« ការឆ្លើយតបដោយសេចក្តីស្រឡាញ់» ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )
ការជួយអ្នកដទៃជាមួយនឹងសំណួររបស់ពួកគេ
ការឆ្លើយតបដោយសេចក្តីស្រឡាញ់
នៅពេលដែលនរណាម្នាក់ដែលជិតស្និទ្ធនឹងបងប្អូនចែកចាយសំណួរ ឬការព្រួយបារម្ភរបស់ពួកគេអំពីសាសនាចក្រ វាជារឿងធម្មតាដែលមានអារម្មណ៍ភិតភ័យ ឬព្រួយបារម្ភ ។ ព្យាយាមទុកអារម្មណ៍ទាំងនេះមួយអន្លើ ហើយឆ្លើយតបដោយសេចក្ដីសប្បុរស និងសេចក្ដីអាណិតអាសូរ ។ បងប្អូនប្រហែលជាមិនយល់ពេញលេញពីបទពិសោធន៍របស់អ្នកដទៃនោះទេ ប៉ុន្តែបងប្អូនអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ហើយបង្ហាញសេចក្ដីស្រឡាញ់ជានិច្ច ។
ពេលខ្លះមនុស្សស្ទាក់ស្ទើរក្នុងការចែកចាយអំពីការលំបាករបស់ពួកគេ ពីព្រោះពួកគេភ័យខ្លាចថាពួកគេអាចនឹងបាត់បង់ទំនាក់ទំនងរបស់ពួកគេជាមួយនឹងបងប្អូនដែលជាមនុស្សជិតស្និទ្ធចំពោះពួកគេ ។ ប្រសិនបើនរណាម្នាក់ទាក់ទងទៅបងប្អូន នោះពួកគេកំពុងស្វែងរកការគាំទ្រហើយ ។ សូមឆ្លើយតបដោយសេចក្តីស្រឡាញ់ ទោះបីជាបងប្អូនមិនដឹងថាត្រូវធ្វើអ្វី ឬនិយាយអ្វីក៏ដោយ ។ ស្វែងរកវិធីដើម្បីបង្ហាញអំពីសេចក្តីអាណិតអាសូរ និងសេចក្តីសប្បុរស ទោះបីជាពួកគេធ្វើការជ្រើសរើសដែលបងប្អូនមិនយល់ស្របក៏ដោយ ។
នេះជាគោលការណ៍មួយចំនួនដែលនឹងជួយបងប្អូនបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្ស នៅពេលពួកគេចែកចាយសំណួររបស់ពួកគេជាមួយនឹងបងប្អូន ៖
-
និយាយដោយសេចក្តីស្រឡាញ់ ។ សូមប្រាស្រ័យទាក់ទងដោយភាពរាបទាប សប្បុរស និងស្មោះត្រង់ ។ ពូកែនិយាយ និងគំនិតឆ្លាតវៃគឺមិនមានប្រយោជន៍ច្រើនជាងការបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទនោះទេ ។ សូមបង្ហាញសេចក្តីស្រឡាញ់របស់បងប្អូនដោយសាមញ្ញ ស្មោះត្រង់ និងម្តងហើយម្តងទៀត ។ ពេលព្រះវិញ្ញាណដឹកនាំ សូមស្វែងរកពេលវេលា និងវិធីត្រឹមត្រូវដើម្បីផ្តល់នូវ « ហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា » ។១
-
សូមបម្រើពួកគេតាមរបៀបដ៏មានអត្ថន័យ ។ សូមស្វែងរកវិធីដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់ និងការតាំងចិត្តរបស់បងប្អូន ។ សូមសួរពួកគេអំពីអ្វីដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាគេមានតម្លៃ និងរបៀបដែលបងប្អូនអាចគាំទ្រដល់ពួកគេបាន ។ បន្ទាប់មក សូមពិចារណាអំពីរបៀបដែលបងប្អូនអាចធ្វើសកម្មភាពលើអ្វីដែលបងប្អូនរៀន ។ ការបម្រើរបស់បងប្អូននឹងពង្រឹងពាក្យនៃសេចក្តីស្រឡាញ់ និងធានាដល់បុគ្គលនោះថាបងប្អូនយកចិត្តទុកដាក់ ។
-
សូមរក្សាទំនាក់ទំនងរបស់បងប្អូន ។ វាមានសារៈសំខាន់ក្នុងការបង្កើតទំនាក់ទំនងនៃសេចក្ដីស្រឡាញ់ និងការទុកចិត្តជាងការផ្តល់ចម្លើយឆាប់រហ័ស ។ គោលដៅដ៏ល្អមួយអាចជាការបន្តកិច្ចសន្ទនាបន្តទៀតប៉ុណ្ណោះ ។ ការរក្សាទំនាក់ទំនងរបស់បងប្អូនខណៈពេលដែលរក្សាសេចក្តីសញ្ញារបស់បងប្អូន គឺជាវិធីដ៏ល្អបំផុតដើម្បីបន្តមានឥទ្ធិពលវិជ្ជមាន ។
-
សូមព្យាយាមមើលពួកគេតាមព្រះនេត្ររបស់ព្រះជាម្ចាស់ ។ អែលឌើរ ឌែល ជី រិនឡាន់ បានបង្រៀនថា « យើងមិនអាចបំពេញកាតព្វកិច្ចនៃសេចក្ដីសញ្ញារបស់យើងទាំងស្រុង ដើម្បីទួញយំនឹងអ្នកណាដែលទួញយំ កម្សាន្តទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្តទុក្ខបានឡើយ ទាល់តែយើងមើលឃើញពួកគេតាមរយៈព្រះនេត្ររបស់ព្រះសិន » ។២ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់របស់បងប្អូនគឺជាបុត្រាបុត្រីរបស់ព្រះដែលមានសក្តានុពលដ៏ទេវភាព ។ ពួកគេកំពុងជួបប្រទះនឹងការសាកល្បង ដែលសាវកពេត្រុសបាននិយាយថាយើងគួរតែរំពឹងទុកក្នុងជីវិត ។៣ ព្រះយេស៊ូវគ្រីស្ទបង្គាប់ដល់សិស្សរបស់ទ្រង់ឲ្យស្រឡាញ់អ្នកដទៃ ដូចដែលទ្រង់ស្រឡាញ់ពួកគេ ។៤ សូមអធិស្ឋានសុំទស្សនវិស័យដើម្បីមើលទៅពួកគេដូចដែលព្រះទតទៅពួកគេ ។
-
ស្រឡាញ់ពួកគេដោយគ្មានលក្ខខណ្ឌ ។ នៅពេលដែលនរណាម្នាក់ដែលយើងស្រឡាញ់សម្រេចចិត្តជឿខុសពីយើងធ្វើ ឬធ្វើការសម្រេចចិត្តដែលយើងមិនយល់ យើងគួរតែគោរពនូវសិទ្ធជ្រើសរើសរបស់ពួកគេ ហើយបន្តស្រឡាញ់ពួកគេ ។ យើងអាចធ្វើបែបនេះដោយមិនបោះបង់ចោលជំនឿដ៏ជ្រាលជ្រៅរបស់យើងផ្ទាល់ឡើយ ។ ប្រធាន អិម រ័សុល បាឡឺដ បានបង្រៀនថា ៖ « យើងអាចស្រឡាញ់គ្នាទៅវិញទៅមក ដោយពុំធ្វើឲ្យខូចដល់គោលការណ៍សាសនាផ្ទាល់ខ្លួនឡើយ ។ ហើយយើងអាចនិយាយអំពីគោលការណ៍ទាំងនោះដោយមិនមើលទៅអ្នកដទៃ ដោយមិនបន្ទាបបន្ថោកពួកគេឡើយ » ។៥
ព្រះគម្ពីរសំខាន់ៗ ៖ សុភាសិត ១៥:១; យ៉ូហាន ១៣:៣៤-៣៥; គោលលទ្ធិ និងសេចក្តីសញ្ញា ៥២:១៦; ១២១:៤១–៤២