លូកាស និង ពួកសម្លុតធ្វើបាបគេ
លូកាសមានអារម្មណ៍អស្ចារ្យអំពីអ្វីដែលគាត់បាននិយាយ … រហូតដល់ពេលគាត់បានឃើញទឹកមុខរបស់ពេដ្រូ ។
« ចូរយើងតែងថ្លែងពាក្យល្អដល់គ្នារៀងទៅ នៅផ្ទះឬគ្រប់ទីយើងយាត្រា » ( ទំនុកតម្កើង លេខ ១៤៦ ) ។
« អូ៎ អត់ទេ ! ពេដ្រូមកហើយ ! »
គ្រប់គ្នានៅសាលារៀនបានដឹងថា ពេដ្រូគឺជាក្មេងសម្លុតធ្វើបាបគេ ។ វាធំ ហើយវាចិត្តអាក្រក់ ។ វាហៅឈ្មោះក្មេងដទៃទៀត យកអាហារថ្ងៃត្រង់របស់ពួកគេ ហើយដេញពួកគេជុំវិញទីធ្លាសាលា ។ គ្មាននរណាម្នាក់ចង់នៅជិតវាឡើយ ។
ពេដ្រូដើរមកក្បែរលូកាស និងមិត្តរបស់គាត់ឈ្មោះអាស្សើ ។ វាហៅពួកគេថា « អាក្មេងចាញ់គេ » ហើយច្រានអាស្សើ ។
លូកាសធុញទ្រាន់នឹងចិត្តកោងកាចរបស់ពេដ្រូ ។ ដោយពុំបានគិត គាត់បានស្រែកថា « ឈប់ភ្លាមទៅពេដ្រូ ! »
លូកាសមិនជឿខ្លួនឯងឡើយ ។ គាត់ទើបតែហ៊ានតតាំងនឹងអ្នកសម្លុតធ្វើបាបគេដ៏ធំបំផុតនៅក្នុងសាលារៀន !
ពេដ្រូស្ទុះទៅរកលូកាស ហើយចាប់ក្របួច-កអាវរបស់គាត់ ។ « តើឯងបាននិយាយថាម៉េច » ? បេះដូងរបស់លូកាសបានលោតលឿនខុសចង្វាក់ ហាក់ដូចជាចង់លោតចេញមកពីទ្រូងគាត់ ! ពេដ្រូបាននិយាយថា « យើងនឹងព្រមានឯង ។ ចាំតែមើលទៅ ! » វាបានច្រានលូកាសចេញ ហើយវាដើរចេញទៅបាត់ ។
បន្ទាប់ពីពេលនោះមក លូកាសព្យាយាមគេចពីពេដ្រូ ប៉ុន្តែពេដ្រូស្វែងរកគាត់ជានិច្ច ។ វាបានរារាំងលូកាសមិនឲ្យលេងទោង រុញគាត់ពេលកំពុងលេងបាល់ ធ្វើឲ្យគាត់ជំពប់ជើងដួលក្នុងរោងអាហារ ហើយនិយាយអាក្រក់ៗដាក់គាត់ជានិច្ច ។
ថ្ងៃមួយ លូកាស និងអាស្សើកំពុងលេងបាល់ឱបជាមួយនឹងបាល់របស់ អាស្សើ ។ ពេដ្រូបានលោតចេញមកពីក្រោយដើមឈើមួយ ហើយឆក់យកបាល់នោះ ។
អាស្សើ បាននិយាយថា « សូមឲ្យបាល់មកខ្ញុំវិញ » ។
« នរណាហ៊ានធ្វើអីយើង ? » ពេដ្រូបានរុញលូកាសចូលទៅគុម្ពឈើ ហើយសើច ។
លូកាសមានអារម្មណ៍អន់ចិត្តខ្លាំង ។ គាត់ខឹងខ្លាំងណាស់ ! លូកាសបាននិយាយ « តើឯងដឹងទេ ពេដ្រូ ? ឯងជាក្មេងមានចិត្តកោងកាចបំផុតដែលខ្ញុំមិនដែលឃើញពីមុនមក ! គ្មាននរណាចូលចិត្តឯងទេ ។ គ្រប់គ្នាប្រាថ្នាសូមឲ្យឯងចេញទៅឲ្យឆ្ងាយជារៀងរហូត ! »
ពេដ្រូបានឈប់សើច ។ លូកាសមានអារម្មណ៍អស្ចារ្យអំពីអ្វីដែលគាត់បាននិយាយ … រហូតដល់ពេលគាត់បានឃើញទឹកមុខរបស់ពេដ្រូ ។ តើវាហៀបនឹងយំឬ ? ពេដ្រូបានឱនមុខចុះភ្លាម ហើយដើរចេញទៅបាត់ ។
លូកាសស្រាប់តែមានអារម្មណ៍មិនល្អភ្លាម ។ អស់ពេញមួយថ្ងៃ ទោះបីជាគាត់ខំព្យាយាមយ៉ាងណាក្តី លូកាសពុំអាចដកអារម្មណ៍អាក្រក់នោះចេញពីគាត់បានឡើយ ។ យប់នោះគាត់រសាប់រសល់ដេកពុំលក់ឡើយ ។ គាត់បន្តគិតអំពីភាពសោកសៅដែលពេដ្រូបានបង្ហាញ ។
លូកាសបានគិតថា « តើពេដ្រូអាចមានអារម្មណ៍អាក្រក់យ៉ាងដូចម្តេចទៅ ? វាមិនខ្វល់ឡើយ ដោយសារវាមានចិត្តកោងកាចដាក់ក្មេងដទៃទៀត ។ ខ្ញុំត្រូវតែនិយាយអ្វីម្យ៉ាង មែនទេ ? » កាលណាលូកាសកាន់តែគិតអំពីរឿងនេះ គាត់កាន់តែដឹងថាគាត់ ត្រូវ ដែលហ៊ានការពារខ្លួន និងមិត្តភក្តិគាត់ ។ ប៉ុន្តែគាត់ ខុស ដែលនិយាយពាក្យកោងកាចទាំងនោះ ។
លូកាសបានលុតជង្គង់ចុះនៅជិតគ្រែរបស់គាត់ ហើយទូលសូមការអភ័យទោសពីព្រះវរបិតាសួគ៌ ។ គាត់បានប្រាប់ព្រះវរបិតាសួគ៌ថា គាត់ពុំចង់ធ្វើឲ្យនរណាឈឺចាប់ម្តងទៀតឡើយ ។ គាត់ចង់មានចិត្តល្អ ។ ពេលលូកាសនិយាយថា « អាម៉ែន » គាត់បានដឹងអំពីអ្វីដែលគាត់ត្រូវធ្វើ ។
បន្ទាប់ពីបរិភោគអាហារថ្ងៃត្រង់នាថ្ងៃបន្ទាប់មក លូកាសបានឃើញពេដ្រូឈរនៅផ្អែកជញ្ជាំងតែម្នាក់ឯង ។ លូកាសមានការព្រួយបារម្ភ ។ តើពេដ្រូនឹងធ្វើអ្វីទៀត ? លូកាសបានដកដង្ហើមយ៉ាងធំ ហើយដើរទៅរកពេដ្រូ ។
« អើ ! ខ្ញុំសូមទោសចំពោះរឿងកាលពីម្សិលមិញ » ។
ពេដ្រូបានមើលដោយក្តីភ្ញាក់ផ្អើល ។ « ឯងមានចិត្តសោកស្តាយឬ ? »
« បាទ ។ ខ្ញុំបាននិយាយពាក្យកោងកាចមួយចំនួន ដែលខ្ញុំមិនគួរនិយាយដាក់ឯងឡើយ ។ ខ្ញុំសូមទោស » ។
ពេដ្រូបានសម្លឹងក្រោមមើលទៅស្បែកជើងរបស់ខ្លួន ។ « វាមិនអីទេ » ។
កណ្តឹងបានរោទិ៍ឡើង ។ លូកាសបានចាប់ផ្ដើមដើរត្រឡប់ទៅថ្នាក់រៀនវិញ ។ គាត់មានអារម្មណ៍ធូរស្បើយជាងមុន ។ ប៉ុន្តែមានអ្វីមួយទៀតដែលគាត់ចង់និយាយ ។ គាត់បានបែរខ្នងមកវិញ ។ « យើងអាចលេងបាល់ឱបពេលម៉ោងចេញលេងនៅថ្ងៃស្អែកបាន ប្រសិនបើឯងចង់ » ។
ពេដ្រូបានញញឹមបន្តិច ។ « នោះគឺល្អណាស់ » ។
បន្ទាប់ពីនោះមក អ្វីៗហាក់ដូចជាបានប្រសើរឡើងជាមួយពេដ្រូ ។ ជួនកាលវានៅតែសម្លុតធ្វើបាបគេ ប៉ុន្តែវាមិនអាក្រក់ដូចមុនឡើយ ។ វាថែមទាំងបានលេងជាមួយលូកាសពីរបីដងពេលចេញលេងផងដែរ ។ ហើយវាពិតជាសប្បាយណាស់ ! នៅចុងឆ្នាំសិក្សា ពេដ្រូបានប្រាប់លូកាសថា គាត់នឹងប្តូរទៅរស់នៅឆ្ងាយហើយ ។ រួចគាត់បាននិយាយអ្វីមួយដែលធ្វើឲ្យលូកាសភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ពេដ្រូបាននិយាយថា « អរគុណដែលបានធ្វើជាមិត្តរបស់ខ្ញុំ ។ ទោះបីជាពេលដែលខ្ញុំមិនសូវស្លូតបូតក្តី » ។
អារម្មណ៍កក់ក្តៅនៅក្នុងចិត្តរបស់លូកាសបានធ្វើឲ្យគាត់ដឹងថា ការមានចិត្តល្អគឺជាជម្រើសត្រឹមត្រូវជានិច្ច ។