២០១៨
សារៈសំខាន់​ដ៏​អស់កល្ប​ជានិច្ច​នៃ​ក្រុមគ្រួសារ
January 2018


សារៈសំខាន់​ដ៏​អស់កល្ប​ជានិច្ច​នៃ ក្រុមគ្រួសារ

ដក​ស្រង់​ពី​សុន្ទរកថា​ដែល​បាន​ថ្លែង​នៅ​ថ្ងៃ​ទី ២៧ ខែ តុលា ឆ្នាំ ២០១៥ ។

នៅក្នុង​សុន្ទរកថា​របស់​លោក​ដែល​បាន​ថ្លែង អំឡុង​ពេល​ការប្រជុំសមាជ​ស្តីពី​ក្រុមគ្រួសារ​ទូទាំង​ពិភពលោក​លើក​ទី​ប្រាំបួន​នៅ​ទីក្រុង សលត៍ លេក រដ្ឋ​យូថាហ៍ ស.រ.អា. អែលឌើរ អិម រ័សុល បាឡឺដ បាន​មាន​ប្រសាសន៍​ថា អស់​អ្នក​ដែល​ជឿ​លើ​អាពាហ៍ពិពាហ៍​រវាងបុរស និង​ស្ត្រី​ត្រូវប្រមូល​ផ្តុំ​ការគាំទ្រ​ទាំងអស់​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ពង្រឹង និង​ការពារ​សេចក្តីជំនឿ ក្រុមគ្រួសារ និង​សេរីភាព​របស់​ពួកគេ ។

family in the city

ព្រះវិហារ​បរិសុទ្ធ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ពីព្រោះ​នៅក្នុង​នោះ គូស្វាមី​ភរិយា​រៀបការ​សម្រាប់​ពេលនេះ និង​ពេល​ដ៏​អស់​កល្ប​ជានិច្ច ពុំមែន​បែក​គ្នាត្រឹម​ពេល​ពួកគេ​ស្លាប់​នោះ​ឡើយ ។ ដូច​ការប្រកាស​របស់​សាសនាចក្រ​នៅក្នុង « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » កាលពី ២៣ ឆ្នាំ​កន្លង​ទៅ​ថា « អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី គឺ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ … ហើយ​ថា គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត​សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​កូនចៅ​របស់​ទ្រង់ » ។

គោលលទ្ធិ​នេះ​ពន្យល់​អំពីគោលជំហរ​ដ៏រឹងមាំ​របស់​យើង​ស្តី​ពីក្រុមគ្រួសារ ។ យើង​ក៏​ជឿ​ផងដែរ​ថា យើង​ត្រូវ​ឈោង​ទៅ​ជួយ​ដល់​មនុស្ស​ទាំងអស់ដោយ​ការយល់​ចិត្ត ក្តីស្រឡាញ់ និង​ការអាណិតអាសូរ ។ ទីមួយ សុន្ទរកថា​របស់​ខ្ញុំ​នឹង​ផ្តោត​ទៅលើ​មូលហេតុ​នៃ​គោលលទ្ធិ​ដែល​ក្រុមគ្រួសារមាន​តួនាទី​ដ៏​សំខាន់​បែប​នេះ នៅក្នុង​សាសនាចក្រ​របស់​យើង ។ ទីពីរ ខ្ញុំ​នឹង​ពន្យល់​អំពី​ទំនាក់ទំនង​រវាង​បញ្ហា​សាសនាជុំវិញ​ក្រុមគ្រួសារ និង​សេរីភាព​សាសនា ។ ទីបញ្ចប់ ខ្ញុំ​នឹង​ផ្តល់​យោបល់​នូវ​គោលការណ៍ណែនាំ​មួយ​ចំនួន ស្តីពី​ការឈោង​ទៅជួយ​ដល់​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​យើង ទោះបីជា​មាន​ការយល់​ខុស ឬ​មាន​ការវិវាទ​គ្នា​ក្តី ។

ជំនឿ​របស់​សាសនាចក្រស្តីពីក្រុមគ្រួសារ

ដើម្បី​ផ្តល់​បរិបទ​អំពីជំនឿ​របស់​សាសនាចក្រ​ស្តីពី​ក្រុមគ្រួសារ ខ្ញុំ​ចង់​ដកស្រង់​ទំនុកបទ​ចម្រៀង​ដែល​កុមារ​ច្រៀង​ជា​ញឹកញាប់ ដែល​មាន​ចំណង​ជើង​ថា « ​​​ខ្ញុំ​រស់នៅ​ស្ថានសួគ៌ » ។​ ចម្រៀង​នេះ​បង្ហាញ​ប្រាប់​ពីទីកន្លែង​ដែល​យើងបាន​ចេញ​មក មូលហេតុដែល​យើង​នៅទីនេះ និង​ទីកន្លែង​ដែល​យើង​នឹង​ទៅ ។ វា​ជា​អ្វី​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ហៅ​ថា ផែនការ​នៃ​សេចក្ដីសង្គ្រោះ — ជា​ផែនការ​អស់​កល្ប​ជានិច្ច​របស់​ព្រះវរបិតាសួគ៌​យើង ។

ខ្ញុំ​រស់​នៅ​ឋាន​សួគ៌​ជា​យូរ​លង់​ហើយ នេះ​ជា​ការ​ពិត

ខ្ញុំ​បាន​នៅ និង​ស្រឡាញ់​ទី​នោះ ។ ដូច​ជា​អ្នក​ផង​ដែរ ។

ព្រះវរបិតាសួគ៌​បាន​បង្ហាញ​ផែនការ​ដ៏​អស្ចារ្យ

ការសង្គ្រោះ​លើ​ផែនដី និង​ដ៏​អស់​កល្ប​ដល់​មនុស្ស ។

ទ្រង់​បន្ទូល​ថា ត្រូវការ​អ្នក​មាន​ក្តី​ស្រឡាញ់​គ្រប់គ្រាន់

លះ​បង់​ជីវិត​ដើម្បី​យើង​អាច​ត្រឡប់​ទៅ​ស្ថាន​លើ

មាន​តួ​អង្គ​មួយ​ទៀត​ចង់​បាន​កិតិ្តយស​របស់​ព្រះ ។

ព្រះគ្រីស្ទ​ទូល​ថា « ចាត់​ទូល​បង្គំ សិរីល្អ​ថ្វាយ​ទ្រង់ » ។

ព្រះ​គ្រីស្ទ​ត្រូវ​បាន​ជ្រើសរើស ហើយ​ព្រះអង្គ​ជា​ព្រះម៊ែស៊ី

យក​ឈ្នះ​ក្តី​អាក្រក់ និង​ការស្លាប់​ដោយ​នូវ​ព្រះ​នាម​ទ្រង់

ផ្តល់​ក្តី​សង្ឃឹម​នូវ​ជីវិត​ដ៏​អស្ចារ្យ និង​កើត​មាន —

ក្នុង​ផ្ទះ​នៅ​ស្ថាន​សួគ៌​ដែល​បិតា​កំពុង​រង់ចាំ​ខ្ញុំ ។

ដោយ​មាន​ចម្រៀង​នេះ​ក្នុង​ចិត្ត ខ្ញុំ​សូម​ពន្យល់​អំពី​ធាតុ​សំខាន់​មួយ​ចំនួន​នៃ​ផែនការ​នៃ​សេចក្តីសង្គ្រោះ ដែល​នឹង​គូស​បញ្ជាក់​អំពី​លក្ខណៈ​អមតៈភាព និង​​អស់​កល្ប​ជានិច្ច ព្រមទាំង​ក្រុមគ្រួសារ​របស់​យើង ។

ពី​មុន​យើង​កើត​មក យើង​បាន​រស់​នៅ​ជាមួយ​ព្រះ ជា​ព្រះវរបិតា​របស់​យើង ។ ទ្រង់​ពិត​ជា​ព្រះវរបិតា​ខាង​វិញ្ញាណ​របស់​យើង ហើយ​យើង​ជា​កូនចៅ​ខាង​វិញ្ញាណ​របស់​ទ្រង់ ។ ហេតុដូច្នោះ​ហើយ អស់​អ្នក​ដែល​កើត​មក​ក្នុង​ជីវិត​នេះ​គឺ​ជា​បងប្អូន​ប្រុស​ស្រី​នឹង​គ្នា​ខាង​វិញ្ញាណ ។

« ព្រះរាជ​បំណង​ទាំងស្រុង​របស់​ព្រះ — កិច្ចការ និង សិរី​ល្អ​របស់​ទ្រង់ — គឺ​អាច​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ​រីករាយ​ជាមួយ​នឹង​ពរជ័យ​ទាំងអស់​របស់​ទ្រង់ ។ ជម្រើស​របស់​យើង​ក្នុងការ​គោរព ឬ​មិន​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ កំណត់​ពី​ជោគ​វាសនា​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ។ « ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អង្គ​ដ៏​សំខាន់​នៃ​ផែនការ​របស់​ព្រះ ។ តាមរយៈ​ដង្វាយ​ធួន​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​បំពេញ​ព្រះរាជបំណង​របស់​ព្រះវរបិតា​ទ្រង់ ហើយ​ធ្វើ​ឲ្យ​ពួក​យើង​ម្នាក់ៗ​រីករាយ​នឹង​អមតៈភាព និង​ជីវិត​អស់​កល្ប​ជានិច្ច » ។ ចំណង​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​ត្រូវ​បាន​ចង​ភ្ជាប់​ដោយ​សិទ្ធិអំណាច​បព្វជិតភាព ដើម្បី​បន្ត​មាន​ហួស​ពី​សេចក្តីស្លាប់​ប្រសិនបើ​យើង​រៀប​អាពាហ៍ពិពាហ៍ « ចំពោះ​វេលាកាល និង ចំពោះ​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច » នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ( គ. និង ស. ១៣២:៧ ) ។

ខ្ញុំ​សង្ឃឹម​ថា ការរំឭក​សារ​ឡើង​វិញ​ដ៏​ខ្លី​នេះ​នឹង​ជួយ​អ្នក​ឲ្យ​យល់ អំពី​របៀប​ដែល​សាសនា​វិទ្យា​របស់​យើង​ភ្ជាប់​ទៅ​នឹង​ក្រុម​គ្រួសារ ។ សង្គម ច្បាប់ និង​គំនិត​ដ៏​មាន​ប្រជាប្រិយភាព​អាច​ផ្លាស់ប្តូរ ប៉ុន្តែ​សង្គម​ក្រុមគ្រួសារ​ពុំ​អាច​ផ្លាស់ប្តូរ​បាន​ឡើយ ហើយ​ពុំ​អាច​ដាក់​ជំនួស​ព្រះរាជបំណង និង​ផែនការ​​របស់​ព្រះ​សម្រាប់​កូនចៅ​របស់​ទ្រង់​ឡើយ ។

នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ មាន​ការកើន​ឡើង​នូវ​ការចាត់ទុក​អាពាហ៍ពិពាហ៍ និង​កូនៗ​មិន​សូវ​សំខាន់ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ពុំ​មែន​ជា​ព្រះវិហារ​តែ​មួយ​គត់​ដែល​គាំទ្រ​ដល់​ក្រុម​គ្រួសារ​ថា ជា​ធាតុ​ដ៏​សំខាន់​បំផុត​មួយ​នៃ​គោលលទ្ធិ​ឡើយ ។

សម្តេច​សង្ឃ ប៉ប ហ្វ្រាន់ស៊ីស បាន​មាន​ប្រសាសន៍​ថា « [ ព្រះ ] ទ្រង់​បង្កើត​បុរស និង​ស្ត្រី​សម្រាប់​សុភមង្គល សម្រាប់​រួម​ដំណើរ​ពួកគេ​ជាមួយ​អ្នក​ដែល​បំពេញ​ដល់​ពួកគេ ដើម្បី​រស់នៅ​ឲ្យ​មាន​បទពិសោធន៍​នៃ​សេចក្តីស្រឡាញ់​ដ៏​អស្ចារ្យ និង​ដើម្បី​ឃើញ​ថា សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​មាន​កូនចៅ​ជា​ផលផ្លែ » ។

ព្រះវិហារ​បាទីស្ទ​ខាង​ត្បូង​ប្រកាស​ដូច្នេះ​ថា ៖ « អាពាហ៍ពិពាហ៍​គឺ​ជា​ការរួបរួម​សាមគ្គី​គ្នា​នៃ​បុរស​ម្នាក់ និងស្ត្រីម្នាក់នៅក្នុងការតាំងចិត្តនៃសេចក្តីសញ្ញាសម្រាប់ជីវិតនេះ ។ … ស្វាមី និង​ភរិយា​មាន​តម្លៃ​ស្មើ​គ្នា​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ ដោយសារ​ទាំង​បុរស និង​ស្ត្រី​ត្រូវបាន​បង្កើត​ឡើង​ដូច​រូប​អង្គ​ទ្រង់ » ។

គោលលទ្ធិ​នៃ​ជំនឿ​របស់​យើង​ទៅលើ​គ្រួសារ​អស់កល្ប​ជានិច្ច និង​សេចក្តីថ្លែង​ការណ៍​ដោយ​ថ្នាក់​ដឹកនាំ​គ្រិស្តសាសនា​ដ៏​ល្បីល្បាញ​ផ្សេង​ទៀត ធ្វើ​ឲ្យ​មាន​ភាព​កាន់តែ​ងាយស្រួល​យល់​អំពី​មូលហេតុ​ដែល​យើង​ស៊ូ​លះបង់​ក្នុងការ​ចិញ្ចឹម​បីបាច់ ការពារ និង​ជំរុញ​ឲ្យ​មាន​ក្រុមគ្រួសារ ។

ការគាំទ្រ​ខាង​លោកិយ​ចំពោះ​ទស្សន​ខាង​សាសនា

មាន​អស់​អ្នក​ដែល​គិត​ថា គោលលទ្ធិ និង​សេចក្តីថ្លែង​ការណ៍​បែប​នោះ​គឺ​ជា​ទស្សន​ខាង​សាសនា​ដែល​មិន​សម​ហេតុសម​ផល ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តុលា​កំពូល​របស់​សហរដ្ឋ បាន​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ខែ មិថុនា ឆ្នាំ ២០១៥ ដើម្បី​ទទួល​ស្គាល់​ថា មនុស្ស​ដែល​មាន​ចិត្ត​ស្មោះស និង​មាន​ហេតុផល​អាច​ប្រកាន់​ខ្ជាប់​នូវ​ទស្សន​មួយ​ផ្សេង ទោះបីជា​មាន​ការទទួល​ស្គាល់​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​ក្តី ៖

« អាពាហ៍ពិពាហ៍​គឺ​ពិសិដ្ឋ​ចំពោះ​អស់​អ្នក​ដែល​រស់នៅ​តាម​ជំនឿ​សាសនា​របស់​ពួកគេ ។ …

… មាន​ឯកសារ​យោង​ជា​ច្រើន​ស្តីពី​ភាពស្រស់​បំព្រង​នៃ​អាពាហ៍ពិពាហ៍​នៅក្នុង​ជំនឿ​សាសនា និង​អត្ថបទ​នានា​របស់​ទស្សនវិទ្យា អស់​ពេល​ជាច្រើន​ឆ្នាំ ក្នុង​វប្បធម៌ និង​ជំនឿ ព្រមទាំង​មាន​នៅក្នុង​រូប​គំនូរ​សិល្បៈ និង​អក្សរសាស្ត្រ​គ្រប់​ទម្រង់​ទាំងអស់ ។ វា​យុត្តិធម៌ និង​ចាំបាច់​ក្នុងការ​និយាយ​ថា ឯកសារ​ទាំង​នេះ​ផ្តោត​ទៅលើ​ការយល់​ដឹង​ថា អាពាហ៍ពិពាហ៍​គឺ​ជា​ការរួម​រស់​នឹង​គ្នា​រវាង​បុគ្គល​ពីរ​នាក់​ដែល​មាន​ភេទ​ផ្ទុយ​គ្នា ។…

…នៅក្នុង​ទស្សន​របស់​ពួកគេ តាម​លក្ខណៈ​ធម្មជាតិ​អាពាហ៍ពិពាហ៍​គឺ​ជា​ការរួម​រស់​នឹង​គ្នា​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់ ។ ទស្សន​នេះ​បាន​មាន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ — ហើយ​បន្ត​មាន — នៅក្នុង​សេចក្តីជំនឿ​ដ៏​ល្អ តាមរយៈ​មនុស្ស​ដែល​មាន​ហេតុផល និង​ចិត្ត​ស្មោះស​នៅ​ទីនេះ និង​នៅ​ទូទាំង​ពិភពលោក » ។​

តុលាការ​កំពូល​បាន​ទទួលស្គាល់​ដោយ​ត្រឹមត្រូវ​ថា មនុស្ស​ស្មោះស និង​មាន​ហេតុផល​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​នេះ​បន្ត​ទទួល​ស្គាល់​អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី ។

family sitting together

សេចក្តីជំនឿ ក្រុម​គ្រួសារ និង​សេរីភាព

ការយល់ដឹង​ថា មនុស្ស​ស្មោះស និង​មាន​ហេតុផលអាច​មាន​ទស្សន​ថា អាពាហ៍ពិពាហ៍​គឺ​មាន​តែ​រវាង​បុគ្គល​ដែល​មាន​ភេទ​ផ្ទុយ​គ្នា​ប៉ុណ្ណោះ ទស្សន​បណ្តាជន​ត្រូវ​ជួយ ហើយ​សេរីភាព​ខាង​សាសនា​ត្រូវតែ​ការពារ​ទស្សន​បែប​នោះ ។ ប្រាកដ​ណាស់ ដោយសារ​ជំនឿ​សាសនា​អាច​ជះ​ឥទ្ធិពល​ដល់​របៀប​ដែល​អ្នក​មាន​ជំនឿ​យល់​ពី​គោលបំណង​នៃ​ជីវិត​នេះ នោះ​ទស្សន​បែប​នោះ​នឹង​ផ្តល់​ជា​ព័ត៌មាន​ដល់​របៀប​ដែល​ពួកគេ​ធ្វើ​អន្តកម្ម​ជាមួយ​សង្គម ។

ខ្ញុំ​នឹក​ឃើញ​រឿង​នៅក្នុង​សារព័ត៌មាន​អំពី​ក្មេង​តូចៗ ដែល​គ្រូបង្រៀន​នៅ​សាលា​អាន​រឿង​ឲ្យ​ពួកគេ​ស្តាប់​អំពី​ស្តេច​ពីរ​អង្គ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គ្នា ។ គ្រូបង្រៀន​បាន​បង្ហាញ​រឿង​នោះ​ដោយ​គ្មាន​ការព្រមាន ឬ​ការជូន​ដំណឹង​អ្វី​ឡើយ ។ នៅពេល​ឪពុក​ម្តាយ​បាន​សូម​ឲ្យ​ជូន​ដំណឹង ប្រសិនបើ​រឿង​នេះ​ត្រូវបាន​អាន​ម្តង​ទៀត​នៅ​ពេល​ខាង​មុខ សាលា​រៀន​នោះ​បាន​បដិសេដ ។

តើ​វា​ពិតជា​គ្រោះថ្នាក់​ដល់​អ្នក​គ្រប់គ្រង​សាលា ដើម្បី​អនុញ្ញាត​ឲ្យ​ឪពុក​ម្តាយ​ដក​កូនៗ​របស់​ពួកគេ​ចេញ នៅពេល​អ្វីៗ ដែល​បាន​បង្រៀន​ផ្ទុយ​ទៅ​នឹង​ជំនឿ​របស់​ពួកគេ​ឬ ? ការសម្រេច​ចិត្ត​របស់​សាលា​រៀន​នោះ​ហាក់ដូច​ជា​រំលោភ​បំពាន​ដោយ​ផ្ទាល់ ទៅលើ​តួនាទី​របស់​ឪពុក​ម្តាយ​ក្នុងការ​ចិញ្ចឹម​បីបាច់​កូនៗ​របស់​ខ្លួន ។

យើង​រស់​នៅ​ក្នុង​គ្រា​មួយ​ដែល​ជ្រុល​ហួសហេតុ ។ ជា​រឿយៗ ដំណោះស្រាយ​ហាក់ដូចជា​ពិបាក និង​នៅ​ដាច់​ឆ្ងាយ ។ យើង​ស្តាប់​ឮ​រឿង​មនុស្ស​ដែល​ខិតខំ​ព្យាយាម​នៅពិត​ស្មោះត្រង់​ចំពោះ​បទដ្ឋាន​ពួកគេ ត្រូវបាន​ទទួល​រង​ការចោទប្រកាន់​ថា​មាន​គំនិត​ប្រកាន់ ឬ​មិន​យោគយល់ ឬ​ត្រូវបាន​ទទួល​ទោស​លើ​ការថ្លឹងថ្លែង​ដែល​ហាក់​ដូចជា​មិនសម​ហេតុផល ។

ភាគច្រើន​បំផុត ប្រជាជាតិ​ជិត ២០០ ប្រទេស​នៃ​ពិភពលោក រួម​មាន​សហរដ្ឋ​ផង បាន​ទទួល​ស្គាល់​សិទ្ធិ​របស់​ឪពុក​ម្តាយ​ក្នុងការ​បង្រៀន​កូនៗ​របស់​ខ្លួន ពេល​ពួកគេ​ចុះ​ហត្ថលេខា​លើ​សេចក្តីសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ។ មាត្រា​ទី ១៨ នៃ​សិទ្ធិសញ្ញា​នេះ​ចែង​ថា « … ភាគី​ទាំង​ពីរ … យល់​ព្រម​គោរព​សេរីភាព​របស់​ឪពុក​ម្តាយ​ … ដើម្បី​ប្រាកដ​ថា ជំនឿ​សាសនា និង​ការអប់រំ​សីលធម៌​ដល់​កូនៗ​របស់​ពួកគេ​ស្រប​ទៅតាម​ជំនឿស៊ប់​ផ្ទាល់​របស់​ខ្លួន » ។

ការ​ការពារ​សិទ្ធិ​មនុស្ស​ជា​អន្តរជាតិ​នេះ ត្រូវ​គ្នា​នឹង​គោលជំហរ​របស់​សាសនាចក្រ ដែល​បាន​ចែង​នៅក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ ៖ « ឪពុក​ម្តាយ​មាន​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ ដើម្បី​ចិញ្ចឹម​បី​បាច់​កូន​ចៅ​របស់​ខ្លួន ដោយ​ក្តី​ស្រឡាញ់ និង​សេចក្តី​សុចរិត … និង បង្រៀន​ពួកគេ​ឱ្យ​ចេះ​ស្រឡាញ់ និង​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក [ និង ] ចេះ​គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ។ … ស្វាមី និង​ភរិយា — ម្តាយ និង​ឪពុក — នឹង​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ​តាម​ការប្រតិបត្តិ​នៃ​ភារកិច្ច​ទាំងឡាយ​នេះ » ។

វា​ហាក់​ដូចជា​គំនិត​នោះ​ប្រឆាំង​ទាស់​នឹង​យើង ប៉ុន្តែ​យើង​មាន​ការជ្រោមជ្រែង​ជា​ច្រើន ឲ្យ​បន្ត​ប្រកាន់​ខ្ជាប់​ទស្សន​យើង​ស្តីពី​អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី ។ ខ្ញុំ​បាន​បង្ហាញ​ប្រភព​តែ​ពីរបី​ប៉ុណ្ណោះ ។ មាន​ប្រភព​ច្រើន​ថែម​ទៀត ។

យើង​ត្រូវ​រួបរួម​នូវ​ការគាំទ្រ​ទាំង​អស់ ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ពង្រឹង និង​ការពារ​សេចក្តី​ជំនឿ ក្រុម​គ្រួសារ និង​សេរីភាព​របស់​យើង ។ បុគ្គល​មួយ​ចំនួន​កំពុង​ព្យាយាម​យ៉ាង​សកម្ម ដើម្បី​ទាញ​យើង​ទម្លាក់​ចេញ​ពី​សិទ្ធិ​ទាំង​នេះ ។ មាន​ព័ត៌មាន​មួយ​បាន​រាយការណ៍​ថា ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ត្រូវបាន​ចំណាយ​ក្នុង​ការព្យាយាម​ឈ្លោះ​យក​ឈ្នះ​លើ​ការការពារ​សេរីភាព​សាសនា​នៅ​សហរដ្ឋ​អាមេរិក ។១០

ទាក់ទង​នឹង​ការគំរាម​កំហែង​បែប​នេះ ខ្ញុំ​ជឿ​ថា សហការី​របស់​ខ្ញុំ​គឺ អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ផ្តល់​យោបល់​ដ៏​ល្អ​បំផុត​នេះ​ថា ៖ « ទោះបី​ជា​យើង​ជា​មនុស្ស​ស្លូតបូត និង​ជៀសវាង​ពី​ការទាស់ទែង​គ្នា​ក្តី យើង​មិន​ត្រូវ​សម្រប ឬ​បន្ថយ​ការតាំងចិត្ត​របស់​យើង​ចំពោះ​សេចក្តី​ពិត​ដែល​យើង​យល់​ដឹង​ឡើយ ។ យើង​មិន​ត្រូវ​បោះបង់​គោលជំហរ ឬ​តម្លៃ​របស់​យើង​ឡើយ ។១១

ប្រសិនបើ​អ្នក​ដែល​ជំទាស់​នឹង​យើង​ពិតជា​មាន​ការតាំងចិត្ត​ចំពោះ​តម្លៃ​នៃ​ភាព​ខុសគ្នា និង​ការស្មើ​ភាព​គ្នា នោះ​យើង​គប្បី​អាច​ធ្វើ​ការជាមួយ​គ្នា​ដើម្បី​ស្វែងរក​ការអាណិតអាសូរ និង​ភាពសុខសាន្ត ។ ការបង្ខិត​បង្ខំ​អ្នក​មាន​ជំនឿ​មួយ​ឲ្យ​ជឿ​ទៅ​លើ​ជំនឿ​មួយ​ផ្សេង​ទៀត ដូច​ដែល​វា​បាន​កើត​ឡើង​ដល់​កូន​ក្មេង​ដែល​គ្រូ​បាន​អាន​រឿង​ដែល​ផ្ទុយ​ទៅនឹង​បំណង​ប្រាថ្នា​របស់​ឪពុក​ម្តាយ​ពួកគេ​នោះ ​បន្ថយ​ភាព​ទីទៃ​ពី​គ្នា និង​លំអៀង​ទៅលើ​ជញ្ជីង​នៃ​ភាពស្មើ​គ្នា ។ តាមរយៈ​ការ​ចូលរួម​ក្នុង​ការសម្របសម្រួល និង​ផ្តល់​សេចក្តីស្រឡាញ់​ដល់​កូនចៅ ទាំងអស់​របស់​ព្រះ ដែល​ត្រូវ​ជា​បងប្អូន​ប្រុសស្រី​របស់​យើង នោះ​យើង​បង្កើត​សង្គម​មួយ​ដែល​ប្រកប​ដោយ​ភាពសុខសាន្ត ភាព​ចម្រុះ​គ្នា​នៃ​យោបល់ និង​ជំនឿ ។

family walking and holding hands

គោលការណ៍​ណែនាំ​ស្តីពី​ការស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក

ឥឡូវ​នេះ​ខ្ញុំ​បាន​ពិពណ៌នា​អំពីសារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី ហើយ​ថា​យើង​ត្រូវ​ការពារ​សិទ្ធិ​របស់​យើង ខ្ញុំ​សូម​ពន្យល់​អំពី​មូលហេតុ​ដែល​យើង​គប្បី​ឈោង​ទៅ​រាប់​អាន​ដល់​អស់​អ្នក​ដែល​មិន​យល់​ស្រប​នឹង​យើង ។ ព្រះយេស៊ូវគ្រីស្ទ​បាន​ត្រាស់​បង្គាប់​ថា ៖

« ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ

ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​របស់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌ » ។ ( ម៉ាថាយ ៥:៤៤–៤៥ ) ។

គឺ​ដូច​ជា​យើង​ពុំ​ត្រូវ និង​ពុំ​គួរ​បដិសេធ​សមាជិក​គ្រួសារ​ដែល​មិន​យល់​ស្រប​នឹង​យើង នោះ​យើង​ពុំ​អាច និង​ពុំ​គួរ​បដិសេធ​ដល់​អស់​អ្នក​ដែល​យល់ ឬ​គិត ឬ​ប្រព្រឹត្ត​ផ្សេង​ពី​អ្វី​ដែល​យើង​ធ្វើ​ឡើយ ។ យើង​បង្ហាញ​ភាព​ជា​មនុស្ស​ដ៏​ល្អ​បំផុត​របស់​យើង ពេល​យើង​បង្ហាញ​សេចក្តីស្រឡាញ់ និង​ចិត្ត​សប្បុរស​ដល់​កូនចៅ​ទាំងអស់​របស់​ព្រះ ។ យើង​បង្ហាញ​ភាពជា​សិស្ស​របស់​យើង ពេល​យើង​បដិសេធ​នឹង​ពាក្យ​សម្តី​មិន​ពិរោះ​ស្តាប់ ពេល​យើង​បដិសេធ​នឹង​ការ​រៀបរាប់​សើច​ចំអក និង​ពេល​យើង​ចូលទៅ​ទីសាធារណៈ ស្វែងរក​លទ្ធផល​ដែល​យុត្តិធម៌​តាមរយៈ​ការយោគយល់ និង​ការគោរព​គ្នា​ទៅវិញ​ទៅមក ។

ថ្មីៗ​នេះ សាសនាចក្រ​បាន​គាំទ្រ​ដល់​ច្បាប់ ដែល​ថ្លឹងថ្លែង​ឲ្យ​ស្មើគ្នា​នូវ​កង្វល់​របស់​សហគមន៍​ពួក LGBT ( ពួក​ខ្ទើយ ) និង​កង្វល់​របស់​អស់​អ្នក​ដែលគិត​គូរ​អំពី​ជំនឿ​សាសនា​លើ​អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី ។ ច្បាប់​នោះ​ការពារ​ពួក LGBT ( ពួក​ខ្ទើយ ) ពី​ការត្រូវ​បណ្តេញ​ចេញ​ពី​ការងារ ឬ​បដិសេធ​មិន​ឲ្យ​នៅ​ផ្ទះ ដោយសារ​តែស្ថានភាព​ផ្លូវ​ភេទ ឬអត្តសញ្ញា​របស់​ពួកគេ ។ នៅ​ពេល​ជាមួយ​គ្នា​នោះ មនសិកា​ខាង​ជំនឿ​សាសនា និង​សិទ្ធិ​អនុវត្ត​ក្នុងការ​ប្រកាន់​ខ្ជាប់​នូវ​ជំនឿ​សាសនា​យ៉ាង​ជ្រៅ ត្រូវបាន​ការ​ពារដោយ​ច្បាប់​ដ៏​រឹងមាំ​នេះ ។១២

គ្មាន​ភាគី​ណា​មួយ​សម្រេច​បាន​នូវ​អ្វី​ដែល​ពួកគេ​ទាំងអស់​គ្នា​ចង់​បាន​ឡើយ ប៉ុន្តែ​កិច្ចការ​របស់​យើង​ជាមួយ​សហគមន៍ LGBT ( ពួកខ្ទើយ ) និង​ច្បាប់​នៅ​រដ្ឋ​យូថាហ៍ បាន​បន្ថូរបន្ថយ​ការមិន​ចុះសម្រុង​គ្នា​នៅក្នុង​សហគមន៍​របស់​យើង ដោយ​គ្មាន​ការធ្វើ​ឲ្យ​ខូច​ដល់​គោលការណ៍​គន្លឹះ​ឡើយ ។១៣ យើង​អាច​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ដោយ​ពុំ​ធ្វើ​ឲ្យ​ខូច​ដល់​គោលការណ៍​សាសនា​ផ្ទាល់​ខ្លួន​ឡើយ ។ ហើយ​យើង​អាច​និយាយ​អំពី​គោលការណ៍​ទាំង​នោះ​ដោយ​មិន​មើល​ទៅ​អ្នក​ដទៃ​ ដោយ​មិន​បន្ទាបបន្ថោក​ពួកគេ​ឡើយ ។

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​គំរូ​ដ៏​ល្អ​បំផុត​ក្នុងការ​ស្រឡាញ់​អ្នកដទៃ ។ ប៉ុន្មាន​ម៉ោង​ពីមុន​ទ្រង់​បាន​ចាប់ផ្តើម​ធ្វើ​ការអធិស្ឋាន​ដោយ​ឈឺចាប់ សម្រាប់​អំពើ​បាប​របស់​ពួកយើង​ម្នាក់ៗ នោះ​ទ្រង់​បាន​ជួប​ជាមួយ​សាវក​ទ្រង់​ សោយ​អាហារ​នៃ​បុណ្យ​រំលង — អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ​របស់​ទ្រង់ — ហើយ​ប្រទាន​ការណែនាំ​ចុងក្រោយ​សម្រាប់​ពួកគេ ដែល​ទ្រង់​ប្រទាន​ឲ្យ​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ ក្នុង​ចំណោម​ការបង្រៀន​របស់​ទ្រង់ មាន​សេចក្តី​ប្រកាស ដែល​បំផុស​គំនិត និង​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ជីវិត « ខ្ញុំ​ឲ្យ​សេចក្ដី​បញ្ញត្តិ​ថ្មី​មួយ​ដល់​អ្នក​រាល់​គ្នា​គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា​ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ » ( យ៉ូហាន ១៣:៣៤ ) ។

យើង​អាច​មាន​ភាព​ប្រាកដប្រជា និង​ងប់ងល់​ទៅ​លើ​អត្ថប្រយោជន៍​នៃ​អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី​ដោយ​ពុំ​គោរព ឬ​បំផ្លាញ​ដល់​អស់​អ្នក​ដែល​គិត​ផ្សេង​ពី​យើង​នោះ​ឡើយ ។ ក្នុង​នាម​ជា​បងប្អូន​ប្រុស​ស្រី​នឹង​គ្នា យើង​គួរ​ព្យាយាម​យល់​ចិត្ត​គ្នា​ទៅវិញ​ទៅមក ដោយ​ពុំ​គិត​ពី​ជំនឿ ឬ​ការអនុវត្ត​អ្វី​ឡើយ ។ សូម​ចងចាំ​ថា នៅទី​បំផុត យើង​ម្នាក់ៗ​ទោះ​អ្នក​រៀបការ ឬ​អ្នក​នៅលីវ​គឺ​ជា​ផ្នែក​ពិសេស​មួយ​នៃ​ផែនការ​ដ៏​មហិមា​របស់​ព្រះ ។

សេចក្ដី​បញ្ចប់

ព្យាការី យ៉ូសែប ស្ម៊ីធ និងបងប្រុសរបស់គាត់ ហៃរ៉ុម ត្រូវ​បាន​គេ​ធ្វើ​ឃាត ដោយ​មនុស្ស​កំណាច​មួយ​ក្រុម​នៅ​ថ្ងៃ​ទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ អំឡុង​ពេល​ពួកគេ​ត្រូវបាន​ជាប់​នៅ​ក្នុង​ការឃុំឃាំង​របស់​រដ្ឋ ។ បន្ទាប់​ពី​ការធ្វើ​ឃាត​នោះមក ការបៀតបៀន និង​មនុស្ស​កំណាច​បាន​គំរាម​កំហែង​បំផ្លាញ​សមាជិក​សាសនាចក្រ ខណៈ​ដែល​ពួកគេ​កំពុង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ។ ប៉ុន្តែ​ពួកគេ​បាន​បន្ត​សាងសង់​ទៀត ទោះបី​ជា​ពួកគេ​ដឹង​ថា ពួកគេ​ត្រូវ​បោះបង់​វា​ចោល​ក្តី ។ ពីមុន​ត្រូវបាន​បណ្តេញ​ចេញ​ដោយ​ពួក​មនុស្ស​កំណាច នោះ​ពួកគេ​បាន​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើ​ការសន្យា​ពិសិដ្ឋ​ដែល​នឹង​រួបរួម​ពួកគេ​អស់កល្ប​ជានិច្ច​ជា​ក្រុមគ្រួសារ ។១៤

ក្នុងការ​ធ្វើ​ដំណើរ​ទៅ​ជ្រលង​ភ្នំ​សលត៍ លេក ជីដូន​ជីតា​ទួត​ទាំង​ខាង​ម្តាយ និង​ឪពុក​ខ្ញុំ មាន​អនុស្សាវរីយ៍​នៃ​ការរងទុក្ខ និង​ការលំបាក​យ៉ាង​ខ្លាំង​បំផុត ។ ក្រុមគ្រួសារ​អ្នក​ត្រួសត្រាយ​ត្រូវបាន​បែកបាក់​គ្នា​ដោយការ​ស្លាប់ ហើយ​ទោះបី​ជា​ត្រូវ​កប់​កូន ស្វាមី ឬ​ភរិយា ឪពុក​ម្ដាយ ជីដូនជីតា ឬ​មិត្តភក្តិ​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​លិច​ដ៏​សោះកក្រោះ​របស់​ពួកគេ​ក្តី ពួកគេ​នៅតែ​បន្ត​ដំណើរ​ទៅ​មុខ ។

ជំនឿ​របស់​ពួកគេ​ទៅលើ​ផែនការ​ដ៏​ទេវភាព ដែល​បាន​រៀបចំ​ឡើង​ដោយ​ព្រះមាតាបិតាសួគ៌ ដែល​ស្រឡាញ់​ពួកយើង ផ្តល់​ភាព​ក្លាហាន​ដល់​យើង​ក្នុងការ​ប្រឈម​មុន​នឹង​ឧបសគ្គ​ដ៏​ធំ​មហិមា ។ ពួកគេ​ស្វែងរក​កន្លែង​មួយ​ដែល​គ្មាន​ការបៀតបៀន ពួកគេ​អាច​ចិញ្ចឹម​គ្រួសារ​ខ្លួន​ឲ្យ​ស្រឡាញ់​ព្រះ និង​បម្រើ​ទ្រង់ ។ ខ្ញុំ​ថ្លែង​អំណរគុណ​ដល់​ពួកគេ​ចំពោះ​ការដឹកនាំ​ផ្លូវ​នេះ ។

គោលលទ្ធិ និង​ទ្រឹស្តី​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ពិតជា​ចាប់ផ្តើម និង​បញ្ចប់​ជាមួយ​នឹង​ក្រុមគ្រួសារ ។ ខ្ញុំ​សូម​និយាយ​ម្តង​ទៀត​នូវ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ពីមុន​ថា ៖ « យើង​ជឿ​ថា យើង​បាន​រស់នៅ​ពីមុន​ជីវិត​ផែនដីនេះ ក្នុង​នាម​ជា​សមាជិក​គ្រួសារ​ព្រះ​ខាង​វិញ្ញាណ នៅ​ជីវិត​មុន​ផែនដី​នេះ ហើយ​ជា​កូនចៅ​របស់​ព្រះមាតាបិតា​សួគ៌ យើង​ត្រូវ​រៀបចំ​ខ្លួន​អំឡុង​ពេល​រស់នៅ​លើ​ផែនដី​នេះ ដើម្បី​ត្រឡប់​ទៅ​វិញ​ទទួល​ពរជ័យ​ដែល​បាន​សន្យា​ដល់​អស់​អ្នក​ដែល​គោរព​បទបញ្ញត្តិ​របស់​ព្រះ ។

ចំណេះ​ដឹង​នេះ​នឹង​រៀបចំ​យើង​ម្នាក់ៗ​សម្រាប់​ថ្ងៃ​ដែល​យើង​ស្លាប់ ហើយ​បន្ទាប់​មក​ដឹង​យ៉ាង​ប្រាកដ​ស្តី​ពី​ការត្រឡប់​ទៅ​រក​វត្តមាន​ដ៏​បរិសុទ្ធ​របស់​ព្រះ​វិញ្ ដែល​ជា​ព្រះរាជ​បំណង​ដ៏​ពិត​នៃ​ផែនការ​របស់​ទ្រង់​សម្រាប់​ពួកយើង ។ ហើយ​ដូច​អ្វី​ដែល​ចែង​នៅក្នុង​ការប្រកាស​អំពី ក្រុមគ្រួសារ « យើង​សូម​អំពាវនាវ​ដល់​ប្រជាពល​រដ្ឋ និង​មន្ត្រី​រាជការ​ទាំងឡាយ នៅ​ក្នុង​រដ្ឋាភិបាល ដែល​ទទួល​ខុស​ត្រូវ​នៅ​គ្រប់​ទីកន្លែង ទាំងអស់ សូម​ឲ្យ​គាំទ្រ​នូវ​អ្វីៗ​ទាំងនេះ ដែល​បាន​រៀបរាប់​ឡើង ដើម្បី​ទ្រទ្រង់ និង ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មាំមួន ដូចជា អង្គភាព​មួយ​ដ៏​សំខាន់​នៃ​សង្គម » ។១៥

កំណត់​ចំណាំ

  1. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ។

  2. « ខ្ញុំ​រស់នៅ​ស្ថានសួគ៌ » សៀវភៅ​ចម្រៀង​កុមារ លេខ ៤ ។

  3. ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា ( ឆ្នាំ ២០០៤ ) ទំព័រ ៤៨ ។

  4. « Pope Francis’s Homily at the Family Synod’s Opening Mass » Catholic Herald ថ្ងៃ​ទី ៤ ខែ តុលា ឆ្នាំ ២០១៥ គេហទំព័រ catholicherald.co.uk ។

  5. « Basic Beliefs: Family » Southern Baptists Convention sbc.net/aboutus/basicbeliefs.asp ។

  6. Obergefell et al. v. Hodges 576 U.S. ( ឆ្នាំ ២០១៥ ) supremecourt.gov ។

  7. សូមមើល « Teacher, School Sued over Gay Fairy Tale » NPR ថ្ងៃ​ទី ២៧ ខែ មេសា ឆ្នាំ ២០០៦ គេហទំព័រ npr.org ។

  8. « International Covenant on Civil and Political Rights » មាត្រា​ទី ១៨ United Nations Human Rights គេហទំព័រ ohchr.org ។

  9. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ទំព័រ ១២៩ ។

  10. សូមមើល Kevin Jones « LGBT Grant-maker Wants to Win Religious Liberty Fight within Three Years » Catholic News Agency ថ្ងៃ​ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៥ គេហទំព័រ catholicnewsagency.com ។

  11. ដាល្លិន អេក អូក « Loving Others and Living with Differences » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៦ ។

  12. សូមមើល Dennis Romboy « LDS Church, LGBT Advocates Back Anti-Discrimination, Religious Rights Bill » Deseret News, ថ្ងៃ​ទី ៤ ខែ មិនា ឆ្នាំ ២០១៥ ។

  13. សូមមើល « Utah Lawmakers Introduce Bill Balancing Religious Freedom and Nondiscrimination Protections » ថ្ងៃ​ទី ៤ ខែ មិនា ឆ្នាំ ២០១៥  ។

  14. សូមមើល Church History in the Fulness of Times Student Manual បោះពុម្ព​ទី ២ ( Church Educational System manual ឆ្នាំ ២០០៣ ) ទំព័រ ៣០២-០៤ ) ។

  15. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភព​លោក » ទំព័រ ១២៩ ។