សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ចម្លើយចំពោះការអធិស្ឋានរៀងៗខ្លួន
ខ្ញុំកំពុងបញ្ចប់បេសកកម្មរបស់ខ្ញុំនៅក្នុងបេសកកម្ម ឈីហ្គាហ្គោ អិលលីណោយ ភាគខាងត្បូង ពេលខ្ញុំបានទទួលការអនុញ្ញាតពិសេស ឲ្យទៅតំបន់ដែលខ្ញុំបានបម្រើលើកមុន ហើយបរិភោគអាហារពេលល្ងាចជាមួយគ្រួសារត្រេមីឡូ ។ ខ្ញុំបានបម្រើនៅក្នុងវួដរបស់ពួកគេអស់រយៈពេលមួយឆ្នាំពេញ ហើយបានបង្កើនភាពស្និទ្ធស្នាលជាមួយនឹងពួកគេ ។
អំឡុងពេលបរិភោគអាហារបងប្រុសត្រេមីឡូ បានលើកទឹកចិត្តខ្ញុំឲ្យចែកចាយសារលិខិតយ៉ាងហោចណាស់មួយ អំពីសុភមង្គលនៃដំណើរត្រឡប់ទៅផ្ទះរបស់ខ្ញុំវិញ ។ គាត់បាននិយាយថា ព្រះអម្ចាស់និងរៀបចំនរណាម្នាក់នៅលើយន្តហោះដែលនឹងត្រូវការជំនួយពីខ្ញុំ ។ ខ្ញុំបានសន្យានឹងគាត់ថា ខ្ញុំនឹងជួយ ។
ចាប់តាំងពីគ្រានោះរហូតដល់ពេលខ្ញុំចាកចេញពី ឈីហ្គាហ្គោ ខ្ញុំក៏បានអធិស្ឋានដើម្បីទទួលបានការបញ្ជាក់ថា ព្រះអម្ចាស់នឹងទទួលយកការលះបង់នៃការបម្រើបេសកកម្មរបស់ខ្ញុំ ។
បីសប្តាហ៍ក្រោយមក ខ្ញុំបានជិះយន្តហោះដែលដឹកខ្ញុំត្រឡប់ទៅផ្ទះវិញ ។ ពេលខ្ញុំទៅដល់កៅអីរបស់ខ្ញុំ អ្នកអង្គុយកៅអីជាប់នឹងខ្ញុំបានក្រឡេកមើលមុខខ្ញុំ ។ នាងបាននិយាយថា « គ្មានផ្លូវទេ ! វាមិនគួរឲ្យជឿសោះ ! »
ដំបូងខ្ញុំគិតថា « អូ៎ នាងពុំចូលចិត្តពួកមរមន ! » ពេលខ្ញុំអង្គុយចុះ នាងបានប្រាប់ខ្ញុំថា នាងឈ្មោះ ខែលី ហើយនាងគឺជាអ្នកប្រែចិត្តជឿថ្មី ។ នាងបានបង្ហាញក្តីរីករាយជាខ្លាំង ដែលនាងមានអ្នកផ្សព្វផ្សាយសាសនាអង្គុយក្បែរ ។ ខែលី បានប្រាប់ខ្ញុំថា មនុស្សចុងក្រោយដែលអង្គុយជាប់នាងគឺជាអ្នកប្រឆាំងនឹងពួកមរមន ហើយគាត់បានបញ្ចេញពាក្យសម្តីកោងកាចរបស់ខ្លួនចំពោះជំនឿថ្មីថ្មោងរបស់ ខែលី ។ ខែលីមានការតក់ស្លុត និងមានសំណួរ ។ នាងបានអធិស្ឋានទូលសូមចម្លើយ និងការលួងលោម ។
ខ្ញុំបានអធិស្ឋានក្នុងចិត្ត ហើយថ្លែងទីបន្ទាល់អំពីសេចក្តីពិតនៃដំណឹងល្អ និងសេចក្តីស្រឡាញ់នៃព្រះចំពោះកូនចៅរបស់ទ្រង់រួមទាំងនាងផងដែរ ។ ខ្ញុំបានប្រាប់នាងអំពីការទូន្មានដែលខ្ញុំបានទទួលពីបងប្រុសត្រេមីឡូ ។ ខ្ញុំបាននិយាយថា ព្រះបានរៀបចំឱកាសពិសេសនេះសម្រាប់នាង ។
ខែលីបានយំថ្លែងអំណរគុណដល់ខ្ញុំ ។ នាងក៏បាននិយាយផងដែរថា « ខ្ញុំអាចប្រាប់ថា អ្នកគឺជាអ្នកផ្សព្វផ្សាយសាសនាដ៏ល្អ ហើយថាព្រះអម្ចាស់ទទួលយកការលះបង់របស់អ្នក » ។ នៅគ្រានោះ ខ្ញុំបានទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅពីព្រះចំពោះខ្ញុំ ។ វាដល់វេនខ្ញុំយំវិញម្តង ។ ខ្ញុំបានយំថ្លែងអំណរគុណដល់ខែលី ហើយបានប្រាប់នាងថា នាងគឺជាចម្លើយចំពោះការអធិស្ឋានរបស់ខ្ញុំ ។ ខ្ញុំបានឆ្លើយសំណួរមួយចំនួនរបស់នាងទៀត ហើយយើងបានឲ្យអាស័យដ្ឋានអ៊ីម៉ែលគ្នាទៅវិញទៅមក ។
យន្តហោះរបស់យើងបានចុះចត ហើយយើងបានលើកដៃលាគ្នា ពេលនាងបានដើរទៅជិះយន្តហោះបន្ទាប់ទៀត ។ ខ្ញុំនឹងមានអំណរគុណជានិច្ចថា ព្រះវរបិតាសួគ៌មានព្រះទ័យប្រទានពរដល់យើងក្នុងរបៀបមួយដ៏ទន់ភ្លន់ ។