជម្រៅចំពោះដំណឹងល្អ ។
-
សូមអត់ធ្មត់ជាមួយសមាជិកសាសនាចក្រ ។ គ្មានសមាជិកសាសនាចក្រណាម្នាក់ល្អឥតខ្ចោះឡើយ ។ វួដ និងសាខារបស់យើងពោរពេញទៅដោយអ្នកជឿដ៏ស្មោះត្រង់ ដែលជាញឹកញាប់បរាជ័យក្នុងការរស់នៅតាមបទដ្ឋានដ៏ខ្ពស់បំផុតនៃដំណឹងល្អ ។ ដូចគ្នាជាមួយនឹងបញ្ហាដែលយើងរកឃើញនៅក្នុងពិភពលោកដែរ—ភាពល្ងង់ខ្លៅ ភាពអាត្មានិយម ភាពទន់ខ្សោយខាងសីលធម៌ និងច្រើនជាងនេះទៀត—ត្រូវបានរកឃើញក្នុងចំណោមពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ពេលយើងថ្វាយបង្គំ និងបម្រើគ្នា នោះយើងនឹងឃើញកំហុស និងភាពបរាជ័យរបស់គ្នាទៅវិញទៅមក ។ យើងគួរតែទុកឲ្យព្រះគុណរបស់ព្រះបំពេញកន្លែងដែលខ្វះខាត ខណៈដែលអ្នកដទៃព្យាយាមកែលម្អ ដូចដែលយើងត្រូវការការអត់ធ្មត់របស់ពួកគេជាមួយនឹងការប្រឹងប្រែងដ៏ស្មោះត្រង់របស់យើង ។
-
ចូរអត់ធ្មត់ជាមួយអ្នកទាំងឡាយដែលបងប្អូនចង់ជួយ ។ អ្នកទាំងឡាយដែលកំពុងមានសំណួរ ឬ ប្រឈមមុខនឹងភាពមិនប្រាកដប្រជា ជាញឹកញាប់បែរទៅរកសមាជិកគ្រួសារ មិត្តភក្តិ ឬថ្នាក់ដឹកនាំក្នុងមូលដ្ឋានដើម្បីសុំជំនួយ ។ ក្នុងករណីជាច្រើនទំនាក់ទំនងទាំងនេះផ្តល់នូវការលួងលោម និងការគាំទ្រ ។ ជាអកុសល ជួនកាលបុគ្គលដែលយើងជួយបែរទៅជាតបត ឬសង្ស័យ ឬមិនបង្ហាញការយល់ចិត្ត ។ វាអាចមានការពិបាកក្នុងការអត់ធ្មត់ជាមួយអ្នកដទៃ នៅពេលយើងស្ថិតក្នុងពេលមានវិបត្តិ ។ ប៉ុន្តែពួកគេត្រូវការការអត់ធ្មត់របស់យើង ដូចដែលយើងត្រូវការការអត់ធ្មត់របស់ពួកគេដែរ ។
-
សូមអត់ធ្មត់ជាមួយថ្នាក់ដឹកនាំសាសនាចក្រ ។ ថ្នាក់ដឹកនាំសាសនាចក្របានហៅឲ្យដឹកនាំកិច្ចការនេះគឺជាមនុស្សស្មោះត្រង់ ប៉ុន្តែមិនមែនជាមនុស្សល្អឥតខ្ចោះទេ ។ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានសង្កេតឃើញថា « មានពេលដែលសមាជិក ឬអ្នកដឹកនាំសាសនាចក្រជាធម្មតាធ្វើកំហុស » ។៣ រឿងវានេះពិតតាំងពីអតីតកាល ហើយនៅតែពិតដល់ឥឡូវនេះ ។ អ្នកដឹកនាំសាសនាចក្រម្នាក់អាចនិយាយអ្វីមួយដែលធ្វើឲ្យបងប្អូនខកចិត្ត ឬអារម្មណ៍ឯកោ ។ ពួកគេប្រហែលជាមិនបង្ហាញពីសេចក្ដីអាណិតអាសូរ ឬការយល់នូវអ្វីដែលបងប្អូនត្រូវការនោះទេ ។ ការបង្ហាញការអត់ធ្មត់ជាមួយថ្នាក់ដឹកនាំមិនមែនមានន័យថា យើងអត់ឱនទោសចំពោះឥរិយាបថខុសច្បាប់ ឬរំលោភបំពាននោះទេ ។ ប៉ុន្តែយើងគួរតែផ្តល់ការគាំទ្រ សេចក្ដីស្រឡាញ់ និងការអត់ធ្មត់ចំពោះអ្នកដឹកនាំសាសនាចក្រភាគច្រើននៅពេលពួកគេធ្វើការដោយសាមញ្ញ និងមិនល្អឥតខ្ចោះសម្រាប់ក្រុងស៊ីយ៉ូន ។
-
សូមអត់ធ្មត់នឹងពេលវេលារបស់ព្រះអម្ចាស់ ។ ពេលយើងមានសំណួរអំពីសាសនាចក្រ យើងតែងតែស្វែងរកចម្លើយឆាប់រហ័សមួយ ។ យើងប្រហែលជាគិតថាវានឹងជួយ បើអានអ្វីៗទាំងអស់ដែលយើងអាចរកឃើញអំពីបញ្ហាមួយដោយមិនគិតពីប្រភពនោះទេ ។ ឬយើងអាចសន្មតថាការអធិស្ឋាន ឬការប្រជុំជាមួយអ្នកដឹកនាំសាសនាចក្រនឹងដោះស្រាយអារម្មណ៍របស់យើងយ៉ាងឆាប់រហ័ស ។ ប៉ុន្តែការស្វែងរកភាពសុខសាន្ត ជាញឹកញាប់គឺជាដំណើរការដ៏យូរមួយ ។ ភាពមិនត្រូវគ្នារវាងសេចក្តីសង្ឃឹមរបស់យើង និងសេចក្តីពិតបច្ចុប្បន្នភាពរបស់យើងអាចជាការឈឺចាប់ ។ ដូចជានីហ្វៃ យើងអាចលួងលោមចិត្តដោយដឹងថា « [ ព្រះ ] ស្រឡាញ់កូនចៅរបស់ទ្រង់ » ទោះបីជាយើង « មិនយល់ន័យនៃរឿងទាំងអស់នោះក៏ដោយ » ។៤
ព្រះគម្ពីរសំខាន់ៗ ៖ រ៉ូម ៥:៣–៤; អាល់ម៉ា ៧:២៣; គោលលទ្ធិ និងសេចក្តីសញ្ញា ២១:៥