២០១៨
អំណោយទាន​នៃ​ការប្រែចិត្ត
January 2018


សារលិខិត​គណៈប្រធាន​ទី​មួយ

អំណោយទាន​នៃ​ការប្រែចិត្ត

Painting of Christ

រូបភាព​ដកស្រង់​មកពី Beside Still Waters ដោយ ស៊ីម៉ូន ឌីវី

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​ថា « ការទទួល​ខុស​ត្រូវ​របស់​យើង​គឺ ត្រូវ​ក្រោក​ចេញ​ពី​អសមត្ថភាព​ទៅ​កាន់​សមត្ថភាព ក្រោក​ចេញ​ពី​ភាពបរាជ័យ​ទៅ​កាន់​សមិទ្ធិផល​វិញ ។ ភារកិច្ច​របស់​យើង​គឺ​ត្រូវ​ក្លាយ​ជា​មនុស្ស​ដ៏​ល្អ​បំផុត​ចំពោះ​ខ្លួន​ឯង ។ អំណោយទាន​មួយ​ដ៏​មហិមា​បំផុត​ពី​ព្រះ​ចំពោះ​យើង​គឺ អំណរ​ក្នុង​ការព្យាយាម​សារ​ជា​ថ្មី ដ្បិតបរាជ័យនឹងត្រូវសាបសូន្យទៅ » ។

ជាញឹកញាប់ យើង​ភ្ជាប់​ព្រឹត្តិការណ៍​នៃ​ឆ្នាំ​ថ្មី​ជាមួយ​នឹង​ការតាំង​ចិត្ត និង​គោលដៅ​នានា ។ យើង​បាន​តាំង​ចិត្ត​ថា កែលម្អ​ខ្លួន ផ្លាស់ប្តូរ និង​ព្យាយាម​សារ​ជា​ថ្មី ។ ប្រហែល​របៀប​មួយ​ដ៏​សំខាន់​បំផុត ដែល​យើង​អាច​ព្យាយាម​សារ​ជា​ថ្មី​នោះ​គឺ ការទទួល​យក​នូវ​អ្វី​ដែល​ប្រធាន ម៉នសុន ហៅ​ថា « អំណោយ​ទាន​នៃ​ការប្រែចិត្ត » ។

នៅក្នុង​ការដកស្រង់​ដូច​តទៅ​នេះ​មក​ពី​ការបង្រៀន​របស់​លោក ចាប់​តាំង​ពី​លោក​បាន​ក្លាយ​ជា​ប្រធាន​សាសនា​មក ប្រធាន ម៉នសុន ទូន្មាន​យើង​ឲ្យ « អនុវត្ដ​ព្រះ​លោហិត​ដ៏​ធួន​នៃ​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​យើង​អាច​បាន​ទទួល​នូវ​ការ​អភ័យទោស​ចំពោះ​អំពើ​បាប​ទាំងឡាយ​របស់​យើង ហើយ​ដើម្បី​ឲ្យ​ចិត្ត​យើង​អាច​បាន​ជ្រះ​បរិសុទ្ធ​ផង​ចុះ » ។

អព្ភូតហេតុ​នៃ​ការអភ័យទោស

« យើង​ទាំងអស់​គ្នា​ធ្លាប់​ជ្រើសរើស​ខុស ។ ប្រសិនបើ​យើង​ពុំ​ទាន់​បាន​កែប្រែ​ជម្រើស​ទាំង​នោះ​ទេ ខ្ញុំ​អះអាង​នឹង​អ្នក​ថា មាន​របៀប​មួយ​ដើម្បី​ធ្វើ​ដូច្នោះ ។ ដំណើរការ​នោះ​ត្រូវបាន​ហៅ​ថា​ការប្រែចិត្ត ។ ខ្ញុំ​សូម​ទទូច​ឲ្យ​អ្នក​កែប្រែ​កំហុស​របស់​អ្នក ។ ព្រះអង្គសង្គ្រោះ​របស់​យើង​បាន​សុគត​ដើម្បី​ប្រទាន​ឲ្យ​អ្នក និង​ខ្ញុំ​នូវ​អំណោយទាន​ដ៏​មាន​ពរ​នោះ ។ ទោះបីជា​ផ្លូវ​នោះ​ពុំ​ងាយ​ស្រួល​ក្តី ការសន្យា​នេះ​គឺ​ពិត ៖ ‹ ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ › [ អេសាយ ១:១៨ ] ។ ‹ ហើយ​យើង​ជា​ព្រះ​អម្ចាស់​មិន​ចាំ​ពី​អំពើ​បាប​ទាំង​នោះ​ទៀត​ទេ › [ គ. និង ស. ៥៨:៤២ ] ។ ចូរ​កុំ​ដាក់​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច​របស់​អ្នក​ក្នុង​ភាព​គ្រោះ​ថ្នាក់​ឡើយ ។ ប្រសិន​បើ​អ្នក​មាន​បាប កាល​ណា​អ្នក​ត្រឡប់​មក​រក​ផ្លូវ​វិញ​កាន់តែ​ឆាប់ នោះ​អ្នក​នឹង​រក​ឃើញ​នូវ​ភាព​សុខសាន្ដ​ដ៏​ផ្អែម​ល្ហែម និង​អំណរ​ដែល​កើត​មាន​មក​ជាមួយ​នឹង​អព្ភូតហេតុ​នៃ​ការ​អភ័យទោស » ។

ត្រឡប់​ទៅ​លើ​ផ្លូវ​វិញ

« ទោះ​ជា​វា​សំខាន់​ដែល​យើង​ត្រូវ​ជ្រើសរើស​ដោយ​ឈ្លាស​វៃ​ក្ដី ពេលខ្លះ​យើង​ក៏​នឹង​ធ្វើ​ការជ្រើសរើស​ដ៏​ល្ងិតល្ងង់​ដែរ ។ អំណោយទាន​នៃ​ការប្រែចិត្ត ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ឲ្យ​យើង អាច​ធ្វើ​ឲ្យ​យើង​កែប្រែ​ជីវិត​រស់នៅ​របស់​យើង ដើម្បី​យើង​អាច​ត្រឡប់​ទៅ​កាន់​ផ្លូវ​ដែល​នឹង​ដឹកនាំ​យើង ទៅកាន់​សិរីល្អ​សេឡេស្ទាល​ដែល​យើង​ស្វែងរក​នោះ » ។

ផ្លូវ​ត្រឡប់​មក​វិញ

« ប្រសិនបើអ្នកបានជំពប់ដួលក្នុងដំណើររបស់ខ្លួន ខ្ញុំ​អះអាង​នឹង​អ្នក​ថា អ្នក​មាន​ផ្លូវ​ត្រឡប់​មក​វិញ​បាន ។ ដំណើរការ​នោះ​ត្រូវបាន​ហៅ​ថា​ការប្រែចិត្ត ។ ទោះបី​ជា​ផ្លូវ​នោះ​លំបាក​ក្តី ប៉ុន្តែ​សេចក្ដីសង្គ្រោះ​ដ៏​អស់​កល្ប​ជានិច្ច​របស់​អ្នក​អាស្រ័យ​នៅលើ​វា ។ តើ​អាច​មាន​អ្វី​ខ្លះ​ដែល​សក្ដិសម​ជាង​ការខិតខំ​របស់​អ្នក​នោះ ? ខ្ញុំ​សូម​អង្វរ​ដល់​អ្នក​ឲ្យ​តាំងចិត្ត​ទីនេះ និង​ឥឡូវ​នេះ ដើម្បី​បោះ​ជំហាន​ដែល​ចាំបាច់ ក្នុង​ការប្រែចិត្ត​ឲ្យ​ពេញលេញ ។ កាលណា​អ្នក​ធ្វើ​វា​បាន​កាន់តែ​ឆាប់ នោះ​អ្នក​នឹង​អាច​ទទួល​បទពិសោធន៍​នៃ​ភាពសុខសាន្ដ ភាពស្ងប់សុខ និង​ការអះអាង​ដែល​បាន​ថ្លែង​ដោយ​អេសាយ​កាន់តែ​ឆាប់​ផងដែរ [ សូមមើល អេសាយ ១:១៨ ] » ។

មនុស្ស​អាច​ផ្លាស់ប្តូរ​បាន

« យើង​ត្រូវ​ចាំ​ថា មនុស្ស​អាច​ផ្លាស់ប្ដូរ​បាន ។ ពួកគេ​អាច​ទម្លាក់​ចោល​ទម្លាប់​អាក្រក់ ។ ពួកគេ​អាច​ប្រែចិត្ត​ពី​ការរំលង ។ ពួកគេ​អាច​កាន់​បព្វជិតភាព​ដោយ​សក្ដិសម ។ ហើយ​ពួកគេ​អាច​បម្រើ​ព្រះអម្ចាស់​ដោយ​ឧស្សាហ៍​ព្យាយាម » ។

ប្រែ​ជា​ជ្រះ​ស្អាត​ម្តង​ទៀត

« ប្រសិនបើ​មាន​អ្វី​មួយ​ដែល​មិន​ត្រឹមត្រូវ​នៅក្នុង​ជីវិត​របស់​អ្នក នោះ​អ្នក​អាច​មាន​ផ្លូវ​ដែល​យក​ឈ្នះ​វា​បាន ។ ចូរ​បញ្ឈប់​អ្វីៗ​គ្រប់​យ៉ាង​ដែល​ឥត​សុចរិត ។ ពិភាក្សា​ជាមួយ​ប៊ីស្សព​របស់​អ្នក ។ ទោះបី​វា​ជា​បញ្ហា​អ្វី​ក៏​ដោយ វា​អាច​មាន​ដំណោះស្រាយ​បាន តាមរយៈ​ការប្រែចិត្ត​ត្រឹមត្រូវ ។ អ្នក​អាច​ប្រែ​ជា​ជ្រះស្អាត​ម្តង​ទៀត » ។

តួនាទី​ដ៏​ចាំបាច់​របស់​ព្រះអង្គ​សង្គ្រោះ

« ព្រះអង្គ​សង្គ្រោះ​របស់​យើង​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ផ្នែក​ដ៏​ចាំបាច់​នៃ​ផែនការ [ នៃ​សេចក្តីសង្គ្រោះ ] ។ បើ​គ្មាន​ពលិកម្ម​ធួន​របស់​ទ្រង់​ទេ នោះ​មនុស្ស​ទាំងអស់​នឹង​ត្រូវ​បាត់បង់ ។ ទោះជា​យ៉ាងណា​ក្តី វា​ពុំ​គ្រប់គ្រាន់​ទេ បើ​គ្រាន់តែ​ជឿ​ទៅលើ​ទ្រង់ និង​បេសកកម្ម​របស់​ទ្រង់​នោះ ។ យើង​ចាំបាច់​ត្រូវ​ធ្វើ​ការ ហើយ​រៀន ស្រាវជ្រាវ ហើយ​អធិស្ឋាន ប្រែចិត្ត ហើយ​កែលម្អ ។ យើង​ចាំបាច់​ត្រូវ​ស្គាល់​ក្រឹត្យវិន័យ​របស់​ព្រះ ហើយ​រស់នៅ​តាម​វា ។ យើង​ចាំបាច់​ត្រូវ​ទទួល​នូវ​ពិធី​បរិសុទ្ធ​សង្គ្រោះ​របស់​ទ្រង់ ។ មាន​តែ​ការធ្វើ​ដូច្នេះ​ទេ ទើប​យើង​នឹង​ទទួលបាន​សេចក្តីពិត ទទួល​បាន​សុភមង្គល​ដ៏​អស់​កល្ប​ជានិច្ច » ។

កំណត់​ចំណាំ

  1. « The Will Within » Ensign, ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ៦៨ ។

  2. « Choices » Liahona, ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៨៦ ។

  3. ម៉ូសាយ ៤:២ ។

  4. « The Three Rs of Choice » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៦៩ ។

  5. « Choices » ទំព័រ ៨៦ ។

  6. « Keep the Commandments » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៨៥ ។

  7. « See Others as They May Become » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៦៨ ។

  8. « Priesthood Power » Liahona, ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៦៧ ។

  9. « The Perfect Path to Happiness » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨០–៨១ ។