២០១៨
ការត្រលប់​មក​ផ្ទះ​វិញ​មុន​ការគ្រោង​ទុក
January 2018


ការត្រលប់​មក​ផ្ទះ​វិញ​មុន​ការគ្រោង​ទុក

អ្នក​និពន្ធ​រស់នៅ​ក្នុង​រដ្ឋ អារីស្សូណា ស.រ.អា. ។

មាន​របៀប​ជាច្រើន​ក្នុងការ​បន្ត​បម្រើ​ព្រះអម្ចាស់ និង​ស្វែងយល់​អំពី​អត្ថន័យ​បន្ទាប់​ពី​ការត្រលប់​មក​ពី​បេសកកម្ម​វិញ​លឿន​មុន​កំណត់ ។

house with missionary outfit hanging outside

ទាំង​ឪពុក និង​ម្តាយ​របស់​ខ្ញុំ បាន​បម្រើ​បេសកកម្ម ។ តាំង​ពីនៅក្មេង ខ្ញុំ​បាន​ស្តាប់​អំពី​រឿង​រ៉ាវ​បេសកកម្ម​របស់​ពួកគាត់ ហើយ​ស្រមៃ​គិត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​អាច​បម្រើ​ព្រះអម្ចាស់​ក្នុងនាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។

ការរៀបចំ​ខ្លួន​សម្រាប់​បេសកកម្ម គឺ​ជា​ពេលវេលា​មួយ​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​ខិត​ចូល​កាន់តែ​ជិត​ព្រះអម្ចាស់​ជាង​មុន ។ ខ្ញុំ​បាន​ទទួល​ការហៅ​បម្រើ​បេសកកម្ម​របស់​ខ្ញុំ​ទៅ​បេសកកម្ម ប៊ុយដាប៉ែស ហុងគ្រី ហើយ​បាន​ចូល​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា ( អិម. ធី. ស៊ី. ) ដោយ​បាន​តាំងចិត្ត​ថា ថ្វាយ​អ្វីៗ​ទាំងអស់របស់ខ្ញុំ​ទៅ​ព្រះវរបិតាសួគ៌ ។

ការនៅ អិម. ធី. ស៊ី. គឺ​ជា​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ ។ ពេល​ខ្ញុំ​ខិត​កាន់តែ​ជិត​ព្រះអម្ចាស់ ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ស្មោះស​ថា ខ្ញុំ​មាន​ឆន្ទៈ​ធ្វើ​អ្វី​គ្រប់​យ៉ាង ដែល​ទ្រង់​សុំ ហើយ​សន្យា​ថា ខ្ញុំ​នឹង​ស្រឡាញ់​ប្រជាជន​ហុងគ្រី​ឲ្យ​អស់​ពី​ដួង​ចិត្ត​ខ្ញុំ ។

នៅ​ជិត​ចុង​បញ្ចប់​នៃ​បទពិសោធន៍​នៅ អិម. ធី. ស៊ី. ខ្ញុំ​បាន​ឈឺ ។ បន្ទាប់​ពី​សម្រាក​នៅ​ផ្ទះ​មួយ​រយៈ​ពេល​ខ្លី​ដើម្បី​ឲ្យ​ស្រួល​ខ្លួន​ឡើង​វិញ​មក ខ្ញុំ​បាន​ទទួល​ឱកាស​ដើម្បី​បន្ត​បេសកកម្ម​របស់​ខ្ញុំ​ទៅ​ប្រទេស​ហុងគ្រី ។ ខ្ញុំ​បាន​ដាក់​ឲ្យ​ធ្វើ​ជា​ដៃគូ​នឹង​ស៊ិស្ទើរ សាន់ស្សាញ ណេស្តូរ ជា​អ្នក​បំពាក់បំប៉ន​ដ៏​អស្ចារ្យ ដែល​បាន​បង្រៀន​ខ្ញុំ​អំពី​របៀប​ទទួលស្គាល់​សេចក្តីមេត្តា​ករុណា​ដ៏​ទន់​ភ្លន់ និង​អព្ហូតហេតុ​ពី​ព្រះអម្ចាស់​រៀងរាល់​ថ្ងៃ ។

ពីរ​បី​ខែ​ក្រោយ​មក ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ឈឺ​ម្តង​ទៀត ។ ទោះបីជា​ស៊ិស្ទើរ ណេស្តូរ និង​ខ្ញុំ​បាន​បន្ត​ខិតខំ​ធ្វើ​ការ​អស់​ពី​សមត្ថភាព​ក្តី​ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ម្តង​ទៀត ។

ក្នុង​ចិត្ត​ខ្ញុំ បាន​គិត​ថា ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រះអម្ចាស់​ខក​ព្រះទ័យ​ដោយសារ​ខ្ញុំ​ពុំ​បាន​បម្រើ​បេសកកម្ម « ពេញលេញ » ។ ខ្ញុំ​បាន​ជឿ​ថា នៅតែ​មាន​ជនជាតិ​ហុងគ្រី​ដែល​ខ្ញុំ « គប្បី » បង្រៀន​ប្រសិនបើ​ខ្ញុំ​ពុំ​ឈឺ​នោះ ។ ខ្ញុំ​បាន​ឆ្ងល់​ថា តើ​ខ្ញុំ​គ្មាន​សេចក្តីជំនឿ​គ្រប់គ្រាន់​ដើម្បី​បាន​ជា​សះ​ស្បើយ​ឬ ព្រោះ​ព្រះអម្ចាស់​ការពារ​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់ ។ ខ្ញុំ ពុំ​ធ្លាប់ ចាត់ទុក​ថា ការលះបង់​របស់​ខ្ញុំ​ចំពោះ​ព្រះអម្ចាស់​នោះ​នឹង​ពុំ​មែន​ជា​ការថ្វាយ​ពេល​វេលា​ក្នុង​ជីវិត​ខ្ញុំ​តែ​មួយ​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការលះបង់​នូវ​បេសកកម្ម​មួយ​បែប​ដែល​ខ្ញុំ​បាន​លៃលក​ទុក​ជា​មុន ។

ការស្រាវជ្រាវ​របស់​ខ្ញុំ​នៅ​ផ្ទះ​ក្នុងការ​ស្វែងរក​អត្ថន័យ

ពេល​ខ្ញុំ​ដើរ​ចេញ​ពី​យន្តហោះ​ត្រឡប់​មក​ផ្ទះ​វិញ នោះ​ខ្ញុំ​ពុំ​អាច​ទ្រាំ​មិន​គិត​មិន​បាន​ថា ខ្ញុំ​បាន​ទុក​កិច្ចការ​ដ៏​សំខាន់​បំផុត​នៃ​ជីវិត​ខ្ញុំ​មួយ​អន្លើរ​នៅក្នុង​តំបន់​បេសកកម្ម​ហើយ ។ វា​ត្រូវការ​ពេលវេលា ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា មាន​កិច្ចការ​នៅ​ផ្ទះ​ដែល​នឹង​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​មាន​ន័យ​ផងដែរ ។

មិន​ថា​ហេតុផល​របស់​អ្នក​ក្នុងការ​ត្រឡប់​មក​ពី​បេសកកម្ម​វិញ​មុន​កំណត់​ជា​អ្វី​នោះ​ទេ សូម​សម្រេច​ចិត្ត​ថ្ងៃ​នេះ​ដើម្បី​ធ្វើ​ឲ្យ​បទពិសោធន៍​នេះ​បោះ​ជំហាន ទៅមុខ នៅក្នុង​ការរីកចម្រើន​របស់​អ្នក ពុំ​មែន​ជា​ការដើរ​ថយ​ក្រោយ​នោះ​ឡើយ ។ ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ​ដោយសារ​តែ​បញ្ហា​សុខភាព ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ហេតុផល​ផ្សេង​ជាច្រើន​រួមមាន​ទាំង​ការប្រព្រឹត្ត​រំលង​ផងដែរ ។ ជា​លទ្ធផល យោបល់​មួយ​ចំនួន​ខាង​ក្រោយ​នេះ​ពុំ​អាច​អនុវត្ត​ទៅនឹង​ស្ថានភាព​របស់​អ្នក​ឡើយ ។ សូម​អធិស្ឋាន​ទូល​ទៅ​ព្រះអម្ចាស់ ដើម្បី​ស្វែងរក​មធ្យោបាយ​នានា​ដើម្បី​បម្រើ​ទ្រង់​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ឧទាហរណ៍ ប្រសិនបើ​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយសារ​តែ​ការប្រព្រឹត្ត​រំលង ហើយ​ពុំ​ទាន់​មាន​ភាពសក្តិសម​ចូលរួមព្រះវិហារបរិសុទ្ធ​នៅ​ឡើយ នោះ​អ្នក​អាច​នៅតែ​រក​ឃើញ​អត្ថន័យ ពេល​អ្នក​ដើរ​ជុំ​វិញ​បរិវេណ​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់ ហើយ​តាំងចិត្ត​ថា ថ្ងៃ​ណា​មួយ​នឹង​ត្រឡប់​ទៅ​កាន់​ព្រះដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់​វិញ ។

ក្រៅ​ពី​ការអាន​ព្រះគម្ពីរ អធិស្ឋាន និង​ចូលរួម​ព្រះវិហារ ជំហាន​នីមួយៗ​ខាង​ក្រោម​នេះ​ស្តី​អំពី​ដំណើរ​របស់​ខ្ញុំ​គឺ​វា​សំខាន់​ចំពោះ​ការជា​សះស្បើយ​របស់​ខ្ញុំ ។

post-mission journey

១. បន្ត​មាន​ទំនាក់ទំនង

ជំហាន​ដំបូង​របស់​ខ្ញុំ​ក្នុងការ​រក​ឃើញ​អត្ថន័យ​នៅក្នុង​ជីវិត​ខ្ញុំ​គឺ បន្ត​មាន​ទំនាក់ទំនង​ជាមួយ​ពួកបរិសុទ្ធ និង​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស​ហុងគ្រី ។ ដ្បិត​ជួនកាល ខ្ញុំ​បាន​រស់នៅ​ដូច​ថ្ងៃ​រៀបចំ​ក្នុង​បេសកកម្ម​ខ្ញុំ ពេល​ខ្ញុំ​ទទួល​អ៊ីម៉ែល​ពី​ស៊ិស្ទើរ ណេស្តូរ និង​ដៃ​គូ​នៅ​អិម. ធី. ស៊ី. របស់​ខ្ញុំ ។ ជួលកាល ខ្ញុំ​ហ៊ាន​សារភាព​ថា វា​ពុំ​ងាយ​ស្រួល​ឡើយ​ក្នុង​ការអាន​អ៊ីម៉ែល​ពី​ដៃគូ​ក្នុង​បេសកកម្ម​របស់​ខ្ញុំ ឬ​និយាយ​ជាមួយ​ពួក​អ្នក​ហុងគ្រី​ដែល​ខ្ញុំ​នឹក​យ៉ាង​ខ្លាំង ។ ប៉ុន្តែ​ពេល​ខ្ញុំ​ក្រឡេក​មើល​ក្រោយ​វិញ ខ្ញុំ​ដឹង​ថា​វា​គឺ​ជា​រឿង​សំខាន់​ចាំបាច់​ក្នុងការ​ជា​សះស្បើយ​របស់​ខ្ញុំ ដែល​បាន​ស្តាប់​ឮ​អំពី​អព្ភូតហេតុ​នានា​ដែល​បាន​កើត​មាន​នៅ​ទីនោះ ។

២. ធ្វើ​លិបិក្រម​នៅ​លើ​អ៊ិនធើរណែត

ប្អូន​ប្រុស​ខ្ញុំ ដែល​បាន​ទទួល​ការដាស់តឿន​ដ៏​ទន់ភ្លន់​ពី​ម្តាយ​ដ៏​ឈ្លាស​វៃ​របស់​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ក្នុងការ​ចាប់ផ្តើម​ធ្វើ​លិបិក្រម ។ ក្នុងការ​ចាប់ផ្តើម ខ្ញុំ​បាន​ធ្វើ​លិបិក្រម​ឈ្មោះ​មួយ​ចំនួន​ដើម្បី​ផ្គាប់​ចិត្ត​គាត់ ប៉ុន្តែ​ថ្ងៃ​មួយ​មាន​បញ្ជី​ឈ្មោះ​ជនជាតិ​ហុងគ្រី​មួយ​បាន​ផុស​ឡើង​នៅលើ​អេក្រង់​កុំព្យូទ័រ​របស់​ខ្ញុំ ។ ព្រះវិញ្ញាណ​បាន​សន្ធប់​លើ​ខ្ញុំ ហើយ​បង្រៀន​ខ្ញុំ​ថា ខ្ញុំ​នៅតែ​អាច​ជួយ​នាំ​ព្រលឹង​របស់​ពួក​ហុងគ្រី​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ — គ្រាន់តែ​ពួកគេ​នៅ​ផ្នែក ម្ខាង​ទៀត នៃ​វាំងនន​ប៉ុណ្ណោះ !

៣. ដាក់​គោលដៅ

បន្ទាប់​ពី​បេសកកម្ម គោលដៅ​មុន​បេសកកម្ម​របស់​ខ្ញុំ​ទាំងអស់ ហាក់ដូច​ជា​ពុំ​អាច​សម្រេច​បាន​ឡើយ​ជាមួយ​នឹង​ស្ថានភាព​ថ្មី​នៃ​សុខភាព​របស់​ខ្ញុំ​នេះ ។ ប៉ុន្តែ​ជាមួយ​នឹង​ពេលវេលា ខ្ញុំ​ដឹង​ថា​មាន​គោលដៅ​ដែល​ខ្ញុំ​អាច​សម្រេច​បាន ទោះបីជា​ខ្ញុំ​ដេក​ឈឺ​នៅ​លើ​គ្រែ​ក្តី ។ ខ្ញុំ​ដាក់​គោលដៅ​បែប​នោះ​ដូចជា​ការអាន​សៀវភៅ Jesus the Christ ថា​ជា « គោលដៅ​ផ្តេក » ហើយ​ខិតខំ​សម្រេច​គោលដៅ​នោះ​រៀងរាល់​ថ្ងៃ ។

៤. ត្រឡប់​ទៅ​រៀន​វិញ

គោលដៅ​មួយ​មុន​បេសកកម្ម​របស់​ខ្ញុំ​គឺ​រៀន​ឲ្យ​ចប់​មហាវិទ្យាល័យ ។ ខណៈ​ដែល​ការទៅ​រៀន​មាន​ការលំបាក​ដោយសារ​ជំងឺ​របស់​ខ្ញុំ និង​ការទៅជួប​វេជ្ជបណ្ឌិត​ជាប់លាប់ នោះ​ឪពុក​ខ្ញុំ​បាន​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​រៀន​ថ្នាក់​តាម​អ៊ិនធើរណែត​ពី​សាកលវិទ្យា ព្រិកហាំ យ៉ង់ ថ្នាក់​សិក្សា​ឯករាជ្យ ។ នេះ​ពុំ​មែន​គ្រាន់តែ​ជា​គោលដៅ​ផ្ដេក​ដែល​អាច​សម្រេច​បាន​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​ដឹង​ដែរ​ថា ខ្ញុំ​មាន​សមត្ថភាព​ធ្វើ​គោលដៅ​មុន​បេសកកម្ម​កាន់តែ​ច្រើន​ឡើង ជាង​ខ្ញុំ​បាន​គិត​ពីមុន​ថា​ខ្ញុំ​អាច​ធ្វើ​បាន​ទៅ​ទៀត ។

៥. បម្រើ​បេសកកម្ម​តាម​អ៊ិនធើរណែត

នា​ថ្ងៃ​មួយ​នៅ​ព្រះវិហារ បងស្រី​ម្នាក់​បាន​ដើរ​មក​ជួប​ម្តាយ​ខ្ញុំ ហើយ​និយាយ​ថា « តើ​អ្នក​ដឹង​ទេ​ថា ដេស្ទីនី អាច​បម្រើ​បេសកកម្ម​ធ្វើ​លិបិក្រម​តាម​អ៊ិនធើរណែត​បាន ? » សំណួរ​ដែល​ពុំ​បាន​រំពឹង​ទុក​នេះ​គឺ​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ខ្ញុំ ។ ខ្ញុំ​អាច​បម្រើ​ព្រះអម្ចាស់​អស់​រយៈពេល​ប្រាំបួន​ខែ ក្នុងនាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​សាសនាចក្រ​គាំទ្រ​ផ្នែក​ការធ្វើ​លិបិក្រម ។ នេះ​គឺ​ជា​បេសកកម្ម​មួយ​ដែល​ខ្ញុំ អាច ធ្វើ​បាន !*

៦. បង្រៀន​ថ្នាក់​រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម

នៅពេល​ខ្ញុំ​បាន​គ្រប់គ្រង​ស្ថានភាព​សុខភាព​ខ្ញុំ​បាន​ប្រសើរ ខ្ញុំ​បាន​ចាប់ផ្តើម​សិក្សា​នៅ មហា​វិទ្យាល័យ​សហគមន៍ អំឡុង​ពេល​ធ្វើ​បេសកកម្ម​របស់​ខ្ញុំ​តាម​អ៊ិនធើរណែត ។ ខ្ញុំ​ត្រូវបាន​សូម​ឲ្យ​បង្រៀន​ថ្នាក់​រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម​នៅ​ថ្នាក់​វិទ្យាស្ថាន​ក្បែរ​នោះ ។ ការបង្រៀន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា ក្តីសាទរ​របស់​ខ្ញុំ​ចំពោះ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ពុំ​បាន​រលត់​ទេ ហើយ​ថា​បេសកកម្ម​ខ្លី​របស់​ខ្ញុំ​បាន​ផ្តល់​បទពិសោធន៍​ជាច្រើន​ដល់​ខ្ញុំ ដែល​អាច​មាន​ប្រយោជន៍​ដល់​សិស្ស​របស់​ខ្ញុំ ។

៧. ស្ម័គ្រ​ចិត្ត​នៅ​អិម. ធី. ស៊ី

បន្ទាប់​ពី​បាន​ចូលរៀន​មហាវិទ្យាល័យ​នៅ​ជិត​ផ្ទះ​ខ្ញុំ​បាន​ជោគជ័យ​អស់​រយៈពេល​មួយ​ឆ​មាស​មក ខ្ញុំ​បាន​ប្តូរ​ទៅ​រស់នៅ រដ្ឋ​យូថាហ៍ ស.រ.អា. ដើម្បី​ចូលរៀន ប៊ី.វ៉ាយ.យូ ។ ពេល​ដំបូង​ខ្ញុំ​ពិបាក​ដើរ​ទៅ​ក្បែរ អិម. ធី. ស៊ី. ប្រូវ៉ូ ណាស់​ដោយ​ព្រោះ​តែ​អារម្មណ៍​រអៀស​ចិត្ត ។ ប៉ុន្តែ​ខ្ញុំ​បាន​ចាប់ផ្តើម​ស្ម័គ្រ​ចិត្ត​រៀងរាល់​សប្តាហ៍​នៅ អិម. ធី. ស៊ី ហើយ​បាន​ឃើញ​ថា វា​គឺ​ជា​ការជាសះស្បើយ​ក្នុងការ​ជួប​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​ត្រូវបាន​បញ្ជូន​ទៅ​បម្រើ​ប្រជាជន​ហុងគ្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់​ខ្ញុំ ។

៨. ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ

ស្ត្រី​ជនជាតិ​ហុងគ្រី​ម្នាក់​ឈ្មោះ អេឌីត បាន​រៀបចំ​ឈ្មោះ​ជិត ១៥០០០០ សម្រាប់​ព្រះវិហារ​បរិសុទ្ធ បាន​សូម​ឲ្យ​ខ្ញុំ​យក​ឈ្មោះ​មួយ​ចំនួន​របស់​គាត់​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ វា​គឺ​ជា​អំណរ​មួយ​ក្នុងការ​ធ្វើ​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ​សម្រាប់​ប្រជាជន​ហុងគ្រី​ទាំង​នោះ ។

ការព្យាបាល​ដោយ​សន្សឹមៗ​តាមរយៈ​កិច្ចការ​របស់​ទ្រង់

ការបម្រើ​បេសកកម្ម​គឺ​ជា​សុបិន​ដ៏​សំខាន់​បំផុត​នៃ​ជីវិត​របស់​ខ្ញុំ ហើយ​ដោយ​យល់​បាន​នោះ​គឺ​ថា ខ្ញុំ​មាន​អារម្មណ៍​បាត់បង់​ពេល​ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​មុន​ការគ្រោង​ទុក ។ ខ្ញុំ​មាន​ការពិបាក​និយាយ​អំពី​បេសកកម្ម​របស់​ខ្ញុំ​អស់​មួយ​រយៈ ។ ខ្ញុំ​ត្រូវ​ទប់ទល់​នឹង​អារម្មណ៍​នៃ​ភាពបរាជ័យ ។ ខ្ញុំ​ត្រូវ​រៀន​អំពី​របៀប​វិនិច្ឆ័យ​តម្លៃ​នៃ​បេសកកម្ម​ខ្ញុំ តាមរយៈ​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ក្នុងការ​បម្រើ​ជាង​រយៈពេល​នៃ​ការបម្រើ ។ ទោះជា​នៅ​ពេល​នោះ​ខ្ញុំ​មិន​បាន​ដឹង​អំពី​រឿង​នេះ​ក្តី ជំហាន​នីមួយៗ​បោះ​ឆ្ពោះ​ទៅរក​អត្ថន័យ​ក្នុង​ជីវិត​របស់​ខ្ញុំ​ក៏​បាន​នាំ​មក​នូវ​ការព្យាបាល​ផងដែរ ។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ខ្ញុំ​បារម្ភ​ថា ការ​ត្រឡប់​ទៅ​ប្រទេស​ហុងគ្រី​វិញ នឹង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សែន​លំបាក ។ ទីបំផុត​ពេល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ទីនោះ ​រហូត​ដល់​ថ្ងៃ​ទី​ពីរទើប​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​មិន​គ្រាន់តែ​គ្មាន​អារម្មណ៍​ឈឺ​ចាប់​នោះទេ ខ្ញុំ​ថែម​ទាំង​មាន​អំណរ​យ៉ាង​ខ្លាំង​ដែល​បាន​ត្រឡប់​ទៅ​ទីនោះ​វិញ ។ ក្រោយ​មក​ខ្ញុំ​បាន​ដឹង​ថា ព្រះវរបិតាសួគ៌​បាន​ប្រទាន​ឱកាស​ដល់​ខ្ញុំ​ឲ្យ​ទទួល​បទពិសោធន៍​នៃ​អំណាច​នៃ​ការព្យាបាល​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ។ ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ អ្វីៗ​គ្រប់​យ៉ាង​នឹង​ដំណើរការ​បាន​ត្រឹមត្រូវ​នៅពេល​ចុង​ក្រោយ ។