របៀបដែលថ្នាក់វិទ្យាស្ថានជួយអ្នកឲ្យរៀនដំណឹងល្អ
សូមសាកល្បងវិធីបីយ៉ាងនេះ ដើម្បីរៀនបានកាន់តែច្រើន មកពីថ្នាក់វិទ្យាស្ថានសាសនារបស់អ្នក ។
អែលឌើរ អិមរ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់មានប្រសាសន៍ថា « ពិភពលោកសព្វថ្ងៃនេះកាន់តែមានឧបសគ្គជាង … កាលពីច្រើនឆ្នាំមុន ។ យុវជន និងយុវនារីរបស់យើង មានការរំខានអារម្មណ៍ក្នុងការរៀបចំខ្លួនបម្រើបេសកកម្ម និងជីវិតអនាគតដ៏រីករាយកាន់តែច្រើនឡើង ។ ឥឡូវនេះគឺជាពេលដែលយើងត្រូវការរៀនអំពី « របៀបស្ដាប់ និងឆ្លើយតបចំពោះការខ្សឹបប្រាប់នៃព្រះវិញ្ញាណបរិសុទ្ធ » ។១
ដើម្បីជួយអ្នកឲ្យកាន់តែងាយនឹងស្តាប់ខាងវិញ្ញាណ នោះសាសនាចក្របានផ្តល់ថ្នាក់វិទ្យាស្ថានសាសនា ។ ថ្នាក់វិទ្យាស្ថានអាចផ្តល់ដល់អ្នកនូវ « បទពិសោធន៍ដ៏ប្រកបដោយអត្ថន័យជាមួយព្រះបន្ទូលនៃព្រះ » ដោយផ្ទាល់ខ្លួន ។២
ពេលអ្នកចូលរួមថ្នាក់វិទ្យាស្ថាន អ្នកអាចជ្រើសរើសចូលរៀនថ្នាក់ជាច្រើន ។ គ្រូបង្រៀនដែលយល់ដឹងអំពីតម្រូវការ និងសំណួររបស់យុវមជ្ឈិមវ័យនឹងជួយអ្នកឲ្យរៀនពីព្រះគម្ពីរ និង ការបង្រៀនរបស់ពួកព្យាការីនៅថ្ងៃចុងក្រោយ ។
ឥឡូវនេះ ការផ្លាស់ប្តូរថ្មីៗផ្តល់ឱកាសដល់អ្នកឲ្យប្រើប្រាស់ ( ១ ) វគ្គសិក្សាសៀវភៅកំណត់ហេតុសិក្សា ( ២ ) វគ្គសិក្សាសំណួរ និង ( ៣ ) គម្រោងរៀនសូត្រផ្ទាល់ខ្លួន ដើម្បីវាយតម្លៃការរៀនសូត្រ និងពង្រឹងសេចក្តីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ។ ជម្រើសសិក្សាទាំងបីនេះនឹងជួយការសិក្សាដំណឹងល្អ និងការរៀនសូត្ររបស់អ្នក ក្លាយជាការសិក្សា និងការរៀនសូត្រសម្រាប់ខ្លួនអ្នកផ្ទាល់ អំពីរបៀបដែលព្រះវិញ្ញាណដំណើរការជាមួយនឹងអ្នក ។
វគ្គសិក្សាសៀវភៅកំណត់ហេតុសិក្សា
អែលឌើរ រីឆាដ ជី ស្កត ( ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្តល់អនុសាសន៍ឲ្យកត់ត្រាការបំផុសគំនិតខាងវិញ្ញាណទៅក្នុងសៀវភៅកំណត់ហេតុ ៖ « សូមសរសេរទុកនៅកន្លែងសុវត្ថិភាព នូវរឿងសំខាន់ៗ ដែលអ្នករៀនពីព្រះវិញ្ញាណ ។ អ្នកនឹងឃើញថា ពេលអ្នកសរសេរទុកនូវការបំផុសគំនិត ដែលមានតម្លៃនោះ នឹងមានគំនិតបន្ថែមកើតមកជាបន្តបន្ទាប់ទៀត » ។៣
សិស្សប្រើសៀវភៅកំណត់ហេតុ ( ទោះជានៅលើក្រដាស ឬនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អក្តី ) នៅក្នុងថ្នាក់ និងនៅផ្ទះ ដើម្បីកត់ត្រាការបំផុសគំនិតដែលពួកគេបានសិក្សាពីព្រះគម្ពីរ ។ ជែមី ដែន សិស្សថ្នាក់វិទ្យាស្ថាននៅប្រទេសហ្វីលីពីន បានឃើញពីប្រយោជន៍ក្នុងការរក្សាសៀវភៅកំណត់ហេតុសិក្សាថា ៖ « ខុំត្រូវសរសេរវគ្គបទគម្ពីរ និងសារលិខិតចេញមកពីព្រះគម្ពីរ ឬសុន្ទរកថារបស់ពួកព្យាការី ដោយសារវាពង្រីកនូវការរៀនដំណឹងល្អរបស់ខ្ញុំ » ។
បងប្រុស ស៊ីឈី សិស្សថ្នាក់វិទ្យាស្ថាននៅតាកាហាស៊ី នៅទីក្រុង ណាហ្គោយ៉ា ប្រទេសជប៉ុនចូលចិត្តកត់ត្រាក្នុងសៀវភៅកំណត់ហេតុ ព្រោះវាធ្វើឲ្យ « ដំណើរការរៀនសូត្រមានភាពរលូនទៅមុខ » ហើយជួយសិស្សឲ្យមកថ្នាក់រៀន កាន់តែមានការរៀបចំខ្លួនដើម្បីរៀន និងចូលរួម ។
តាយសៀ បាតូឡូម៉ៅ មកពីប្រទេសអ៊ីតាលីភាគខាងត្បូងនិយាយថា « តាមរយៈការកត់ត្រានូវអ្វីដែលខ្ញុំបានរៀន នោះខ្ញុំអាចចងចាំបានកាន់តែប្រសើរអំពីគំនិតនានាពេលខ្ញុំត្រូវការ » ។ ម៉ារៀធើរ៉ាសា សាន់តូរ៉ូ មិត្តរួមថ្នាក់របស់នាងបន្ថែមថា « សៀវភៅកំណត់ហេតុរបស់ខ្ញុំគឺជាអ្វីមួយដែលខ្ញុំអាចបើកមើល ដើម្បីនឹកឃើញឡើងវិញនូវគំនិតខាងវិញ្ញាណជាក់លាក់ ឬវិវរណៈផ្ទាល់ខ្លួន » ។
វគ្គសិក្សាសំណួរ
សំណួរដែលបានផ្តល់ឲ្យពេលចាប់ផ្ដើមវគ្គសិក្សា ផ្តល់ប្រធានបទដល់សិស្សឲ្យពិចារណា និងសិក្សាពេញមួយវគ្គសិក្សា ។ នៅចុងបញ្ចប់វគ្គសិក្សា សិស្សបញ្ជូនចម្លើយផ្ទាល់ខ្លួន ដែលដឹកនាំដោយព្រះវិញ្ញាណទៅកាន់គ្រូបង្រៀនរបស់ពួកគេ ។
អ៊ីឡារៀ ប៊ែលឡូម៉ូ សិស្សម្នាក់នៅប្រទេសអ៊ីតាលីភាគខាងត្បូងពន្យល់ថា « សំណួរធ្វើឲ្យខ្ញុំគិតអំពីជីវិតរបស់ខ្ញុំ និងគិតលើសេចក្តីពិតដែលខ្ញុំសិក្សា ដ្បិតថ្នាក់វិទ្យាស្ថានជួយខ្ញុំឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទកាន់តែច្បាស់ឡើង » ។
ជីនសៀព ជៀង សិស្សថ្នាក់វិទ្យាស្ថាននៅប្រទេសកូរ៉េនិយាយថា « សំណួរជួយខ្ញុំឲ្យគិតកាន់តែស៊ីជម្រៅ និងរំឭកឡើងវិញពីអ្វីដែលខ្ញុំបានរៀន ។ វាគឺជាពេលវេលាដ៏សំខាន់ដើម្បីរំឭកឡើងវិញ សញ្ជឹងគិត និងវិភាគនូវអ្វីដែលខ្ញុំបានរៀន » ។
ភាពរីកចម្រើនខាងវិញ្ញាណរបស់សិស្ស ប្រែកាន់តែច្បាស់ឡើងនៅក្នុងចម្លើយរបស់ពួកគេ ។ បងស្រី សៀនសីម កង គ្រូបង្រៀនថ្នាក់វិទ្យាស្ថានស្តេកនៅប្រទេសកូរ៉េនិយាយថា « វាគឺជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ខ្ញុំ ដើម្បីអាន និងរៀនអំពីទីបន្ទាល់ ព្រមទាំងគំនិតនានារបស់សិស្ស » ។
គម្រោងរៀនសូត្រផ្ទាល់ខ្លួន
សិស្សថ្នាក់វិទ្យាស្ថានជាច្រើននាក់ជ្រើសរើសដោយការអធិស្ឋាន ក្នុងការធ្វើគម្រោងមួយដែលប្រកបដោយអត្ថន័យ ។ អាស្រ័យលើចំណាប់អារម្មណ៍របស់ពួកគេ សិស្សនៅជុំវិញពិភពលោកបានបង្កើតរូបគំនូរ តន្ត្រី វីដេអូ និងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមទាក់ទងនឹងដំណឹងល្អ ។ គម្រោងនេះអញ្ជើញសិស្សឲ្យអនុវត្តតាមអ្វីដែលពួកគេបានរៀននៅក្នុងថ្នាក់ ។ ឧទាហរណ៍ សិស្សម្នាក់បានជ្រើសយកការលាបរូបភាពរបស់ព្រះអង្គសង្គ្រោះ ស្របពេលនឹងវគ្គសិក្សា « ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្ប » ។
សិស្សម្នាក់ចូលរៀនវគ្គសិក្សា « គ្រួសារអស់កល្បជានិច្ច » បានបង្កើតគម្រោងព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិដែល « នៅទីបំផុតនៅក្នុងដំណើរទៅព្រះវិហារបរិសុទ្ធជាមួយជីដូនរបស់ខ្ញុំ និងសមាជិកគ្រួសារខ្ញុំផ្ទាល់ ហើយពួកយើងបានរួមគ្នាធ្វើការផ្សារភ្ជាប់នៅព្រះវិហារច្រើនជាង ៤០ ដង ដែលយើងបានរៀបចំពេញមួយឆមាសនោះ ។ ការណ៍នេះនាំឲ្យគ្រួសាររបស់យើងកាន់តែស្និទ្ធស្នាលនឹងគ្នា » ។
ដូច សេនៀ អាវីឡា អ័រហ្គានីស សិស្សថ្នាក់វិទ្យាស្ថានសាសនានៅ ប៊ីខូល ប្រទេសហ្វីលីពីន បានលើកឡើងថា ការខិតខំធ្វើគម្រោងរៀនសូត្រផ្ទាល់ខ្លួន « ផ្តល់ភាពបត់បែន » ដោយផ្តល់សេរីភាពដល់សិស្ស ឲ្យរៀនព្រះបន្ទូលរបស់ព្រះ ហើយទទួលអារម្មណ៍ពីព្រះវិញ្ញាណដោយប្រើទេពកោសល្យរបស់ពួកគេផ្ទាល់ ។
លទ្ធផលដែលបានវាយតម្លៃ
ដោយប្រើវិធីសាស្ត្រនៃការរៀនសូត្រទាំងនេះ អាចធ្វើឲ្យការសិក្សាដំណឹងល្អរបស់យើងកាន់តែមានភាពប្រសើរឡើង ហើយធ្វើឲ្យទីបន្ទាល់យើងកាន់តែស៊ីជម្រៅ ។ តាមរយៈការខិតខំសិក្សាដំណឹងល្អក្នុងវគ្គសិក្សាថ្នាក់វិទ្យាស្ថាន នោះអ្នកអាចយល់ដឹងកាន់តែច្បាស់អំពីរបៀបអនុវត្តព្រះបន្ទូលព្រះនៅក្នុងជីវិតរបស់អ្នកផ្ទាល់ និងរបៀបប្រទានពរដល់ជីវិតមនុស្សដទៃទៀត ។