២០១៨
ការស្វែងរក​ភាពសុខសាន្ត ៖ របៀប ៤ យ៉ាង ( បន្ថែម​ទៀត ) ដើម្បី​ប្រើប្រាស់​បាវចនា​ម៉្ញូតឆល​ឆ្នាំ ២០១៨
January 2018


ការស្វែងរក​ភាពសុខសាន្ត ៖ របៀប ៤ យ៉ាង ( បន្ថែម​ទៀត ) ដើម្បី​ប្រើប្រាស់​បាវចនា​ម៉្ញូតឆល​ឆ្នាំ ២០១៨

ថ្នាក់​ដឹកនាំយុវវ័យ

បាវចនា​ម៉្ញូតឆល​ឆ្នាំ ២០១៨ បង្រៀន​យុវវ័យ​អំពី​ភាពសុខសាន្ត​ដែល​ពួកគេ​អាច​ទទួល​បាន​ពី​ព្រះយេស៊ូវគ្រីស្ទ ។ បាវចនា​នេះ​ដកស្រង់​ចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣ ជា​ទី​ដែល​ព្រះអម្ចាស់​អញ្ជើញ​ឲ្យ « រៀន​អំពី​យើង ហើយ​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង​ចុះ ចូរ​ដើរ​ក្នុង​ភាព​ស្លូតបូត​នៃ​ព្រះ​វិញ្ញាណ​របស់​យើង នោះ​អ្នក​នឹង​បាន​សេចក្ដី​សុខសាន្ត​ក្នុង​យើង » ។ វា​ជា​សារ​លិខិត​ដ៏​គួរ​ឲ្យ​រំភើប ! នេះ​ជា​របៀប​សប្បាយៗ​បួន​យ៉ាង​ក្នុង​ការប្រើប្រាស់​បាវចនា​ម៉្ញូតឆល ដើម្បី​ពង្រឹង​យុវវ័យ​តាមរយៈ​ការអញ្ជើញ​ឲ្យ​ធ្វើ​កិច្ចការ​នានា ៖

១. ពេល​បើក​កម្មវិធី

តាមរយៈ​ការបញ្ចូល​បាវចនា​នេះ​នៅ​ពេល​ចាប់ផ្តើម​កម្មវិធី​ម៉្ញូតឆល នោះ​អ្នក​អាច​ធ្វើ​ឲ្យ​សកម្មភាព​ទាំង​មូល​ទទួល​បាន​ភាព​រីករាយ ។ ពីមុន​ចាប់​ផ្តើម​សកម្មភាព​នីមួយៗ អ្នក​អាច​ចាត់​ឲ្យ​យុវជន ឬ​យុវនារី​ម្នាក់​រើស​យក​ខគម្ពីរ​មួយ​ដែល​ទាក់ទង​នឹង គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣ ហើយ​បង្ហាញ​ខគម្ពីរ​នេះ​ដល់​ក្រុម ។ អ្នក​ក៏​អាច​ឆ្លៀត​ពេល​អំឡុងពេល​បើក​កម្មវិធី ដើម្បី​សិក្សា​ខគម្ពីរ​នៅ​ជុំ​វិញ​ខទី ២៣ នោះ​ដើម្បី​យល់​អំពី​បរិបទ​របស់​វា ។

២. « ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង​ចុះ »

សកម្មភាព​នេះ​ផ្តល់​ភាពរីករាយ ដោយ​ការអញ្ជើញ​ឲ្យ​ចម្អិន​ម្ហូប​តាម​របៀប​ថ្មី​មួយ​ដែល​មាន​នៅក្នុង «អ្នក យុវវ័យ និង​បាវចនា​ម៉្ញូតឆល» (Ensignលីអាហូណា ខែ មករា ឆ្នាំ ២០១៨ ) ។ សូម​រើស​យក​រូបមន្ត​ធ្វើ​ម្ហូប​មួយ ហើយ​សូម​ឲ្យ​មនុស្ស​ម្នាក់​អានរូបមន្ត​នេះ ខណៈ​ដែល​យុវវ័យ​គ្រប់​គ្នា​ស្តាប់ និង​ធ្វើតាម​ការណែនាំ​នៃ​របៀប​ធ្វើ​ម្ហូប​នោះ ។ បន្ទាប់​មក​ចាក់​តន្ត្រី​ឲ្យ​ឮ​យូរៗ​ម្តង ពេល​អ្នក​អាន​កំពុង​អាន ដើម្បី​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ពិបាក​ស្តាប់​ឮ​ការ​ណែនាំ​នោះ ។ សូម​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​អាន​បន្ត​អាន​រូបមន្ត​ធ្វើ​ម្ហូប​នោះ ហើយ​កុំ​ឲ្យ​អាន​ឡើង​វិញ​ឡើយ ។ បន្ទាប់​ពី​សកម្មភាព​មក សូម​និយាយ​អំពី​ការ​ដែល​អនុញ្ញាត​ឲ្យ​ពិភពលោក​បង្វែរ​យើង​ចេញ​ពី​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ដែល​ធ្វើ​ឲ្យ​ការធ្វើ​តាម​ទ្រង់​កាន់តែ​មាន​ការលំបាក ។

៣. « ចូរ​រៀន​អំពី​យើង »

សកម្មភាព​នេះ​នឹង​បង្រៀន​ពួកយុវវ័យ​អំពី​របៀប​ស្វែងរក​ភាពសុខសាន្ត​ដោយ​ការសិក្សា​ពី​ជីវប្រវត្តិ​របស់​ព្រះគ្រីស្ទ​នៅក្នុង​របៀប​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខាង​វិញ្ញាណ ។ នៅលើ​ផ្លូវ​ដើរ​នៅ​សាលាប្រជុំ​ក្នុង​វួដ​របស់​អ្នក ( ឬ​នៅ​ទីតាំង​សមរម្យ​ណា​ផ្សេង​ទៀត ) សូម​រៀបចំ​ស្ថានីយ​ផ្សេងៗ ជា​កន្លែង​ដែល​អ្នក​មាន​រូបថត/វត្ថុ​នានា​ដែល​តំណាង​ឲ្យ​អ្វីៗ​ដែល​ធ្វើ​ឲ្យ​មាន​ភាពតានតឹង​នៅក្នុង​ជីវិត​របស់​ពួកយុវវ័យ—អ្វីៗ​ទាំង​នោះ​មាន​ដូចជា កិច្ចការ​មក​ពី​សាលា​រៀន សង្គ្រាម/ពាក្យ​ចចាម​អារាម​អំពី​សង្គ្រាម មនុស្ស​ចិត្ត​អាក្រក់ ជាដើម ។ ស្ថានីយ​នីមួយៗ​គួរតែ​នៅ​កន្លែង​ផ្លូវ​ដើរ​ខាង​ក្រៅ​បន្ទប់​រៀន​របស់​អ្នក ។ នៅ​ស្ថានីយ​នីមួយៗ សូម​ទុក​ឲ្យ​ពួក​យុវវ័យ​ពិភាក្សា​គ្នា​អំពី​អារម្មណ៍ និង​បទពិសោធន៍​មួយ​ចំនួន​របស់​ពួកគេ ស្តីពី​របៀប​ដែល​អ្វីៗ​ដែល​ធ្វើ​ឲ្យ​តានតឹង​ចិត្ត​នោះ​នឹង​ជះ​ឥទ្ធិពល​ដល់​ពួកគេ ។ បន្ទាប់​មក សូម​បើក​ទ្វារ​ទៅ​កាន់​បន្ទប់​ដែល​មាន​ស្ថានីយ​នៅ​ខាង​ក្រៅ​នោះ ។ ( នៅ​លើទ្វារ​បន្ទប់​នោះ​គួរតែ​មាន​ដាក់​ព្យួរ​រូប​គំនូរ​ព្រះគ្រីស្ទ ) ។ នៅក្នុង​បន្ទប់ គួរតែ​មាន​ស្ថានីយ​មួយ​ផ្សេង​ទៀត​ដែល​រៀបចំ​ដោយ​មាន​វីដេអូ/ព្រះ​គម្ពីរ/សារលិខិត​ស្តីពី​ផ្នែក​ណា​មួយ​នៃ​ជីវប្រវត្តិ​របស់​ព្រះគ្រីស្ទ និង​ការបង្រៀន​នានា ដែល​នឹង​ជួយ​ផ្តល់​ភាពសុខសាន្ត​នៅក្នុង​ទំនាក់ទំនង​ទៅ​នឹង​អ្វីៗ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង​ចិត្ត​មក​ពី​ផ្លូវ​ដើរ​នោះ ។ ស្ថានីយ​បី​ដែល​មាន​ពីរផ្នែក​នៅ​ក្នុង​នោះ ( មួយ​ផ្នែក​នៅលើ​ផ្លូវដើរ និង​មួយ​ផ្នែក​ទៀត​នៅក្នុង​ថ្នាក់​រៀន ) គួរតែ​ធំ​ល្មម​សម្រាប់​ធ្វើ​សកម្មភាព​ទាំង​មូល​នេះ​​បាន​ហើយ ។

៤. « អ្នក​នឹង​បាន​សេចក្ដី​សុខសាន្ត​ក្នុង​យើង »

ទៅ « ច្រៀង​ចម្រៀង​សម្រាប់​ភាពសុខសាន្ត » ជា​ក្រុម​ម៉្ញូតឆល ។ ជាទូទៅ​ទោះបី​ចម្រៀង​ទាំង​នោះ​ទុក​សម្រាប់​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​ក្តី វា​គឺ​ជា​សកម្មភាព​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ពេល​ណា​ក៏​បាន​នៅក្នុង​ឆ្នាំ ។ សូម​ស្វែងរក​គ្រួសារ​មួយ​ចំនួន​ដែល​អ្នក​ស្គាល់ ដែល​អាច​ប្រើ​ដើម្បី​លើក​ស្ទួយ​ខាង​វិញ្ញាណ បន្ទាប់​មក​បង្ហាញ​ខ្លួន​នៅ​មុខ​ទ្វារ​ផ្ទះ​ដោយ​មាន​នំ និង​ទំនុកតម្កើង​មួយ​ចំនួន​ដែល​អ្នក​អាច​ច្រៀង​បាន ។ ទំនុកតម្កើង​យាង​អញ្ជើញ​ព្រះវិញ្ញាណ ហើយ​ក៏​នាំ​ឲ្យ​មាន​ភាពសុខសាន្ត​ជាច្រើន​បន្ថែម​ទៀត ។