២០១៨
អង្គុយ​ក្នុង​ក្រុម​ប្រឹក្សា
January 2018


អង្គុយ​ក្នុង ក្រុម​ប្រឹក្សា

នាំ​ឥទ្ធិពល​កាន់តែ​ប្រសើរ​ឡើង​ទៅកាន់​ការប្រជុំ​ថ្នាក់​បព្វជិតភាព​មិលគីស្សាដែក និង​ថ្នាក់​សមាគម​សង្គ្រោះ

man in priesthood quorum council meeting

អារម្ភកថា​ដោយ​អែលឌើរ អិម រ័សល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

អំឡុងពេល​នៃ​ការបម្រើ​ជា​សាវក​របស់​ខ្ញុំ ​ខ្ញុំ​បាន​សង្កត់​ធ្ងន់​លើ​ឥទ្ធិពល និង​សារៈសំខាន់​នៃ​ក្រុម​ប្រឹក្សា​សាសនាចក្រ​ជា​ទៀងទាត់ រួមមាន​ក្រុមប្រឹក្សា​ស្ដេក វួដ អង្គការ​ជំនួយ​និង​ក្រុមប្រឹក្សា​គ្រួសារ ។ ខ្ញុំ​ជឿ​ថា ការធ្វើការ​តាមរយៈ​ក្រុមប្រឹក្សា​គឺ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត ដើម្បី​ទទួល​បាន​លទ្ធផល​ពិត​ប្រាកដ ។

ខែ​នេះ យើង​អនុវត្ត​ការផ្លាស់ប្តូរ​មួយ​ចំនួន​ដែល​សាមញ្ញ ប៉ុន្តែ​មាន​សារៈ​សំខាន់​នៅក្នុង​កម្មវិធី​សិក្សា ដែល​សមាជិក​ក្នុង​ថ្នាក់​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក និង ថ្នាក់​សមាគម​សង្គ្រោះ​សិក្សា ពេល​ពួកគេ​ជួបជុំ​គ្នា​នៅក្នុង​អង្គការ​របស់​ពួកគេ​រៀងៗ​ខ្លួន​រៀងរាល់​សប្តាហ៍ ។ ក្រៅពី​ការសិក្សា​ប្រសាសន៍​របស់​ពួក​ព្យាការី​នៅរស់​មក​ពី​សន្និសីទ​ទូទៅ​ថ្មីៗ​បំផុត​នេះ យើង​ក៏​នឹង « អង្គុយ​ក្នុង​ក្រុមប្រឹក្សា » ( គ. និង ស. ១០៧:៨៩ ) រួម​គ្នា ដើម្បី​ពិភាក្សា​បញ្ហា​នានា​ដែល​យើង​ជួប​ប្រទះ និង​តម្រូវការ​ដែល​យើង​មាន ។

ពេល​យើង​រៀន​ប្រឹក្សា​រួម​គ្នា​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព នោះ​ព្រះ​នឹង​ប្រទាន​ពរ​ឲ្យ​យើង​មាន​វិវរណៈ និង​ការយល់​ដឹង​កាន់តែ​ច្រើន​ឡើង ព្រមទាំង​មាន​ឥទ្ធិពល​កាន់តែ​ប្រសើរ​ឡើង​ក្នុងការ​សម្រេច​កិច្ចការ​របស់​ទ្រង់ ។

ពីមុន​ពិភពលោក​នេះ​បាន​បង្កើត​ឡើង ព្រះវរបិតា​សួគ៌ បាន​សម្រេច​កិច្ចការ​របស់​ទ្រង់​តាមរយៈ​ក្រុម​ប្រឹក្សា ( សូមមើល គ. និង ស. ១២១:៣២ ) ។ ចាប់ផ្តើម​ជាមួយ​នឹង អ័ដាម និង អេវ៉ា រាស្ត្រ​របស់​ព្រះ​បាន​ស្វែងរក​ការទូន្មាន​របស់​ទ្រង់​នៅក្នុង​ក្រុម​ប្រឹក្សា ។ ប្រាកដ​ណាស់ ព្រះ​បាន​ហៅ​ព្រះនាម​ទ្រង់​ថា​ជា « មនុស្ស​នៃ​ដំបូន្មាន » ( ម៉ូសេ ៧:៣៥ ) ។ ពេល​គ្រា​កាន់កាប់​ត្រួតត្រា​នេះ​ទើប​នឹង​ចាប់ផ្តើម យ៉ូសែប ស៊្មីធ បាន​ចាប់ផ្តើម​ស្តារ​ឡើង​វិញ​នូវ « របៀប​រៀបរយ​នៃ​ក្រុមប្រឹក្សា​នៅក្នុង​ជំនាន់​បុរាណ » ។ សព្វ​ថ្ងៃ​នេះ សាសនាចក្រ​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមប្រឹក្សា​ក្នុង​គ្រប់​កម្រិត​ទាំងអស់ ។

នៅ​ប៉ុន្មាន​ខែ​នេះ ថ្នាក់​ដឹកនាំ​ទូទៅ​នៃ​សាសនាចក្រ​បាន​ប្រឹក្សា​រួមគ្នា​អំពី​ការពង្រឹង​ដល់​ការប្រជុំ​នា​ថ្ងៃ​អាទិត្យ​ក្នុង​ថ្នាក់​បព្វជិតភាព​មិលគីស្សាដែក និង ថ្នាក់​សមាគម​សង្រ្គោះ ។ ជា​លទ្ធផល​គឺ​មាន​នូវ​កម្មវិធី​សិក្សា​ថ្មី​ដែល​មាន​ចំណង​ជើង​ថា ចូរ​មក​តាម​ខ្ញុំ — សម្រាប់ថ្នាក់បព្វជិតភាពមិលគីស្សាដែក និង​ថ្នាក់​សមាគម​សង្គ្រោះ ដែល​បង្កើន​ការប្រើប្រាស់​ទៅលើ​សារលិខិត​សន្និសីទ​ទូទៅ និង​ពង្រីក​ឥទ្ធិពល​នៃ​ការប្រឹក្សា​នៅក្នុង​កូរ៉ុម​បព្វជិតភាព និង​ថ្នាក់​សមាគម​សង្គ្រោះ​របស់​យើង ។

អែលឌើរ គ្រីស្ទូហ្វែល ហ្គូលឌិន ក្នុង​ពួកចិត​នាក់ ដែល​បាន​ជួយ​ដឹកនាំ​ការផ្លាស់ប្តូរ​នេះ​ផ្ទាល់​បាន​មាន​ប្រសាសន៍​ថា « យើង​បាន​មក​ដល់​ត្រឹម​នេះ គឺ​យើង​បាន​ធ្វើ​ល្អ​យ៉ាង​ខ្លាំង ។ ប៉ុន្តែ​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​យើង​បន្ត​ឆ្ពោះ​ទៅមុខ​ទៀត ។ ការរីកចម្រើន​នឹង​កើត​មាន​ឡើង ដែល​ជា​លទ្ធផល​កើត​មក​ពី​ការផ្លាស់ប្តូរ​នេះ ក្នុង​ការសិក្សា​ប្រសាសន៍​របស់​ពួកព្យាការី​ដែល​នៅរស់ និង​ការអង្គុយ​ក្នុង​ក្រុមប្រឹក្សា » ។

ថ្មីៗ​នេះ គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ និង​សមាជិក​នៃ​ពួក​ចិតសិប​នាក់​បាន​ជួប​គ្នា​នៅក្នុង​ក្រុមប្រឹក្សា ដើម្បី​ពិភាក្សា​អំពី​របៀប​ដែល​ការប្រឹក្សា​គ្នា​អញ្ជើញ​ឲ្យ​មាន​វិវរណៈ បង្កើន​ភាពសាមគ្គី និង​នាំឲ្យកើត​មាន​អំណាច ។ ដោយ​ដឹង​ថា អ្នក​នឹង​ស្ថាបនា​លើ​យោបល់​ទាំងនេះ ពេល​អ្នក​ស្វែងរក​ដំណោះ​ស្រាយ​ដែល​ត្រឹមត្រូវ​សម្រាប់​អ្នក វួដ ឬ​សាខា និង​កូរ៉ុម ឬ​សមាគម​សង្គ្រោះ​របស់​អ្នក នោះ​ពួកលោក​បាន​ផ្តល់​គោលការណ៍​ដូចត​ទៅ​នេះ ។

អំណាច​នៅក្នុង​គោលបំណង

« ដរាបណា​អ្នក​រាល់​គ្នា​ជួបជុំ​គ្នា … ហើយ​ព្រម​ព្រៀង​គ្នា​ពី​ការណ៍​មួយ​នេះ ហើយ​បាន​សូម​ដល់​ព្រះ​វរបិតា ដោយ​នូវ​ព្រះ​នាម​យើង នោះ​ឈ្មោះ​ថា​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល​ហើយ ( គ. និង ស. ៤២:៣ ) ។

ក្រុមប្រឹក្សា​ផ្តល់​ជា​មធ្យោបាយ​មួយ​ដែល​យើង « ប្រមូលផ្តុំ​គ្នា​ស្វែងរក​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់ » ។ ម្យ៉ាងវិញ​ទៀត វា​ពុំ​គ្រប់គ្រាន់​ទេ​ដោយ​គ្រាន់តែ​ចែកចាយ​យោបល់​នោះ តាមរយៈ​ការប្រឹក្សា​រួមគ្នា នោះ​យើង​អញ្ជើញ​ឲ្យ​មាន​វិវរណៈ ដូច្នេះ​យើង​អាច​បង្រៀន​នូវ​អ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ នៅក្នុង​ដំណោះស្រាយ​របស់​យើង ។ យើង​នឹង​មាន​ភាពជោគជ័យ​កាន់តែ​ច្រើន​ឡើង​ក្នុងការ​មាន​បទពិសោធន៍​នៃ​វិវរណៈ​បែប​នោះ ពេល​យើង​ចងចាំ​អំពី​យោបល់​ដូចតទៅ​នេះ ៖

១. ផ្តោត​ចិត្ត​ទុក​ដាក់ — ចាប់ផ្ដើម​ជាមួយ​នឹង​បញ្ហា ឬ​តម្រូវការ​ជាក់លាក់​ដែល​ប្រកប​ដោយ​អត្ថន័យ​ណា​មួយ ។ ការផ្តោត​ចិត្ត​ទុកដាក់​លើ​បញ្ហា ឬ​តម្រូវការ​មួយ បង្កើន​សមត្ថភាព​យើង​ក្នុងការ​ធ្វើ​ឲ្យ​មាន​ការរីកចម្រើន​ប្រកប​ដោយ​អត្ថន័យ ។ ការផ្តោត​ចិត្ត​ទុកដាក់​ជួយ​យើង​ឲ្យ​មើល​ហួស​ពី​អ្វីៗ​ដែល​យើង​អាច​មើល​ឃើញ ( អ្វី ដែល​កំពុង​កើត​ឡើង ) ហើយ​ស្វែងរក​ការយល់ដឹង​អំពី​ឫស​គល់​នៃ​មូលហេតុ ( មូលហេតុ និង​របៀប​ដែល​រឿង​ទាំង​នោះ​ប៉ះពាល់​ដល់​មនុស្ស ) ។ ឧទាហរណ៍ យើង​អាច​ពិភាក្សា​គ្នា​អំពី​របៀប​ផ្តល់​ប្រឹក្សា និង​ភ្ជាប់​ពួក​យុវវ័យ​ជាមួយ​នឹង​ស្ថានសួគ៌ ជាជាង​ពិភាក្សា​គ្នា​អំពី​ពេលវេលា​ដែល​ពួកយុវវ័យ​ចំណាយ​ពេល​មើល​ឧបករណ៍​អេឡិចត្រូនិច​របស់​ពួកគេ ។

២. ទស្សនវិស័យ — ព្រាង​បញ្ហា និង​តម្រូវការ​នោះ​ឲ្យ​ទៅ​ជា​សំណួរ ។ ប្រធានបទជាសំណួរដែលមានប្រយោជន៍អាច​ផ្តល់​ជា​ការយល់ដឹង​ខាង​គោលលទ្ធិ ។ យើង​អាច​សួរ​ថា « តើ​យើង​អាច​ដោះស្រាយស្ថានភាពនោះ​ក្នុង​របៀប​មួយ​ដែល​ផ្តល់​ជា​ប្រយោជន៍ និង​ស្រុះស្រួល​គ្នា​ដោយ​របៀប​ណា ? » ឬ « តើ​មាន​គោលលទ្ធិ​អ្វី ប្រសិន​បើ​យើង​យល់​បាន​ប្រសើរ ដែល​នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ ? »

៣. អំណាច — ស្វែងរក​វិវរណៈ ។ អំឡុងពេល​ក្រុមប្រឹក្សា​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ គោលបំណង​ក្រុមប្រឹក្សា​គឺ​ត្រូវ​ស្វែងរក​ព្រះទ័យ​របស់​ព្រះ គឺពុំ​គ្រាន់តែ​សរសេរ​នូវ​ការអនុវត្ត​ដ៏​ល្អ​បំផុត​ទាំងនោះ ឬ​និយាយ​ថា « នេះ​ជា​របៀប​ដែល​យើង​បាន​ធ្វើ​នៅក្នុង​វួដ​ចាស់​របស់​ខ្ញុំ » ឡើយ ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន យើង​ពុំ​ត្រូវការ​ការប្រជុំ​ទេ គឺ​យើង​ត្រូវការ​បទពិសោធន៍​ដែល​ប្រកប​ដោយ​វិវរណៈ ។ ការប្រឹក្សា​រួមគ្នា​បើក​សម្តែង​នូវ​ដំណោះ​ស្រាយ​ប្រកប​ដោយ​ឥទ្ធិពល ដែល​នាំ​ទៅរក​ការធ្វើ​សកម្មភាព ។

អំណាច​នៅក្នុង​ការចូលរួម

« តាំង​គ្រូបង្រៀន​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ចូរ​កុំឲ្យ​ទាំងអស់​គ្នា​និយាយ​ព្រម​គ្នា​ឡើយ ប៉ុន្តែ​ចូរ​និយាយ​ម្នាក់​ម្ដង ហើយ​ចូរ​ឲ្យ​ទាំងអស់​គ្នា​ស្ដាប់​ពាក្យ​សម្ដី​របស់​អ្នក​នោះ ប្រយោជន៍​កាលណា​ទាំង​អស់​គ្នា​និយាយ នោះ​ទើប​ឲ្យ​ទាំង​អស់​បាន​ស្អាងឡើង​ទាំងអស់គ្នា ហើយ​ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់រូប​អាច​បាន​សិទ្ធិ​ស្មើគ្នា » ( គ. និង ស. ៨៨:១២២ ) ។

នៅក្នុង​ក្រុមប្រឹក្សា ចំណាប់​អារម្មណ៍​របស់​បុគ្គល​ម្នាក់ៗ និង​អង្គការ — វួដ ឬ សាខា — កើត​ឡើង​រួមគ្នា​ក្នុង​របៀប​មួយ​ដ៏​អស្ចារ្យ ជាពិសេស​ប្រសិនបើ​ពួក​អ្នកចូលរួម​យល់​អំពី​ចំណុច​ដូច​តទៅ​នេះ ៖

១. សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​មាន​តួនាទី​សំខាន់ ។ សមាជិក​ក្នុង​ក្រុមប្រឹក្សា​គប្បី​ចូលរួម​យ៉ាង​សកម្ម ប៉ុន្តែ​កុំ​និយាយ​ច្រើន​តែ​ឯង​នៅក្នុង​ក្រុមប្រឹក្សា​ឡើយ ។ ដូច ប៉ុល បាន​បង្រៀន​ថា ៖ « ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ទេ ឬ​ក្បាល​និយាយ​ទៅ​ជើង​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ដែរ​នោះ​ឡើយ ។ ប៉ុន្តែ អស់​ទាំង​អវយវៈ​ក្នុង​រូបកាយ ដែល​មើល​ទៅ​ដូច​ជា​ខ្សោយ​ជាង​គេ នោះ​មាន​ប្រយោជន៍​ជា​ជាង​វិញ » ( កូរិនថូសទី ១ ១២:២១–២២ ) ។

២. សមាជិក​ក្នុង​ក្រុមប្រឹក្សា​ព្យាយាម​បន្ថែម​នូវ​ពន្លឺ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា « ពីមុន​បុគ្គល​ម្នាក់ៗ​បដិសេធ​អ្វី​ដែល​បាន​លើក​យក​មក​ពិភាក្សា​ដោយ​ក្រុមប្រឹក្សា​សម្រាប់​ពិចារណា បុគ្គល​នោះ​គួរតែ​ប្រាកដ​ថា គាត់​អាច​ផ្តល់​ជា​ពន្លឺ​ទៅលើ​ប្រធានបទ​នោះ ជាជាង​ចែកចាយ​ភាពអាប់អួរ នោះ​ការបដិសេធ​គាត់​នឹង​ត្រូវចាត់ទុក​ថា​នៅក្នុង​ភាពសុចរិត » ។

៣. សមាជិក​ក្នុង​ក្រុម​ប្រឹក្សា​ព្យាយាម​មាន​ភាពសាមគ្គី ។ ទោះបី​មាន​ទស្សន​ខុសៗ​គ្នា​ក្តី សមាជិក​ក្រុម​ប្រឹក្សា​រួម​សាមគ្គី​គ្នា​ក្នុង​ការព្យាយាម​ដើម្បី « ទទួល​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ » ។ មាន​គ្រា​មួយ យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​អំឡុង​ពេល​ក្រុមប្រឹក្សា​មួយ​ថា « ដើម្បី​ទទួល​វិវរណៈ និង​ពរជ័យ​នៃ​ស្ថានសួគ៌ វា​ជា​ការចាំបាច់​ត្រូវ​ថ្វាយ​ដួងចិត្ត​យើង​ទៅលើ​ព្រះ ហើយ​អនុវត្ត​សេចក្តីជំនឿ ព្រមទាំង​មាន​ចិត្ត​តែ​មួយ និង​គំនិត​តែ​មួយ » ។

Relief Society council meeting

អំណាច​នៅក្នុង​ផែនការ​ធ្វើ​សកម្មភាព

« មនុស្ស​គ្រប់​រូប​អាច​ប្រព្រឹត្ត​នូវ​គោល​លទ្ធិ និង​គោលការណ៍ ដែល​ទាក់​ទង​ទៅ​នឹង​ពេល​ខាង​មុខ​តាម​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ដែល​យើង​បាន​ប្រទាន​ដល់​គេ » ( គ. និង ស. ១០១:៧៨ ) ។

ប្រសិនបើ​គ្មាន​ផែនការ​ធ្វើ​សកម្មភាព​ទៅលើ​វិវរណៈ​ដែល​បាន​ទទួល​ទេ នោះ​ក្រុម​ប្រឹក្សា​មិន​មាន​លក្ខណៈ​ពេញលេញ​ជា​ក្រុមប្រឹក្សា​ឡើយ ។ អ្នក​ចូលរួម​ក្នុង​ក្រុម​ប្រឹក្សា​គប្បី​ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើ​ការតាំងចិត្ត​ជាក់លាក់​នានា ដែល​ពួកគេ​នឹង​អនុវត្ត​តាម ។ ស៊ិស្ទើរ ជីន ប៊ី ប៊ីងហាំ ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​មាន​ប្រសាសន៍​ថា « នៅ​ពេល​ការប្រជុំ​ក្រុម​ប្រឹក្សា​ចប់ អ្នក​ត្រូវតែ​មាន​ការចាត់តាំង ។ កិច្ចការ​ដ៏​សំខាន់​បំផុត​គឺ​កើត​មាន​ឡើង​នៅ​ក្រៅ​ការ​ប្រជុំ » ។

ថ្នាក់ដឹកនាំ​ណែនាំ​ក្រុមប្រឹក្សា​ឲ្យ​ទៅ​ឆ្ពោះ​ទៅរក​ការយល់​ដឹង និង​ការឯកភាព​គ្នា ។ បន្ទាប់​មក គាត់​នាំ​មុខ​គេ​ក្នុង​ការធ្វើការ​ចាត់តាំង និង​កត់ត្រា​ការចាត់តាំង​នោះ ដើម្បី​តាមដាន​នៅពេល​ក្រោយ ។ ស៊ិស្ទើរ សារ៉ុន អ៊ូប៊ែង ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈ​ប្រធាន​សមាគម​សង្គ្រោះទូទៅ​បន្ថែម​ថា ៖ « អំណាច​គឺ​នៅក្នុង​ពួកយើង ។ ពេល​យើង​ភ្ជាប់​ខ្លួន​យើង​ដើម្បី​ប្រព្រឹត្ត នោះ​ព្រះអម្ចាស់​នឹង​ញែក​ការខិតខំ​របស់​យើងជា​បរិសុទ្ធ ( សូមមើល គ. និង ស. ៤៣:៩ ) ។ ការស្ម័គ្រ​ចិត្ត និង​ការរាយការណ៍​ត្រឡប់​មក​វិញ​អំពី​ការចាត់តាំង​គឺ​ជា​ខ្លឹម​ដ៏​សំខាន់​នៃ​សកម្មភាព​របស់​សេចក្តីសញ្ញា » ។

តួនាទី​របស់​ថ្នាក់​ដឹកនាំ

« អ្នក​ផ្សាយ​សាសនា​មិន​ប្រសើរ​ជាង​អ្នក​ស្ដាប់​ទេ ឯ​គ្រូបង្រៀន​ក៏​មិន​ប្រសើរ​ជាង​អ្នក​រៀន​ដែរ ម៉្លោះហើយ ពួក​គេ​ស្មើ​គ្នា​ទាំង​អស់ » ( អាលម៉ា ១:២៦ ) ។

ដើម្បី​ធ្វើ​ឲ្យ​ក្រុមប្រឹក្សា​យើង​បាន​ប្រសើរ​ឡើង យើង​ត្រូវ​ចៀសវាង​ពី​គំនិត​ខាង​លោកិយ​ស្តីពី​ភាពជា​អ្នក​ដឹកនាំ ។ នៅក្នុង​នគរ​របស់​ព្រះ​ថ្នាក់​ដឹកនាំ​គឺ​ជា « បាវ​ដល់​អ្នក​ទាំង​អស់​វិញ » ( ម៉ាកុស ១០:៤៤ ) ។ ស្រដៀង​គ្នា​នេះ​ដែរ អ្នក​ដឹកនាំ​ក្រុមប្រឹក្សា ទោះបីជា​អ្នក​មាន​សិទ្ធិ​អំណាច​ជា​អធិបតី ឬ​ជា​គ្រូបង្រៀន​ក្តី សូម​ផ្តល់​ការផ្តោត​ចិត្ត​ទៅលើ​គោលដៅ​ជាជាង​ផ្តោតចិត្ត​ទៅ​លើ​ចំណុច​ណា​មួយ ។ ពួកគាត់​ត្រូវ​ចៀសវាង​និយាយ​ច្រើន​តែ​ឯង ឬ​ធ្វើការ​សម្រេច​ចិត្ត​ពីមុន​ស្តាប់​ក្រុមប្រឹក្សា ។

អ្នក​ដឹកនាំ​ក្រុមប្រឹក្សា​មាន​តួនាទី​សំខាន់​នៅក្នុង​ការលើកបង្ហាញ​អំពី​គោលបំណង សម្របសម្រួល​ការពិភាក្សា ហើយ​អញ្ជើញ​អ្នក​ចូលរួម​ឲ្យ​តាំងចិត្ត​ធ្វើ​សកម្មភាព​នោះ ។ ក្រុមប្រឹក្សា​ដំណើរការ​កាន់តែ​ប្រសើរ​ឡើង ពេល​អ្នក​ដឹកនាំ​ក្រុមប្រឹក្សា​ស្តាប់ ដឹកនាំ អញ្ជើញ ការពារ និង​ធ្វើ​ការបញ្ជាក់ ។

១. ស្តាប់ ។ អ្នកដឹកនាំ​ល្អ​ស្តាប់​អ្នក​និយាយ និង​ស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អែលឌើរ បែដណា មាន​ប្រសាសន៍​ថា « ខ្ញុំ​ជឿ​ថា​អំណោយ​ទាន​នៃ​ការញែក​ឲ្យ​ដឹង​ដំណើរការ​កាន់តែ​មាន​ប្រសិទ្ធភាព​ឡើង នៅពេល​យើង​ស្តាប់ ផ្ទុយ​ទៅវិញ​វា​មិន​ដំណើរការ​ឡើយ​ពេល​យើង​កំពុងតែ​និយាយ​នោះ » ។​

២. ដឹកនាំ ។ អ្នកដឹកនាំ​ក្រុមប្រឹក្សា​ដឹកនាំ​ការសន្ទនា ដែល​ធ្វើ​ឲ្យកើត​មាន​យោបល់​ឡើង ។ បើ​ចាំបាច់ អ្នកដឹកនាំ​ត្រូវ​លើក​បង្ហាញ​នូវ​ការពិភាក្សា​ឡើង​វិញ ឬ​ដឹកនាំការពិភាក្សា​នោះ​ដោយ​ក្តីស្រឡាញ់​ឡើង​វិញ ។

៣. អញ្ជើញ ។ ព្រះអម្ចាស់​ចាត់​ឲ្យ​មាន​វិវរណៈ​នៅក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា ។ ការអញ្ជើញ​មនុស្ស​គ្រប់​គ្នា — រួម​ទាំង​អ្នក​ដែល​មាន​ចិត្ត​ស្ទាក់ស្ទើរ — ឲ្យ​ផ្តល់​យោបល់ បង្កើន​សក្តានុពល​នៃ​ការរៀនសូត្រ​អំពី​ព្រះ​ទ័យ​របស់​ព្រះអម្ចាស់ ។

៤. ការពារ ។ អ្នក​ដឹកនាំ​ក្រុមប្រឹក្សា​បង្កើត​បរិយាកាស​ឲ្យ​មាន​ការចែកចាយ​ដោយ​សុវត្ថិភាព និង​សមរម្យ តាមរយៈ​ការខ្វល់ខ្វាយ​ដល់​អស់​អ្នក​ដែល​ចែកចាយ និង​ការការពារ​ទាស់​នឹង​ការរិះគន់ និង​ការវិនិច្ឆ័យ ។ ប្រធាន​បទ​ដែល​ពិបាក​ដោះស្រាយ​តម្រូវ​ឲ្យ​មាន​ការណែនាំ​ដោយ​ប្រុងប្រយ័ត្ន ។ បញ្ហា​នានា​ដែល​សម្ងាត់​នោះ​ក៏​ដូច្នោះ​ផងដែរ ។

៥. ធ្វើ​ការបញ្ជាក់ ។ ពេល​អ្នក​ចូលរួម​ចែកចាយ​គំនិត និង​យោបល់​នានា អ្នក​ដឹកនាំ​បញ្ជាក់​អំពី​ការផ្តល់​យោបល់​នានា ដោយ​ថ្លែង​អំណរ​គុណ ហើយ​ភ្ជាប់​យោបល់​ដែល​ទាក់ទង​គ្នា ។ ការបញ្ជាក់​នេះ​ជួយ​ឲ្យ​អ្នក​ចូលរួម​មាន​អារម្មណ៍​ថា ពួកគេ​រួម​ចំណែក​ក្នុង​ដំណើរការ​វិវរណៈ ហើយ​ធ្វើ​ឲ្យ​ពួកគេ​មាន​ការអះអាង​ថា យោបល់​របស់​ពួកគេ​គឺ​មាន​ប្រយោជន៍ ។

កម្មវិធីសិក្សា​ថ្មី ការតាំងចិត្ត​ថ្មី

ជាមួយ​នឹង​ឆ្នាំ​ថ្មី និង​កម្មវិធី​សិក្សា​ថ្មី​នេះ ធ្វើ​ឲ្យ​មាន​ការតាំងចិត្ត​ថ្មី​ក្នុង​ជំនាន់​នេះ ។ ពួក​យើង​មាន​ពរ​ដោយសារ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ ។ វា​ជា​ការទទួលខុសត្រូវ និង​ឯកសិទ្ធិ​របស់​យើង ក្នុងការ​ស្វែងរក​ការណែនាំ​របស់​ទ្រង់ និង​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។ ចាប់​ពី​ពេល​នេះ​តទៅ​មុខ នៅក្នុង​ការប្រជុំ​ថ្ងៃ​អាទិត្យ​នៅ​ថ្នាក់​បព្វជិតភាព​មិលគីស្សាដែក និង ថ្នាក់​សមាគម​សង្រ្គោះ គឺ​ពុំ​មែន​គ្រាន់តែ​មាន​មេរៀន​ដែល​បង្រៀន​អំពី​កិច្ចការ​តែ​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅវិញ​យើង « អង្គុយ​នៅក្នុង​ក្រុមប្រឹក្សា » ហើយ​ជំរុញ​ឲ្យ​មាន​សកម្មភាព​សុចរិត — សកម្មភាព​ដែល​នឹង « រុញ​ច្រាន​មនុស្ស​ជា​ច្រើន​ទៅ​ក្រុង​ស៊ីយ៉ូន ដោយ​សារ​ចម្រៀង​ទាំង​ឡាយ​អំពី​សេចក្ដី​អំណរ​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច » ( គ. និង ស. ៦៦:១១ ) ។

កំណត់​ចំណាំ

  1. យ៉ូសែប ស៊្មីធ នៅក្នុង « Minutes, 17 February 1834 » josephsmithpapers.org ។

  2. ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ( ឆ្នាំ ២០១០ ) ចំណុច ២.៤.៤ ។

  3. សូមមើល ដេវីឌ អេ បែដណា « Panel Discussion » ( ការ​បំពាក់បំប៉ន​ថ្នាក់​ដឹកនាំ​ទូទាំង​ពិភពលោក ខែ វិច្ឆិកា ឆ្នាំ ២០១០ ) broadcasts.lds.org ។

  4. Teachings of the Prophet Joseph Smith ជ្រើសរើស​ចេញ​ពី យ៉ូសែប ហ្វីលឌិង ស៊្មីធ ( ឆ្នាំ ១៩៧៦ ) ទំព័រ ៩៤ ។

  5. ក្បួន​ខ្នាត​ភាគ ២ ចំណុច ៣.៣.២ ។

  6. យ៉ូសែប ស៊្មីធ នៅក្នុង « Minutes 27–28 December 1832 » ទំព័រ ៣ josephsmithpapers.org ។

  7. ដាវីឌ អេ បែដណា « Panel Discussion » ។