២០១៨
បាល់​ឱប ថ្ងៃ​អាទិត្យ និង​ការឈឺចាប់​ខាង​វិញ្ញាណ
January 2018


បាល់ទាត់ ថ្ងៃ​អាទិត្យ និង​ការឈឺចាប់​ខាង​វិញ្ញាណ

សម្រាប់ វៀល ការជ្រើសរើស​ពុំលេងបាល់ទាត់នៅថ្ងៃ​អាទិត្យ​ អាច​មាន​ន័យ​ថា​ជា​ការជ្រើសរើស​ពុំ​លេង​ជាមួយ​ក្រុម​ដ៏​ល្អ​បំផុត​មួយ ។

Will

កាល​ខ្ញុំ​នៅ​ក្មេង​មិត្តភក្ដិ​របស់ខ្ញុំ និង​ខ្ញុំ​បាន​លេង​ល្បែង​មួយ​ហៅ​ថា « លោត ឬ​មុជ​ចូល​ទឹក » ។ ប្រាកដណាស់ អ្នក​ទាំងអស់​គ្នា​ត្រូវការ​អាង​ហែល​ទឹក ឬ​បឹង​ជ្រៅ និង​អ្វី​មួយ​ដើម្បី​លោត​ដូចជា​ក្តារ​លោត​មុជ​ទឹក​ជាដើម ។ ដើម្បី​លេង អ្នក​ត្រូវលោត​ចេញ​ពី​ក្តារលោត​មុជទឹក​នោះ ។ ពេល​អ្នក​កំពុង​លោត​នោះ អ្នក​ខ្លះ​ស្រែក​ឡើង​ថា « លោត » មាន​ន័យ​ថា អ្នក​ត្រូវ​លោត​ដោយ​ឲ្យ​ជើង​អ្នក​ចូល​ទៅ​ក្នុង​ទឹក​មុន ឬ​គេស្រែក​ថា « មុជចូល​ទឹក » ដែល​មាន​ន័យ​ថា អ្នក​ត្រូវ​លោតជ្រមុជចូលទឹក​ដោយ​ឲ្យ​ដៃ​ចូលទឹក​មុន​ នៅពេល​លោត ។

ពេល​អ្នក​កំពុង​នៅលើ​អាកាស អ្នក​តែងតែ​រៀបចំ​ពត់ពែន​បត់​ខ្លួន ឬក៏​លោតទៅ​ដោយ​ទ្រូង​ប៉ះ​នឹង​ទឹក​ដែល​ធ្វើ​ឲ្យមាន​ការ​ឈឺ​ចាប់ ។

ពុំ​ត្រូវ​ធ្វើ​ជីវិត​ដូចជា​ល្បែង « លោត ឬ​មុជ​ចូល​ទឹក » នោះ​ទេ ។ អ្នក​អាច​ធ្វើ​ការសម្រេច​ចិត្ត​ជាច្រើន មាន​ពេល​ច្រើន​ជាមុន ហើយ​ចៀសវាង​ពី​ការឈឺចាប់​ខាង​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​នោះ ។ យ៉ូស្វេ ព្យាការី​ក្នុង​ព្រះគម្ពីរសញ្ញាចាស់​ពុំ​បាន​ថ្លែង​ថា « ចូរ​ជ្រើសរើសមុន​វា​ហួស​ពេល » ឡើយ ។ លោក​បាន​ថ្លែង​ថា « ចូរ​រើស​យក​ព្រះ​ណា​ដែល​ឯង​ចង់​គោរព​ប្រតិបត្តិ​តាម នៅ​ថ្ងៃ​នេះ​ ចុះ » ( យ៉ូស្វេ ២៤:១៥ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

វៀល ដ័បុលយូ អាយុ ១៤ ឆ្នាំ មក​ពី​ទីក្រុង សាន់ ហ្វ្រាន់ស៊ិស្កូ រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា. ប្រហែល​ជា​គ្មាន​ការឈឺចាប់​ខាង​វិញ្ញាណ​ច្រើន​ឡើយ ដោយសារ​គាត់​ជឿ​លើ​ការសម្រេច​ចិត្ត​​ពីមុន​វា​ឈាន​ដល់​នាទី​ចុង​ក្រោយ ។

គាត់​និយាយ​ថា « ប្រសិនបើ​អ្នក​ជ្រើសរើស​ធ្វើ ឬ​ពុំ​ធ្វើ​អ្វី​មួយ​ពីមុន​វា​កើត​មាន​ឡើង នោះ​ធ្វើ​ឲ្យ​អ្វីៗ​ទាំងអស់​នឹងកាន់តែងាយស្រួល​ច្រើន​ជាង ។ ឧទាហរណ៍​ពេល​អ្នក​ទៅ​ពិធីជប់លៀង ហើយ​មាន​គេ​ឲ្យ​គ្រឿងស្រវឹងទៅ​អ្នក​ផឹក ។ ប្រសិនបើ​អ្នក​ជ្រើសរើសនៅពេលនោះ​ថា​ តើ​ផឹក​វា ឬ​អត់ នោះ​អ្នក​អាច​ត្រូវបាន​ល្បួងឲ្យ​ផឹក​វា​ហើយ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​បាន​សម្រេច​ចិត្ត​តាំង​ពីយូរយារ​មក ដោយ​បដិសេធ​ប្រសិនបើ​មាន​នរណា​ម្នាក់​ឲ្យ​គ្រឿង​ស្រវឹង​ទៅ​អ្នក​ផឹក នោះ​អ្នក​មាន​អារម្មណ៍​កាន់តែប្រាកដច្បាស់​ចំពោះ​ខ្លួន​ឯង ។ អ្នក​នឹង​គ្មាន​ពេលត្រូវបាន​ល្បួង​ឡើយ ។ អ្នក​បាន​បដិសេធ ដោយសារ​អ្នក​បាន​សម្រេច​ចិត្ត​​ជាយូរយារ​ណាស់​មក​ហើយ » ។

បាវចនា​ម៉្ញូតឆល​​ឆ្នាំ ២០១៨ ចែង​ថា « ចូរ​រៀន​អំពី​យើង ហើយ​ស្ដាប់​តាម​ព្រះបន្ទូល​ទាំងឡាយ​របស់​យើង​ចុះ ចូរ​ដើរ​ក្នុង​ភាព​ស្លូត​បូត​នៃ​ព្រះវិញ្ញាណ​របស់​យើង នោះអ្នក​នឹង​បាន​សេចក្ដីសុខសាន្ដ​ក្នុង​យើង » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣ ) ។ សម្រាប់​វៀល ភាពសុខសាន្ត​មាន​ន័យ​ថា ជាអារម្មណ៍មាន​ទំនុកចិត្ត​ពេលគាត់​ជ្រើសរើស​ត្រូវ ហើយ​ពុំ​បារម្ភ​អំពី​ការពោលពាក្យ​អវិជ្ជមាន​ពី​មនុស្ស​ដទៃ ។ ភាពសុខសាន្ត​នោះ​កើត​មាន​ចំពោះ វៀល ដោយសារ​ការសម្រេចចិត្ត​ស្តាប់ — និង​ធ្វើ​តាម — ព្រះបន្ទូល​ព្រះយេស៊ូវគ្រីស្ទ​ទុកជាមុន ។

គាត់​និយាយ​ថា « ជួនកាល​ក្មេងៗ​ទាំង​នោះ​ឌឺដង​ដាក់​ខ្ញុំ​ចំពោះ​អ្វី​ដែល​ខ្ញុំ​ធ្វើ ឬមិន​ធ្វើ ប៉ុន្តែ​វា​ពុំ​រំខាន​ដល់​ខ្ញុំ​ឡើយ ដោយសារ​ខ្ញុំ​បាន​សម្រេច​ចិត្ត​តាំង​ពី​យូរ​មកហើយ​ថា នោះ​គឺ​ជា​របៀ​បដែល​ខ្ញុំ​នឹង​រស់នៅ » ។

អ្វីមួយ​ដែល វៀល និង​គ្រួសារ​គាត់​សម្រេច​ចិត្ត​ជាយូរយារ​មក​ហើយនោះ​គឺ រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។ នោះ​មាន​ការលំបាក​បន្តិច​ ពេល វៀល ធ្វើ​ជាវីរជន​ម្នាក់​ ក្នុងក្រុមបាល់ទាត់នោះ ។ ប៉ុន្តែ ដូច​នីហ្វៃ និង​គ្រួសារ​លោក​បាន​ជឿ​ថា « ព្រះអម្ចាស់​ទ្រង់​មិន​ចេញ​បញ្ជា​ដល់​កូន​ចៅ​មនុស្ស​ណា​ឡើយ លើកលែង​តែ​ទ្រង់​នឹង​រៀបចំ​ផ្លូវ ដើម្បី​ឲ្យ​គេ​អាច​សម្រេច​នូវ​អ្វីៗ​ដែល​ទ្រង់​បាន​បញ្ជា​ដល់​ពួកគេ​ទុក​ជា​មុន​សិន » ( នីហ្វៃទី១ ៣:៧ ) ។

ចំពោះ វៀល បាល់ទាត់គឺជាអ្វីៗទាំងអស់សម្រាប់គាត់ ។ ដូច​ម្តាយ​របស់​គាត់​និយាយ​ថា « គាត់ស្រឡាញ់បាល់ទាត់ទាំងពេលហូប ពេលផឹក ពេលដេកគឺគាត់ស្រឡាញ់បាល់ទាត់ខ្លាំងណាស់ ។ វា​ជា​ចំណង់ចំណូល​ចិត្ត​គាត់ ហើយ​គាត់​ពូកែ​លេង​ណាស់ » ។

Will playing football

ដូច្នេះ​ពេល វៀល បាន​ចូល​ក្នុង​ក្រុម​ដែល​ស្ថិត​នៅ​ក្នុង​លំដាប់​ខ្ពស់​បំផុត​នៅក្នុង​តំបន់​នេះ គាត់​មាន​ចិត្ត​រំភើប​រីករាយ​ណាស់ ។ បញ្ហា​មួយ​គត់​នោះ​គឺ ៖ ភាគច្រើន​ក្រុម​បាល់ទាត់លេងបាល់នៅថ្ងៃអាទិត្យ ។ ភាគច្រើន​ក្រុម​នានា​ពុំ​ទទួល​អ្នក​លេង​បាល់​ដែល​ខកខាន​មិន​លេង​នៅ​ថ្ងៃ​អាទិត្យ​ឡើយ ។ ការជ្រើសរើសពុំលេងបាល់ទាត់នៅថ្ងៃ​អាទិត្យ អាច​មាន​ន័យ​ថា ជា​ការបាត់បង់​មុខងារ​របស់​គាត់​នៅក្នុង​ក្រុម ។

ប៉ុន្តែ វៀល បាន​ធ្វើការសម្រេច​ចិត្ត​នោះ​ជា​យូរ​យារ​ណាស់​មក​ហើយ ។ គាត់​នឹង​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។

វៀល និង​គ្រួសារ​គាត់​បាន​អធិស្ឋាន​ជាមួយ​គ្នា ហើយ​បាន​ទូលប្រាប់​ព្រះវរបិតាសួគ៌​អំពី​បំណង​ប្រាថ្នា​របស់​ពួកគេ ក្នុងការ​គោរព​តាម​ព្រះបញ្ញត្តិ​ទ្រង់ ហើយ​ទូលសូម​ជំនួយ​របស់​ទ្រង់ ។ បន្ទាប់​មក វៀល និង​ម្តាយ​របស់​គាត់​បាន​និយាយ​ជាមួយ​គ្រូ​បង្វឹក​របស់​ក្រុម​អំពី​ជំនឿ​របស់​ពួកគេ ។ គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់ គ្រូបង្វឹក​ចង់​ឲ្យ វៀល នៅ​ក្នុង​ក្រុម​នោះ ទោះបី​ជា​គាត់​ពុំ​លេង​បាល់​នៅ​ថ្ងៃ​អាទិត្យ​ក្តី !

វៀល និយាយ​ថា « ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​គោរព​ថ្ងៃ​ឈប់​សម្រាក នោះ​ខ្ញុំ​នឹង​ទទួល​បាន​ពរ ។ ប្រហែល​ខ្ញុំ​ពុំ​បាន​ប្រកួត​ច្រើន​ដូច​កីឡាករ​ផ្សេង​ទៀត​ឡើយ ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ​ពរជ័យ ដូចជា​ការប្រកួត​នៅ​ថ្ងៃ​អាទិត្យ​ស្រាប់តែ​ត្រូវបាន​ប្តូរ​ទៅ​ប្រកួត​ថ្ងៃ​ផ្សេង​ជាដើម ។ ខ្ញុំ​ក៏​គិត​ផងដែរ​ថា ខ្ញុំ​លេង​បាន​ល្អ​ប្រសើរ ដោយសារ​ខ្ញុំ​មាន​ថ្ងៃ​ឈប់​សម្រាក ។

វា​ធ្វើ​ឲ្យ​រឿង​នេះ​កាន់តែ​ប្រសើរ​ឡើង ។ មិនយូរ​ប៉ុន្មាន វៀល បាន​ឃើញ​ថា មិត្ត​រួមក្រុម​របស់​គាត់​ម្នាក់​ក៏​ជា​សមាជិក​សាសនាចក្រ​ផងដែរ ។ បន្ទាប់​ពី​លេង​បាល់​ជាមួយ​គ្នា​អស់​ពីរបី​ខែ​មក ក្មេង​ប្រុស​ម្នាក់​នោះ​បាន​ធ្វើ​តាម​គំរូ​របស់ វៀល ហើយ​ឈប់​លេង​បាល់​នៅ​ថ្ងៃ​អាទិត្យ​ផងដែរ ។

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​ពុំ​ទទួល​បាន​ពរជ័យ​មក​ពី​ការគោរព​ប្រតិបត្តិ នោះ អាច​មក​ពី​អ្នក​ពុំ​អាច​ឃើញ​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតាសួគ៌​បាន​រៀបចំ​ទុកសម្រាប់​អ្នក ។ ការសម្រេច​ចិត្ត​ស្តាប់​តាម​ព្រះបន្ទូល​ព្រះគ្រីស្ទ ហើយ​បម្រើ​ព្រះអម្ចាស់​គឺ​ជា​ការសម្រេច​ចិត្ត​ត្រឹមត្រូវ​ជានិច្ច ដូច្នេះ​ចូរ​ធ្វើ​វា​ភ្លាម​ទៅ !

Will and family

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​អង្វរ​អ្នក​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​ភ្លាម ក្នុង​ពេល​នេះ ដោយ​មិន​ត្រូវ​ងាក​ចេញ​ពី​ផ្លូវ​ដែល​នឹង​នាំ​អ្នក​ទៅ​ដល់​គោលដៅ​របស់​យើង ៖ គឺ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ជាមួយ​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ » ( « The Three Rs of Choice » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៦៨ ) ។

សូម​កុំ​ធ្វើ​ឲ្យជីវិត​អ្នក​ដូចជា​ល្បែង « លោត ឬ​មុជ​ចូល​ទឹក » នោះ​ឡើយ ។ សូម​កុំ​ប្រថុយប្រថាន​នឹង​ការឈឺចាប់​ខាង​វិញ្ញាណ ឬ​ការឈឺចាប់​ណា​ផ្សេង​ទៀត​ឡើយ ។ សូម​សម្រេច​ចិត្ត​ក្នុង​ពេល​ឥឡូវ​នេះ ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​រីករាយ​នឹង​ភាពសុខសាន្ត ដែល​ទ្រង់​ប្រទាន​មក​ក្នុង​ជីវិត​អ្នក ។