មរ៉ូណៃ និងជាងជួលជុលរថយន្ត
« ហើយកូនក្មេងតូចៗជាអ្នកគង្វាលវា » ( នីហ្វៃទី ២ ៣០:១២ ) ។
ជាច្រើនឆ្នាំកន្លងទៅ គ្រួសារយើងកំពុងធ្វើដំណើរទៅផ្ទះនៅ សៅ ផាឡូ ប្រទេសប្រេស៊ីល បន្ទាប់ពីទៅសួរសុខទុក្ខសាច់ញាតិ ។ គ្រាន់តែយើងបានបើកឡើងផ្លូវចំណោតបន្តិច ស្រាប់តែឡានរបស់យើងបានខូច ។
យើងបានព្យាយាមបញ្ឆេះឡានយើងជាច្រើនដង ។ ប៉ុន្តែវាពុំដំណើរការឡើយ ។ ឡានជាច្រើនបានបើកហួសពួកយើង ។ គ្មានឡានណាមួយឈប់ជួយពួកយើងឡើយ ។
ទីបំផុត ខ្ញុំបានប្រាប់គ្រួសារខ្ញុំថា យើងគប្បីអធិស្ឋាន ។ កូនប្រុសខ្ញុំ មរ៉ូណៃអាយុប្រាំមួយឆ្នាំបាននិយាយថា « កុំបារម្ភអីប៉ា ។ កូនបានអធិស្ឋានរួចហើយ » ។
ខ្ញុំបានសួរ « តើកូនបានអធិស្ឋានទូលសូមអ្វីខ្លះ ? »
គាត់បាននិយាយថា « កូនបានអធិស្ឋានទៅព្រះវរបិតាសួគ៌ថា សូមឲ្យមនុស្ស ដែលជួយ ជិះកាត់នេះហើយមកជួយពួកយើង » ។
មិនយូរប៉ុន្មានក្រោយមក ពន្លឺភ្លើងឡានពីរបានលេចចេញនៅពីក្រោយឡានយើង ។ វាគឺជាឡានសណ្តោង ។ តៃកុងឡាននោះគឺជាជាងជួសជុលរថយន្ត ។
គាត់បាននិយាយថា « អ្នកមានសំណាងណាស់ ។ ខ្ញុំបានបញ្ចប់ការងារខ្ញុំសម្រាប់ថ្ងៃនេះ ហើយកំពុងធ្វើដំណើរទៅផ្ទះ » ។
គាត់បានជួសជុលឡានរបស់យើង ។ បន្ទាប់មកគាត់បានបើកឡានពីក្រោយពួកយើង ដើម្បីប្រាកដថាពួកយើងទៅដល់ផ្ទះដោយសុវត្ថិភាព ។
ខ្ញុំបានសួរទៅមរ៉ូណៃប្រសិនបើគាត់បានដឹងថា នេះជាបទពិសោធន៍មួយដ៏អស្ចារ្យ ។ គាត់បាននិយាយថា « ប្រាកដណាស់ ។ ព្រះវរបិតាសួគ៌ព្រះសណ្តាប់ការអធិស្ឋានរបស់កូន ។ ឥឡូវនេះកូនមានទីបន្ទាល់ផ្ទាល់ខ្លួនហើយ ! កូនពុំចាំបាច់ខ្ចីវាពីប៉ាទៀតឡើយ » ។ ខ្ញុំបានរំជួលដួងចិត្តដោយសារគំរូដ៏ស្មោះត្រង់របស់មរ៉ូណៃ ។
ឥឡូវនេះមរ៉ូណៃធំហើយ ប៉ុន្តែខ្ញុំនៅតែចងចាំពីគំរូល្អរបស់គាត់កាលពីគាត់នៅក្មេង ។ ទោះបីជាអ្នកនៅក្មេងក្តី អ្នកអាចធ្វើជាគំរូដល់គ្រួសារ និងមិត្តភក្តិរបស់អ្នក ។