សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
តើនេះជាទីបញ្ចប់នៃជីវិតរបស់ខ្ញុំឬ ?
សាំសុន ហូ ទីក្រុងហុងកុង ប្រទេសចិន
ខ្ញុំគឺជាឪពុកដែលមានសុខភាពល្អ មានកូនដ៏ ស្រស់ស្អាតពីរនាក់ ហើយជាស្វាមីរបស់ភរិយាដ៏អស្ចារ្យ និងឧស្សាហ៍ព្យាយាមធ្វើការ ។ ខ្ញុំមានការងារល្អដែលមានប្រាក់ចំណូលមានស្ថេរភាព ។ ជីវិតយើងហាក់ដូចជាល្អឥតខ្ចោះ ប៉ុន្តែស្ថានភាពរបស់ខ្ញុំបានចាប់ផ្តើមប្រែកាន់តែអាក្រក់ឡើង ពេលខ្ញុំត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកបំពង់ក គឺជាមហារីកមួយប្រភេទដែលកើតនៅក្បាល និងក ។
នៅគ្រានោះខ្ញុំកំពុងបម្រើជាទីប្រឹក្សារបស់ប៊ីស្សព ហើយយើងកំពុងធ្វើការប្រកួតកីឡាបាល់បោះប្រចាំឆ្នាំរបស់យើង នៅព្រះវិហារកាលខ្ញុំចាប់ផ្តើមឈឺជាទម្ងន់ ។ ខ្ញុំបានទៅជួបវេជ្ជបណ្ឌិត ហើយក្រោយពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ គាត់បានប្រាប់ថា ខ្ញុំមានមហារីកបំពង់កដំណាក់កាលទី ៤ ។ ខ្ញុំបារម្ភ និងមានការភ័យខ្លាច ។ ខ្ញុំឆ្ងល់ថា ប្រសិនបើនេះគឺជាទីបញ្ចប់នៃជីវិតខ្ញុំ ហើយតើអ្វីនឹងកើតឡើងចំពោះគ្រួសារខ្ញុំ ប្រសិនបើខ្ញុំស្លាប់នោះ ។ អ្វីមួយដែលខ្ញុំពិតជាអាចពឹងផ្អែកទៅលើបានសម្រាប់ការណែនាំ និងការលួងលោមនោះគឺការអធិស្ឋានទៅព្រះវរបិតាសួគ៌ ។
បីថ្ងៃបន្ទាប់ពីការអធិស្ឋានជាប់ជានិច្ចរបស់ខ្ញុំមក ខ្ញុំមានអារម្មណ៍ថា មានសំឡេងស្រទន់មួយខ្សឹបប្រាប់ខ្ញុំថា « កុំខ្លាចឡើយ » ។
ចាប់តាំងពីគ្រានោះមក សេចក្តីភ័យខ្លាចនឹងការស្លាប់គ្មាននៅក្នុងគំនិតខ្ញុំទៀតឡើយ ។ អ្វីៗគ្រប់យ៉ាងនៅតែលំបាកសម្រាប់ខ្ញុំ ។ មានគ្រាមួយដែលខ្ញុំពុំអាចលេបអាហារបានឡើយ ហើយខ្ញុំឈឺយ៉ាងខ្លាំងដែលពិបាកនឹងគេងបាន ប៉ុន្តែខ្ញុំពុំដែលបោះបង់ ឬងាកបែរចេញពីព្រះឡើយ — ហើយទ្រង់បានជួយដល់ខ្ញុំ ។
ជំងឺមហារីករបស់ខ្ញុំបានទុកឲ្យខ្ញុំរស់បានច្រើនជាង ១៨ ឆ្នាំទៀត ។ ខ្ញុំពុំដឹងថា ព្រះនឹងអនុញ្ញាតឲ្យខ្ញុំរស់បានយូរប៉ុណ្ណានោះទេ ប៉ុន្តែខ្ញុំសប្បាយចិត្តថា ខ្ញុំអាចនៅតែបម្រើបងប្អូនប្រុសស្រីរបស់ខ្ញុំ ។ ខ្ញុំដឹងថា ព្រះវរបិតាសួគ៌របស់យើងពុំទុកយើងចោល ឬបោះបង់យើងឡើយ ។ ហើយប្រសិនបើយើងចង់ទទួលបានពរជ័យពីព្រះ យើងពុំត្រូវទុកទ្រង់ចោល ឬបោះបង់ទ្រង់ឡើយ ។