២០១៨
អ្នក​ជិតខាង​ដ៏​ចម្លែក​របស់​ខ្ញុំ
January 2018


អ្នក​ជិតខាង​ដ៏​ចម្លែក របស់​ខ្ញុំ

អ្នក​និពន្ធ​រស់​នៅ វ៉ិចតូរីយ៉ា ប្រទេស អូស្ត្រាលី ។

ខ្ញុំ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មាន​ទុក្ខ​លំបាក ប៉ុន្តែ​ការទៅ​ព្រះវិហារ​ជាមួយ​អ្នក​ជិតខាង​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរ​អ្វីៗ​គ្រប់​យ៉ាង ។

peeking over fence

រចនា​រូបភាព​ដោយ រ៉ាហ្វែល ម៉ាយ៉ានី

ពីរបី​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​បាក់ទឹក​ចិត្ត​ដោយសារ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ពុំ​ចង់​និយាយ​រក​នរណា​ម្នាក់​ឡើយ ។ គ្រួសារ​របស់​ខ្ញុំ​រស់នៅ​ឆ្ងាយ ហើយ​ខ្ញុំ​គ្មាន​មិត្តភក្តិ​ឡើយ ដូច្នេះ​ខ្ញុំ​យល់​ឃើញ​ថា​គ្មាន​ហេតុផល​នឹង​រស់នៅ​ទៀត​ឡើយ ។

ខ្ញុំ​រស់នៅ​ជាមួយ​ម្តាយ​មីង និង​ឪពុក​មា​ខ្ញុំ ហើយ​អ្វី​មួយ​ដែល​ពួកគាត់​បាន​ប្រាប់​ខ្ញុំ​កុំ​ឲ្យ​ធ្វើ​នោះ​គឺ ពុំ​ត្រូវ​និយាយ​ជាមួយ​អ្នក​ជិតខាង​យើង​ឡើយ ។ ពួកគាត់​អះអាង​ថា អ្នក​ជិតខាង​នោះ​ជា​ជន​ចម្លែក ហើយ​ពួកគាត់​បង្កើត​រឿង​ក្លែងក្លាយ​អំពី​បុរស​នោះ​ដើម្បី​បន្លាច​ខ្ញុំ ។

ប៉ុន្តែ នៅ​ថ្ងៃ​សៅរ៍​មួយ​បុរស​នោះ និង​ក្មេង​ស្រី​ជំទង់​ពីរ​នាក់​អាយុ​ដំណាល​ខ្ញុំ បាន​សូម​ជំនួយ​ពី​ខ្ញុំ​ក្នុងការ​ធ្វើ​របង ។ ខ្ញុំ​បាន​យល់​ព្រម ហើយ​ទៅ​ធ្វើការ​នោះ ។

បន្ទាប់​ពី​ការអង្កេត​មើល​ក្មេង​ស្រី​ទាំង​ពីរ​នាក់​នោះ ខ្ញុំ​បាន​ដឹង​ថា ពួកគេ​មាន​ចិត្ត​ល្អ ដូច្នេះ​ខ្ញុំ​បាន​ចាប់ផ្តើម​និយាយ​ជាមួយ​ពួកគេ ដែល​នាំ​ឆ្ពោះ​ទៅ​កាន់​ការសន្ទនា​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ខ្ញុំ​មាន​សំណួរ​ជា​ច្រើន​ដែល​ពួកគេ​បាន​ឆ្លើយ ។ ខ្ញុំ​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង ។ អ្នក​ជិត​ខាង​របស់​ខ្ញុំ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​ព្រះវិហារ​ជាមួយ​គាត់​នា​ថ្ងៃ​បន្ទាប់ ដើម្បី​ដឹង​ថា​តើ​ខ្ញុំ​ចូលចិត្ត​ព្រះវិហារ​ឬ​ទេ ។ ខ្ញុំ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មាន​ទុក្ខ​លំបាក ដូច្នេះ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​គ្មាន​អ្វី​ត្រូវ​ខាត​ឡើយ ។

ការដើរ​ឆ្លង​កាត់​ទ្វារ​ព្រះវិហារ​ទាំងនោះ​នៅ​ព្រឹក​បន្ទាប់​នោះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ត​ជាប់​ក្នុង​ចិត្ត ជា​អារម្មណ៍​ដែល​ខ្ញុំ​ពុំ​យល់ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា ព្រះវិហារ​ជា​កន្លែង​ដែល​ខ្ញុំ​ធ្លាប់​បាន​នៅ ។ ខ្ញុំ​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​អ្នក​ផ្សព្វផ្សាយ​សាសនា​នា​ព្រឹក​នោះ ហើយ​ខ្ញុំ​បាន​ឃើញ​អំពី​របៀប​ដែល​ពួកគេ បាន​ដឹង ថា​សាសនាចក្រ​នេះ​ពិត ។

ខ្ញុំ​បាន​ចាប់​ផ្ដើម​ស្តាប់​មេរៀន​ជា​ច្រើន​ពី​អ្នក​ផ្សព្វផ្សាយ​សាសនា ។គ្មានពេលណាល្អជាងពេលនេះឡើយ ដែលព្រះវរបិតាសួគ៌បានបញ្ជូនអ្នកផ្សព្វផ្សាយសាសនា​ពីរ​នាក់​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់ ការយក​ចិត្ត​ទុក និងពេញដោយខាងវិញ្ញាណ ។ តាមរយៈ​ជំនួយ​របស់​ពួកគេ​ខ្ញុំ​បាន​ទទួល​ចំណេះ​ដឹង​ដែល​ពួកគេ​មាន​អំពី​ដំណឹង​ល្អ ។

បន្ទាប់​ពី​ស្តាប់​ពួកគេ​ចែកចាយ​អំពី​ចំណេះ​ដឹង​ផ្ទាល់​របស់​ពួកគេ​អំពី​ព្រះវរបិតាសួគ៌​បាន​ជួយ​ពួកគេ​ឆ្លង​កាត់​ការសាកល្បង​នានា នោះ​ខ្ញុំ​មាន​អារម្មណ៍​ចង់​អធិស្ឋាន​ដើម្បី​ដឹង​ថា អ្វី​ដែល​ពួកគេ​បាន​និយាយ​នោះ​ពិត​ឬ​ទេ ។ បន្ទាប់​ពី​អធិស្ឋាន ខ្ញុំ​ទទួល​អារម្មណ៍​នៃ​សុភមង្គល ភាពសុខសាន្ត និង​ភាព​ស្ងប់​នៅក្នុង​ចិត្ត​ខ្ញុំ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​ទទួល​ចម្លើយ​នា​យប់​នោះ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ការមាន​ចំណេះ​ដឹង​អំពី​រឿង​នេះ ទីបន្ទាល់​ខ្ញុំ​បាន​រីកចម្រើន​យ៉ាង​លឿន ។ ចាប់តាំង​ពី​ចួលរួម​សាសនាចក្រ​ក្នុង​ឆ្នាំ ២០១៣ មក ខ្ញុំ​ពិតជា​បាន​ឃើញ​ពរជ័យ​ដែល​ចំណេះដឹង​អំពី​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​ខ្ញុំ ។ ខ្ញុំ​មាន​អំណរគុណ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា ហើយ​សម្រាប់​អ្នក​ជិតខាង​ខ្ញុំ​ក្នុងការ​អញ្ជើញ​ខ្ញុំ​ឲ្យ​មករក​ព្រះគ្រីស្ទ ។