សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ការមើលថែកូនរបស់ខ្ញុំដែលមានជំងឺ និងការហៅបម្រើរបស់ខ្ញុំ
កាលខ្ញុំត្រូវបានហៅបម្រើជាទីប្រឹក្សានៅក្នុងអង្គការយុវនារីរបស់វួដខ្ញុំ ខ្ញុំបានទទួលយកការហៅនោះ ប៉ុន្តែខ្ញុំមានកង្វល់អំពីរបៀបដើម្បីបំពេញការហៅនោះ ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំពុំបានរៀបចំខ្លួន ហើយខ្ញុំកំពុងតែទ្រាំទ្រនឹងការសាកល្បង ។
បីខែពីមុនខ្ញុំទទួលការហៅបម្រើនោះ បន្ទាប់ពីការពរពោះដែលមានការប្រថុយប្រថាននោះ នីកូឡាសកូនប្រុសរបស់ខ្ញុំបានកើតមក ។ គាត់ត្រូវការការមើលថែពីផ្នែកវេជ្ជសាស្ដ្រជាប់ជានិច្ច ។ ពីរបីសប្តាហ៍បន្ទាប់ពីគាត់កើត ស្នាមអុចក្រហមតូចមួយបានលេចឡើងលើត្របកភ្នែករបស់គាត់ ហើយវាចាប់ផ្តើមរីកធំឡើងដោយសន្សឹមៗ ។ វេជ្ជបណ្ឌិតផ្នែករោគកុមាររបស់យើងបានពន្យល់ថា វាគឺជាដុំសាច់ស្លូត ហើយវានឹងរលុបបាត់ទៅវិញ ពេលនីកូឡាយអាយុមួយឆ្នាំ ។ ប៉ុន្តែ ដុំសាច់នោះបានវិវឌ្ឍកាន់តែលឿន ។ វាបានដុះធំលាតលើរង្វង់កែវភ្នែករបស់គាត់ ហើយទីបំផុតបណ្តាលឲ្យខូចភ្នែករបស់គាត់ជាអចិន្ត្រៃយ៍ ប្រសិនបើពុំព្យាបាលទេនោះ ។
យើងបានធ្វើការសម្រេចចិត្តយ៉ាងពិបាកអំពីការចាប់ផ្តើមព្យាបាលដោយការចាក់ថ្នាំគីមី ។ រាងកាយដែលដ៏ទន់របស់នីកូឡាសបានប្រតិកម្មអវិជ្ជមានចំពោះការព្យាបាល ។ គាត់ក្តៅខ្លួនរៀងរាល់ថ្ងៃ មានការបង្ករោគជាប់ជានិច្ច និងស្រកទម្ងន់ ។ ដំណើរការនេះធ្វើឲ្យគាត់យំច្រើនណាស់ ។ ការហៅបម្រើរបស់ខ្ញុំប្រែកាន់តែពិបាកឡើង ដើម្បីបំពេញវាក្រោមលក្ខខណ្ឌទាំងនេះ ។ ខ្ញុំពុំដឹងថា ខ្ញុំអាចធ្វើវាដោយរបៀបណានោះទេ ។
ដោយមានអំណរគុណ ស្វាមីរបស់ខ្ញុំបានជួយជ្រោមជ្រែងខ្ញុំ ។ រួមជាមួយគ្នា យើងមានអារម្មណ៍ថា ខ្ញុំគប្បីបន្តទៅមុខទៀត ។ ប្រធានយុវនារីក៏បានជួយជ្រោមជ្រែងខ្ញុំ ។ គាត់គឺជាស្ត្រីដែលស្មោះត្រង់ និងអត់ធ្មត់ ។ គាត់បានជួយខ្ញុំឲ្យមើលឃើញគុណសម្បត្តិ ដែលខ្ញុំពុំដឹងថា ខ្ញុំមានឡើយ ហើយជួយខ្ញុំឲ្យស្វែងរកវិធីនានាដែលខ្ញុំអាចបម្រើដែលខ្ញុំពុំបានគិតដល់សោះ ។
ការនៅជាមួយពួកយុវនារីរៀងរាល់សប្តាហ៍ បានជួយខ្ញុំពុំឲ្យផ្តោតចិត្តលើទម្លាប់នៃការចាក់ថ្នាំ ការពិនិត្យ និងការជួបវេជ្ជបណ្ឌិត ។ វាធ្វើឲ្យខ្ញុំពុំចំណាយពេលមានអារម្មណ៍តូចចិត្តចំពោះខ្លួនឯង ឬមានចម្ងល់ថា ហេតុអ្វីរឿងនេះកើតឡើងចំពោះទេវតាតូចរបស់ខ្ញុំនេះ ។ ការហៅបម្រើរបស់ខ្ញុំគឺជាពរជ័យមួយ ហើយពីមុនខ្ញុំបានដឹងពីរឿងនេះ នីកូឡាសបានធំពេញវ័យ ហើយការព្យាបាលបានបញ្ចប់ ។ នីកូឡាសប្រែជាក្មេងរីករាយ និងមានសុខភាពល្អដែលពោរពេញដោយកម្លាំង ។
ការបម្រើពួកបុត្រីដ៏ក្លាហានទាំងនោះរបស់ព្រះវរបតិាសួគ៌ បានជួយខ្ញុំឲ្យយកឈ្នះលើអារម្មណ៍នៃការខ្វះសមត្ថភាព អភិវឌ្ឍចំណងមិត្តភាពអស់កល្ប ស្វែងរកទេពកោសល្យរបស់ខ្ញុំ ហើយបង្កើនការទទួលខុសត្រូវរបស់ខ្ញុំក្នុងនាមជាម្តាយ និងភរិយា ។
ព្រះអម្ចាស់ពុំដកយកការសាកល្បងចេញពីពួកយើងជានិច្ចនោះទេ ប៉ុន្តែខ្ញុំដឹងដោយអស់ពីចិត្តខ្ញុំថា ទ្រង់មានព្រះទ័យជួយយើងឲ្យមានកម្លាំងទប់ទល់នឹងការសាកល្បងទាំងនោះជានិច្ច ។