ទីកន្លែងរបស់យើង
ខ្ញុំអនុវត្តសេចក្តីជំនឿរបស់ខ្ញុំ
ការប្រកួតកីឡាវាយពីងពុងជាមួយមិត្តរបស់ខ្ញុំ អើហ្វ្រី បានរំខានដោយមានគេគោះទ្វារផ្ទះគាត់បីដង ។ ខ្ញុំបានស្តាប់ឮសំឡេងមនុស្សពុំស្គាល់ដែលមានតុងចម្លែកនិយាយភាសា ហ៊ីលីអូដែលជាភាសាជាតិរបស់យើង ។
អើហ្វ្រីបានប្រញាប់រត់ទៅមាត់ទ្វារ ដោយបង្ហាញកាយវិការថារំពឹងនឹងជួបពួកគេ ។ គាត់បាននិយាយមកកាន់ខ្ញុំថា « សូមមកទីនេះ ! ខ្ញុំចង់ឲ្យឯងជួបមិត្តរបស់ខ្ញុំ ! »
ពួកគេពាក់អាវ-ស និងមានក្រវ៉ាត់ក ព្រមទាំងមកបង្រៀនប្អូនប្រុសរបស់ អើហ្វ្រីដើម្បីរៀបចំគាត់សម្រាប់បុណ្យជ្រមុជទឹក ។ ខ្ញុំបាននិយាយជាមួយពួកគេជាភាសាអង់គ្លេស ហើយពួកគេបានបង្ហាញការកោតសរសើរអំពីភាសាអង់គ្លេសខ្ញុំ ហើយសូមប្រសិនបើខ្ញុំអាចជួយបកប្រែអំឡុងពេលពួកគេពិភាក្សាជាមួយប្អូនប្រុសរបស់អើហ្វ្រី ។
ខ្ញុំបានគិតថា តួនាទីរបស់ខ្ញុំគ្រាន់តែធ្វើជាអ្នកបកប្រែអកម្មប៉ុណ្ណោះ ។ ប៉ុន្តែខ្ញុំបានប្រែជាអ្នកចូលរួមយ៉ាងសកម្មពេលពាក្យពេចន៍របស់ពួកគេបានចាក់ឫសក្នុងដួងចិត្តរបស់ខ្ញុំ ។ ខ្ញុំមានអារម្មណ៍មួយដែលពុំអាចពន្យល់បាន ជាអារម្មណ៍សប្បាយរីករាយដែលនៅតែមាននៅឡើយ ដែលខ្ញុំពុំធ្លាប់មានពីមុនឡើយ ។
បន្ទាប់ពីបទពិសោធន៍នោះមក ខ្ញុំបានសូមឲ្យពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀនដំណឹងល្អដល់គ្រួសាររបស់ខ្ញុំ ។ ប៉ុន្តែពេលពួកគេមកផ្ទះខ្ញុំ ឪពុកម្ដាយរបស់ខ្ញុំបានសម្រេចចិត្តយ៉ាងមុតមាំថា ពួកមរមនពុំត្រូវមានកន្លែងនៅក្នុងគ្រួសារយើងឡើយ ។
ខ្ញុំចង់ធ្វើបុណ្យជ្រមុជទឹក ដូច្នេះខ្ញុំបានអនុវត្តសេចក្តីជំនឿរបស់ខ្ញុំ ។ ខ្ញុំបានតមអាហារ និងអធិស្ឋាន ។ ខ្ញុំព្យាយាមធ្វើជាគំរូដល់ពួកគាត់ ។
ពីរឆ្នាំក្រោយមក តាមរយៈសេចក្តីជំនឿដ៏សាមញ្ញរបស់ខ្ញុំផ្ទាល់ និងសេចក្តីស្រឡាញ់ដែលជ្រោមជ្រែងមកពីព្រះវរបិតាសួគ៌ នៅទីបំផុតដួងចិត្តរបស់ឪពុកខ្ញុំត្រូវបានបន្ទន់ ហើយគាត់បានចុះហត្ថលេខាលើប័ណ្ណយល់ព្រមទទួលបុណ្យជ្រមុជទឹករបស់ខ្ញុំ ។ ខ្ញុំរីករាយក្នុងការនិយាយថា ទីបន្ទាល់របស់ខ្ញុំអំពីដំណឹងល្អដែលបានស្តារឡើងវិញ គឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់ខ្ញុំ ។
អ័រណែល អិម ណេហ្គ្រូស អុកស៊ីឌិនថល ប្រទេសហ្វីលីពីន
ចេញពីថ្នាក់បឋមសិក្សាទៅថ្នាក់យុវនារី
ខ្ញុំឃើញថា វាមានការលំបាកជានិច្ចក្នុងការសម្របខ្លួនទៅនឹងស្ថានភាពថ្មី ។ នោះជាមូលហេតុដែលខ្ញុំមានការបារម្ភក្នុងការចេញពីថ្នាក់បឋមសិក្សា ហើយចាប់ផ្តើមក្នុងថ្នាក់យុវនារី ។ ពេលដំបូងកម្មវិធីសិក្សាចម្លែកចំពោះខ្ញុំណាស់ ។ ថ្នាក់យុវនារីពិតជាមានបរិយាកាសផ្សេងពីថ្នាក់បឋមសិក្សាទាំងស្រុង — គ្មានម៉ោងច្រៀង គ្មានពេលវេលាចែកចាយឡើយ ។ យើងក៏មានកម្មវិធីម៉្ញូតឆលនៅអំឡុងសប្ដាហ៍ផងដែរ ។
ខ្ញុំគ្រាន់តែសម្របខ្លួនឲ្យត្រូវនឹងថ្នាក់នោះ ហើយមានអារម្មណ៍សុខស្រួល ដូច្នេះខ្ញុំបានសម្រេចចិត្តអនុវត្តតាមកម្មវិធីសិក្សាថ្មីនោះ ។ ខ្ញុំបានអធិស្ឋានច្រើន ហើយខ្ញុំបានចាប់ផ្តើមសម្របខ្លួនទៅនឹងទម្លាប់ថ្មី និងបង្កើតទំនាក់ទំនងជាមួយយុវនារីផ្សេងទៀត ។
ជាច្រើនសប្តាហ៍បានកន្លងទៅ ខ្ញុំបានចាប់ផ្តើមដឹងពីមូលហេតុដែលខ្ញុំត្រូវចូលរួមក្នុងកម្មវិធីសិក្សាថ្នាក់យុវនារី ។ ខ្ញុំបានរៀនដំណឹងល្អកាន់តែច្រើន ខ្ញុំមានឱកាសកាន់តែច្រើនក្នុងការធ្វើសេចក្តីល្អបន្តិចបន្តួចរៀងរាល់សប្តាហ៍ ហើយខ្ញុំអាចទៅព្រះវិហារបរិសុទ្ធ និងទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងដំណាក់របស់ទ្រង់ ។
ឥឡូវនេះខ្ញុំមានអំណរគុណខ្លាំងណាស់ចំពោះថ្នាក់យុវនារី ។ ខ្ញុំរីករាយដែលខ្ញុំបានសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនេះ ហើយថាព្រះវរបិតាសួគ៌របស់ខ្ញុំបានជួយខ្ញុំឲ្យធ្វើកិច្ចការនោះ ។
បែតថានី ដបុលយូ ហ្លូរីដា ស.រ.អា.
ព្រះវិញ្ញាណស្អាតស្អំ ៖ មានសារៈសំខាន់ជាងការប្រកួតប្រជែងទៅទៀត
នៅក្នុងថ្នាក់ទីប្រាំបី ខ្ញុំនៅក្នុងក្លឹបអានសៀវភៅមួយ ។ រៀងរាល់ខែ យើងបានជួបគ្នាពិភាក្សាអំពីសៀវភៅ ហើយនៅចុងឆ្នាំយើងមានការប្រកួតប្រជែងគ្នាដើម្បីដឹងថា តើក្រុមណាដឹងបានច្រើនបំផុតអំពីសៀវភៅនីមួយៗ ។ ច្បាប់មួយដែលយើងតែងតែធ្វើតាមនោះគឺអានតែសៀវភៅស្អាតស្អំប៉ុណ្ណោះ ។
នាខែមួយ ពេលខ្ញុំបានចាប់ផ្តើមអានសៀវភៅបន្ទាប់មួយទៀត ខ្ញុំមានអារម្មណ៍ថា សៀវភៅនោះមិនស្អាតសំទេ ។ ប៉ុន្តែខ្ញុំត្រូវតែអានវា ប្រសិនបើខ្ញុំចង់ឲ្យក្រុមរបស់ខ្ញុំឈ្នះការប្រកួតនោះ ។ ខ្ញុំពុំអាចធ្វើឲ្យពួកគេខកចិត្តឡើយ ។ ពេលអានបានពីរបីជំពូកមក សៀវភៅនោះកាន់តែមិនស្អាតស្អំឡើង ។ ទីបំផុត ខ្ញុំបានឈប់អានវា ។ ខ្ញុំបានដឹងថា ខ្ញុំពុំអាចអានវាបានឡើយ — ភាពស្អាតស្អំខាងវិញ្ញាណរបស់ខ្ញុំមានតម្លៃជាងការឈ្នះការប្រកួតនោះទៅទៀត ។
ប៉ុន្តែខ្ញុំបារម្ភអំពីការប្រាប់រឿងនោះដល់ក្រុមរបស់ខ្ញុំ ។។ នៅយប់មួយពីមុនការប្រជុំក្លឹបរបស់យើង ខ្ញុំបានអធិស្ឋានទៅព្រះវរបិតាសួគ៌ឲ្យជួយខ្ញុំមានភាពក្លាហានដើម្បីប្រឈមមុខនឹងពួកគេ ។
នៅថ្ងៃបន្ទាប់ខ្ញុំពិតជាមានការបារម្ភណាស់ ។ ខ្ញុំបានអង្គុយជាមួយក្រុមរបស់ខ្ញុំ ។ នៅពេលការប្រជុំចាប់ផ្តើម ខ្ញុំហៀបនឹងពន្យល់ប្រាប់ពួកគេ ខ្ញុំពុំអាចអានសៀវភៅនោះឡើយ ។ ប៉ុន្តែពីមុនខ្ញុំនិយាយនោះ ស្រាប់តែអ្នកដឹកនាំក្រុមបានក្រោកឈរឡើង ហើយធ្វើការសូមទោស ។ គាត់បានពន្យល់ថា គាត់ពុំបានអានសៀវភៅនោះពីមុនដាក់វាក្នុងបញ្ជីសៀវភៅរបស់យើងឡើយ ហើយពុំបានដឹងថា មានអ្វីនៅក្នុងនោះដែរទេ ។ គាត់បាននិយាយថា គាត់នឹងដកសៀវភៅនោះចេញពីបញ្ជី ។ ពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំបានថ្លែងអំណរគុណដល់ព្រះវរបិតាសួគ៌ ។
ខ្ញុំដឹងថា ពេលយើងធ្វើតាមបទដ្ឋានរបស់យើង ព្រះអម្ចាស់មើលថែយើង ។ ទ្រង់ពុំដោះស្រាយចំពោះស្ថានភាពទាំងនោះជានិច្ចដូចទ្រង់បានធ្វើសម្រាប់ខ្ញុំឡើយ ប៉ុន្តែទ្រង់នឹងផ្តល់ភាពក្លាហានដល់យើងជានិច្ចក្នុងការធ្វើការសម្រេចចិត្តត្រឹមត្រូវ ។
អាសលេ អេ រដ្ឋយូថាហ៍ ស.រ.អា