២០១៨
បាវចនា​ម៉្ញូតឆល​ឆ្នាំ ២០១៨ ក្ដី​សុខ​ក្នុង​ទ្រង់
January 2018


បាវចនា​ម៉្ញូតឆល​ឆ្នាំ ២០១៨

ក្ដី​សុខ​ក្នុង​ទ្រង់

ទោះបីជា​អ្នក​មាន​ស្ថានភាព​បែប​ណា​ក្តី អ្នក​អាច​រក​ឃើញ​ក្ដីសុខ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច ។

នៅ​ក្នុង​ពិភពលោក​មួយដែល​ពោរពេញ​ទៅដោយ​​ការរំជើបរំជួលខ្លាំង ឧត្តមគតិ​ផ្សេងៗ​គ្នា ការល្បួង និង​ទស្សនៈ​ដ៏​ច្របូក​ច្របល់ នោះការស្វែងរក​ក្តីសុខ​ពុំ​មែន​ជា​រឿង​ងាយ​ស្រួល​ជានិច្ចនោះ​​ឡើយ ។ ប៉ុន្តែ​ការសន្យា​របស់​ព្រះអង្គសង្គ្រោះ​ដែល​មាន​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣ ( បាវចនា​ម៉្ញូតឆល​ឆ្នាំ ២០១៨ ) ផ្តល់​ផ្លូវជាក់លាក់​មួយ​ទៅរក​ក្ដីសុខ ៖ « រៀន​អំពី​យើង ហើយ​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង​ចុះ ចូរ​ដើរ​ក្នុង​ភាព​ស្លូតបូត​នៃ​ព្រះ​វិញ្ញាណ​របស់​យើង នោះ​អ្នក​នឹង​បាន​សេចក្ដី​សុខសាន្ត​ក្នុង​យើង » ។

ក្នុង​នាម​ជា​គណៈប្រធាន​យុវជន និង​យុវនារី​ទូទៅ ពួកយើង​សូម​ថ្លែង​ទីបន្ទាល់​ថា ការ​សន្យានោះ​គឺ​ជា​ការពិត ។ ពួកយើង​បាន​ឃើញ​ការណ៍​នេះ​កើត​មាន​ឡើង​ក្នុង​ជីវិត​របស់​យើងផ្ទាល់ ហើយ​ប្រសិនបើ​អ្នក​ធ្វើ​តាម​លំនាំ​នេះ នោះ​ព្រះ​នឹង​បំ​ពេញ​ការសន្យា​របស់​ទ្រង់​ក្នុង​ការ​ប្រទាន​ក្តីសុខ​ដល់​ជីវិត​អ្នក​ផងដែរ ។

អ្នក​ទាំងអស់​គ្នា​ជាច្រើន​អាច​នឹង​មាន​អារម្មណ៍​ភ័យ​ព្រួយ និង​ខ្វល់ខ្វាយ​អំពី​អនាគត​របស់​អ្នក ។ អ្នក​ទាំងអស់​គ្នា​ជាច្រើន​​មាន​ចម្ងល់​អំពី​រូបរាងកាយ សមត្ថភាព និង​សក្តានុពល​របស់​អ្នក ។ ប៉ុន្តែ​ទោះបី​ជា​អ្នក​ជួប​នឹងរឿង​អ្វី​ក៏​ដោយ អ្នក​អាច​រកឃើញ​ក្តីសុខ​បាន ។ នោះ​ពុំមែន​មាន​ន័យ​ថា គ្រប់​សំណួរ ឬ​កង្វល់​ទាំង​នឹង​ត្រូវបាន​ដោះស្រាយ​ចេញរួច​ភ្លាមៗ​នោះ​ទេ ប៉ុន្តែ​អ្នក​អាច​ទទួល​អារម្មណ៍​បញ្ជាក់​ដ៏​ស្ងប់ស្ងាត់​ថា រឿង​ទាំងឡាយ​នឹង​ដំណើរការទៅ​យ៉ាង​រលូន ។ អ្វី​ដែល​​សំខាន់​បំផុត​នោះ​គឺ​ថា អ្នក​អាច​ទទួល​អារម្មណ៍​សេចក្តីស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ​ចំពោះ​អ្នក ដោយ​ផ្ទាល់ ហើយ​ការណ៍​នោះ​នាំ​មក​នូវក្តីសុខ​ដ៏​ធំមហិមា ។

ចូរ​យើងនិយាយ​អំពី​ធាតុ​នីមួយៗ​ដែល​មាន​នៅក្នុង ខគម្ពីរ​នេះ ។

ចូរ​រៀន​អំពី​យើង

ការស្គាល់​ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ​គ្រីស្ទ​​កាន់​តែ​ច្បាស់ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ដំណើរ​ជីវិត​របស់​អ្នក ។ ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ថា « នេះ​ជា​ជីវិត​​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះយេស៊ូវគ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង » ( យ៉ូហាន ១៧:៣ ) ។ នៅពេល​អ្នក​​ស្គាល់​ព្រះគ្រីស្ទ​កាន់តែ​ច្បាស់ នោះ​អ្នក​អាច​យល់​ថាតើ​ទ្រង់​មាន​សេចក្តីល្អ ព្រះប្រាជ្ញា​ញាណ សេចក្តីសប្បុរស និង​សេចក្តីស្រឡាញ់​ធំធេង​ប៉ុណ្ណា ។ សេចក្តីជំនឿ​របស់​អ្នក​ទៅលើ​ទ្រង់​នឹង​រីកចម្រើន​ឡើង ហើយ​អ្នក​នឹង​មាន​បំណង​ប្រាថ្នា​កាន់តែ​ខ្លាំង​ឡើង ដើម្បីធ្វើតាម​ទ្រង់ និង​ព្រះវរបិតាសួគ៌ ។

ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង​ចុះ

ព្រះយេស៊ូវគ្រីស្ទ​មាន​បន្ទូល​មក​កាន់​ពួកយើង​តាមរយៈ​ព្រះគម្ពីរ ពួកព្យាការី​ដែលនៅរស់ និង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​ត្រូវតែ​ទទួលទាន ពិចារណា ហើយ​អនុវត្ត​ព្រះបន្ទូល​ទាំង​នោះ​នៅក្នុង​ជីវិត​របស់​យើង ។ នៅក្នុងការសិក្សា​របស់​អ្នក​អំពី​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ សូម​ផ្តោត​ទៅលើ​ព្រះគម្ពីរ​មរមន ដោយសារយ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា ព្រះគម្ពីរ​នេះ « គឺ​ជា​គម្ពីរ​ដ៏​ត្រឹមត្រូវ​បំផុត​ជាង​គម្ពីរ​នានា​ទាំងអស់​នៅ​លើ​ផែនដី​នេះ ហើយ​ជា​មូលដ្ឋាន​នៃ​សាសនាចក្រ​របស់​យើង ហើយ​បុគ្គល​ម្នាក់ៗ​អាច​ចូល​ទៅ​ជិត​ព្រះ​បាន ដោយសារ​ធ្វើ​តាម​សិក្ខាបទ​ទាំងឡាយ​នៃ​គម្ពីរ​នេះ ជាជាង​គម្ពីរ​ដទៃ​ទាំងអស់ » ។ ការអញ្ជើញ​ដ៏​មានអានុភាព​​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន​ចំពោះ​យើង នៅក្នុង​សន្និសីទ​ទូទៅ​ខែមេសា ឆ្នាំ ២០១៧ ​គឺ​ឲ្យយើង​អាន​ព្រះគម្ពីរ​មរមន​រៀងរាល់​ថ្ងៃ វា​នឹង​ជួយ​យើង​ឲ្យ​ស្តាប់ និង​យល់​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ។

ដើរ​ក្នុង​ភាពស្លូតបូត​នៃ​ព្រះវិញ្ញាណ​របស់​យើង

ការស្តាប់​តាម​​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​ចាប់ផ្តើម​ផ្លាស់ប្តូរ​​យើង នៅ​ពេលយើង​​មាន​ឆន្ទៈ​គោរព​ធ្វើ​តាម​ព្រះបន្ទូល​ទាំង​នោះតែប៉ុណ្ណោះ ។ ការណ៍​នេះ​តម្រូវ​ឲ្យ​យើង​មាន​ភាពស្លូតបូត ។ វា​តម្រូវ​ឲ្យ​យើង​បោះបង់​ផ្លូវ​ផ្ទាល់​របស់យើង ហើយ​ដើរ​លើ​ផ្លូវ​របស់​ទ្រង់​វិញ ។ ជួនកាល​យើង​គិតថា ផ្លូវ​របស់​យើង​វា​មានភាព​ប្រសើរ​ជាង ។ ប៉ុន្តែ​នៅពេល​យើង​ស្លូតបូត ហើយ​ធ្វើ​តាមទ្រង់ ទោះជា​ទ្រង់​ដឹកនាំ​យើង​ទៅ​ទីណា​ក្តី នោះ​យើង​នឹង​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​ល្អ​បំផុត​ជានិច្ច ។

អ្នក​នឹង​បាន​សេចក្ដី​សុខសាន្ត​ក្នុង​យើង

នេះ​គឺ​ជា​ការសន្យា​ដ៏​អស្ចារ្យ ៖ ប្រសិនបើ​អ្នក​នឹង​ធ្វើ​ចំណុច​ទាំង​បី​នេះ — រៀន ស្តាប់ និង​ដើរ​ជាមួយ​ព្រះអង្គសង្គ្រោះ — នោះ​អ្នក​នឹង​មាន​ក្ដីសុខ​នៅក្នុង​ជីវិត​របស់​អ្នក ។ អ្នកនឹង​មាន​ការបញ្ជាក់​ក្នុង​ចិត្ត​ថា ព្រះ​គង់​នៅ​ក្បែរ​អ្នក ហើយ​ថា​ទ្រង់​នឹង​មើល​ថែ​អ្នក ទោះបី​ជា​អ្នកមាន​ការភ័យខ្លាច ភាព​មិន​ប្រាកដប្រជា ឬ​ភាពទន់ខ្សោយ​ក្តី ។ អ្នក​អាច​មាន​ទំនុកចិត្ត — ពុំ​មែន​គ្រាន់​តែចំពោះ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទៅ​លើ​ព្រះ​យេស៊ូវគ្រីស្ទ ព្រមទាំង​សេចក្តីស្រឡាញ់​ និង​ព្រះចេស្តារបស់​ទ្រង់​ផងដែរ ។

យើង​អញ្ជើញ​ពួក​យុវវ័យ​ទាំងអស់នៃ​សាសនាចក្រ​​ឲ្យ​ទន្ទេញ​ចាំ​ខគម្ពីរ​នេះ ។ សូម​ប្រើប្រាស់​វា​ជា​អ្នក​នាំផ្លូវ​នៅក្នុង​ជីវិត​របស់​អ្នក ។ នៅពេល​អ័ព្ទ​នៃ​សេចក្តី​ងងឹត​ហ៊ុម​ព័ទ្ធ​អ្នក ហើយ​ហាក់ដូចជា​ច្រើន​លើសលុប នោះ​អ្នក​អាច​គិត​អំពី​ខគម្ពីរ​នេះក្នុងចិត្ត ធ្វើ​តាម​លំនាំ​របស់​ខគម្ពីរ​នេះ ហើយ​ភ្ជាប់ខ្លួន​អ្នក​ទៅនឹង​គ្រឹះ​ដ៏​រឹងមាំ និង​ពិតប្រាកដ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

កំណត់​ចំណាំ

  1. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ៦៤។

  2. សូមមើល ថូម៉ាស អេស ម៉នសុន « The Power of the Book of Mormon » Liahona, ខែ​ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៨៦ ។