២០១៨
យោបល់ ៣ យ៉ាង​សម្រាប់​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ ដើម្បី​បញ្ចូល​ថាមពល​ភ្លើង​ខាង​វិញ្ញាណ​របស់​អ្នក
January 2018


យោបល់ ៣ យ៉ាង​សម្រាប់​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ ដើម្បី​បញ្ចូល​ថាមពល​ភ្លើង​ខាង​វិញ្ញាណ​របស់​អ្នក

ឪពុក​បង្រៀន​កូនៗ

យើង​ទាំងអស់​គ្នា​ត្រូវតែ​បញ្ចូល​ថាមពល​ភ្លើង​ខាង​វិញ្ញាណ​របស់​យើង​រៀងរាល់​ថ្ងៃ ។ អែល​ឌើរ ដបុលយូ.ម៉ាក បាសេត ក្នុងពួក​ចិតសិប​នាក់សរសេរ​អំពី​តម្រូវការ​នេះ​នៅក្នុង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា « សម្លឹង​មើល ហើយ​រស់នៅ» (លីអាហូណា ខែ មករា ឆ្នាំ ២០១៨ ) ។ យោបល់​នៃ​សកម្មភាព​ទាំង​នេះ​ដែលផ្អែក​ទៅលើ​អត្ថបទ​របស់​លោក អាច​ត្រូវបាន​កែសម្រួល​ដោយ​គ្រួសារ​ដែល​មានកុមារ​គ្រប់វ័យ​ដើម្បី​ប្រើប្រាស់​នៅក្នុង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ។

  1. ដូចជា​កូនចៅ​អ៊ីស្រាអែល​ដែរ យើង​ក៏​ត្រូវការ​ប្រមូល « នំ​ម៉ាន៉ា​ខាង​វិញ្ញាណ » រៀងរាល់​ថ្ងៃ—យើង​អធិស្ឋាន សិក្សា​ព្រះគម្ពីរ គោរពបទបញ្ញត្តិ និង​បម្រើ​អ្នកដទៃទៀត​ដើម្បី​រក្សា​ព្រះវិញ្ញាណ​ឲ្យ​គង់​នៅ​ជាមួយ​ពួកយើង ។ សូម​ស្វែងរក​វត្ថុ​មួយ​ដែល​អ្នក​អាច​ប្រើ​ធ្វើ​ជា « នំម៉ាន៉ា » ( ឡេវអាវ ប្រដាប់​ប្រដា​លេង ដុំ​ក្រដាស ជាដើម ) ហើយ​ដាក់​ពង្រាយ​វា​លើ​កម្រាល​ឥដ្ឋ​ក្នុង​ផ្ទះ​របស់​អ្នក ។ សូម​ឲ្យ​កុមារ​ប្រមូល​នំ​ម៉ាន៉ា ហើយ​ដាក់​វា​ក្នុង​ចាន​គោម​មួយ ។ ( ដើម្បី​ធ្វើ​ឲ្យ​ការលេង​ល្បែង​នេះ​លំបាក​បន្តិច អ្នក​អាច​លាក់​នំ​ម៉ាន៉ា​ទាំងនោះ ) ។ គ្រប់​ពេល​ដែល​ពួកគេ​ដាក់​​នំម៉ាន៉ា​​មួយ​ចូលទៅក្នុង​ចាន​ ពួកគេ​អាច​ផ្តល់​ឧទាហរណ៍​អំពី​សកម្មភាពមួយ​ដែល​ផ្តល់​ការចិញ្ចឹមបីបាច់​ខាង​វិញ្ញាណ ។ សូម​គិត​ពី​ការអាន និក្ខមនំ ១៦:១៩–២១ ហើយ​ធ្វើ​ការពិភាក្សា​គ្នា ។ តើហេតុអ្វី​វា​សំខាន់​ចំពោះ​ពួក​សាសន៍អ៊ីស្រាអែល​ប្រមូល​នំ​ម៉ាន៉ា​រៀងរាល់​ថ្ងៃ ? ហើយ​តើ​ហេតុអ្វី​វា​សំខាន់​សម្រាប់​ពួកយើង ?

  2. ដូច​ជា​ម៉ាស៊ីន​បង្កើត​ចរន្ត​ឆ្លាស់​របស់​ឡាន​ដែល​ត្រូវការ​បញ្ចូល​ថាមពល​ភ្លើង​ជា​ទៀង​ទាត់​នៅក្នុង​រឿង​របស់​អែលឌើរ បាសេត ដែរ យើង​ក៏​ត្រូវ​តែ​បញ្ចូល​ថាមពល​ភ្លើង​ខាង​វិញ្ញាណ​ផងដែរ ។ សូម​ស្វែងរក​ប្រដាប់លេង ឬ​វត្ថុ​ដែល​ធ្វើ​ចលនា​បាន​ដោយ​ការផ្លុំ—ជាវត្ថុ​មួយ​ដែល​ត្រូវតែ​ផ្លុំ ឬ​បង្វិល​ទើប​វា​ដំណើរ​ការបាន ។ សូម​បង្វិល ឬ​ផ្លុំ​ប្រដាប់​លេង​នោះ​ពីរបីដង ។ តើ​ការណ៍​នេះ​ទាក់ទង​ទៅ​នឹង​របៀប​ដែល​យើង​ផ្តល់​ថាមពល​ខាង​វិញ្ញាណ​ដល់​ខ្លួន​យើង​យ៉ាង​ដូចម្តេច ? តើ​មានអ្វីកើត​ឡើង នៅពេល​យើង​ឈប់​បង្វិល​ប្រដាប់​លេង​នោះ ? ស្រដៀង​នេះ​ផងដែរ តើ​មានរឿងអ្វីកើត​ឡើង​ ប្រសិនបើ​យើង​ឈប់​អធិស្ឋាន ឬ​ឈប់​ទៅ​ព្រះវិហារ​នោះ ? អ្នក​អាច​ចង់​មើល​វគ្គ « នំ​ម៉ាន៉ា​ខាង​វិញ្ញាណ » ក្នុង​អត្ថបទ​របស់​អែលឌើរ បាសេត ។

  3. ប្រសិនបើ « ថាមពល​ភ្លើង​ខាង​វិញ្ញាណ » របស់​យើង​ត្រូវបាន​បញ្ចូល ហើយ​រឹងមាំ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ក្លាយ​ជា​គូកន​របស់​យើង​ជានិច្ច ។ ពីមុន​កម្មវិធី​រាត្រីជួបជុំក្រុមគ្រួសារ សូម​ធ្វើ​បញ្ជី​សកម្មភាព​ពីរ ៖ (១) អ្វីៗ​ដែលធ្វើ​ឲ្យ​ថាមពល​ភ្លើង​ខាង​វិញ្ញាណ​របស់​យើង​ចុះ​ខ្សោយ​ ( ដូចជា​ការកុហក មាន​ចិត្ត​អាក្រក់​ដាក់​បងប្អូន​ប្រុសស្រី ការ​ខកខានពុំ​បានសិក្សា​ព្រះគម្ពីរ ) និង (២) អ្វីៗ​ដែល​បញ្ចូល​ថាមពល​ភ្លើង​ខាង​វិញ្ញាណ ( ដូចជា ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ការសួរសុខទុក្ខ​អ្នកឈឺ ការទទួល​ទាន​សាក្រាម៉ង់ ) ។ សូមអាន​ចំណុ​ចនីមួយៗ​ឲ្យ​ឮៗ ។ សូម​ឲ្យ​ក្មេងៗ​ទៅ​ខាង​ឆ្វេង​បន្ទប់ ប្រសិនបើ​សកម្មភាព​នោះ​ធ្វើ​ឲ្យ​ថាមពល​ភ្លើង​ខាង​វិញ្ញាណ​របស់​យើង​ចុះ​ខ្សោយ ហើយ​ទៅ​ខាង​ស្តាំ​បន្ទប់ ប្រសិនបើ​វា​ជា​ការបញ្ចូល​ថាមពល​ភ្លើង​ខាង​វិញ្ញាណ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ជ្រើសរើស​ទៅ​ខាង​ស្តាំ​បន្ទប់ ។