សម្លឹងមើល ហើយរស់នៅ
ពេលយើងងាកបែរទៅរកព្រះ នោះយើងបង្កើតប្រភពខ្ជាប់ខ្ជួនមួយនៃការរំឭកឡើងជាថ្មីខាងវិញ្ញាណ ។
អំឡុងពេលខ្ញុំកំពុងពេញវ័យ ការបើកបរឡានពីរដ្ឋកាលីហ្វូញ៉ាភាគខាងជើងទៅកាន់រដ្ឋយូថាហ៍នៅស.រ.អា. គឺជាព្រឹត្តិការណ៍ទៀងទាត់មួយសម្រាប់គ្រួសារខ្ញុំ ។ ការធ្វើដំណើរឆ្លងកាត់វាលខ្សាច់នោះ ពុំមែនជាអ្វីដែលធ្វើឲ្យយើងរីករាយឡើយ តែការបានទៅដល់ទីដៅ និងអំណរដែលយើងបានជួបសមាជិកគ្រួសារយើងនៅទីនោះទេដែលវាធ្វើឲ្យយើងរីករាយ ។
នារដូវក្តៅពីមុនខ្ញុំចេញបម្រើបេសកកម្មពេញម៉ោងរបស់ខ្ញុំ ខ្ញុំបានធ្វើដំណើរជាថ្មីម្តងទៀតទៅសួរសុខទុក្ខសាច់ញាតិខ្ញុំនៅរដ្ឋយូថាហ៍ ។ ប៉ុន្តែលើកនេះមានតែ ដាវីឌ ជាប្អូនប្រុសខ្ញុំ និងខ្ញុំប៉ុណ្ណោះដែលធ្វើដំណើរទៅទីនោះ ។ កាលនោះយើងមានអាយុ ១៦ ឆ្នាំ និង ១៨ ឆ្នាំ ។ យើងធ្លាប់បានធ្វើដំណើររយៈពេល ១០ ម៉ោងជាច្រើនដងជាមួយគ្រួសារយើង ដូច្នេះយើងមានទំនុកចិត្តយ៉ាងខ្លាំងលើសមត្ថភាពយើងថាអាចធ្វើដំណើរបានយ៉ាងស្រួល ។
យើងបានទៅសួរសុខទុក្ខឪពុកមារបស់យើងឈ្មោះ ខាយ ម្តាយមីង ដាយអិន និងប្អូនជីដូនមួយយើងឈ្មោះម៊ីស្សែល ។ ក្រោយមកដោយសារ ដាវីឌ ពន្យារពេលបន្តការសួរសុខទុក្ខរបស់គេ នោះខ្ញុំត្រូវត្រឡប់មករដ្ឋកាលីហ្វូញ៉ាវិញតែម្នាក់ឯង ដើម្បីទៅតាមការណាត់ជួបរបស់ពេទ្យធ្មេញ ។
សុរិយាអស្តង់គតទៅហើយ ពេលខ្ញុំចាកចេញពី ស្ពេនីស ហ្វក រដ្ឋយូថាហ៍ ដោយចាប់ផ្តើមធ្វើដំណើរពេលយប់ ។ អ្វីៗគ្រប់យ៉ាងដំណើរការបានយ៉ាងល្អនាពេលចាប់ផ្តើម ។ មិនយូរប៉ុន្មានក្រោយមក ខ្ញុំបានបើកចេញពីមហាវិថីជាតិដែលមានទិសទៅខាងត្បូង និងខាងជើង ហើយបើកលើមហាវិថីជាតិដែលមានទិសទៅខាងកើត និងខាងលិច ។ ខ្ញុំបានបើកភ្លើងហ្វាឡាន ហើយប្រញាប់បើកឆ្លងកាត់ទៅរដ្ឋយូថាហ៍ភាគខាងលិច ។ នៅពេលបើកឡានអស់ជាច្រើនគីឡូម៉ែត្រមក ហើយរាត្រីកាលប្រែកាន់តែងងឹតខ្លាំងឡើងៗ នោះខ្ញុំសម្គាល់ឃើញថា ខ្ញុំមានការលំបាកយ៉ាងខ្លាំងក្នុងការមើលឃើញផ្លូវ ។ ទីបំផុតខ្ញុំបានដឹងថា ភ្លើងហ្វាឡានរបស់ខ្ញុំបានប្រែជាពុំសូវភ្លឺ ។ ហើយភ្លើងហ្វាឡានរបស់ខ្ញុំបានដាច់ ម៉ាស៊ីនឡានបានខូច ហើយឡានបានរំកិលទៅមុខយឺតៗរហូតដល់វាឈប់លើចិញ្ចើមផ្លូវធំនោះ ។
អាគុយឡានបានអស់ថាមពលភ្លើង ។ ឡានពុំអាចបន្តដំណើរទៅមុខទៀតបានឡើយ ។ ទោះបីជាខ្ញុំបានប្រុងប្រយ័ត្នក្នុងការប្រាកដថា ខ្ញុំមានសាំងគ្រប់គ្រាន់ ហើយថែមទាំងគ្រោងពីកន្លែងដែលខ្ញុំត្រូវឈប់ចាក់សាំងក្តី ខ្ញុំពុំបានត្រៀមសម្រាប់ការអស់ថាមពលភ្លើងអាគុយទាំងស្រុងឡើយ ។
តើម៉ាស៊ីនបង្កើតចរន្តឆ្លាស់ជាអ្វី ?
ខ្ញុំត្រូវបានចិញ្ចឹមដោយឪពុកម្នាក់ ដែលគាត់មានសមត្ថភាពអាចថែទាំយានយន្តរបស់គ្រួសារយើងបាន ។ គាត់បានបង្រៀនយើងអំពីរបៀបដែលយានយន្តដំណើរការ ដូច្នេះខ្ញុំបានដឹងថា អាគុយល្អនឹងពុំអស់ភ្លើងឡើយពេលឡានកំពុងបើកនោះ លុះត្រាតែមានបញ្ហាអ្វីមួយជាមួយនឹងម៉ាស៊ីនបង្កើតចរន្តឆ្លាស់ ។ ម៉ាស៊ីនបង្កើតចរន្តឆ្លាស់ គឺជាម៉ាស៊ីនភ្លើងដែលប្តូរថាមពលមេកានិកឲ្យទៅជាថាមពលអគ្គិសនី ។ ម៉ាស៊ីននេះប្រើថាមពលចលនានៃម៉ាស៊ីនដែលកំពុងដំណើរការ ដើម្បីបង្កើតថាមពលមេកានិច ហើយប្តូរទៅជាអគ្គិសនីបច្ចុប្បន្នដែលបន្តផ្តល់ចរន្តទៅឲ្យអាគុយ ។ ការណ៍នេះធ្វើឲ្យភ្លើងហ្វាឡាន វិទ្យុ ម៉ាស៊ីនត្រជាក់ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀតដំណើរការដោយគ្មានការកាត់ផ្តាច់ ។ វាក៏រក្សាឲ្យម៉ាស៊ីនដំណើរការផងដែរ ។
ឥឡូវនេះ ម៉ាស៊ីនបង្កើតចរន្តឆ្លាស់របស់ឡានខ្ញុំបានខូច ។ ខ្ញុំត្រូវជួសជុល ឬប្តូរម៉ាស៊ីននោះថ្មី ពីមុនខ្ញុំអាចបន្តដំណើរទៅមុខទៀតបាន ។
កាលនោះពុំទាន់មានទូរសព្ទដៃប្រើនៅឡើយទេ ជម្រើសតែមួយគត់របស់ខ្ញុំគឺត្រូវចាប់ផ្តើមដើរ ។ ទីបំផុត មានបុរសម្នាក់បានឲ្យខ្ញុំជិះឡានជាមួយ ហើយដឹកខ្ញុំទៅទីក្រុងនៅជិតនោះ ។ ខ្ញុំបានទូរសព្ទរកឡានសណ្តោងនៅឯទូរទូរសព្ទបង់ប្រាក់ ។ ខ្ញុំបានអង្គុយនៅក្នុងរបាំងមុខឡានជាមួយតៃកុងឡាន អំឡុងពេលធ្វើដំណើរមួយម៉ោងត្រឡប់ទៅរកឡានរបស់ខ្ញុំវិញ ។ ក្រោយមក ខ្ញុំបានអង្គុយជាមួយគាត់ម្តងទៀត ពេលយើងបានជិះឡានត្រឡប់ទៅទីក្រុងតូចនោះជាមួយឡានរបស់ខ្ញុំដែលនៅលើឡានសណ្តោងនោះ ។ ទីបំផុត អស់រយៈពេលបួនម៉ោងបន្ទាប់ពីខ្ញុំបានចាកចេញពីឡានរបស់ខ្ញុំលើកដំបូង នោះខ្ញុំបានត្រឡប់ចូលក្នុងឡានវិញ ដោយដេកក្នុងឡាននៅខាងមុខស្ថានីយជួសជុលមួយកន្លែងរហូតដល់គេបើកទ្វារ ។
នៅពេលអ្នកគ្រប់គ្រងបានមកដល់ គាត់បានសើចចំអកចំពោះគំនិតដែលថា ទីក្រុងតូចរបស់គាត់នេះនឹងមានគ្រឿងបន្លាស់ដែលខ្ញុំត្រូវការនោះ ។ គាត់អាចបញ្ជាទិញបាន ប៉ុន្តែគ្រឿងបន្លាស់នោះពុំអាចយកមកដល់ក្នុងរយៈពេលពីរ ឬបីថ្ងៃឡើយ ។ បន្ទាប់មក គាត់បានបង្ហាញពីការសោកស្តាយដែលគាត់ពុំអាចជួយខ្ញុំបាន ។ គាត់បានប្រាប់ខ្ញុំថា គាត់អាចបញ្ចូលភ្លើងសាកអាគុយរបស់ខ្ញុំរយៈពេលបីម៉ោង ។ ការធ្វើបែបនេះ ធ្វើឲ្យអាគុយរបស់ខ្ញុំអាចមានភ្លើងគ្រប់គ្រាន់ ដើម្បីឲ្យឡានដំណើរការបើកទៅដល់ទីក្រុងបន្ទាប់ទៀតបាន ។ ប្រហែលនៅទីនោះ ពួកគេអាចមានគ្រឿងបន្លាស់ដែលខ្ញុំត្រូវការ ។
ជាមួយនឹងអាគុយដែលសាកភ្លើងហើយនោះ ខ្ញុំបានចាប់ផ្តើមបើកឡានចេញទៅ ដោយពុំបើកឧបករណ៍អ្វីទៀត ដែលធ្វើឲ្យអស់ភ្លើងអគ្គិសនីដ៏មានតម្លៃនោះឡើយ ។ ខ្ញុំបានធ្វើដំណើរទៅដល់ទីក្រុងបន្ទាប់ ប៉ុន្តែពួកគេក៏គ្មានគ្រឿងបន្លាស់ដែលខ្ញុំត្រូវការនោះផងដែរ ។ វដ្តនេះបានបន្ត — គឺការបញ្ចូលភ្លើងអាគុយរយៈពេលបីម៉ោង ហើយអាចប្រើវាបើកឡានបានពីរម៉ោងចេញពីទីក្រុងមួយទៅទីក្រុងមួយទៀត ។ បន្ទាប់ពី ការរកឃើញមនុស្សដែលមានចិត្តសប្បុរសតាមទីក្រុងទាំងនោះមក នៅទីបំផុតខ្ញុំបានបើកឡានមកដល់ផ្ទះឪពុកម្តាយខ្ញុំ ដោយអស់កម្លាំងរលីងបន្ទាប់ពីធ្វើដំណើរអស់ ៣០ ម៉ោងប៉ុន្តែបានមកដល់ផ្ទះវិញដោយសុវត្ថិភាព ។
នំម៉ាន៉ាខាងវិញ្ញាណ
មានរឿងប្រដូចមួយរវាងការធ្វើដំណើររបស់ខ្ញុំ និងការធ្វើដំណើរនៅវាលខ្សាច់របស់ពួកសាសន៍អ៊ីស្រាអែល នៅក្នុងសម័យជំនាន់ព្រះគម្ពីរសញ្ញាចាស់ ។ ពួកសាសន៍អ៊ីស្រាអែលបានបន្តទទួលអាហារពីស្ថានសួគ៌ដែលហៅថា នំ ម៉ាន៉ា អស់រយៈពេល ៤០ ឆ្នាំ ។ ( សូមមើល និក្ខមនំ ជំពូក ១៦ និង ជនគណនា ជំពូក ១១ ) ។
នៅក្នុងជំនាន់យើងសព្វថ្ងៃនេះ យើងត្រូវការអាហារស្រដៀងគ្នានេះពីស្ថានសួគ៌ផងដែរគឺអាហារខាងវិញ្ញាណ ។ សំណាងល្អ យើងអាចបង្កើត « ម៉ាស៊ីនបង្កើតចរន្តឆ្លាស់ខាងវិញ្ញាណ » ដែលនឹង « បង្កើត » នូវ « នំម៉ាន៉ាខាងវិញ្ញាណ » ដែលយើងត្រូវការ ។ ដោយសារតែតម្រូវការខាងវិញ្ញាណរបស់យើង ត្រូវតែបំពេញតាមរយៈការរក្សាទំនាក់ទំនងរបស់យើងជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ និងជាមួយបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ គឺដូចជាពួកសាសន៍អ៊ីស្រាអែលបានចំណាយពេលរៀងរាល់ថ្ងៃប្រមូលនំម៉ាន៉ា នោះសព្វថ្ងៃនេះយើងត្រូវប្រមូលនំម៉ាន៉ាខាងវិញ្ញាណតាមរយៈការអធិស្ឋាន ការសិក្សាដំណឹងល្អ និងការព្យាយាមឲ្យបានព្រះវិញ្ញាណបរិសុទ្ធធ្វើជាគូកនយើងជានិច្ច ។
ទីបំផុត ពួកសាសន៍អ៊ីស្រាអែល បានព្យាយាមប្រមូលនំម៉ាន៉ា ហើយ « នឹកចង់បាន » អ្វីៗដែលពួកគេបានទុកចោលនោះ ( ជនគណនា ១១:៤ ) ។ ប្រសិនបើយើងបណ្តោយខ្លួនឲ្យធុញទ្រាន់នឹងការប្រមូលនំម៉ាន៉ាខាងវិញ្ញាណ នោះយើងអាចឃើញថា ខ្លួនយើងចង់បានអ្វីៗដែលពុំផ្តល់ប្រយោជន៍ខាងវិញ្ញាណដល់យើង ។ ដូចជាពួកសាសន៍អ៊ីស្រាអែលដ៏លំបាកនោះដែរ យើងប្រថុយប្រថាននឹងការបាត់បង់នូវការដឹងពីគោលបំណងដើមរបស់យើង — គឺការទៅឲ្យដល់ដែនដីសន្យា ។ យើងថែមទាំងអាចប្រាថ្នាថា យើងពុំគួរចាកចេញពី « ស្រុកអេស៊ីព្ទ » របស់យើងឡើយ ( សូមមើល ជនគណនា ១១:៥–៦ ) ។ ទីបំផុត ម៉ាស៊ីនបង្កើតចរន្តឆ្លាស់ខាងវិញ្ញាណរបស់យើងឈប់ដំណើរការ ហើយយើងពុំអាចរីកចម្រើនឡើយ ។ យើងឃើញថា ខ្លួនយើងជាប់អន្ទាក់ ស្រេកឃ្លាន និងចង់បានការសង្គ្រោះយ៉ាងខ្លាំង ។
ការមើលឃើញពីអព្ភូតហេតុ
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ១៨៩៥–១៩៨៥ ) បានបង្រៀនថា « ជួនកាលយើងហាក់ដូចជា គ្មានអំណរគុណគ្រប់គ្រាន់ចំពោះព្រះគម្ពីរ ដោយសារយើងគ្មានអំណរគុណពេញលេញថា តើយើងពិសេសខ្លាំងប៉ុណ្ណាដែលមានព្រះគម្ពីរ ហើយថាយើងមានពរខ្លាំងប៉ុណ្ណាដែលយើងមានព្រះគម្ពីរនោះ ។ យើងហាក់ដូចជាមានភាពសុខស្រួលក្នុងបទពិសោន៍យើងនៅក្នុងពិភពលោកនេះ ហើយប្រែទៅជាទម្លាប់ខ្លួនឲ្យស៊ាំក្នុងការស្តាប់ដំណឹងល្អដែលបានបង្រៀនក្នុងចំណោមពួកយើងថា វាជារឿងលំបាកសម្រាប់យើងក្នុងការស្រមៃថា ស្ថានភាពពិតវាផ្ទុយពីអ្វីដែលដំណឹងល្អបានបង្រៀន » ។១
យើងពុំគួរគ្មានអំណរគុណចំពោះតម្រូវការយើង ក្នុងការសិក្សាព្រះគម្ពីរ អធិស្ឋាន និងគោររពប្រតិបត្តិជាទៀងទាត់ឡើយ ដោយសារកិច្ចការទាំងនោះជួយយើងឲ្យរក្សាបាននូវភាពជាគូកននឹងព្រះវិញ្ញាណបរិសុទ្ធ ។ ប្រសិនបើយើងព្រងើយកន្តើយនឹងសកម្មភាពនានាដែលផ្តល់ថាមពលខាងវិញ្ញាណនៅក្នុងជីវិត ដោយធុញទ្រាន់នឹងសកម្មភាពទាំងនោះ ឬកម្រធ្វើវាឲ្យបានជាទម្លាប់ នោះម៉ាស៊ីនបង្កើតចរន្តឆ្លាស់ខាងវិញ្ញាណរបស់យើងពុំដំណើរការពេញលេញទាំងស្រុងឡើយ ។ យើងអាចប្រែជាទន់ខ្សោយខាងវិញ្ញាណបន្តិចម្តងៗ ប្រហែលវាចាប់ផ្តើមដោយសន្សឹមៗ ដែលយើងពិបាកនឹងចាប់អារម្មណ៍ណាស់ ។ នៅក្នុងគ្រាបែបនេះ របៀបតែមួយគត់ដើម្បីទទួលបានអ្វីៗទាំងនោះវិញ គឺត្រូវងាកបែរទៅរកព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្ត ។ តាមរយៈដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្តដោយស្មោះសរ នោះអ្វីៗគ្រប់យ៉ាងអាចត្រូវស្តារឡើងវិញ ។
សម្លឹងមើល ហើយរស់នៅ
នៅពេលពួកសាសន៍អ៊ីស្រាអែលរអ៊ូរទាំ ពួកគេបានបាត់បង់អំណរគុណខ្លួនចំពោះពរជ័យនៃការចិញ្ចឹមបីបាច់ ។ ជាការដាក់ទោស « ព្រះយេហូវ៉ាទ្រង់ចាត់ពស់ភ្លើងមកកណ្តាលពួកជន ពស់ទាំងនោះក៏ចឹកគេ ហើយមានមនុស្សស្លាប់ជាច្រើន » ( ជនគណនា ២១:៦ ) ។
ទីបំផុត « បណ្តាជនទាំងឡាយក៏មកឯម៉ូសេ ជម្រាបថា យើងរាល់គ្នាបានធ្វើបាបហើយ ដ្បិតបាននិយាយទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងលោកដែរ ដូច្នេះសូមលោកអធិស្ឋានដល់ព្រះយេហូវ៉ាផង សូមទ្រង់បន្ថយពស់ទាំងនេះចេញពីយើងរាល់គ្នាទៅ នោះម៉ូសេក៏អធិស្ឋានឲ្យគេ ។
ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកម៉ូសេថា ចូរធ្វើពស់ភ្លើងមួយ ភ្ជាប់នៅលើបង្គោលទៅ ដើម្បីកាលណាអស់អ្នកដែលត្រូវពស់ចឹក គេក្រឡេកមើលទៅឃើញ នោះនឹងបានរស់នៅ ។
ម៉ូសេក៏ធ្វើរូបពស់មួយពីលង្ហិន ដាក់ភ្ជាប់នៅលើបង្គោលនោះ ដូច្នេះកាលណាមានពស់ចឹកមនុស្សណា បើអ្នកនោះគ្រាន់តែក្រឡេកមើលទៅរូបពស់លង្ហិននោះក៏បានរស់វិញ » ( ជនគណនា ២១:៧–៩ ) ។
ពស់លង្ហិនសម័យទំនើប
ពស់លង្ហិន ឬស្ពាន់គឺជានិមិត្តរូបនៃព្រះគ្រីស្ទ ដែលត្រូវបានលើកឡើងទៅលើឈើឆ្កាង ( សូមមើល យ៉ូហាន ៣:១៤–១៥ ) ។ នៅពេលយើងស្តាប់តាមការទូន្មានរបស់ពួកព្យាការីសម័យទំនើបនេះ យើងកំពុងស្តាប់តាមព្រះគ្រីស្ទ ដោយសារពាក្យសម្តីទាំងនោះដឹកនាំការផ្តោតចិត្តទុកដាក់របស់យើងត្រឡប់ទៅកាន់ផែនការរបស់ព្រះវរបិតាយើងវិញ និងទៅកាន់តួនាទីដ៏សំខាន់របស់ព្រះយេស៊ូវគ្រីស្ទ ។ ដូចជាមនុស្សដែលមានចិត្តសប្បុរស ដែលអនុញ្ញាតឲ្យខ្ញុំបញ្ចូលភ្លើងអាគុយឡានរបស់ខ្ញុំដែរ នោះព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈដែលកំពុងរស់នៅ ផ្តល់កម្លាំងខាងវិញ្ញាណដល់យើង តាមរយៈការរំឭកយើងថា យើងគឺជាកូនចៅរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ហើយថានេះជា « កិច្ចការ និង … សិរីល្អរបស់ទ្រង់ — គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ពួកលោកបានទូន្មានយើងយ៉ាងជាក់លាក់ថា នៅពេលយើងថ្វាយបង្គំនៅថ្ងៃឈប់សម្រាកកាន់តែមានប្រសិទ្ធភាព នោះយើងនឹងបង្កើនសេចក្ដីជំនឿរបស់យើងទៅលើព្រះវរបិតាសួគ៌ និងផែនការនៃសុភមង្គលរបស់ទ្រង់ និងព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដង្វាយធួនរបស់ទ្រង់ ។
រឿងរបស់ម៉ូសេ និងសត្វពស់លង្ហិនក៏បាននិយាយផងដែរនៅក្នុងព្រះគម្ពីរមរមន នៅកន្លែងដែលយើងត្រូវបានប្រាប់ថា « មនុស្សជាច្រើនបានសម្លឹងមើល ហើយបានរស់នៅ » ( អាលម៉ា ៣៣:១៩ សូមមើលផងដែរនៅខទី ២០–២២ ) ។ ប៉ុន្តែ មនុស្សផ្សេងទៀតបានបដិសេធមិនសម្លឹងមើលទេ ។ « ការដែលគេត្រូវធ្វើនោះ គឺគេគ្រាន់តែក្រឡេកមើលប៉ុណ្ណោះ ហើយដោយវិធីនេះងាយពេក ឬស្រួលពេក ទើបមានមនុស្សជាច្រើនត្រូវវិនាស » ( នីហ្វៃទី ១ ១៧:៤១ ) ។ តើខគម្ពីរនេះអាចនិយាយអំពីយើងថា ថ្ងៃណាមួយយើងបដិសេធពុំស្តាប់តាមពួកព្យាការី និងការទូន្មានរបស់ពួកលោកដោយព្រោះភាពងាយស្រួលនៃផ្លូវដែរឬទេ ?
« បើសិនជាអ្នករាល់គ្នាអាចបានជា ដោយគ្រាន់តែចោលភ្នែកមើល ដើម្បីឲ្យអ្នករាល់គ្នាអាចបានជា តើអ្នករាល់គ្នាមិនមើលជាយ៉ាងឆាប់ទេឬអី [ ? ] …
… លំដាប់នោះ ចូរអ្នកចោលភ្នែកមើល ហើយចាប់ផ្ដើមជឿដល់ព្រះរាជបុត្រានៃព្រះចុះ » ( អាលម៉ា ៣៣:២១, ២២ ) ។
ខ្ញុំមានអំណរគុណសម្រាប់ពរជ័យដែលកើតមានឡើងដល់យើង នៅពេលយើងបន្តដំណើររបស់យើងលើ « ផ្លូវទៅកាន់ស្ថានសួគ៌ » ហើយលើកចិត្តអ្នកដទៃទៀតឲ្យធ្វើដូច្នោះផងដែរ ។ ខ្ញុំក៏មានអំណរគុណផងដែរចំពោះឱកាស ទម្លាក់ចោលនូវទម្លាប់អាក្រក់ៗ ពេលយើងវង្វេងធ្លាក់ចេញពីផ្លូវ ហើយប្រែចិត្ត និងត្រឡប់ទៅរកផ្លូវត្រឹមត្រូវវិញ ។ ពរជ័យគឺមានច្រើនដែលពុំអាចវាស់វែងបានឡើយ ។
វគ្គបទគម្ពីរមួយផ្សេងទៀតនៅក្នុងព្រះគម្ពីរមរមន ដែលចែងអំពីបទពិសោធន៍របស់ពួកសាសន៍អ៊ីស្រាអែលមាន « ហើយអស់អ្នកណាដែលសម្លឹងមើលទៅឯសត្វពស់នោះ បានរស់នៅ ម៉្លោះហើយ អស់អ្នកណាដែលនឹងសម្លឹងមើលទៅព្រះរាជបុត្រានៃព្រះដោយនូវសេចក្ដីជំនឿ ដោយមានវិញ្ញាណទន់ទាបនឹងអាចរស់នៅដែរ គឺមានជីវិតដែលនៅអស់កល្បជានិច្ច » ( ហេលេមិន ៨:១៥ ) ។
ការស្តាប់តាមការទូន្មានរបស់ពួកព្យាការីសម័យទំនើប បំពាក់បំប៉នដួងចិត្តយើងឲ្យមានសេចក្តីជំនឿ ។ ពាក្យពេចន៍ទាំងនោះពង្រឹងយើងឲ្យយកឈ្នះលើឧបសគ្គនានា នៅតាមផ្លូវនៃដំណើររបស់យើង គឺដូចជាខ្ញុំបានឈានឆ្ពោះទៅមុខនារាត្រីខែក្តៅនៅក្នុងវាលខ្សាច់នោះផងដែរ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ពេលយើងសម្លឹងមើលទៅព្រះវរបិតាគង់នៅស្ថានសួគ៌ និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងរកឃើញអត្ថន័យ និងគោលបំណងនៅក្នុងដំណើរជីវិតរបស់យើង ។
អ្នកអាចរកឃើញយោបល់សម្រាប់រាត្រីជួបជុំក្រុមគ្រួសារមកពីអត្ថបទនេះនៅគេហទំព័រ lds.org/go/11811 ។