២០១៨
អ្នក យុវវ័យ និង​បាវចនា​ម៉្ញូតឆល
January 2018


អ្នក យុវវ័យ និង បាវចនា​ម៉្ញូតឆល

តើ​បាវចនា​ម៉្ញូតឆល​អាច​ឲ្យ​យើង​មាន​ភាពសាមគ្គី​គ្នា​យ៉ាង​ដូចម្តេច ?

Young Women leaders

រៀងរាល់​ឆ្នាំ​គណៈប្រធាន​យុវជន និង​យុវនារី​ទូទៅ អញ្ជើញ​យុវវ័យ​ឲ្យ​សិក្សា រៀន និង​អនុវត្ត​តាម​ខគម្ពីរ​បាវចនា ដែល​បាន​អនុមតិ​ដោយ​គណៈប្រធាន​ទីមួយ ។ ការរៀនសូត្រ និង​ការរស់នៅ​តាម​ការបង្រៀន​នៅក្នុង​បាវចនា​ម៉្ញូតឆល អាច​ពង្រឹង​សេចក្តីជំនឿ និង​ទីបន្ទាល់ ព្រមទាំង​ធ្វើ​ឲ្យ​កូរ៉ុម ថ្នាក់រៀន និង​ក្រុមគ្រួសារ​មាន​ភាព​សាមគ្គី​គ្នា ។

បាវចនា​ម៉្ញូតឆល​ឆ្នាំ ២០១៨

បាវចនា​ឆ្នាំ​នេះ​បង្រៀន​យុវវ័យ អំពី​របៀប​រកឃើញ​ភាពសុខសាន្ត​ដែល​កើត​ឡើង​ពី​ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣ ព្រះអម្ចាស់​អញ្ជើញ​ឲ្យ « រៀន​អំពី​យើង ហើយ​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង​ចុះ ចូរ​ដើរ​ក្នុង​ភាព​ស្លូតបូត​នៃ​ព្រះ​វិញ្ញាណ​របស់​យើង នោះ​អ្នក​នឹង​បាន​សេចក្ដី​សុខសាន្ត​ក្នុង​យើង » ។ នៅក្នុង​ពិភពលោក​ដែល​ពោរពេញ​ដោយ​ភាព​មិន​ប្រាកដ​ប្រជា និង​ភ័យខ្លាច នេះ​គឺ​ជា​ការសន្យា​ដ៏​មាន​ឥទ្ធិពល​មួយ ។

ខគម្ពីរ​នេះ​ផ្តល់​ឱកាស​ដល់​ឪពុក​ម្តាយ ថ្នាក់​ដឹកនាំ អ្នក​ប្រឹក្សា និង​គ្រូបង្រៀន​ដើម្បី​បង្រៀន​លំនាំ​នានា ដែល​អាច​ពង្រឹង​ដល់​ពួកយុវវ័យ​ឆ្លង​កាត់​គ្រា​ដ៏​មាន​ឧបសគ្គ​នេះ ។

តើ​ខ្ញុំ​អាច​ប្រើប្រាស់​បាវចនា​នេះ​ដោយ​របៀប​ណា ?

គណៈប្រធាន​យុវជន និង​យុវនារី​ទូទៅ បាន​អញ្ជើញ​យើង​ឲ្យ​ទន្ទេញ​ចាំ​ខគម្ពីរ សិក្សា​គោលលទ្ធិ ហើយ​អនុវត្ត​គោលការណ៍​នេះ​នៅក្នុង​ជីវិត​របស់​យើង ។ ទោះបី​ជា​កិច្ចការ​ទាំង​នេះ​អាច​អនុវត្ត​ដោយ​បុគ្គល​ម្នាក់ៗ​ក្តី ការធ្វើ​កិច្ចការ​ទាំង​នេះ​រួម​គ្នា​អាច​ជួយ​ឲ្យ​យុវវ័យ និង​ក្រុមគ្រួសារ​របស់​ពួកគេ​មាន​ភាពសាមគ្គី​គ្នា និង​រឹងមាំ ។

មាន​ឱកាស​ជា​ច្រើន​ដើម្បី​រួម​បញ្ចូល​បាវចនា​នេះ​ទៅក្នុង​ជីវិត​នៃ​យុវវ័យ​របស់​យើង ។ បាវចនា​នេះ​ប្រើ​នៅក្នុង​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ មេរៀន​នៅ​ព្រះវិហារ និង​ថ្នាក់​សិក្ខាសាលា ប្រើ​ជា​ប្រធាន​បទ​សម្រាប់​យុវវ័យ​ឡើង​និយាយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ប្រើ​សម្រាប់​ការបើក​កម្មវិធី​ម៉្ញូតឆល និង​ដើម្បី​ផ្តល់​ការផ្តោតចិត្ត​ទុកដាក់​សម្រាប់​ធ្វើ​សកម្មភាព​យុវវ័យ​រួមមាន ការបោះជំរំ សន្និសីទ​យុវវ័យ សកម្មភាព​រួម​គ្នា ការចាប់ផ្តើម​ថ្មី និង​ការប្រជុំ​ធម្មនិដ្ឋាន ។

យោបល់​មួយ​ចំនួន​សម្រាប់​សកម្មភាព

ខាង​ក្រោមនេះ​ជា​យោបល់​មួយ​ចំនួន​សម្រាប់​ការរួម​បញ្ចូល​បាវចនា​ម៉្ញូតឆល​ឲ្យ​បាន​ពេញ​មួយ​ឆ្នាំ ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ youth.lds.org ។

« ចូរ​រៀន​អំពី​យើង »

young men at church

ការរៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ​មាន​សារៈសំខាន់​ក្នុងការ​រកឃើញ​ភាពសុខសាន្ត​នៅក្នុង​ទ្រង់ ។ មាន​ភាពសុខសាន្ត និង​ការអះអាង​នៅក្នុង​ការដឹង​អំពី​លក្ខណៈ​របស់​ទ្រង់ ការរៀន​អំពី​របៀប​ដែល​ទ្រង់​បាន​រស់នៅ និង​ការយល់​ដឹង​អំពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង ។

កាល​អាយុ ១៤ ឆ្នាំ មាន​គេ​សួរ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ១៨៩៥–១៩៨៥ ) ថា តើ​លោក​បាន​អាន​ព្រះគម្ពីរ​ប៊ីប​ចប់​ដែរ​ឬ​ទេ ? « កាល​គ្រា​នោះ​ខ្ញុំ​បាន​អាន​សៀវភៅ​ជាច្រើន​មាន សៀវភៅ​រឿង​កំប្លែង និង​សៀវភៅ​និពន្ធ​ខ្លីៗ ប៉ុន្តែ​ចិត្ត​ដែល​ចោទ​ប្រកាន់​របស់​ខ្ញុំ​នោះ​បាន​និយាយ​មក​ខ្ញុំ​ថា ‹ ស្ពែនស៊ើរ ឃឹមបឹល អើយ អ្នក​ពុំ​ធ្លាប់​អាន​សៀវភៅ​ពិសិដ្ឋ​នោះ​ទេ ។ ហេតុអ្វី ? » ចាប់តាំង​ពីពេលនោះ​មក​ប្រធាន ឃឹមបឹល បាន​ដាក់​អាទិភាព​ដើម្បី « ទទួល​ទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ » ( នីហ្វៃទី ២ ៣២:៣ ) ។

  • សូម​គិត​អំពី​ការសូម​ឲ្យ​ពួក​យុវវ័យ​រក្សា​សៀវភៅ​កំណត់ហេតុ​សិក្សា ដើម្បី​កត់ត្រា​​អំពី​អ្វី​ដែល​ពួកគេ​កំពុង​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

  • អ្នក​អាច​អញ្ជើញ​ពួក​យុវវ័យ​ឲ្យ​តាំង​ចិត្ត ទទួល​យក​ការអញ្ជើញ​របស់​ប្រធាន រ័សុល អិម ណិលសុន​ឲ្យ « ថ្វាយ​ផ្នែក​មួយ​នៃ​ពេលវេលា [ របស់​ពួកគេ ] រាល់​សប្ដាហ៍​ដើម្បី​សិក្សា អ្វីៗ​គ្រប់យ៉ាង ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល និង​បាន​ធ្វើ​ដូច​បាន​កត់ត្រា​នៅក្នុង [ ព្រះគម្ពីរ ] ។ នៅក្នុង​ថ្នាក់​រៀន ឬ​នៅក្នុង​កម្មវិធី​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ អ្នក​អាច​សូម​ឲ្យ​ពួកគេ​រាយការណ៍​អំពីអ្វី​ដែល​ពួកគេ​កំពុង​រៀន និង​របៀប​ដែល​ពួកគេ​កំពុង​អនុវត្ត​វា​នៅក្នុង​ជីវិត​ផ្ទាល់​របស់​ពួកគេ ។

ធនធាន​នានា

  • យ៉ាកុប ១:២២; ម៉ូសេ ១

  • « The Living Christ: The Testimony of the Apostles » Liahona, ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ។

  • រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives » Liahona, ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣៩–៤២ ។

  • ដេវីឌ អេ បែដណា « A Christlike Character » Liahona, ខែ តុលា ឆ្នាំ ២០១៧ ទំព័រ ៥០–៥៣ ។

« ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង​ចុះ »

young men in Church class

ស្តាប់​តាម​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ ពុំមែន​គ្រាន់តែ​ឭ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ស្តាប់ ( ឬ​ធ្វើ​តាម ) ។ ភាពសុខសាន្ត និង​ការអះអាង​ដ៏​អស្ចារ្យ​កើត​មាន​ឡើង​មក​ពី​ការដឹង​ថា យើង​កំពុង​រស់នៅ​ស្រប​ទៅ​តាម​ការបង្រៀន​របស់​ទ្រង់ ។

កាល​អាយុ​ប្រាំបី​ឆ្នាំ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​សម្រេច​ចិត្ត​ធ្វើ​ការបោះជំរំ​ដែល​មាន​ដុត​ភ្នក់​ភ្លើង​ជាមួយ​មិត្ត​របស់​លោក​ឈ្មោះ ដាន់នី ។ មាន​បញ្ហា​មួយ — ទីវាល​ដែល​ពួកលោក​ចង់​ប្រើ​នោះ​វា​ស្ងួត មាន​បន្លា និង​មាន​សុទ្ធ​តែ​ស្មៅ ។ កាល​នោះ​ប្រធាន ម៉នសុន វ័យ​ក្មេង បាន​មាន​គំនិត​មួយ ៖ « ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ដាន់នី​ថា ‹ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​ដុត​ស្មៅ​ទាំង​នេះ ។ យើង​គ្រាន់តែ ដុត ស្មៅ​នេះ​ជា​រង្វង់​មួយ ! › គាត់​យល់​ស្រប​ភ្លាម ហើយ​ខ្ញុំ​បាន​រត់​ទៅ​ផ្ទះ​តូច​របស់​យើង​យក​ឈើ​គូស​ពីរ​បី​ដើម ។ …

… ខ្ញុំ​បាន​នឹក​គិត​ថា ភ្លើង​នឹង​ឆេះ​ត្រឹម​តែ​ចម្ងាយ​ដែល​យើង​ចង់​ឲ្យ​ឆេះ​ប៉ុណ្ណោះ​ ហើយ​បន្ទាប់​មក​នឹង​ឈប់​ដោយ​ខ្លួន​វា ។

ខ្ញុំ​បាន​គូស​ឈើ​គូស​នឹង​ដុំ​ថ្ម ហើយ​បាន​ដុត​ស្មៅ​ស្ងួត​នា​ខែមិថុនា​នោះឲ្យ​ឆេះ​ឡើង ។ មិន​យូរ​ប៉ុន្មាន​ដោយ​ដឹង​ថា ភ្លើង​មិន​រលត់​ដោយ​ខ្លួន​វា ពួកលោក​បាន​រត់​រក​ជំនួយ ហើយ​ភ្លើង​នោះ​បាន​ឆេះ​អស់​ជា​ច្រើន​ម៉ោង ។

ប្រធាន ម៉នសុន មាន​ប្រសាសន៍​ថា « ដាន់នី និង​ខ្ញុំ​បាន​រៀន​មេរៀន​ដ៏​លំបាក ប៉ុន្តែ​មាន​សារៈសំខាន់មួយ​ចំនួន​នៅ​ថ្ងៃ​នោះ មេរៀន​សំខាន់​មួយ​នោះ​គឺ​អំពី​សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ » ។

  • សូម​ឲ្យ​ពួកយុវវ័យ​សិក្សា​អំពី​ការគោរព​ប្រតិបត្តិ​នៅក្នុង​ជំពូក ៦ ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង រួមទាំង​វគ្គ​គោរពប្រតិបត្តិ​នៅក្នុង​សកម្មភាព​អំពី​បុគ្គលិក​លក្ខណៈ​នេះ​នៅ​ចុង​បញ្ចប់​នៃ​ជំពូក​នោះ ។

  • និយាយ​អំពី​អ្វីៗ​ដែល​អាច​ទាក់ទាញ​អារម្មណ៍​យើង មិន​ឲ្យ​ស្តាប់​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ។ ឧទាហរណ៍ អ្នក​អាច​អញ្ជើញ​ពួក​យុវវ័យ​ឲ្យ​ប្តូរ​ការ​ចំណាយ​ពេល​ ១០ នាទី​លើ​ការប្រើប្រាស់​ឧបករណ៍​អេឡេត្រូនិច​ឲ្យ​សិក្សា​ព្រះគម្ពីរ ១០ នាទីជំនួសវិញ ។

  • ឆ្លៀត​ឱកាស​ជា​ទៀងទាត់ សួរ​ពួក​យុវវ័យ​អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ មក​ពីអ្វី​ដែល​ពួកគេ​បាន​រៀន ។

ធនធាន​នានា

  • និក្ខមនំ ២០; ម៉ាថាយ ៥:១–១២

  • « ការគោរពប្រតិបត្តិ » ប្រកាស​ដំណឹង​ល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ( ឆ្នាំ ២០០៤ ) ទំព័រ ១២៤ ។

  • Hadley Griggs « Ten Minutes a Day » Liahona, ខែ កញ្ញា ឆ្នាំ ២០១៧ ទំព័រ ៥៨–៦១ ។

  • រ៉ូបឺត ឌី ហែល « If Ye Love Me, Keep My Commandments » Liahona, ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៣៥–៣៨ ។

« ដើរ​ក្នុង​ភាពស្លូតបូត​នៃ​ព្រះវិញ្ញាណ​របស់​យើង »

young women at church

ការរៀន និង​ការស្តាប់​ពិពណ៌នា​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ។ ការដើរ​ក្នុង​ភាពស្លូតបូត​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់ គឺ​ជា​របៀប​ដែល​យើង​ចាំបាច់​ត្រូវធ្វើ​វា ។

ការមានភាពស្លូតបូត​មាន​ន័យ​ថា « ការស៊ូទ្រាំ​នឹង​ការឈឺចាប់​ដោយ​អត់ធ្មត់ និង​ដោយ​គ្មាន​ការថ្នាំងថ្នាក់​ចិត្ត » អ្វី​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ទាំង​កម្លាំង និង​ភាពរាបសា ។ ក្នុង​ឆ្នាំ ១៨៣៨ ថូម៉ាស ប៊ី ម៉ាស ប្រធាន​ទីមួយ​នៃ​កូរ៉ុម​នៃ​ពួក​ដប់​ពីរនាក់ បាន​ចេញ​ពី​សាសនាចក្រ ដោយសារ​តែ​ការថ្នាំងថ្នាក់​ចិត្ត​ថា ថា្នក់ដឹកនាំ​សាសនាចក្រ​ពុំ​នៅ​ខាង​ភរិយា​របស់​គាត់​នៅក្នុង​ជម្លោះ​អំពី​រឿង​ទឹកដោះ​គោ ។ នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គាត់​បាន​ទួញ​សោកសៅ​អំពី​ការបាត់បង់​ពរជ័យ ហើយ​ត្រឡប់​ទៅ​សាសនាចក្រ​វិញ្​ដោយ​និយាយ​ថា ៖ « ខ្ញុំ​ចង់​ដឹង​ជា​ញយៗ​អំពី​របៀប​ដែល [ ការក្បត់​សាសនា ] របស់​ខ្ញុំ​បាន​ចាប់ផ្តើម ហើយ​ទីបំផុត​ខ្ញុំ​បាន​មក​ដល់​ចំណុច​មួយ​ថា ខ្ញុំ​បាន​បាត់បង់​ព្រះវិញ្ញាណ​ព្រះអម្ចាស់​ពី​ដួងចិត្ត​ខ្ញុំ ។ … ខ្ញុំ​មាន​អារម្មណ៍​ខឹង និង​ថ្នាំងថ្នាក់​ចិត្ត ហើយ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​យាង​ចេញ​ដូច​ព្រះគម្ពីរ​បាន​ចែង​ថា ខ្ញុំ​បាន​ខ្វាក់ » ។

  • ជីវិត​របស់​ព្រះសង្គ្រោះ​គ្មាន​ភាពងាយ​ស្រួល​ឡើយ ។ សូម​ស្វែងរក​ឧទាហរណ៍​នៅក្នុង​ព្រះគម្ពីរ​អំពី​គ្រា​នានា ដែល​ព្រះយេស៊ូវ​បាន​បង្ហាញ​ពី​ភាពស្លូតបូត​នៅ​ពេល​ប្រឈម​មុខ​នឹង​ឧបសគ្គ ។ សូម​ពិភាក្សា​អំពី​របៀប​ដែល​យើង​អាច​អនុវត្ត​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ នៅ​ក្នុង​ស្ថានភាព​ដែល​យើង​អាច​ប្រឈម​មុខ​នា​ពេល​បច្ចុប្បន្ន​នេះ ។

  • របៀប​មួយ​ដើម្បី​មាន​ភាព​ស្លូតបូត​នោះ​គឺ​តាមរយៈ​ការបម្រើ​អ្នក​ដទៃ ។ សូម​ពិចារណា​អំពី​សកម្មភាព​ក្រៅ​ពី​ការបម្រើ ដែល​ពួក​យុវវ័យ​អាច​ធ្វើ​រៀងៗ​ខ្លួន ឬ​ជា​ក្រុម ។

ធនធាន​នានា

« អ្នក​នឹង​បាន​សេចក្ដី​សុខសាន្ត​ក្នុង​យើង »

young women outside of church

ភាពសុខសាន្ត​អាច​មាន​ផ្សេងៗ​ពី​គ្នា​ចំពោះ​មនុស្ស​ម្នាក់ៗ — ជា​ក្តីសង្ឃឹម​ថា ការព្យាបាល​អាច​កើត​មាន​បាន ជាការប្រាកដ​ចិត្ត​ថា មាន​មធ្យោបាយ​មួយ​ដែល​ចេញ​រួច​ពេល​គ្រា​លំបាក ឬ​ជាការអះអាង​ដែល​ថា យើង​កំពុង​នៅលើ​ផ្លូវ​ត្រឹមត្រូវ ។

  • សូម​ស្វែងរក​រឿង​អំពី​របៀប​ដែល​អ្នក​ដទៃ​បាន​រកឃើញ​ភាពសុខសាន្ត​នៅក្នុង​ព្រះគ្រីស្ទ​នៅ​គេហទំព័រ Mormon.org/easter និង​នៅ​ទំព័រ ៦០ និង ៦៣ ក្នុង​ច្បាប់​ចេញ​ផ្សាយ​នេះ ។ តើ​អ្នក​រកឃើញ​ភាពសុខសាន្ត​ដោយ​របៀប​ណា ?

  • សូម​គិត​អំពី​ការមើល​វីដេអូ​បុណ្យ​អេស្ទើរ​ឆ្នាំ ២០១៧ « Prince of Peace » នៅ​គេហទំព័រ Mormon.org/easter ។ អ្នក​អាច​អញ្ជើញ​ពួក​យុវវ័យ​ឲ្យ​ចែកចាយ​វីដេអូ​លើ​អ៊ិនធើរណែត​នោះ ជាមួយ​នឹង​ទីបន្ទាល់​អំពី​របៀប​ដែល​ពួកគេ​រកឃើញ​ភាពសុខសាន្ត​នៅក្នុង​ព្រះគ្រីស្ទ ។

ធនធាន​នានា

  • យ៉ូហាន ១៤:២៧; ភីលីព ៤:៧

  • ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែល « A Pattern for Peace » Liahona, ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៩០–៩៣ ។

  • ឃ្វីនថិន អិល ឃុក « Personal Peace: The Reward of Righteousness » Liahona, ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៣២–៣៦ ។

កំណត់​ចំណាំ

  1. ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « Read the Scriptures » Friend, ខែ ធ្នូ ឆ្នាំ ១៩៨៥ ខាង​ក្នុង​គម្រប​មុខ សូមមើល​ផងដែរ « What I Read as a Boy » Children’s Friend, ខែ វិច្ឆិកា ឆ្នាំ ១៩៤៣ ទំព័រ ៥០៨ ។

  2. រ័សុល អិម ណិលសុន « Prophets, Leadership, and Divine Law » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃ​ទី ៨ ខែ មករា ឆ្នាំ ២០១៧ ) broadcasts.lds.org ។

  3. ថូម៉ាស អេស ម៉នសុន « Obedience Brings Blessings » Liahona, ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៩–៩០ ។

  4. វចនានុក្រម Merriam-Webster’s Collegiate បោះពុម្ព​លើក​ទី ១១ ( ឆ្នាំ ២០០៣ ) « meekness » គេហទំព័រ merriam-webster.com ។

  5. ថូម៉ាស ប៊ី ម៉ាស នៅក្នុង Journal of Discourses 5:206–7 ( សូមមើល​ផងដែរ « The Faith and Fall of Thomas Marsh » នៅក្នុង Revelations in Context: The Stories behind the Sections of the Doctrine and Covenants បាន​បោះពុម្ព​ដោយ Matthew McBride និង James Goldberg ។ [ ឆ្នាំ ២០១៦ ] ទំព័រ ៥៧–៥៩ ) ។