សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ការអធិស្ឋានរបស់ខ្ញុំនៅលើដំបូលផ្ទះ
ថ្ងៃមួយនារដូវវស្សា ខ្ញុំបានចូលទៅក្នុងបន្ទប់មួយដែលនៅក្រោមដំបូលផ្ទះខ្ញុំ ហើយបានឃើញថាវាលេចទឹក ។ ទឹកបានជ្រាបហូរចូលតាមចុងដែកគោលប្រក់ដំបូលនៅចន្លោះផ្ទោងពីរនៃដំបូលផ្ទះ ។ ជាច្រើនឆ្នាំមុន ខ្ញុំបានជួសជុលផ្ទះរបស់ខ្ញុំជាច្រើនដង ហើយគ្មានការភ័យខ្លាចនឹងសាកធ្វើគម្រោងថ្មីៗឡើយ ។ ប៉ុន្តែនៅពេលនេះ ខ្ញុំកំពុងប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួន ហើយខ្វះទំនុកចិត្ត ។ ខ្ញុំគ្មានអារម្មណ៍ថា ខ្ញុំមានភាពរឹងមាំខាងសតិអារម្មណ៍ ដើម្បីដោះស្រាយនឹងរឿងដំបូលលេចទឹកនោះសោះ ទោះបីជាខ្ញុំបានដឹងថា ត្រូវជួសជុលវាឲ្យបានមុនរដូវរងារក្តី ។
មួយ ឬពីរសប្តាហ៍ក្រោយមក ខ្ញុំបានឡើងទៅលើដំបូលផ្ទះខ្ញុំដោយមានកាំបិតកៃ ចំណូក និងឧបករណ៍ដែលមានដាក់ជ័របាញ់ដំបូលផ្ទះយកទៅជាមួយខ្ញុំ ។ ខ្ញុំបានដឹងថា ខ្ញុំត្រូវរកកន្លែងដែលលេចនោះ ហើយប្រើជ័រស្អិតបិទវា ។ ប៉ុន្តែខ្ញុំមិនដឹងថា កន្លែងលេចនោះនៅត្រង់ណាឡើយ ។ ខ្ញុំមានអារម្មណ៍ថាបាក់ទឹកចិត្ត ។ ខ្ញុំបានឈប់មួយសន្ទុះ ហើយអធិស្ឋានដោយទូលសូមព្រះអម្ចាស់នាំខ្ញុំទៅរកចំកន្លែងលេច ដើម្បីខ្ញុំអាចជួលជុលវា ។ ខ្ញុំបានរំពឹងថា ទ្រង់នឹងបង្ហាញខ្ញុំអំពីកន្លែងលេចនោះ ។ ផ្ទុយទៅវិញ មានពាក្យមួយផុសឡើងក្នុងគំនិតខ្ញុំ ៖ ចូរអង្កេតមើល ។
នោះពុំមែនជាចម្លើយដែលខ្ញុំចង់បានឡើយ ប៉ុន្តែខ្ញុំបានចាប់ផ្តើមមើលជុំវិញខ្លួនខ្ញុំ ។ ខ្ញុំបានសម្លឹងផ្តោតទៅលើរន្ធសម្រាប់ខ្យល់ចេញចូលមួយ ។ ខ្ញុំបានហែកបង្គងផ្ទះតូចៗពីរនៅក្បែររន្ធសម្រាប់ខ្យល់ចេញចូលនោះ ហើយបានឃើញថា វាហាក់ដូចជាកន្លែងដែលនាំឲ្យលេច ។ ខ្ញុំបានកាត់យកជ័រកាវចាស់ដែលស្ងួតនោះចេញ ហើយបាញ់ជ័រកាវថ្មីយ៉ាងច្រើន ។ ខ្ញុំបានប្តូរបង្គងថ្មី ហើយក្នុងពេលតិចជាងមួយម៉ោងខ្ញុំបានធ្វើកិច្ចការនោះចប់សព្វគ្រប់ ។ អារម្មណ៍នៃការបាក់ទឹកចិត្តរបស់ខ្ញុំត្រូវបានលើកស្ទួយឡើង ហើយខ្ញុំមានអារម្មណ៍ល្អចំពោះខ្លួនឯង សម្រាប់អ្វីដែលខ្ញុំបានធ្វើដើម្បីដោះស្រាយបញ្ហា ។ អំឡុងពេលរដូវវស្សាបន្ទាប់ ខ្ញុំបានមើលកន្លែងលេចដែលនៅក្នុងបន្ទប់ក្រោមដំបូលផ្ទះខ្ញុំនោះ ហើយបានឃើញថាវាស្ងួត !
ខ្ញុំបានគិតអំពី អូលីវើរ ខៅឌើរី ដែល « ពុំបាន [ យក ] មកគិតសោះ ក្រៅពីសុំ » ( គ. និង ស. ៩:៧ ) ។ ដូចជាលោកដែរ ខ្ញុំបានរំពឹងថា ព្រះអម្ចាស់នឹងផ្តល់ចម្លើយចំពោះការអធិស្ឋានខ្ញុំយ៉ាងងាយស្រួល ដោយគ្មានការខិតខំពីផ្នែកខ្ញុំសោះ ។ ហើយខ្ញុំបានគិតអំពី វិញ្ញាណរបស់ខ្ញុំដែលត្រូវបានលើកស្ទួយយ៉ាងខ្លាំង ពេលខ្ញុំបានខិតខំ « សិក្សាក្នុងគំនិត » ( គ. និង ស. ៩:៨ )—គឺអង្កេតមើល ។ ខ្ញុំដឹងថា ព្រះអម្ចាស់នឹងពុំធ្វើកិច្ចការគ្រប់យ៉ាងសម្រាប់យើងឡើយ ។ ទ្រង់នឹងជួយ ហើយណែនាំយើង ប៉ុន្តែយើងក៏ត្រូវបានរំពឹងថា យើងត្រូវធ្វើអ្វីគ្រប់យ៉ាងឲ្យអស់ពីសមត្ថភាពខ្លួនផងដែរ ដោយសារការណ៍នេះនាំឲ្យមានការរីកចម្រើនផ្ទាល់ខ្លួន ។