បណ្ណាល័យ
ការជំនុំ​ជម្រះ


« ការជំនុំ​ជម្រះ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

ស្ត្រី​ម្នាក់​កំពុង​អង្គុយ​ក្រោម​ពន្លឺ​ព្រះអាទិត្យ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ការជំនុំ​ជម្រះ

ការរៀបចំ​ខ្លួន​ដើម្បី​ជួប​ព្រះ

តើ​បងប្អូន​ធ្លាប់​គិតថា​ការ​យល់​ដឹងពី​គោល​បំណង​នៃ​ជីវិត និង​ការ​ជឿ​លើ​ជីវិត​បន្ទាប់​ពី​សេចក្ដី​ស្លាប់ មាន​ឥទ្ធិពល​លើ​ជម្រើស និង​អាកប្បកិរិយា​របស់​បងប្អូន​ដែរ​ឬ​ទេ ? តើ​ជីវិត​របស់​បងប្អូន​បាន​ទទួល​ឥទ្ធិពល​ដោយសារ​បងប្អូន​មាន​ចំណេះ​ដឹង​អំពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌​ដោយ​របៀបណា ? នៅ​ក្នុង​ជីវិត​មុន​ផែនដី ព្រះយេហូវ៉ា​បាន​ពន្យល់​ថា​យើង​នឹង​មក​ផែនដី​ដើម្បី​សាកល្បង និង​បញ្ជាក់​ថា « ថា​តើ [ យើង​នឹង ] ប្រព្រឹត្ត​នូវអ្វី​គ្រប់​យ៉ាង​ដែល​ព្រះអម្ចាស់​ដ៏ជា​ព្រះ [ របស់​យើង ] [ នឹង ] បញ្ជា​ដល់ [ យើង ] » ( អ័ប្រាហាំ ៣:២៥ ) ។ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​តែងតែ​គោរព​តាម​បទ​បញ្ញត្តិ​របស់​ព្រះ​ជានិច្ច​នោះទេ ។ នេះ​ជា​មូលហេតុ​ដែល​ព្រះវរបិតា​សួគ៌​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់​ឲ្យ​មក​រង​ទុក្ខ ហើយ​សុគត​សម្រាប់​យើង ។ តាមរយៈ​សេចក្តី​ជំនឿ និង​ការ​ប្រែ​ចិត្ត​ពី​អំពើ​បាប​របស់​យើង នោះ​យើង​អាច​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា ព្រះ​គុណ និង​ការ​អភ័យទោស​របស់​ព្រះ ។ សារលិខិត​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ថា​យើង​អាច​ទទួល​បាន​ការប្រោសលោះ និង​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​សារ​សេចក្ដី​ស្រឡាញ់ និង​ពលិកម្ម​ធួន​របស់​ទ្រង់ ហើយ​ត្រូវ​បាន​រក​ឃើញ​ថា​សក្ដិសម​ដើម្បី​ឈរ​ដោយ​ទំនុក​ចិត្ត​នៅ​ចំពោះ​មុខ​ព្រះ​នៅ​ថ្ងៃ​នៃ​ការ​ជំនុំ​ជម្រះ ។

តើ​ការជំនុំ​ជម្រះ​គឺជា​អ្វី ?

បន្ទាប់​ពី​ការ​រស់​ឡើង​វិញ នៅ​ពេល​ដែល​វិញ្ញាណ​របស់​យើង​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ដល់​រូបកាយរមែងស្លាប់​របស់​យើង នោះ​យើង​នឹង​ឈរ​នៅ​ចំពោះ​មុខ​កៅអី​ជំនុំ​ជម្រះ​របស់​ព្រះ ។ នោះ​គឺ​នៅ​ពេល​ដែល​ព្រះអម្ចាស់​ប្រកាស​ប្រទាន​រង្វាន់​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង​ដោយ​ផ្អែក​លើ​សកម្មភាព​ កាលៈទេសៈ​ និង​បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​របស់​យើង ។ ខណៈ​ដែល​ព្រះ​ជា​អ្នកកាត់ក្តី​ចុងក្រោយ​បំផុត​របស់​មនុស្ស​ទាំង​អស់ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នាំ​យើង​ឲ្យ​ធ្វើ​ការវិនិច្ឆ័យ​ផ្ទាល់​ខ្លួន​អំពី​គំនិត ស្ថានភាព និង​តួនាទី​របស់​អ្នក​ដទៃ​នៅក្នុង​ជីវិត​របស់​យើង ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១:១២ ) ។ យើង​កាន់​តែ​ដូច​ជា​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ពេល​យើង​ស្រឡាញ់​អ្នក​ដទៃ ហើយ​ចៀស​វាង​ពី​ការ​ថ្កោល​ទោស​ពួក​គេ ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ការជំនុំ​ជម្រះ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ផែនការ​នៃ​សេចក្ដី​សង្គ្រោះ, ការ​រស់​ឡើង​វិញ, ជីវិត​ដ៏​អស់​កល្ប​ជានិច្ច, សិទ្ធិ​ជ្រើសរើស, ការគោរព​ប្រតិបត្តិ, ការអភ័យទោស

ផ្នែក​ទី ១

នៅ​ថ្ងៃ​ណា​មួយ​អ្នក​នឹង​ឈរ​ចំពោះ​មុខ​ព្រះ​ដើម្បី​ទទួល​ការ​ជំនុំ​ជម្រះ

ព្រះយេស៊ូវ​គ្រីស្ទ​បាន​និយាយ​ទៅ​កាន់​ស្ត្រី​ម្នាក់​នៅ​តាម​ដង​ផ្លូវ

ព្រះគម្ពីរ​បង្រៀន​ថា​ក្រោយពី​ការរស់​ឡើងវិញ បុត្រាបុត្រី​របស់​ព្រះ​ម្នាក់ៗ​នឹង​ឈរ​នៅ​ចំពោះ​មុខ​ទ្រង់​នៅ​ថ្ងៃ​ជំនុំ​ជម្រះ ( សូមមើល នីហ្វៃទី២ ៩:១២-១៣, ១៥, ២០-២២ ) ។ បញ្ជីជីវិតរបស់​អ្នក​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ពេល « សៀវភៅ​ទាំងនោះ [ ត្រូវ​បាន​បើក ] នៅ​ថ្ងៃ​នោះ ( សូមមើល វិវរណៈ ២០:១២-១៣; គោលលទ្ធិ និង​សេចក្តីសញ្ញា ១២៨:៦–៧ ) ។ យើង​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​គំនិត ពាក្យ​សម្តី និង​ទង្វើ​ទាំងឡាយ​របស់​យើង ( សូមមើល ម៉ូសាយ ៤:៣០; អាលម៉ា ១២:១៤ ) ។ ដោយសារ​ព្រះ​ជ្រាប​យល់​ពី​កាលៈទេសៈ​ដ៏​លំបាក​ជា​ច្រើន​ដែល​មនុស្ស​ម្នាក់ៗ​ប្រឈម​មុខ​នៅក្នុង​ជីវិត​នេះ ទ្រង់​នឹង​ធានា​ថា​បុត្រាបុត្រី​របស់​ទ្រង់​ត្រូវ​បាន​វិនិច្ឆ័យ​ស្រប​តាម​កិច្ចការ​របស់​ពួកគេ និង « ស្រប​តាម​សេចក្ដី​ប៉ងប្រាថ្នា​នៃ​ដួង​ចិត្ត​របស់​ពួក​គេ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៧:៩ ) ។ សេចក្តី​ជំនុំជម្រះ​ចុង​ក្រោយ​នេះ​នឹង​កំណត់​នគរ​នៃ​សិរី​ល្អ​ដែល​ជា​ជម្រើស​របស់​យើង ដែល​បាន​រៀបចំ​ឲ្យ​យើង​ទទួល​មរតក​ក្នុង​ភាពអស់កល្ប​ជានិច្ច—នគរ​សេឡេស្ទាល នគរ​ទេរេសទ្រាល ឬ​នគរ​ទេឡេស្ទាល ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:២០–៣២ ) ។

ព្រះវរបិតា​សួគ៌​នឹង​ចាត់​ចែង​ការជំនុះ​ជម្រះ​ដ៏​ទេវភាព​តាម​រយៈ​ព្រះ​រាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល យ៉ូហាន ៥:២១-៣០ ) ។ ព្រះ​អម្ចាស់​ក៏​បាន​ប្រកាស​ផង​ដែរ​ថា អ្នក​បម្រើ​របស់​ទ្រង់​មួយ​ចំនួន​នឹង​ជួយ​ទ្រង់​ធ្វើ​ជា​ចៅ​ក្រម​នៃ​បុត្រាបុត្រី​របស់​ព្រះ ( សូមមើល ម៉ាថាយ ១៩:២៨; នីហ្វៃទី១ ១២:៩-១០; មរមន ៣:១៨-២០ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • បន្ថែម​ពីលើ​ការ​បម្រើ​ធ្វើ​ជា​ចៅ​ក្រម ព្រះយេស៊ូវ​គ្រីស្ទ​ក៏​នឹង​បម្រើ​ជា​អង្គគាំទ្រ​របស់​យើង​នៅ​ចំពោះ​មុខ​ព្រះវរបិតា​ផង​ដែរ ។ សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:៣–៥ ដោយ​ចាំ​ថា​អង្គគាំទ្រ​គឺ​ជា « អ្នក​ដែល​អង្វរ​ដល់​បុព្វហេតុ​មួយ​ផ្សេង​ទៀត » ( Bible Dictionary « Advocate » ) ។ តើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​គុណលក្ខណៈ​អ្វីខ្លះ​ដើម្បី​អង្វរ​ព្រះវរបិតា​ក្នុង​នាម​ជា​អង្គគាំទ្រ​របស់​អ្នក ? តើ​វគ្គ​បទគម្ពីរ​នេះ​ជួយ​អ្នក​ឲ្យ​យល់​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

  • ការ​គិត​អំពី​សេចក្តីជំនុំ​ជម្រះ​ចុង​ក្រោយ​អាច​នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​ព្រួយ​បារម្ភ ឬ​បាក់​ទឹក​ចិត្ត ។ សូម​អាន អេណុស ១:២៧ និង មរ៉ូណៃ ១០:៣៤ ហើយ​សូម​ពិចារណា​អំពី​មូលហេតុ​ដែល​អ្នក​ខ្លះ​នឹង​ដកបទពិសោធន៍​ភាព​សុខសាន្ត និង​អំណរ​នៅ​ថ្ងៃ​នោះ ។ អែលឌើរ ហ្គើរីត ដបុលយូ ហ្គង បាន​រំឭក​យើងថា « តាម​រយៈ​ក្តីស្រឡាញ់ និង​ក្រឹត្យវិន័យ​ដ៏ទេវភាព ​យើង​ទាំង​អស់​គ្នា​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ការ​ជ្រើស​រើស និង​លទ្ធផល​នៃ​ការជ្រើសរើស​របស់យើង ។ ប៉ុន្តែ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​ជាទីស្រឡាញ់​របស់​យើង​គឺ ‹ និរន្ដរ និង​អស់កល្ប​ជានិច្ច › ។ នៅពេល​យើង​បានត្រៀម​ខ្លួន​ដើម្បី​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ ទោះ​ជាយើង ‹ ឃើញ​ពី​ចម្ងាយ › ក្ដី តែ​ព្រះ​បាន​រៀបចំ​ជាស្រេច​ជាមួយ​នឹង​សេចក្តី​មេត្តា​ដ៏មហិមា​ដើម្បី​ស្វាគមន៍​យើង ហើយ​ប្រទាន​អំណរ​ដ៏អស្ចារ្យ​បំផុត​ដែល​ទ្រង់​អាច​ធ្វើ​បាន » ។ តើ​ការ​ចងចាំ និង​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​ស្រឡាញ់ និង​សេចក្តី​អាណិត​អាសូរ​របស់​ព្រះអម្ចាស់​អាច​ជួយ​អ្នក​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​សេចក្តីជំនុំ​ជម្រះ​ចុង​ក្រោយ​ដោយ​របៀបណា ? ហេតុអ្វី​ក៏វា​មាន​សារសំខាន់​ក្នុង​ការ​ចងចាំ​ថាអ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ជម្រើស​ផ្ទាល់​ខ្លួន និង​លទ្ធផល​របស់​វា ? ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០១:៧៨ ) ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អង្គ​សង្រួបសង្រួម​ដ៏​ធំ​របស់​បុត្រាបុត្រី​របស់​ព្រះ​ទាំង​អស់ ( សូមមើល នីហ្វៃទី២ ២:២៦-២៨ ) ។ សូមមើល « The Mediator » ( នាទីទី ១០:៤៤ ) ជាក្រុម ។ វីដេអូ​នេះ​ផ្អែក​លើ​សារលិខិត​មួយ​ដែល​បាន​ផ្តល់​ដោយ​ប្រធាន ប៊យដ៏ ឃេ ផាកកឺ ។ ពិភាក្សា​អំពី​អ្វី​ដែល​ការ​វិភាគ​របស់​ប្រធាន ផាកកឺ បង្រៀន​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​បេសកកម្ម​របស់​ទ្រង់​ដើម្បី​បំពេញ​តាម​ការ​ទាមទារ​ទាំង​យុត្តិធម៌ និង​សេចក្ដី​មេត្តា​ករុណា ។ តើ​សារលិខិត​នេះ​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​ចៅក្រម( សូមមើល មរ៉ូណៃ ១០:៣៤ ) និង​ជា​អង្គគាំទ្រ​របស់​យើង( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៩:៥ ) ដោយ​របៀបណា ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ២

ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​រៀបចំ​បងប្អូន​ដើម្បី​ជួប​ព្រះ

បុរស​ទាំងឡាយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់

នៅ​ថ្ងៃ​ជំនុំ​ជម្រះ យើង​នឹង​ទទួល​បាន​មរតក​នៅ​ក្នុង​នគរ​នៃ​សិរី​ល្អ ។ ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា ៖ « នគរ​នៃ​សិរីល្អ​ដែល​យើង​ទទួល​នៅ​ក្នុង​សេចក្តីជំនុំជម្រះ​ចុង​ក្រោយ គឺ​បាន​កំណត់​ដោយ​ច្បាប់ ដែល​យើង​បាន​ជ្រើសរើស​ធ្វើ​តាម​នៅ​ក្នុង​ផែនការ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​យើង [ សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:២២-២៤ ] ។ នៅក្រោម​ផែនការ​នោះ មាន​នគរ​ជាច្រើន​ដើម្បី​ឲ្យ​កូនចៅ​ទាំងអស់​របស់​ទ្រង់​អាច​បាន​ចាត់តាំង​ទៅ​នគរ​ណាមួយ​ដែល​ពួកគេ​អាច​‹ នៅ​ជាប់ › » ។

ភាព​ពេញលេញ​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​គ្រប់​ច្បាប់​ដែល​យើង​ត្រូវ​ធ្វើ​តាម​ក្នុង​ជីវិត​នេះ ដើម្បី​ទទួល​មរតក​ពី​នគរ​សេឡេស្ទាល ។ នៅ​ពេល​យើង​ជ្រើស​រើស​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រស់​នៅ​ស្រប​តាម​ដំណឹង​ល្អ​របស់​ទ្រង់ នោះ​យើង​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ឈរ​ដោយ​គ្មាន​ទោស​នៅ​ចំពោះ​មុខ​ព្រះ​នៅ​ឯ​ទី​ជំនុំជម្រះ ( សូមមើល នីហ្វៃទី២ ៩:១៣-១៥; នីហ្វៃទី៣ ២៧:២០-២១ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ការ​ប្រែ​ចិត្ត​គឺ​ជា​ផ្នែក​ដ៏​ចាំបាច់​មួយ​នៃ​ការ​រៀបចំ​ខ្លួន​សម្រាប់​ការ​ជំនុំ​ជម្រះ​ចុង​ក្រោយ ។ សូម​អាន អាលម៉ា ៣៤:៣១–៣៥ ។ ហេតុអ្វី​វា​ចាំបាច់​ដែល​មិនត្រូវ​ពន្យារពេល​នៃ​ការប្រែចិត្ដ ? តើ​អ្នកមាន​អារម្មណ៍​ថា អ្វីខ្លះ​ដែល​នឹង​ជួយ​អ្នក​ឲ្យ « រៀបចំ​ខ្លួន​ដើម្បី​ជួប​ព្រះ » ?

  • ព្រះអម្ចាស់​បាន​បង្កើត​បទដ្ឋាន​ដើម្បី​ជួយ​វាស់​ស្ទង់​នូវ​ការ​រៀបចំ​ខ្លួន​រួចរាល់​ខាង​វិញ្ញាណ​របស់​បុគ្គល​ម្នាក់​សម្រាប់​ការ​ជ្រមុជ​ទឹក ការ​តែងតាំង​បព្វជិតភាព ការ​បម្រើ​ក្នុង​ការ​ហៅ ឬ​ការ​ចូល​រួម​ក្នុង​ពិធិបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ តើ​នៅ​ពេលណា​ដែល ឱកាស​ក្នុង​ការ​ជួប​ជាមួយ​នឹង​អ្នក​ដឹកនាំ​បព្វជិតភាព​បាន​ជួយ​អ្នក​ឲ្យ​បង្កើន​ការ​ខិតខំ​ផ្ទាល់​ខ្លួន​របស់​អ្នក​ដើម្បី​រស់​នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ? ហេតុអ្វី​វាជា​ការត្រឹមត្រូវ​ក្នុង​ការគិតថា​ជារៀង​រាល់ថ្ងៃ​គឺ​ជាថ្ងៃ​នៃ​ការជំនុំជម្រះ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ការ​ពិនិត្យ​មើល​ជីវិត​របស់​អ្នក​គឺ​ជា​វិធី​ដ៏​សំខាន់​មួយ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការ​ជំនុំ​ជម្រះ​ចុង​ក្រោយ ។ សូម​អញ្ជើញ​សមាជិក​ក្រុម​របស់​អ្នក​ឲ្យ​អាន អាលម៉ា ៥:១៤-២៦ ហើយ​ស្វែងរក​សំណួរ​ដែល​អាច​ជួយ​យើង​ឲ្យ​ពិចារណា​អំពី​ជំហរ​ខាង​វិញ្ញាណ​របស់​យើង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ។ សូម​ពិភាក្សា​អំពី​វិធី​មួយ​ចំនួន​ដែល​អាលម៉ា​បាន​អញ្ជើញ​ប្រជាជន​របស់​លោក​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ពេល​វេលា​ដែល​ពួក​គេ​នឹង​ជួប​ព្រះ ។ តើ​ព្រះអង្គ​សង្គ្រោះ​នឹង​ជួយ​យើង​នៅពេល យើង ខិតខំ​រៀបចំខ្លួន​ទៅជួប​នឹង​ព្រះ​យ៉ាង​ដូម្តេច ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

ព្រះអង្គសង្គ្រោះ​ណែនាំ​អ្នក​ឲ្យ​វិនិច្ឆ័យ​ដោយ​សុចរិត

បុរស​កំពុង​ជជែក​គ្នា

យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ​ដោយ​ផ្អែក​លើ​ការ​វិនិច្ឆ័យ​ដ៏​ល្អ​បំផុត​របស់​យើង ។ នៅ​ពេល​សម្រេច​ចិត្ត​រវាង​ត្រូវ និង​ខុស ឬ ល្អ និង អាក្រក់ យើង​ត្រូវ​ការ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ណែនាំ​សេចក្ដី​សម្រេច​ចិត្ត​របស់​យើង ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១:១២ ) ។ ពេល​ខ្លះ​យើង​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​មនុស្ស​ដទៃ និង​តួនាទី​របស់​ពួកគេ​នៅក្នុង​ជីវិត​របស់​យើង ដូច​ជា​ការ​ជ្រើសរើស​មិត្តភក្តិ ឬ​ស្វាមី ឬ​ភរិយា​របស់​យើង ។ ប៉ុន្តែ​នៅក្នុង​ករណី​នោះ យើង​គួរ​ចងចាំ​នូវ​ការណែនាំ​របស់​ព្រះអង្គ​សង្រ្គោះ​ថា « ចូរ​កុំ​ថ្កោលទោស​ដោយ​មិន​សុចរិត​ឡើយ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​គេ​ថ្កោលទោស​វិញ ប៉ុន្តែ​ចូរ​ថ្កោលទោស​ដោយ​ការ​ថ្កោល​ទោស​ដ៏​សុចរិត​ចុះ » ( ការបកប្រែ​របស់ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៧:២ [ នៅក្នុង ម៉ាថាយ ៧:១, លេខយោង  ] ) ។

ការរិះគន់ ពាក្យសម្តី​ក្រោតគ្រាត និង​ការគិត​មិន​ល្អ គឺ​មិន​សមរម្យ​ឡើយ ។ « ចូរ​កូន​មេត្តាករុណា​ដល់​បង​ប្អូន​របស់​កូន​ចុះ ចូរ​រាប់​រក​គ្នា​ដោយ​យុត្តិធម៌ វិនិច្ឆ័យ​ដោយ​សុចរិត ហើយ​ធ្វើ​ល្អ​ជា​និច្ច » ( អាលម៉ា ៤១:១៤ ) ។ នៅ​គ្រា​ដែល​ការ​វិនិច្ឆ័យ​ត្រូវ​ការ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​របស់​យើង​ជាមួយ​អ្នក​ដទៃ នោះ​យើង​គួរ​តែ​ស្វែង​រក​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ដទៃ ( សូមមើល ម៉ាថាយ ២២:៣៧-៣៩ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ប្រធាន ដាល្លិន អេក អូក បាន​ពន្យល់ថា ៖ « ការកាត់​សេចក្ដី​មាន​ពីរ​ប្រភេទ ៖ ការជំនុំ​ជម្រះ​ចុងក្រោយ​បំផុត​ដែល​យើង​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ និង​ការកាត់​សេចក្តី​មធ្យម​ដែល​យើង​ត្រូវបាន​ណែនាំ​ឲ្យ​ធ្វើ ប៉ុន្តែ​ដោយ​ផ្អែកលើ​គោលការណ៍​ដ៏​សុចរិត » ។ តើ « គោលការណ៍​សុចរិត » មួយ​ចំនួន​ដែល​អាច​ជួយ​បងប្អូន​ឲ្យ​ចៀសវាង​ការ​វិនិច្ឆ័យ​ខុស​លើ​អ្នក​ដទៃ ឬ​ការ​វិនិច្ឆ័យ​ដោយ​មិន​ទៀង​ត្រង់​មាន​អ្វីខ្លះ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • បង្ហាញ ឬ​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ ៖

    « យើង [ សង្ឃឹម​ថា ] បងប្អូនប្រុស​យើង​នឹង​ប្រុង​ប្រយ័ត្ន​ចំពោះ​អារម្មណ៍​របស់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ដើរ​ដោយ​ក្ដី​ស្រឡាញ់ គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ច្រើន​ជាង​ខ្លួន​ឯង​ដូច​ដែល​តម្រូវ​ដោយ​ព្រះ​អម្ចាស់ ។ …

    « បើ​សិន​ជា​បងប្អូន​នឹង​ឃ្លាត​ចេញ​ពី​ទីកន្លែង​នៃ​ការ​និយាយ​អាក្រក់​ទាំង​អស់ ការ​និយាយ​ដើមគេ និង​គំនិត និង​អារម្មណ៍​មិន​សប្បុរស ៖ ចូរ​បន្ទាប​ខ្លួន​ឯង ហើយ​បណ្ដុះ​គ្រប់​គោលការណ៍​នៃ​គុណធម៌ និង​សេចក្ដី​ស្រឡាញ់ នោះ​ពរជ័យ​របស់​ព្រះយេហូវ៉ា​នឹងមាន​ដល់​បងប្អូន​រាល់​គ្នា ហើយ​បងប្អូន​នៅឡើយ​នឹង​ឃើញ​ថ្ងៃ​ល្អ និង​សិរី​រុងរឿង ៖ សន្តិភាព​នឹង​ស្ថិត​នៅ​ក្នុង​របង​ផ្ទះ​របស់​បងប្អូន និង​ភាព​ចម្រុង​ចម្រើន​នៅ​ក្នុង​ព្រំដែន​របស់​បងប្អូន » ។

    ចូរ​ពិភាក្សា​អំពី​របៀប​ដែល​ការ​ខិតខំ​របស់​យើង​ដើម្បី​ចៀស​វាង​ពី​ការ​វិនិច្ឆ័យ​ដោយ​មិន​ទៀង​ត្រង់ និង​ការ​ថ្កោល​ទោស​អ្នក​ដទៃ​អាច​នាំ​មក​នូវ​សេចក្ដី​សុខសាន្ត និង​ពរជ័យ​នានា ។ តើ​នៅ​ពេល​ណា​ដែល​អ្នក​ទទួល​បាន​ពរ​សម្រាប់​ការ​ព្យាយាម​វិនិច្ឆ័យ​ដោយ​សុចរិត ?

ស្វែង​យល់​បន្ថែម​ទៀត