យុវវ័យ
តាំងចិត្តដើម្បីប្រែចិត្ត
ប្រធាន ម៉នសុន ពន្យល់ថា « ការទទួលខុសត្រូវរបស់យើងគឺ ត្រូវក្រោកចេញពីអសមត្ថភាពទៅកាន់សមត្ថភាព ក្រោកចេញពីភាពបរាជ័យទៅកាន់សមិទ្ធិផលវិញ ។ ភារកិច្ចរបស់យើងគឺត្រូវក្លាយជាមនុស្សដ៏ល្អបំផុតចំពោះខ្លួនឯង » ។ មនុស្សជាច្រើនបានញែកខែមករាទុក ដើម្បីដាក់គោលដៅ និងការតាំងចិត្តដើម្បីកែប្រែខ្លួនឲ្យបានល្អប្រសើរឡើង ៖ ញញឹមច្រើនជាងមុន បរិភោគអាហារដែលធ្វើឲ្យមានសុខភាពល្អ ឬរៀនបំណិនថ្មីណាមួយ ។ ទោះបីជាគោលដៅទាំងនេះអាចជួយអ្នកឲ្យផ្លាស់ប្តូរកាន់តែប្រសើរឡើងក្តី របៀបដ៏ល្អបំផុតដើម្បីផ្លាស់ប្តូរនោះគឺតាមរយៈការប្រែចិត្ត ។
ទោះបីការប្រែចិត្តអាចលំបាកក្តី តែវាគឺជាអំណោយទានមួយ ! ពេលយើងពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទ តាមរយៈការប្រែចិត្តពីអំពើបាបរបស់យើង នោះយើងអាចរីកចម្រើនឡើង ។ ប្រធាន ម៉នសុន មានប្រសាសន៍ថា « ព្រះអង្គសង្គ្រោះរបស់យើងព្រះយេស៊ូវគ្រីស្ទ គឺជាផ្នែកដ៏ចាំបាច់នៃផែនការ [ នៃសេចក្តីសង្គ្រោះ ] ។ បើគ្មានពលិកម្មធួនរបស់ទ្រង់ទេ នោះមនុស្សទាំងអស់នឹងត្រូវបាត់បង់ » ។ តាមរយៈការប្រែចិត្ត អ្នកអាចត្រូវបានលាងជម្រះឲ្យស្អាតពីអំពើបាបរបស់អ្នក ហើយរីកចម្រើនប្រែកាន់តែដូចទ្រង់ ។
សូមគិតអំពីអ្វីមួយដែលរារាំងអ្នកពីការប្រែក្លាយដូចជាព្រះអង្គសង្គ្រោះ ។ តើវាជាពាក្យសម្តីរបស់អ្នកឬ ? តើអ្នកប្រព្រឹត្តចំពោះមិត្តភក្តិ និងគ្រួសារអ្នកយ៉ាងដូចម្តេច ? បន្ទាប់ពីគិតអំពីអ្វីដែលអ្នកអាចធ្វើឲ្យកាន់តែប្រសើរហើយ សូមអធិស្ឋានទូលទៅព្រះវរបិតាសួគ៌ ហើយបង្ហាញពីបំណងប្រាថ្នារបស់អ្នកដើម្បីផ្លាស់ប្តូរ ។ សូមចងចាំថា តាមរយៈអំណាចនៃដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកឲ្យយកឈ្នះលើភាពទន់ខ្សោយរបស់អ្នកបាន ។ ដូចប្រធាន ម៉នសុន បានបង្រៀនថា « អំណោយទាននៃការប្រែចិត្ត ដែលព្រះអង្គសង្គ្រោះប្រទានឲ្យយើង អាចធ្វើឲ្យយើងកែប្រែជីវិតរស់នៅរបស់យើង » ។