២០១៨
ព្រះវិហារ​បរិសុទ្ធ​ផ្តល់​ទស្សនវិស័យ​កាន់តែ​ខ្ពង់ខ្ពស់​ដល់​យើង
January 2018


ព្រះវិហារ​បរិសុទ្ធ​ផ្តល់​ទស្សនវិស័យ​កាន់តែ​ខ្ពង់ខ្ពស់​ដល់​យើង

ព្រះវិហារ​បរិសុទ្ធ​បើក​ដួងចិត្ត​យើង​ឲ្យ​មាន​ទស្សនវិស័យ​កាន់តែ​ខ្ពង់​ខ្ពស់ និង​ទូលំទូលាយ​ឡើង គឺ​ដូច​ជា​កែវ​ពង្រីក​ដែល​មើល​ឃើញ​ហ្វូង​តារា​ច្បាស់​ជាង​ភ្នែក​ផ្ទាល់​របស់​យើង ។

Fort Lauderdale Florida Temple

អនុស្សាវរីយ៍​មួយ​ចំនួន​ដ៏​ជាក់ច្បាស់ និង​សំខាន់​បំផុត​របស់​យើង​អំពី​ការរស់នៅ​ក្នុង​​សហរដ្ឋ​ភាគមជ្ឈិមបូព៌ា​កាល​យើង​ជា​ឪពុកម្តាយ​វ័យ​ក្មេង គឺ​ជា​ការទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ វ៉ាស៊ីងតោន ឌី. ស៊ី ជា​រៀងរាល់​ឆ្នាំ ។ កាល​នោះ​មាន​តែ​ព្រះវិហារ​បរិសុទ្ធ​នេះ​ទេ​ដែល​បើក​ដំណើរការ​នៅ​ភាគ​ខាង​កើត​ទន្លេ​មិស៊ីស៊ិបពី ។ ការដឹង​ថា​ពិធី​បរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​មាន​ភាពចាំបាច់​សម្រាប់​កូនចៅ​ទាំងអស់​របស់​ព្រះវរបិតាសួគ៌ បាន​ផ្តល់​ការយល់​ដឹង​អំពី​ភាពបន្ទាន់​ចំពោះ​កិច្ច​ខិតខំ​របស់​យើង ។

ដូច​បងប្អូន​ជា​ច្រើន​នាក់​ផងដែរ យើង​បាន​រៀបចំ​មិត្តភក្តិ​ឲ្យ​ថែ​រក្សា​កូន​តូចៗ​របស់​យើង យើង​បាន​ធ្វើ​ដំណើរ​ទាំង​យប់​​ជាមួយសមាជិក​ផ្សេង​ទៀត​តាម​ឡាន​ក្រុង ចំណាយ​ពេល​វេលា​ដ៏មាន​តម្លៃ​ពីរបី​ថ្ងៃ ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធដោយ​អស់​ពី​សមត្ថភាព រួច​ជិះ​ឡាន​ក្រុង​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​យប់ ដើម្បី​យើង​អាច​ចូលរួម​​ការប្រជុំ​នៅ​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ ។ ការធ្វើ​ដំណើរ​ទាំង​នោះ​ហាក់ដូច​ជា​ពុំ​មែន​ជា​ការលះបង់​ឡើយ វា​ជាការធ្វើ​ដំណើរ​ដ៏រីករាយ ដោយសារ​តែ​ការលើកស្ទួយ​ខាង​វិញ្ញាណ​ដែល​ចម្អែត​ព្រលឹង​យើង​អស់​ជា​ច្រើន​ខែ​ក្រោយ​មក​ទៀត ។

ពីរបី​ឆ្នាំ​ក្រោយ​មក យើង​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង​ដើម្បី​ស្វាគមន៍​ព្រះវិហារបរិសុទ្ធ ឈីកាហ្គោ អិលលីណោយ ជា​ព្រះវិហារ​បរិសុទ្ធ​ដំបូង​គេ​ដែល​បាន​សាងសង់​ឡើង​នៅក្នុង​តំបន់​ភាគ​កណ្តាល​នៃ​អាមេរិក​ខាង​ជើង ចាប់តាំង​ពី​ព្រះវិហារ​បរិសុទ្ធ ខាតស្តុន អាល់ប៊ើរតា កាណាដា ដែល​មាន​តាំង​ពី ៦២ ឆ្នាំ​មុន​ម៉្លេះ ។ ដោយ​មាន​ព្រះវិហារ​បរិសុទ្ធ​ដែល​ចំណាយ​ពេល​តែ ៤៥ នាទី​ពី​ផ្ទះ​របស់​យើង នោះ​វា​ជា​អំណរ​មួយ​សម្រាប់​យើង​ឲ្យ​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ញឹកញាប់​ជាង​ម្តង​ក្នុង​មួយ​ឆ្នាំ និង​ទទួល​​អាហារ​ខាង​វិញ្ញាណ​ជា​ទៀង​ទាត់ ។

ប៉ុន្តែ​សព្វថ្ងៃ​នេះ ទោះបី​ជា​ពួក​យើង​មួយ​ចំនួន​រស់នៅ​ជិត​នឹង​ព្រះវិហារ​បរិសុទ្ធ​ក្តី យើង​នៅតែ​អាច​ឃើញ​ថា វា​មាន​ការលំបាក​ក្នុងការ​ចូលរួម​ឲ្យ​បាន​ញឹកញាប់ ។ វា​អាច​មក​ពី​ការមាន​ព្រះវិហារ​បរិសុទ្ធ​ដែល​ជិត បំពេ​យើង​ឲ្យ​គិត​ថា « ខ្ញុំ​នឹង​ទៅថ្ងៃ​ស្អែក ដោយសារខ្ញុំ​មាន​ពេល​ច្រើន​ជាង​នេះ » ។ វា​ងាយ​នឹង​ត្រូវបាន​ទាក់ទាញ​ពី​សម្ពាធ​បច្ចុប្បន្ន​នេះ ហើយ​​ទុក​ឲ្យ​ឱកាស​សំខាន់​នានា​រំលង​ហួស​ផុត​ទៅ ។ អែលឌើរ រីឆាដ ជី ស្កត ( ១៩២៨–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​លើក​ទឹកចិត្ត​អ្នក​ឲ្យ​បង្កើត​គោលដៅ​ផ្ទាល់​ខ្លួន​អ្នក​ អំពីភាពញឹកញាប់​ដែល​អ្នក​នឹង​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ ដែល​ផ្តល់​ឲ្យ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​កំពុង​ដំណើរការ​របស់​យើង » ។​

ប្រសិនបើ​យើង​ព្រងើយ​កន្តើយ​ចំពោះ​ឱកាស​ចូលរួម​​ឲ្យ​បាន​ញឹកញាប់ តាម​កាលៈទេសៈ​ដែល​​អំណោយផល​ដល់​យើង ប្រសិនបើ​យើង​យក​ឱកាស​ទៅ​ព្រះវិហារ​បរិសុទ្ធ​​ជា​រឿង​លេង​សើច ពេល​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្បែរ​ផ្ទះ​របស់​យើង នោះ​យើង​នឹង​បាត់បង់​ពរជ័យ និង​ឱកាស​នា​ពេល​អនាគត ដែល​ព្រះវរបិតា និង​ព្រះបុត្រា​ទ្រង់​បាន​រៀបចំ​ទុក​សម្រាប់​យើង ។ ទ្រង់​មាន​បន្ទូល​ថា « យើង​ជា​ព្រះ​អម្ចាស់​ជាប់​សន្យា កាល​ណា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​មាន​បន្ទូល ប៉ុន្តែ​កាលណា​អ្នក​រាល់​គ្នា មិន​ប្រព្រឹត្តតាម​អ្វី​ដែល​យើង​មាន​បន្ទូល​ទេ នោះ​អ្នក​រាល់​គ្នា​ពុំ​មាន​សេចក្តី​សន្យា​ឡើយ » ( គ. និង ស. ៨២:១០ ) ។

ពេល​មាន​ព្រឹត្តការណ៍​ដែល​ហាក់ដូច​ជា​កើត​ឡើង​រួមគ្នា​ដើម្បី​រារាំង​យើង​មិន​ឲ្យ​ទៅ​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​អាច​ចងចាំ​អំពី​ការបញ្ជាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ « នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ » ( យ៉ូហាន ១៦:៣៣ ) ។ នៅពេល​យើង​តស៊ូ និង​ចូលរួម​ព្រះវិហារ​បរិសុទ្ធ ទោះជា​មាន​ថ្ម​ជំពប់​ក្តី នោះ​យើង​នឹង​មាន​ជំនួយ​ពី​ព្រះអង្គសង្គ្រោះ ឲ្យ​យក​ឈ្នះ​លើ​លោកិយ៍​ដែល យើង រស់នៅ​នេះ ។ នា​គ្រា​មួយ​ពេល​ស្វាមី​ខ្ញុំ និង​ខ្ញុំ​កំពុង​រៀបចំ​ចេញ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ បញ្ហា​ជា​បន្ត​បន្ទាប់​បាន​កើត​ឡើង ។ ទីបំផុត ពេល​យើង​ហៀប​នឹង​ចេញ​ពី​ផ្ទះ​នោះ យើង​មាន « ស្ថានភាព​គ្រួសារ » តានតឹង​កើត​ឡើង ។ ពេល​យើង​ទាំង​ពីរ​នាក់​ដើរ​ដោយ​ស្ងប់ស្ងាត់​ទៅ​កាន់​ឡាន នោះ​យើង​បាន​ឮ​កូនស្រី​ច្បង​របស់​យើង​និយាយ​បញ្ជាក់​ប្រាប់​ប្អូន​នាង​ថា « កុំ​បារម្ភ​ឡើយ ពួកគាត់​ត្រឡប់​មក​ពី​ព្រះវិហារ​បរិសុទ្ធ​វិញ​ដោយ​ក្តី​រីករាយ​ជានិច្ច » ។ ហើយ​នាង​ពិតជា​និយាយ​ត្រូវ !

ព្រះវិហារ​បរិសុទ្ធ​រំឭក​យើង​អំពី​ភាពធំធេង​នៃ​ភាពអស់កល្ប​ជានិច្ច

Nauvoo Illinois Temple staircase

ទោះបី​យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដោយ​មាន​ចិត្ត​ពោរពេញ​ដោយ​អំណរ ឬ​មាន​ទុក្ខ​ព្រួយ​ដ៏​សែន​ធ្ងន់​ក្តី ព្រះវិហារបរិសុទ្ធ​គឺជា​កន្លែង​មួយ​សម្រាប់​សមាជិក​សក្តិសម គ្រប់​រូប ដែល​មាន​ដួងចិត្ត​បើក​ចំហរ ឲ្យ​ទទួល​បាន​ការលើក​ស្ទួយ និង​ពង្រឹង​ឡើង ។

ខ្ញុំ​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ហើយ​ពោរពេញ​ដោយ​ដួង​ចិត្ត​ដែល​មាន​អំណរគុណ ចំពោះ​ពរជ័យ​ដែល​បាន​ប្រទាន​មក ដល់​មនុស្ស​ជា​ទីស្រឡាញ់​ដែល​ជួប​ការលំបាក ខ្ញុំ​ក៏​បាន​យំ​ដោយ​ស្ងប់​ចំពោះ​ទុក្ខ​ព្រួយ​ដ៏​ធំ​នៃ​ការបរាជ័យ​របស់​ខ្ញុំ​ផ្ទាល់ ។ ខ្ញុំ​បាន​ទទួល​ការបំផុស​គំនិត និង​ការណែនាំ ព្រមទាំង​ការបន្ទោស​ពី​ព្រះវិញ្ញាណ អំឡុង​ពេល​ធ្វើ​ពិធី​ជំនួស​ដល់​អ្នក​ដែល​ទទួល​ពិធីបរិសុទ្ធ ដែល​នឹង​អនុញ្ញាត​ឲ្យ​គាត់​រីកចម្រើន​រហូត​ដល់​ភាពអស់កល្ប​ជានិច្ច ។ បទពិសោធន៍​ទាំង​អស់​នេះ​បាន​លើក​ស្ទួយ​ចិត្ត និង​ពង្រឹង​ដល់​រូប​ខ្ញុំ ។ មែនហើយ ខ្ញុំ​បាន​អង្គុយ​អស់​ជា​ច្រើន​ម៉ោង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​ជា​ផ្នែក​មួយ​នៃ « កាតព្វកិច្ច » ដែល​ខ្ញុំ​ត្រូវ​បំពេញ​ករណីយកិច្ច​របស់​ខ្ញុំ​យ៉ាង​សាមញ្ញ ហើយ​ជួនកាល​ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​បាន​ងងុយ​ដេក​អំឡុង​ពេល​វគ្គ​ប្រជុំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ កាល​អំឡុង​ឆ្នាំ​ខ្ញុំ​ធ្វើ​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ពេល​ព្រឹក​ព្រលឹម ។ ប៉ុន្តែ គ្រប់ពេល​ដែល​ខ្ញុំ​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ នោះ​ខ្ញុំ​បាន​ទទួល​ពរ ។ ទោះបីជា​យើង​ទទួល​បាន​ពរជ័យ​ភ្លាមៗ ឬ​ការខិតខំ​របស់​យើង​នោះ​បាន​ពរជ័យ​នា​ពេល​ខាង​មុខ​ក្តី ពេលវេលា​បន្តិចបន្តួច​ដែល​យើង​បាន​ចំណាយ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នឹង​ផ្តល់​ការរីកចម្រើន​ផ្ទាល់​ខ្លួន​ដល់​យើង ។

ការនៅក្នុង​ព្រះវិហារ​បរិសុទ្ធ​រំឭក​យើង​អំពី​ភាពធំធេង​នៃ​ភាពអស់កល្ប​ជានិច្ច ទាំង​ការក្រឡេក​មើល​ទៅ​បុព្វការីជន​យើង និង​ការសំឡឹង​មើល​ទៅ​កូនចៅ​យើង​នា​ពេល​ខាង​មុខ ។ កូនចៅ​របស់​យើង​ក៏​នឹង​ត្រូវបាន​ពង្រឹង​នៅក្នុង​ទស្សនវិស័យ​ដ៏​អស់កល្ប​របស់​ពួកគេ ពេល​ពួកគេ​ផ្តោត​ទៅលើ​ព្រះវិហារ​បរិសុទ្ធ ។ តើ​យើង​អាច​រៀបចំ​ពួកគេ​ឲ្យ​បាន​ល្អ​បំផុត​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀប​ណា — នេះ​ជា​ជំហាន​ដ៏​សំខាន់​នៅក្នុង​ការរីកចម្រើន​អស់កល្ប​ជានិច្ច​របស់​ពួកគេ ? ប្រធាន រ័សុល អិម ណិលសុន ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ទូន្មាន​ថា « ឪពុកម្តាយ​គប្បី​បង្រៀន​ពី​សារៈសំខាន់​នៃ​ព្រះវិហារ​បរិសុទ្ធ​តាំង​ពី​កូនៗ​នៅ​ក្មេង​នៅ​ឡើយ » ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ១៨៩៥–១៩៨៥ ) បាន​ទូន្មាន​ឪពុកម្តាយ​ឲ្យ​ដាក់​រូបភាព​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​បន្ទប់​ដេក​របស់​កូនៗ​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​អាច​មើល​ទៅ​ការរំឭក​ដ៏​ពិសិដ្ឋ​នោះ​រៀងរាល់​ថ្ងៃ រហូត​ដល់​វា​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​របស់​ពួកគេ ។ អ្នក​ក៏​អាច​ចែកចាយ​ពរជ័យ​ដែល​អ្នក​ទទួល​បាន​ពី​ការចូលរួម​ព្រះវិហារ​បរិសុទ្ធ ព្រមទាំង​ទីបន្ទាល់​នៃ​អំណរ​ដែល​អ្នក​គិត​ទុក​ជាមុន នៅក្នុង​ទំនាក់ទំនង​អស់កល្ប​ជានិច្ច​ជាមួយ​កូនៗ​របស់​អ្នក ។ ហើយ​អ្នក​អាច​ជួយ​ជ្រោមជ្រែង​យុវវ័យ​របស់​អ្នក​នៅក្នុង​បំណង​ប្រាថ្នា​របស់​ពួកគេ ដើម្បី​ធ្វើ​ពិធី​បុណ្យជ្រមុជទឹក​សម្រាប់​មរណជន ។ ចូរ​ចងចាំ​នៅក្នុង​មេរៀន​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ និង​ឱកាស​បង្រៀន​នានា​របស់​អ្នកថា « ព្រះវិហារ​បរិសុទ្ធ​ជា​គោលបំណង​នៃ​រាល់​សកម្មភាព​រាល់​មេរៀន​រាល់​ជំហាន​ដែល​រីកចម្រើន​នៅក្នុង​សាសនាចក្រ » ។

ពេល​អ្នក​ច្រៀង​ចម្រៀង​ជាមួយ​កូនៗ​របស់​អ្នក « ខ្ញុំ​ចូលចិត្ត​មើល​វិហារ​បរិសុទ្ធ ។ ខ្ញុំ​ទៅទីនោះ​ថ្ងៃមួយ ។ ខ្ញុំ​ចុះក្តីសញ្ញា​នឹង​ទ្រង់ ខ្ញុំសន្យា​គោរព​តាម » អ្នក​នឹង​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​នូវ​បំណង​ប្រាថ្នា​មួយ ដើម្បី​ចូល​ទៅ​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ។ ហើយ​ដួងចិត្ត​របស់​អ្នក​ផ្ទាល់​នឹង​ពោរពេញ​ដោយ​អំណរគុណ​ចំពោះ​ព្រះវរបិតាសួគ៌ ចំពោះ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ទ្រង់ ចំពោះ​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ដែល​បាន​ធ្វើ​ឡើង​សម្រាប់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​នៅជាមួយ​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក​ជា​រៀងរហូត ។ « មាគ៌ា​របស់​ព្រះអង្គសង្គ្រោះ​គឺ​ជា​ផ្លូវ​នាំ​ទៅ​រក​សុភមង្គល​ក្នុង​ជីវិត​នេះ និង​ជីវិត​អស់កល្ប​ជានិច្ច​ក្នុង​ពិភព​ខាង​មុខ » ។ ផ្លូវ​នោះនាំ​ទៅរក និង​តាមរយៈ​ព្រះវិហារ​បរិសុទ្ធ ។

ព្រះវិហារបរិសុទ្ធ​គឺ​ជាជម្រក​ពី​លោកីយ៍​នេះ

Idaho Falls Idaho Temple garden room

ឥទ្ធិពល​នៃ​លោកីយ៍នេះ​អាច​ទាញ​យើងចេញ​ឆ្ងាយ​ពី​ព្រះវិហារ​បរិសុទ្ធ ។ មិត្ត​ភក្ដិ​ដ៏ជា​ទីស្រឡាញ់​វ័យក្មេង​ម្នាក់ បាន​អំពល់​ចិត្ត​ដោយសារ​តែ​គំនិត និង​ការគិតស្មាន​អំពី​សាសនា​ ដែល​គាត់​បាន​អាន​វា​ពី​អ៊ិនធើរណែត ។ គាត់​បាន​សម្រេច​ចិត្ត​បោះបង់​ការចូលរួម​ព្រះវិហារ​បរិសុទ្ធ លុះត្រា​ណា​ចម្លើយ​របស់​គាត់​ត្រូវបាន​ដោះស្រាយ​សិន ។ ខ្ញុំ​សូម​អង្វរ​ដោយ​អស់​ពី​ចិត្ត​របស់​ខ្ញុំ ដល់​អ្នក​ដែល​មាន​សំណួរ​នានា​ដែល​ជះ​ឥទ្ធិពល​ដល់​ទីបន្ទាល់​របស់​អ្នក ឲ្យ​បន្ត​ចូលរួម​ក្នុងការ​អធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន ហើយ​បន្ត​ចូលរួម​ព្រះវិហារ​បរិសុទ្ធ អំឡុង​ពេល​អ្នក​ខិតខំ​ក្នុងការ​ស្វែងរក​ចម្លើយ​នោះ ការណ៍​នេះ​នឹង​នាំ​ឲ្យ​មាន​ភាពសុខសាន្ត​ដល់​អ្នក ។ សូម​បន្ត​ផ្តោត​ចិត្ត​លើ​ដំណឹង​ល្អ ដើម្បី​ចៀសវាង​ពី​ការបង្វែរ​អារម្មណ៍​ដ៏​វាងវៃ ប៉ុន្តែ​ជា​គោលលទ្ធិ​ខុស​ឆ្គង​នោះ ។ បុគ្គល​ម្នាក់​ពុំ​អាច​ស្វែងរក​ការព្យាបាល​ការឈឺចាប់​ខាង​រូបកាយ តាម​រយៈ​ការសួរ​តារា​បាល់ឱបឲ្យ​ផ្តល់​ដំបូន្មាន​លើ​ការព្យាបាល​ឡើយ សំណួរ​ដ៏​សំខាន់​ខាង​វិញ្ញាណក៏ដូច្នោះ​ដែរ វា​ពុំ​អាច​ត្រូវបាន​ឆ្លើយ​ដោយ​ត្រឹមត្រូវពី​បុគ្គល​ម្នាក់ ដែល​មាន​ការយល់ដឹង​អំពី​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ​មាន​កម្រិត​នោះ​ឡើយ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​អំពី « សេចក្ដីពិត​នៃ​គ្រប់​ការណ៍​ទាំងអស់ » ( មរ៉ូណៃ ១០:៥ ) « នឹង​ប្រាប់​អ្នក​នៅ​ក្នុង​គំនិត​របស់​អ្នក និង​នៅ​ក្នុង​ចិត្ត​របស់​អ្នក » ( គ. និង ស. ៨:២ ) នូវ​សេចក្តីពិត​អស់កល្ប​ជានិច្ច ។

កន្លែង​មួយ​ដើម្បី​ទទួល​បាន​ព្រះវិញ្ញាណ​ដ៏​ច្រើន​បំផុត​នោះ​គឺ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ប្រសិនបើ​អ្នក​មាន​ភាពសក្តិសម​ចូលទៅ​ដំណាក់​របស់​ព្រះអម្ចាស់ ( ដូច​បាន​សន្មត់​ដោយ​ខ្លួន​អ្នក និង​ប៊ីស្សព​របស់​អ្នក ) នោះ​សូម​នាំ​យក​សំណួរ​របស់​អ្នក​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ ហើយ​ទទួល​ការអះអាង​ថា ប្រសិនបើ​អ្នក​ពុំ​យល់​នូវ​រឿង​គ្រប់​យ៉ាង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ នោះ​ព្រះអម្ចាស់​ទ្រង់​ជ្រាប​រឿង​គ្រប់​យ៉ាង​នោះ ។ ចូរ​ចាំ​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក ពិតជា ដឹង និង​យល់ ។ រឿង​ដែល​អ្នក ពិតជា ដឹង និង​បាន​ទទួល​សាក្សី​ខាង​វិញ្ញាណ​នឹង​ដឹកនាំ​អ្នក​ទៅរក « សេចក្តី​សុខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត [ និង ] ជួយ​ការពារ​ចិត្ត ហើយ​និង​គំនិត​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះគ្រីស្ទយេស៊ូវ » ( ភីលីព ៤:៧ ) ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការយល់ដឹង និង​ភាពសុខសាន្ត​ដែល​អ្នក​ស្វែងរក​នឹង​កើត​មាន​ដល់​អ្នក នៅពេល​អ្នក​បន្ត​មាន​សេចក្តីជំនឿ​ថា ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​របស់​អ្នក​នឹង​ដឹកនាំ ព្រមទាំង​នាំ​ផ្លូវ​អ្នក​ទៅរក​សេចក្តីពិត ។

អេសាយ​រំឭក​យើង​ថា ព្រះវិហារ​បរិសុទ្ធ​គឺ​ជា « ទី​ជ្រក … ឲ្យ​រួច​ពី​ព្យុះ » ( អេសាយ ៤:៦ ) ។ ប្រសាសន៍​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន ក៏​មាន​ការអះអាង​ដូចគ្នា​នេះ​ដែរ​គឺ « ពេល​យើង​ឆ្លង​កាត់​ទ្វារ​ទាំងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​បំភ្លេច​នូវ​ការរំខាន និង​ភាពចលាចល​នៃ​លោកិយ ។ នៅ​ខាង​ក្នុង​អគារ​ដ៏​ពិសិដ្ឋ​នេះ យើង​រកឃើញ​ភាពស្រស់ស្អាត និង​របៀបរៀប​រយ ។ ព្រលឹង​របស់​យើង​បាន​សម្រាក ហើយ​សម្រាល​ពី​កង្វល់​នៃ​ជីវិត​របស់​យើង » ។

ដោយសារ​តែ​ភាពចលាចល​នៅក្នុង​ពិភពលោក​នេះ កើន​ឡើង ហើយ​សម្ពាធ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​ក៏​ពូន​ឡើង នោះ​យើង​ត្រូវ​បន្ត​ផ្តោត​ចិត្ត​យើង​ទៅលើ​រឿង​ដែល​ពិតជា​សំខាន់​បំផុត ។ វា​ងាយ​ស្រួយ​ក្នុងការផ្តោត​ចិត្ត​លើ​រឿង​អវិជ្ជមាន និង​ភាពចលាចល​ខាង​លោកីយ៍ ហាក់​ដូច​ជា​យើង​កំពុង​មើល​ភាពបរាជ័យ និង​បញ្ហា​របស់​យើង​តាមរយៈ​ម៉ាស៊ីន​មីក្រូទស្សន៍​ផងដែរ ។ ការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​រំឭក​យើង​ឲ្យ​រក្សា​នូវ​ទស្សនវិស័យ​អស់​កល្ប​ជានិច្ច ។ ព្រះវិហារ​បរិសុទ្ធ​បើក​ដួងចិត្ត​យើង​ឲ្យ​មាន​ទស្សនវិស័យ​កាន់តែ​ខ្ពង់ខ្ពស់ និង​ទូលំទូលាយ​ឡើង គឺ​ដូច​ជា​កែវ​ពង្រីក​ដ៏​ធំ​ដែល​មើល​ឃើញ​ហ្វូង​តារា​ច្បាស់​ជាង​ភ្នែក​ផ្ទាល់​របស់​យើង​ផងដែរ ។ វា​ធ្វើ​ឲ្យ​យើង​មើល​ឃើញ មាន​ក្តីសង្ឃឹម ហើយ​ខ្នះខ្នែង​ឆ្ពោះ​ទៅ​រក​ការក្លាយ​ទៅ​ជា​អ្វី​ទាំងអស់ ដែល​ព្រះវរបិតាសួគ៌​បាន​រៀបចំ​សម្រាប់​យើង ។ វា​ជួយ​យើង​ឲ្យ​ផ្តោត​ចិត្ត​លើ​សេចក្តីពិត​អស់កល្ប​ជានិច្ច — ផ្តោត​ចិត្ត​លើ​ព្រះមាតា​បិតា​សួគ៌ ដែល​ស្រឡាញ់​យើង ហើយ​មាន​ព្រះទ័យ​ជួយ​យើង ផ្តោត​ចិត្ត​លើ​សេចក្តីពិត​ដ៏​សក្តិសម​ក្នុង​នាម​ជា​កូនចៅ​របស់​ពួកទ្រង់ និង​ផ្តោត​ចិត្ត​លើ​អ្វី​ដែល​យើង​មាន​សមត្ថភាព​ក្នុងការ​ក្លាយ​ជា « អ្នក​គ្រង​មរតក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះគ្រីស្ទ​ផង » ( រ៉ូម ៨:១៧ ) ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ត្រូវបាន​ពន្យល់ ហើយ​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​ត្រូវបាន​ធ្វើ​ឡើង ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ត្រូវបាន​ផ្តល់​ឲ្យ​នូវ​មធ្យោបាយ ដើម្បី​ប្រែក្លាយ​ខ្លួន​កាន់តែ​មាន​ភាព​ខ្ពង់ខ្ពស់ និង​អស់កល្ប​បំផុត ។

ប្រធាន ម៉នសុន បាន​ទូន្មាន​ថា « នៅពេល​យើង​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ កម្រិត​នៃ​ជីវភាព​ខាង​វិញ្ញាណ និង​អារម្មណ៍​សុខសាន្ដនឹង​មាន​​លើស​អស់​ទាំង​អារម្មណ៍​ផ្សេង​ទៀត ដែល​អាច​នឹង​កើត​មាន​ក្នុង​ចិត្ត​មនុស្ស ។ យើង​នឹង​យល់​ដឹង​ន័យ​ពិត​នៃ​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ ពេល​ទ្រង់​មាន​បន្ទូល​ថា ៖ ‹ ខ្ញុំ​ទុក​សេចក្ដី​សុខសាន្ត​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ។ … កុំ​ឲ្យ​ចិត្ត​អ្នករាល់គ្នា​ថប់​បារម្ភ ឬ ភ័យ​ឡើយ › [ យ៉ូហាន ១៤:២៧ ] » ។

ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​រំជួលដួង​ចិត្ត​មនុស្ស​ដទៃ

Provo City Center Temple

ស្មារតី​នៃ​ការបម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក នឹង​ធ្វើ​ឲ្យ​រំជួល​ដួងចិត្ត​ដល់​មនុស្ស​ជាច្រើន​ដែល​នៅ​ជុំ​វិញ​អ្នក — ប្រហែល​វា​កើត​ឡើង​ដល់​មនុស្ស​មួយ​ចំនួន​ដែលអ្នក​ពុំ​ធ្លាប់​គិត​ដល់​ផងដែរ ។ មាន​គ្រា​មួយ​ពេល​ចប់​កម្មវិធី​នៅ​ព្រះវិហារ​បរិសុទ្ធ​នៅ វ៉ាសស៊ីងតោន ឌី. ស៊ី សមាជិក​មួយ​ក្រុម​បាន​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន ពេល​ឡាន​ក្រុង​កំពុង​បើកបរ​លើ​ចម្ងាយ​ផ្លូវ​រាប់រយ​គីឡូម៉ែត្រ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ អ្នក​ចូលរួម​ទាំង​នោះ​បាន​ចែកចាយ​អំណរ និង​អំណរគុណ​របស់​ពួកគេ​ម្នាក់​ម្តងៗ​អំពី​ពរជ័យ​ភ្លាមៗ និង​អស់កល្ប​ជានិច្ច​នៃ​ព្រះវិហារ​បរិសុទ្ធ ។ តៃកុង​ឡាន​របស់​យើង​ដែល​ពុំ​មែន​ជា​សមាជិក​នោះ ទប់​ចិត្ត​គាត់​ពុំ​បាន​ត​ទៅ​ទៀត​ឡើយ ។ គាត់​បាន​ចាប់​កាន់​មេក្រូ ហើយ​បង្ហាញ​ពី​អំណរគុណ​ដែល​គាត់​បាន​នៅ​ជាមួយ​នឹង​ពួកយើង ។ បន្ទាប់​មក​គាត់​និយាយ​ថា « ខ្ញុំ​ពុំ​ដឹង​ថា អ្នក​ទាំងអស់​គ្នា​មាន​អ្វី​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​មួយ​ប្លែក​នៅ​ទីនេះ » ។ ប្រាកដ​ណាស់ អ្នក​ដឹកនាំ​បេសកកម្ម​វួដ​ម្នាក់​ដែល​នៅលើ​ឡាន បាន​សូម​ព័ត៌មាន​ទាក់ទង​របស់​គាត់ ហើយ​ក្រោយ​មក​គាត់​បាន​ឲ្យ​វា​ទៅ​អ្នក​ផ្សព្វផ្សាយ​សាសនា ។

ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​ពី​អំណោយ​ទាន​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​នៅ​ក្បែរ​អ្នក ឲ្យ​បាន​ញឹកញាប់​តាម​ដែល​កាលៈទេសៈ​អំណោយ​ផល​ដល់​អ្នក ។ អ្នក​នឹង​ត្រូវបាន​ពង្រឹង ហើយ​រកឃើញ​ភាពសុខសាន្ត​នៅក្នុង​ដំណាក់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ដ្បិត​ទ្រង់​គឺ​ជា​ពន្លឺ និង​ជា​ជីវិត ព្រមទាំង​ជា​ក្តីសង្ឃឹម​នៃ​ពិភពលោក ។ ដោយសារ​ថ្ងៃ​ចុងក្រោយ​នេះ​កំពុង​ឆ្ពោះ​ទៅ​កាន់​ការសន្យា​នៃ​ការត្រឡប់​មក​វិញ​របស់​ទ្រង់ នោះ​សូម​ឲ្យ​អ្នក​ទទួល​យក​ពន្លឺ​ទ្រង់ ហើយ​ទទួល​អារម្មណ៍​នៃ​ក្តីសង្ឃឹម ដែល​បាន​ផ្តល់​ឲ្យ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​របស់​ទ្រង់ ។

កំណត់​ចំណាំ

  1. រីឆាដ ជី ស្កត « Temple Worship: The Source of Strength and Power in Times of Need » Liahona, ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៤៣–៤៥ ។

  2. រ័សុល អិម ណិលសុន « Prepare for Blessings of the Temple » Ensign, ខែ មីនា ឆ្នាំ ២០០២ ទំព័រ ១៧ ។

  3. សូមមើល The Teachings of Spencer W. Kimball ( ឆ្នាំ ១៩៨២ ) ទំព័រ ៣០១ ។

  4. រ័សុល អិម ណិលសុន « Prepare for Blessings of the Temple » ទំព័រ ១៧ ។

  5. « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ » សៀវភៅ​ចម្រៀង​កុមារ, លេខ ៩៩ ។

  6. « The Living Christ: The Testimony of the Apostles » Liahona, ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ។

  7. ថូម៉ាស អេស ម៉នសុន « Blessings of the Temple » Liahona, ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៩១ ។

  8. ថូម៉ាស អេស ម៉នសុន « Blessings of the Temple » ទំព័រ ៩១–៩២ ។