២០១៨
សិក្សា​ព្រះ​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ
January 2018


សិក្សា ព្រះ​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ

ដកស្រង់​ពី​អត្ថបទ​មួយ​នៅលើ​គេហទំព័រ lds.org/blog ។

ឥឡូវ​នេះ​ខ្ញុំ​មិនគ្រាន់តែ​មាន​ទីបន្ទាល់​កាន់តែ​ប្រសើរ​ឡើង អំពី​ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​គឺ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ទេ ខ្ញុំ​ថែម​ទាំង​មាន​ការបញ្ជាក់​អំពី​ជំនឿស៊ប់​របស់​ខ្ញុំ​ថា ប្រព័ន្ធ​ដែល​យ៉ូសែប ស្ម៊ីធ មាន​សម្រាប់​ការបកប្រែ​ព្រះគម្ពីរ​មរមន​នោះ​គឺ​ជា​អំណោយ​ទាន​មក​ពី​ព្រះ ។

young woman studying

អំឡុងការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ​នៅ​លីវ​ខែ​មករា​ឆ្នាំ ២០១៧ ខ្ញុំ​បាន​អញ្ជើញ​អស់​អ្ន​កដែល​ទស្សនា​ការប្រជុំ​នោះ ឲ្យ​បង្កើន​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គសង្គ្រោះ តាមរយៈ​ការឆ្លៀត​ពេល​រៀងរាល់​សប្តាហ៍​ដើម្បី ៖

  • សិក្សា​អ្វីៗ​គ្រប់​យ៉ាង​ដែល​ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល និង​ធ្វើ​ដូច​ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

  • សិក្សា​ពី​ក្រឹត្យ​វិន័យ​ទ្រង់​ដូច​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

  • សិក្សា​ពី​គោលលទ្ធិ​ទ្រង់​ដូច​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​មរមន ។

  • សិក្សា​ពី​ព្រះបន្ទូល​ទ្រង់​ដូច​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។

ខ្ញុំ​បាន​សន្យា​នឹង​អ្នក​ស្តាប់​ទាំង​នោះ​ថា ប្រសិនបើ​ពួកគេ​ចាប់ផ្តើម​រៀន​អ្វីៗ​គ្រប់​យ៉ាង ដែល​ពួកគេ​អាច​ធ្វើ​បាន​អំពី​ព្រះយេស៊ូវគ្រីស្ទ នោះ​សេចក្តីស្រឡាញ់​របស់​ពួកគេ​ចំពោះ​ទ្រង់ និង​ក្រឹត្យវិន័យ​របស់​ព្រះ​នឹង​រីកចម្រើន​ឡើង​លើស​ពី​អ្វី​ដែល​ពួកគេ​គិត​ដល់​នា​ពេល​បច្ចុប្បន្ន​នេះ​ទៅទៀត ។

អ្វី​ដែល​ខ្ញុំ​ពុំ​បាន​និយាយ​នៅក្នុង​អំឡុង​ពេល​សុន្ទរកថា​នោះ​គឺ​ថា ខ្ញុំ​បាន​ដឹង​ថា ការសន្យា​នោះ​គឺ​ពិត ដោយសារ​ខ្ញុំ​កំពុង​នៅ​ចំ​ពាក់​កណ្តាល​នៃ​ការបំពេញ​កិច្ចការ​ដូច​គ្នា​ទាំង​នេះ​សម្រាប់​ខ្លួន​ខ្ញុំ​ជា​លើក​ដំបូង ។

នៅ​ថ្ងៃ​ទី ១ ខែ ធ្នូ ឆ្នាំ ២០១៦ ខ្ញុំ​បាន​ទទួល​ព្រះគម្ពីរ​ថ្មី​មួយ​ឈុត ហើយ​បាន​ចាប់ផ្តើម​ការចាត់តាំង​ដូច​គ្នា​នេះ ដែល​ក្រោយ​មក​ខ្ញុំ​បាន​អញ្ជើញ​ដល់​ពួក​យុវមជ្ឈិមវ័យ​ឲ្យ​ធ្វើ​វា​នៅ​ខែ​មករា ។ ពេល​ខ្ញុំ​បាន​បញ្ចប់​ការចាត់តាំង​នោះ​នៅ​ប្រាំមួយ​សប្តាហ៍​ក្រោយ​មក ខ្ញុំ​បាន​មើល ហើយ​គូស​ចំណាំសេចក្តីស្រង់​ជាង ២២០០ មក​ពី​ព្រះគម្ពីរ​ទាំង​បួន​នោះ ។​

សម្រាប់​ខ្ញុំ ការ​ដែល​អាច​បញ្ចប់​ការចាត់តាំង​នេះ​គឺ​ជា​រឿង​ដ៏​រំភើប​រីករាយ​បំផុត !

អ្វី​មួយ​ដែល​ខ្ញុំ​បាន​រក​ឃើញ​ដែល​ជា​ការយល់​ដឹង​ដ៏​សំខាន់​បំផុត​នោះ​គឺ​ថា ព្រះអង្គសង្គ្រោះ​បាន​ប្រាប់​យើង​អំពី​អង្គទ្រង់ តាមរយៈ​សម័យ​កាល​នានា​ទាំង​នេះ — ព្រះគម្ពីរ​សញ្ញា​ចាស់ ព្រះគម្ពីរ​សញ្ញា​ថ្មី សម័យកាលនៃ​ការស្តារ​ឡើងវិញ និង​ជំនាន់​របស់​យើង​នេះ ។ នៅក្នុង​ព្រះគម្ពីរ​ទាំង​អស់ រឿង​គឺ​ដូច​គ្នា ហើយ​អ្នក​ប្រាប់​រឿង​នោះ​ក៏​ដូចគ្នា​ផងដែរ ។

President Nelson studying the scriptures

ខ្ញុំ​បាន​លះបង់​រយៈពេល​ស្ទើរតែ ៩៣ ឆ្នាំ​នៃ​ជីវិត​ខ្ញុំ ក្នុង​ការរៀន​សូត្រ​អំពី​ព្រះអង្គសង្គ្រោះ ប៉ុន្តែ​កម្រ​មាន​ឱកាស​ណា​ដែល​ខ្ញុំ​អាច​បាន​រៀន​ច្រើន​ដូច​ខ្ញុំ​បាន​រៀន​ក្នុង​រយៈពេល​សិក្សា​ប្រាំ​មួយ​សប្តាហ៍​នេះ​ឡើយ ។ ប្រាកដ​ណាស់ ខ្ញុំ​បាន​រៀន​ច្រើន​អំពី​ទ្រង់​ចេញ​ពី​ការសិក្សា​នេះ ដែល​ខ្ញុំ​មាន​គម្រោង​ចែកចាយ​ច្រើន​អំពី​រឿង​នេះ​នៅក្នុង​សុន្ទរកថា​ផ្សេង​នា​ពេល​ខាង​មុខ ដែល​ខ្ញុំ​កំពុង​តែ​រៀបចំ​នា​ពេល​បច្ចុប្បន្ន​នេះ ។

នៅពេល​ចាប់ផ្តើម​ការចាត់តាំង​នេះ ខ្ញុំ​ពុំ​បាន​រំពឹង​ថា ការសិក្សា​នេះ​នឹង​ជួយ​ខ្ញុំ​ឲ្យ​ទទួល​បាន​ទីបន្ទាល់​ថ្មី​អំពី​ទេវភាព​នៃ​កិច្ចការ​របស់​យ៉ូសែប ស្ម៊ីធ​ឡើយ — ប៉ុន្តែ​វា​បាន​ជួយ​ពិត​ប្រាកដ​មែន ! វិវរណៈ​ដែល​បាន​កត់ត្រា​ដោយ​យ៉ូសែប ស្ម៊ីធ និង​ការយល់​ដឹង​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​គឺ​ចុះ​សម្រុង​គ្នា​យ៉ាង​អស្ចារ្យ ។ វា​បំភ្លឺ​ដល់​ខ្ញុំ​យ៉ាង​ខ្លាំង ឲ្យ​មើល​ឃើញ​ពី​ចំណុច​នេះ​នៅក្នុង​ការសិក្សា​របស់​ខ្ញុំ ។

យ៉ូសែប ស៊្មីធ ពុំ​អាច​មាន​ពេល​ក្នុងការ​ធ្វើ​ទំនាក់ទំនង និង​ធ្វើ​បទ​គម្ពីរ​យោង​ជាមួយ​ព្រះគម្ពីរ​ប៊ីប​នៅក្នុង​រយៈពេល​ដ៏​លឿន​នោះ ដែល​លោក​កំពុង​មាន​ក្នុង​ការបកប្រែ​ព្រះគម្ពីរ​មរមន​ឡើយ — ប៉ុន្តែ​អ្វីៗ​ទាំង​នោះ​មាន​នៅ​ទីនេះ​ទាំងអស់ !

ដូច្នេះ ឥឡូវ​នេះ​ខ្ញុំ​មិនគ្រាន់តែ​មាន​ទីបន្ទាល់​កាន់តែ​ប្រសើរ​ឡើង អំពី​ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​គឺ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ទេ ខ្ញុំ​ថែម​ទាំង​មាន​ការបញ្ជាក់​អំពី​ជំនឿស៊ប់​របស់​ខ្ញុំ​ថា ប្រព័ន្ធ​ដែល​យ៉ូសែប ស្ម៊ីធ មាន​សម្រាប់​ការបកប្រែ​ព្រះគម្ពីរ​មរមន​នោះ​គឺ​ជា​អំណោយ​ទាន​មក​ពី​ព្រះ ។

ឥឡូវ ខ្ញុំ​ដឹង​ថា បងប្អូន​មួយ​ចំនួន​ប្រហែល​ជា​កំពុង​គិត​ក្នុង​ចិត្ត​អ្នក​ថា អ្នក​ពុំ​អាច​មាន​ពេល​ដើម្បី​បញ្ចប់​ការចាត់តាំង​ដូចនេះ​បាន​ឡើយ ។

ខ្ញុំ​ដឹង​ថា ​អ្នក​មានអារម្មណ៍​យ៉ាងណា​ហើយ ។ ខ្ញុំ​បាន​គិត​រឿង​ដូចគ្នា​នេះ​ចំពោះ​ខ្លួន​ខ្ញុំ​ផងដែរ — ថា​គ្មាន​ផ្លូវ​ដែល​ខ្ញុំ​អាច​មាន​ពេល​ធ្វើ​កិច្ចការ​ទាំង​អស់​នេះ​ឡើយ ។ ខ្ញុំ​ចាំបាច់​ត្រូវ​រំឭក​ខ្លួន​ខ្ញុំ​នូវ​ពាក្យ​ពេចន៍​ដូចជា នេះ​ពុំ​មែន​ជា​ពាក្យ​ជំរុញ​ឲ្យ​មាន​សេចក្តីជំនឿ​ឡើយ ។ ពាក្យ​ជំរុញ​ឲ្យ​មាន​សេចក្តីជំនឿ​គឺ « ខ្ញុំ​ដឹង​ថា ខ្ញុំ​គ្មាន​ពេល​សម្រាប់​ធ្វើ​រឿង​នេះ​ឡើយ ប៉ុន្តែ​ខ្ញុំ​នឹងរក​ពេល​ធ្វើ​វា ។ ហើយ​ខ្ញុំ​នឹង​បំពេញ​កិច្ចការ​នេះ​ជាមួយ​នឹង​ពេលវេលា​ដែល​ខ្ញុំ​មាន » ។

យើង​ម្នាក់ៗ​ដែល​ទទួល​ការអញ្ជើញ​នេះ​នឹង​បញ្ចប់​វា​នៅក្នុង​អំឡុង​ពេល​ផ្ទាល់​ខ្លួន​របស់​អ្នក ។ សម្រាប់​ខ្ញុំ អំណរ​ដ៏​ខ្លាំង​ក្លា​កើត​មក​ពី​ការធ្វើ​កិច្ចការ​នេះ​ចប់​សព្វ​គ្រប់ ក្នុង​រយៈពេល​តែ​ប្រាំ​មួយ​សប្តាហ៍​ប៉ុណ្ណោះ ។ គោលបំណង​នៃ​ការសិក្សា​នេះ​ក្នុង​រយៈពេល​ខ្លី​ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ភាព​ចុះ​សម្រុង​នឹង​គ្នា​នៃ​ការរៀនសូត្រ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ព្រះគម្ពីរ​មរមន ព្រះគម្ពីរ​សញ្ញា​ថ្មី និង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ។

ចំពោះ​អស់​អ្នក​ដែល​មាន​អារម្មណ៍​ថា​គ្មាន​ពេល ប្រសិនបើ​អ្នក​លះបង់ នោះ​អ្នក​នឹង​ទទួល​បាន​រង្វាន់​ដ៏​អស្ចារ្យ ហើយ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ការផ្លាស់ប្តូរ​ទស្សនវិស័យ បង្កើន​ចំណេះ​ដឹង និង​ធ្វើ​ឲ្យ​ការប្រែចិត្ត​ជឿ​របស់​អ្នក​កាន់តែ​រឹងមាំ​ថែម​ទៀត ។ ខ្ញុំ​ដឹង​ថា​នេះ​គឺ​ជា​ការពិត ដោយសារ​ខ្ញុំ​បាន​ឃើញ​រង្វាន់​ដូចគ្នា​នេះ​នៅក្នុង​ជីវិត​ខ្ញុំ​ផ្ទាល់ ។

President Nelsons marked scriptures

ដូច​ខ្ញុំ​បាន​និយាយ​នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន នា​ថ្ងៃ​ខាង​មុខ អ្នក​នឹង​បង្ហាញ​ខ្លួន​អ្នក​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គសង្គ្រោះ ។ អ្នក​នឹង​រំជួលចិត្ត​រហូត​ដល់​អ្នក​យំ​ដែល​បាននៅ​ក្នុង​ទីវត្តមាន​ដ៏​បរិសុទ្ធរបស់​ទ្រង់ ។ អ្នក​នឹង​ពិបាក​ក្នុងការ​រក​ពាក្យថ្លែង​អំណរគុណ​ទ្រង់​សម្រាប់​ការបង់​ថ្លៃ​អំពើ​បាប​របស់​អ្នក សម្រាប់​ការអភ័យទោស​ដល់​អ្នក​ដែល​អ្នក​ពុំ​បាន​ធ្វើ​ល្អ​ចំពោះ​អ្នក​ដទៃ សម្រាប់​ការព្យាបាលអ្នកពីរបួស និង​ភាព​អយុត្តិធម៌​នានា​នៃ​ជីវិត​នេះ ។

អ្នក​នឹង​ថ្លែង​អំណរគុណ​ទ្រង់​សម្រាប់​ការពង្រឹង​អ្នក​ឲ្យ​ធ្វើ​កិច្ចការ​ដែល​ពុំ​អាច​ធ្វើ​បាន សម្រាប់​ការបង្វែរ​ភាពទន់ខ្សោយ​របស់​អ្នក​ឲ្យ​ទៅ​ជា​ភាពខ្លាំង​វិញ និង​សម្រាប់​ធ្វើ​ឲ្យ​អ្នក​អាច​រស់នៅ​ជាមួយ​ទ្រង់ និង​គ្រួសារ​របស់​អ្នក​ជា​រៀងរហូត ។ អត្ត​សញ្ញាណ​របស់​ទ្រង់ ដង្វាយធួន​របស់​ទ្រង់ និង​លក្ខណៈ​របស់​ទ្រង់​នឹង​ប្រែ​ជា​រឿង​ផ្ទាល់​ខ្លួន និង​ពិត​ជាក់ស្តែង​ចំពោះ​អ្នក ។

ប៉ុន្តែ​អ្នក​ពុំ​ត្រូវ​រង់ចាំ​រហូត​ដល់​ពេល​នោះ​ទេ ។ សូម​ជ្រើសរើស​ធ្វើ​ជា​សិស្ស​ដ៏​ពិត​របស់​ទ្រង់​ក្នុង​ពេល​ឥឡូវ​នេះ ។ ធ្វើ​ជា​សិស្ស​ម្នាក់​ដែល​ពិត​ជា​ស្រឡាញ់​ទ្រង់ ដែល​ពិតជា​ចង់​បម្រើ និង​ដឹកនាំ​ដូច​ទ្រង់​បាន​ធ្វើ ។ ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា ប្រសិនបើ​អ្នក​នឹង​សិក្សា​ព្រះបន្ទូល​របស់​ទ្រង់ នោះ​សមត្ថភាព​របស់​អ្នក​ដើម្បី​ប្រែក្លាយ​ដូច​ជា​ទ្រង់​នឹង​កើន​ឡើង ។ ខ្ញុំ​ដឹង​ថា​រឿង​នេះ​ពិត ។

កំណត់​ចំណាំ

  1. ដូចប្រធាន ណិលសុន បាន​ផ្តល់​យោបល់​នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​របស់​លោក នោះ​អ្នក​អាច​មើលសេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ សម្រាប់​សេចក្តីយោង​នៅក្រោម​ប្រធាន​បទ « ព្រះយេស៊ូវគ្រីស្ទ » ។

  2. សូមមើល សុន្ទរកថា​សន្និសីទ​ទូទៅ​របស់​ប្រធាន ណិលសុន ខែ មេសា ឆ្នាំ ២០១៧ « ការ​ទាញ​យក​ព្រះចេស្ដា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​មក​ក្នុង​ជីវិត​របស់​យើង » ។