តួនាទីដ៏ចាំបាច់របស់បព្វជិតភាពក្នុងការស្ដារឡើងវិញ
បើគ្មានការត្រឡប់មកវិញនៃបព្វជិតភាពដល់ផែនដីនេះទេ នោះការស្ដារឡើងវិញនឹងពុំអាចមានលទ្ធភាពដំណើរការបានទេ ។
គិតមកដល់ខែ មេសា ឆ្នាំ ១៨២៩ យ៉ូសែប ស៊្មីធ បានទទួលការយាងមកជួបដ៏ទេវភាពអស់រយៈពេលជិតមួយទសវត្សរ៍ហើយ ។ ព្រះវរបិតា និងព្រះរាជបុត្រាបានយាងមកឲ្យលោកឃើញនៅក្នុងឆ្នាំ ១៨២០ នៅក្នុងព្រៃក្បែរផ្ទះលោក ពេលលោកមានអាយុ ១៤ ឆ្នាំ ( សូមមើល យ៉ូសែប ស៊្មីធ–ប្រវត្តិ ១:៥–១៧ ) ។១ ការមកជួបជាលើកដំបូងរបស់ទេវតាមរ៉ូណៃបានកើតឡើងនៅក្នុងឆ្នាំ ១៨២៣ ដោយមានការមកជួបជាប្រចាំឆ្នាំកើតឡើងតាមក្រោយនោះ ដែលអំឡុងពេលនោះយ៉ូសែបត្រូវបានបង្រៀន និងណែនាំរហូតដល់ឆ្នាំ ១៨២៧ ពេលដែលលោកបានទទួលបញ្ជីពីបុរាណដែលបានសរសេរនៅលើផ្ទាំងទាំងឡាយ ដែលបានក្លាយជាព្រះគម្ពីរមរមន ( សូមមើល យ៉ូសែប ស៊្មីធ–ប្រវត្តិ ១:៣០–៥៤ ) ។
ទោះជាយ៉ាងណា អស់រយៈពេល ១៨ ខែ បន្ទាប់ពីទទួលបានផ្ទាំងទាំងឡាយ យ៉ូសែបបានមានការលំបាកក្នុងការបកប្រែបញ្ជីនោះ ដោយសារតែការយាយីពីមនុស្សក្នុងតំបន់ ការផ្លាស់ប្ដូរអ្នកសរសេរ និងការបាត់បង់ផ្នែកមួយនៃសំណេរដោយដៃ ។ វាជាពេលវេលាដ៏តានតឹង និងឈឺចាប់មួយសម្រាប់យ៉ូសែប ។ ( សូមមើល យ៉ូសែប ស៊្មីធ–ប្រវត្តិ ១:៥៨–៦២; គោលលទ្ធិ និង សេចក្ដីសញ្ញា ៣ ) ។
ប៉ុន្តែអ្វីៗបានផ្លាស់ប្ដូរនៅក្នុងខែ មេសា ឆ្នាំ ១៨២៩ ជាមួយនឹងការមកដល់របស់គ្រូបង្រៀនឈ្មោះ អូលីវើរ ខៅឌើរី ដែលបានក្លាយជាអ្នកសរសេរពេញម៉ោងរបស់យ៉ូសែប ។ ពេលនោះ ការបកប្រែព្រះគម្ពីរមរមនបានប្រព្រឹត្តទៅក្នុងល្បឿនមួយយ៉ាងលឿន ។
បន្ទាប់ពីចំណាយពេលភាគច្រើនរបស់លោកអំឡុងសរទរដូវឆ្នាំ ១៨២៨ ធ្វើការនៅក្នុងចម្ការក្នុងភូមិហាម៉ូនី រដ្ឋផែនសីលវេញ៉ា ដើម្បីផ្គត់ផ្គង់ដល់គ្រួសារលោក យ៉ូសែបបានបង្វែរការយកចិត្តទុកដាក់ទាំងស្រុងរបស់លោកទៅកាន់ការបកប្រែព្រះគម្ពីរមរមននៅក្នុងឆ្នាំ ១៨២៩ ។ អិមម៉ា ភរិយារបស់យ៉ូសែប និងសាំយូអែល បងប្រុសរបស់លោកបានធ្វើជាអ្នកសរសេរអស់មួយរយៈខ្លី ។ នៅពេលជាមួយគ្នានោះដែរ អូលីវើរ ខៅឌើរី កំពុងរស់នៅជាមួយនឹងឪពុកម្ដាយយ៉ូសែបនៅទីក្រុងញូវយ៉ក ។
ដោយបានឮអំពីផ្ទាំងទាំងឡាយ និងការបកប្រែ អូលីវើរ បានចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមានបំណងចង់ដឹងថាបើការណ៍ទាំងនេះមកពីព្រះ ។ យ៉ូសែបបានកត់ត្រាថា « យប់មួយ បន្ទាប់ពីគាត់បានចូលសម្រាន្ត គាត់បានអំពាវនាវទៅព្រះអម្ចាស់ ដើម្បីដឹងថាបើការណ៍ទាំងនេះពិតដូច្នោះទេ ហើយព្រះអម្ចាស់បានបើកសម្ដែងដល់គាត់ថាវាពិតមែន » ។២
រំពេចនោះ អូលីវើរបានធ្វើដំណើរ ២២៥ គីឡូម៉ែត្រទៅភូមិហាម៉ូនីដើម្បីទៅជួបយ៉ូសែប ។ អូលីវើរគឺជាចម្លើយចំពោះការអធិស្ឋានរបស់យ៉ូសែប ។ ពីរថ្ងៃបន្ទាប់ពីពួកលោកបានជួបគ្នានៅក្នុងខែមេសា ការបកប្រែព្រះគម្ពីរមរមនបានចាប់បន្តដោយល្បឿនដ៏លឿនអស្ចារ្យ ជិតដល់ការបញ្ចប់នៅក្នុងចន្លោះប្រមាណពី ៦០ ទៅ ៦៥ ថ្ងៃ ។ ការបកប្រែទាំងមូលត្រូវបានបញ្ចប់នៅថ្ងៃទី ៣០ ខែ មិថុនា ។
ព្យាការីយ៉ូសែបអាចសន្មត់ថា ការងារទាំងស្រុងរបស់លោកជិតនឹងបញ្ចប់ហើយ ដោយបានបំពេញអាណត្តិដ៏ទេវភាពរបស់លោក ដែលបានបង្គាប់ដោយទូតទេវតាឲ្យបកប្រែ និងបោះពុម្ពបញ្ជីពីបុរាណ ។ ព្យាការីបានដឹងតិចតួចណាស់នៅពេលនោះថា លោកមិនបានបញ្ចប់ទេ ប៉ុន្តែទើបតែចាប់ផ្ដើមតួនាទីដ៏សំខាន់របស់លោកនៅក្នុងការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។
ប្រៀបធៀបពីសារសំខាន់ព្រឹត្តិការណ៍មួយចំនួននៅក្នុងប្រវត្តិសាស្ត្រទៅនឹងអ្វីដែលបានកើតឡើងនៅក្នុងនិទាឃរដូវឆ្នាំ ១៨២៩ ។ អូលីវើរបានពិពណ៌នាពីជំពូកដ៏អស្ចារ្យនៃការស្ដារឡើងវិញនេះថាជា « ថ្ងៃដែលពុំអាចបំភ្លេចបានឡើយ » ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៧១ កំណត់ចំណាំ ) ។ ក្រៅពីអព្ភូតហេតុនៃការបកប្រែព្រះគម្ពីរមរមន ពួកទវតាបានយាងមកជួប និងប្រគល់សិទ្ធិអំណាចបព្វជិតភាពដល់យ៉ូសែប និងអូលីវើរភ្លាមៗ ។ រយៈពេលវិវរណៈនៃការបកប្រែ និងការស្ដារឡើងវិញនេះ បានប្ដូរទិស និងពង្រីកទស្សនវិស័យរបស់យ៉ូសែប ហើយបានត្រួសត្រាយផ្លូវសម្រាប់ការរៀបចំសាសនាចក្រជាផ្លូវការមួយឆ្នាំក្រោយមក ។
ការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុន
ខណៈកំពុងបកប្រែព្រះគម្ពីរមរមន យ៉ូសែប និង អូលីវើរ បានរកឃើញវគ្គបទគម្ពីរជាច្រើនទាក់ទងនឹងបុណ្យជ្រមុជទឹក និងសិទ្ធិអំណាច ។ យ៉ូសែបត្រូវបានប្រាប់ពីមុនមកថា « ព្រះអម្ចាស់ [ នឹង ] ប្រទានបព្វជិតភាពដ៏បរិសុទ្ធទៅកាន់មនុស្សមួយចំនួន » ។៣ នៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ១៨២៩ យ៉ូសែប និង អូលីវើរ បានទៅកាន់ទីកន្លែងស្ងាត់នៅក្នុងព្រៃដើមម៉េបផល « ដើម្បីទូលសួរដល់ព្រះអម្ចាស់ដោយការអធិស្ឋាន ពីព្រះរាជបំណងរបស់ទ្រង់ទាក់ទងនឹងខ្ញុំ » ។4
ពេលដែលពួកលោកអធិស្ឋាន ព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលនូវសេចក្ដីសុខសាន្តដល់ពួកលោក « កាលវាំងននបើកចេញទៅ ហើយមានទេវតាពីព្រះបានចុះមកពាក់ដោយសិរីល្អ ហើយបានប្រាប់នូវសារដែលបានទន្ទឹងចាំ និងកូនសោទាំងឡាយនៃដំណឹងល្អខាងការប្រែចិត្ត » ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៧១ កំណត់ចំណាំ ) ។ ទេវតានោះបានណែនាំខ្លួនទ្រង់ថាជាយ៉ូហាន « ជាបុគ្គលដដែល ដែលហៅថា យ៉ូហានបាទីស្ទ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ហើយថាលោកបានធ្វើការនៅក្រោមការដឹកនាំពីពេត្រុស យ៉ាកុប និងយ៉ូហាន » ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៧២ ) ។
យ៉ូសែប និង អូលីវើរ បានលុតជង្គង់ចុះ ពេលដែលយ៉ូហានជាបុគ្គលដែលបានរស់ឡើងវិញ បានដាក់ដៃរបស់លោកលើក្បាលរបស់ពួកលោក ហើយបានប្រគល់បព្វជិតភាពអើរ៉ុនដល់ពួកលោក « ដែលកាន់កូនសោទាំងឡាយ អំពីការបម្រើនៃពួកទេវតា និងអំពីដំណឹងល្អនៃការប្រែចិត្ត និងអំពីបុណ្យជ្រមុជទឹកដោយការពន្លិចសម្រាប់ការផ្ដាច់បាប » ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៦៩; សូមមើលផងដែរ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣:១ ) ។ ពួកលោកត្រូវបានសន្យាថា សិទ្ធិអំណាចបព្វជិតភាពបន្ថែមទៀតនឹងត្រូវបានប្រគល់ដល់ពួកលោក « នៅពេលកំណត់ទុក » ។ យ៉ូសែបត្រូវបានហៅថាជា « អែលឌើរទីមួយក្នុងសាសនាចក្រ ហើយគាត់ (អូលីវើរ ខៅឌើរី) ជាទីពីរ » ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៧២ ) ។ ពួកលោកត្រូវបានណែនាំឲ្យជ្រមុជទឹកគ្នាទៅវិញទៅមក—យ៉ូសែបជ្រមុជទឹកឲ្យអូលីវើរមុន ហើយបន្ទាប់មកអូលីវើរជ្រមុជទឹកឲ្យយ៉ូសែប ។
នៅពេលមួយនៅថ្ងៃនោះ ពួកលោកទាំងពីរនាក់ « បានចុះទៅក្នុងទឹក » តាមមាត់ទន្លេសុសគ្វីហាណាដើម្បីធ្វើបុណ្យជ្រមុជទឹក ។ ពួកលោក « ត្រូវបានហាមប្រាមឲ្យទុកដោយសម្ងាត់ អំពីការដែលបានទទួលបព្វជិតភាព និងបុណ្យជ្រមុជទឹកដែលយើងបានទទួលមកនោះ ដោយព្រោះវិញ្ញាណខាងការបៀតបៀន ដែលកើតឡើងពាសពេញភូមិទៅហើយនោះ » ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៧៤ ) ។ ទន្លេនោះគឺជាផ្លូវសំខាន់សម្រាប់ពាណិជ្ជកម្ម និងគមនាគមន៍ អំឡុងទឹកជំនន់នានិទាឃរដូវ ដោយមានលំហូរយ៉ាងថេរនៃទូក នាវាទាំងឡាយ ។ វាអាចថា យ៉ូសែប និង អូលីវើរ បានរង់ចាំរហូតទាល់តែព្រលប់ ឬបានទាញយកប្រយោជន៍ពីទឹកជន់ ហើយរកកន្លែងស្ងាត់នៅតំបន់លិចទឹក ។៥
បន្ទាប់ពីជ្រមុជទឹកឲ្យគ្នាទៅវិញទៅមកហើយ យ៉ូសែបបានតែងតាំងអូលីវើរដល់បព្វជិតភាពអើរ៉ុន ។ បន្ទាប់មក អូលីវើរបានតែងតាំងយ៉ូសែប ដូចដែលទេវតាបានបញ្ជាដល់ពួកលោក ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្រៀនថា វាចាំបាច់ដើម្បីបញ្ជាក់ឡើងវិញនូវការតែងតាំងដំបូងនោះដែលបានទទួលនៅក្រោមដៃនៃយ៉ូហាន បាទីស្ទ បន្ទាប់ពីការជ្រមុជទឹករបស់ពួកលោកដើម្បី « ផ្សារភ្ជាប់ឡើងវិញនូវពរជ័យទាំងនោះតាមរបៀបដែលត្រឹមត្រូវ » ។៦
ការស្ដារឡើងវិញនៃបព្វជិតភាពមិលគីស្សាដែក
យើងមានព័ត៌មានស្តួចស្តើងទាក់ទងនឹងការមកជួបរបស់ពេត្រុស យ៉ាកុប និងយ៉ូហាន ជាមួយនឹងយ៉ូសែប និងអូលីវើរ ដើម្បីស្ដារបព្វជិតភាពមិលគីស្សាដែកឡើងវិញ ។ ការបកស្រាយផ្សេងៗដែលផ្អែកលើបញ្ជីនៃការនឹកចាំនានា កំណត់ព្រឹត្តិការណ៍ចេញពីនិទាឃរដូវឆ្នាំ ១៨២៩ ប្រហែលចុងខែឧសភា ឬខែមិថុនា ទៅដល់រាប់ខែក្រោយមកទៀត ។៧ យ៉ូសែប និងអូលីវើរ ពុំដែលបានចុះកាលបរិច្ឆេទនៃការលេចមករបស់ពេត្រុស យ៉ាកុប និងយ៉ូហាន ដូចជាពួកលោកបានចុះកាលបរិច្ឆេទសម្រាប់យ៉ូហាន បាទីស្ទ និងការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុននោះឡើយ ។ ពួកលោកប្រហែលជាបានយល់ពេញលេញពីធម្មជាតិនៃបព្វជិតភាព ឬការបែងចែករបស់វាពីខាងដើម ។ ការយល់របស់យ៉ូសែបអំពីបព្វជិតភាពបានមកដោយសន្សឹមៗ ។
ចាប់ពីឆ្នាំ ១៨៣០ ទៅដល់ឆ្នាំ ១៨៣៥ មុខដំណែងបព្វជិតភាពត្រូវបានបញ្ជាក់ ហើយកូរ៉ុម ក្រុមប្រឹក្សា គណៈប្រធាន និងគណៈប៊ីស្សពត្រូវបានបង្កើតឡើង ។ សូម្បីតែពាក្យ បព្វជិតភាពមិលគីស្សាដែក ពុំត្រូវបានប្រើជាឈ្មោះសម្រាប់ « បព្វជិតភាពជាន់ខ្ពស់ » ឬ « បព្វជិតភាពដ៏ធំជាង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៩; ៨៤:១៩ ) រហូតទាល់តែដល់ឆ្នាំ ១៨៣៥ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២–៤ ) ។
យ៉ូសែបពិតជាបានផ្ដល់នូវព័ត៌មានជាគោលអំពីទីតាំង ។ នៅក្នុងឆ្នាំ ១៨៤២ លោកបានរំឭកពីការឮ « សំឡេងនៃពេត្រុស យ៉ាកុប និងយ៉ូហាននៅក្នុងទីរហោស្ថាន រវាងភូមិហាម៉ូនី … និងភូមិខូលស្វិល … នៅលើទន្លេសុសគ្វីហាណា ដែលប្រកាសប្រាប់ថាខ្លួនជាអ្នកមានកូនសោទាំងឡាយនៃនគរ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:២០ ) ។
ការណ៍នេះប្រាប់ថា ការស្ដារឡើងវិញនៃបព្វជិតភាពមិលគីស្សាដែក បានកើតឡើងនៅតាមផ្លូវដែលមានរយៈចម្ងាយ ៤៥ គីឡូម៉ែត្រ រវាងផ្ទះគ្រួសារស្ម៊ីធនៅក្នុងភូមិហាម៉ូនី រដ្ឋផែនសីលវេញ៉ា និងភូមិខូលស្វិល រដ្ឋញូវយ៉ក ជាកន្លែងដែលគ្រួសារយ៉ូសែប ណៃត៍ បានរស់នៅ ។ គ្រួសារណៃត៍គឺជាសមាជិកសាសនាចក្រដំបូង ហើយជាមិត្តដ៏ស្មោះត្រង់របស់យ៉ូសែប ស៊្មីធ ។ ពួកគេបានផ្ដល់ជាក្រដាស និងស្បៀងអាហារអំឡុងពេលបកប្រែព្រះគម្ពីរមរមន ហើយក្រោយមកបានបង្កើតស្នូលនៃសាខាខូលស្វិលរបស់សាសនាចក្រ ។
ក្រៅពីការទទួលបព្វជិតភាពមិលគីស្សាដែកពីពេត្រុស យ៉ាកុប និងយ៉ូហាន យ៉ូសែប និងអូលីវើរត្រូវបានតែងតាំងជា « ពួកសាវក និងជាពួកសាក្សីពិសេស » របស់ព្រះអម្ចាស់ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:១២ ) ហើយបានទទួលកូនសោទាំងឡាយដែលចាំបាច់ដល់ការបម្រើនៅក្នុងគ្រាកាន់កាប់ត្រួតត្រាដ៏ពេញកំណត់នេះ ។ ឥឡូវនេះពួកលោកបានមានសិទ្ធិអំណាចដើម្បីចាត់ចែងបព្វជិតភាពទាំងអស់ រួមបញ្ចូលទាំងការប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
ពួកលោកក៏បានទទួលនូវ « កូនសោទាំងឡាយនៃអស់ទាំងព្រះពរខាងវិញ្ញាណនៅក្នុងសាសនាចក្រ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:១៨ ) ដែលចាំបាច់ដល់ការរៀបចំសាសនាចក្រឡើងនៅក្នុងខែ មេសា ឆ្នាំ ១៨៣០ និងបានទទួលវិវរណៈដើម្បីស្ដារឡើងវិញនូវកិច្ចការទាំងអស់តាមលំដាប់លំដោយត្រឹមត្រូវរបស់វា ។ ពរជ័យខាងវិញ្ញាណត្រូវបានបើកសម្ដែងតាមរយៈអព្ភូតហេតុ ការព្យាបាល និងពិធីបរិសុទ្ធទាំងឡាយ ដែលត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាព ។ នៅក្នុងឆ្នាំ ១៨៣៦ មានសារទូតទេវតាបន្ថែមទៀតបានប្រគល់កូនសោបព្វជិតភាពទាក់ទងនឹងការប្រមូលផ្ដុំវង្សអ៊ីស្រាអែល និងកិច្ចការព្រះវិហារបរិសុទ្ធ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០ ) ។
ការជាប់ទាក់ទងនៃការស្ដារបព្វជិតភាពឡើងវិញ
ប្រធាន ដេវីឌ អូ មិកឃេ ( ១៨៧៣–១៩៧០ ) បានបង្រៀនថា ចំណុចសំខាន់ដ៏គួរឲ្យកត់សម្គាល់បំផុតនៃសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអង្គសង្គ្រោះគឺ « សិទ្ធិអំណាចមកពីព្រះដោយវិវរណៈដោយផ្ទាល់ » ។៨ បើគ្មានការត្រឡប់មកវិញរបស់បព្វជិតភាពដល់ផែនដីនេះទេ នោះការស្ដារឡើងវិញនឹងពុំអាចមានលទ្ធភាពដំណើរការបានទេ ។ បព្វជិតភាពផ្ដល់សិទ្ធិអំណាចដល់ការធ្វើពិធីបរិសុទ្ធ និងផ្ដល់ជាគម្រោងសម្រាប់ការគ្រប់គ្រងសាសនាចក្ររបស់ព្រះអម្ចាស់នៅលើផែនដី ។
យ៉ូសែបបានរៀបចំសាសនាចក្រជាផ្លូវការនៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ។ រយៈពេលពីរបីឆ្នាំក្រោយមក គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ត្រូវបានរៀបចំឡើង ។ នៅក្រោមការដឹកនាំរបស់ប្រធានសាសនាចក្រ កូនសោបព្វជិតភាពត្រូវបានផ្ទេរទៅកាន់ថ្នាក់ដឹកនាំតាមមូលដ្ឋាននៅទូទាំងពិភពលោក អនុញ្ញាតឲ្យដំណឹងល្អ « រមៀលចេញទៅដល់ទីបំផុតផែនដី » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៥:២ ) ។
ការស្ដារឡើងវិញនៃបព្វជិតភាព ផ្ដោតសំខាន់ទៅលើការហៅមកពីព្រះដល់យ៉ូសែប ស៊្មីធ ធ្វើជាព្យាការីដំបូងនៃគ្រាកាន់កាប់ត្រួតត្រានេះ ។ នៅក្នុងអារម្ភកថានៃ គោលលទ្ធិ និងសេចក្ដីសញ្ញា ព្រះអម្ចាស់បានពន្យល់ថា « ហេតុដូច្នេះហើយ យើងជាព្រះអម្ចាស់ ដោយជ្រាបនូវគ្រោះដែលនឹងមានមកលើបណ្ដាជនទាំងឡាយនៅលើផែនដី នោះបានហៅយ៉ូសែបស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង ហើយបាននិយាយមកកាន់លោកពីលើស្ថានសួគ៌ ហើយបានប្រទានព្រះបញ្ញត្តិទាំងឡាយដល់លោក » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១:១៧ ) ។
មុនការជួបរបស់យ៉ូហាន បាទីស្ទ នៅក្នុងខែឧសភា ឆ្នាំ ១៨២៩ យ៉ូសែបបានផ្ដោតលើការបកប្រែព្រះគម្ពីរមរមន ។ ជាមួយនឹងការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុន និងមិលគីស្សាដែក លោកបានដឹងថា ការហៅរបស់លោករួមមានកិច្ចការជាច្រើនទៀត ។ ការទទួលបានសិទ្ធិអំណាចពីស្ថានសួគ៌បានរៀបចំយ៉ូសែបបន្ថែមទៀត ដើម្បីអនុវត្តការទទួលខុសត្រូវទាំងឡាយរបស់លោកក្នុងនាមជា « អ្នកមើលឆុត ជាអ្នកបកប្រែ ជាព្យាការី [ និង ] ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ២១:១ ) ។
អែលឌើរ រ៉ូបឺត ឌី ហែល ( ១៩៣២–២០១៧ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពិពណ៌នាថាតើជីវិតរបស់យើងនឹងក្លាយជាយ៉ាងណាបើពុំមានបព្វជិតភាពទេនោះ ៖ « ប្រសិនបើអំណាចនៃបព្វជិតភាពពុំមាននៅលើផែនដីទេ នោះពួកមាសត្រូវនឹងមានសេរីភាពដើម្បីទៅគ្រប់ទិសទី ហើយគ្រងរាជ្យដោយគ្មានដែនកំណត់ ។ វានឹងគ្មានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹកនាំ ហើយបំភ្លឺយើង គ្មានពួកព្យាការីដើម្បីថ្លែងនៅក្នុងព្រះនាមនៃព្រះអម្ចាស់ គ្មានព្រះវិហារបរិសុទ្ធដែលយើងអាចធ្វើសេចក្ដីសញ្ញាអស់កល្បជានិច្ចដ៏ពិសិដ្ឋ គ្មានសិទ្ធិអំណាចដើម្បីប្រសិទ្ធពរ ឬជ្រមុជទឹក ព្យាបាល ឬ លួងលោមឡើយ ។ ប្រសិនបើគ្មានអំណាចបព្វជិតភាពទេនោះ ‹ ផែនដីទាំងមូលនឹងត្រូវកម្ទេចចោលសូន្យឈឹង › ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២:១–៣ ) ។ វានឹងគ្មានពន្លឺ គ្មានសេចក្ដីសង្ឃឹម—គឺមានតែភាពអន្ធការប៉ុណ្ណោះ » ។៩
ការទទួលពិធីបរិសុទ្ធបព្វជិតភាព គឺសំខាន់ដល់កិច្ចការរបស់ព្រះអម្ចាស់ នៅក្នុង « [ ការ ] នាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ពិធីបុណ្យជ្រមុជទឹក និងការបញ្ជាក់ អំណោយទានពិសិដ្ឋ និងការផ្សារភ្ជាប់សម្រាប់ពេលនេះ និងអស់កល្បជានិច្ច គឺចាំបាច់ដល់សេចក្ដីសង្គ្រោះរបស់យើង ។ សមត្ថភាពក្នុងការចង និងផ្សារភ្ជាប់ក្រុមគ្រួសារនៅក្នុងព្រះវិហារបរិសុទ្ធសម្រាប់ពួកអ្នកដែលនៅសងខាងនៃវាំងនន អាចធ្វើទៅបានតែតាមរយៈសិទ្ធិអំណាច និងកូនសោបព្វជិតភាពប៉ុណ្ណោះ ដូចដែលបានណែនាំដោយប្រធាននៃសាសានចក្រ ។
ការស្ដារឡើងវិញដែលកំពុងកើតឡើង
តើសិទ្ធិអំណាចបព្វជិតភាពអាចបំផុសឲ្យអ្នកចូលរួមនៅក្នុងការស្ដារឡើងវិញដែលកំពុងកើតឡើងនៃសាសនាចក្រដោយរបៀបណា ? យើងអាចនឹងមិនដឹងពីអ្វីដែលកើតឡើងនៅពេលអនាគត ប៉ុន្តែវាច្បាស់ថា ការស្ដារឡើងវិញគឺកំពុងកើតឡើង ។ ព្រះអម្ចាស់ពុំបានបើកសម្ដែងគ្រប់គោលលទ្ធិ ឬគោលការណ៍ ឬប្រទានការណែនាំទាំងអស់ដល់យ៉ូសែបនៅក្នុងព្រៃពិសិដ្ឋ តាមរយៈមរ៉ូណៃនៅឃូម៉ូរ៉ា ឬនៅឯការប្រជុំដែលបានរៀបចំរបស់សាសនាចក្រនោះទេ ។ ការស្ដារឡើងវិញពុំបានកើតឡើងជាព្រឹត្តិការណ៍តែមួយនោះទេ ។ ផ្ទុយទៅវិញ ព្រះអម្ចាស់បានបើកបង្ហាញការណ៍ទាំងឡាយ « មួយបន្ទាត់ម្ដងៗ » ( នីហ្វៃទី២ ២៨:៣០ ) ដល់យ៉ូសែប គឺដូចជាទ្រង់បន្តបើកសម្ដែងការណ៍ទាំងឡាយដល់ពួកព្យាការីរបស់ទ្រង់នៅសព្វថ្ងៃនេះ យោងទៅតាមគោលបំណង និងពេលវេលារបស់ទ្រង់ ។
ខ្សែស្រឡាយជាប់មិនដាច់នៃពួកព្យាការីតាំងពីជំនាន់យ៉ូសែប ស៊្មីធ បាននិយាយជំនួសព្រះអម្ចាស់ ហើយបន្តប្រាប់ឲ្យដឹងពីព្រះរាជបំណងរបស់ទ្រង់ ។ ពួកព្យាការីមើលឃើញទស្សនវិស័យទូលំទូលាយ ហើយទទួលការណែនាំជាក់លាក់សម្រាប់ឧបសគ្គនានានៃជំនាន់របស់ពួកលោក ។ ប្រធាន រ័សុល អិម ណិលសុន ប្រកាសថា យើងទាំងអស់គ្នាជា « សាក្សីដល់ដំណើរការនៃការស្ដារឡើងវិញ ។ ប្រសិនបើបងប្អូនគិតថា សាសនាចក្រត្រូវបានស្ដារឡើងវិញពេញលេញហើយនោះ នោះបងប្អូនទើបតែឃើញការចាប់ផ្ដើមប៉ុណ្ណោះ ។ មានអ្វីៗជាច្រើនដែលនឹងកើតឡើង » ។១០
ការស្ដារឡើងវិញ និងអ្នក
សូមឲ្យយើងម្នាក់ៗមានឆន្ទៈដើម្បីចូលរួមនៅក្នុងការស្ដារឡើងវិញដែលកំពុងកើតឡើងនៃដំណឹងល្អ ដោយការឱបក្រសោប និងអនុវត្តដោយរំភើបរីករាយនូវអ្វីដែលបើកសម្ដែងដល់ពួកព្យាការីសម័យទំនើប ។ ឧទាហរណ៍រួមមាន ការរស់នៅតាមច្បាប់ដែលកាន់តែខ្ពង់ខ្ពស់ និងកាន់តែបរិសុទ្ធនៃការងារបម្រើទៅដល់បងប្អូនប្រុសស្រីយើង ។១១ ហើយសូមឲ្យយើងម្នាក់ៗរកឃើញនូវអំណរនៃដំណឹងល្អដ៏ឋិតថេរ តាមរយៈផែនការដែលផ្ដោតលើគេហដ្ឋាន ដោយមានការគាំទ្រពីសាសនាចក្រ ដើម្បីរៀនគោលលទ្ធិ ពង្រឹងសេចក្ដីជំនឿ រក្សាបទបញ្ញត្តិទាំងឡាយ ហើយចិញ្ចឹមបីបាច់នូវការថ្វាយបង្គុំផ្ទាល់ខ្លួនដែលកាន់តែរឹងប៉ឹងជាង រួមមាននូវរាត្រីជួបជុំគ្រួសារដែលបំពេញតម្រូវការបុគ្គល និងក្រុមគ្រួសារ ។១២
យើងអាចរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ដោយការពន្លឿនការប្រមូលផ្ដុំនៃអ៊ីស្រាអែលនៅផ្នែកទាំងសងខាងនៃវាំងនន ។១៣ យើងអាចធ្វើបានប្រសើរជាងនេះ ក្នុងការធ្វើឲ្យថ្ងៃបរិសុទ្ធជាថ្ងៃដ៏រីករាយ ទាំងការថ្វាយបង្គំនៅថ្ងៃអាទិត្យរបស់យើង និងនៅគេហដ្ឋានរបស់យើង ។១៤ យើងអាចនៅឲ្យកាន់តែមានភាពសមស្របទៅនឹងព្រះវិញ្ញាណបរិសុទ្ធ ដោយការធ្វើកិច្ចការខាងវិញ្ញាណដែលចាំបាច់ ដើម្បីទទួលបាននូវវិវរណៈផ្ទាល់ខ្លួនប្រចាំថ្ងៃ ។១៥
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ស្ថានសួគ៌បើកចំហរ ហើយថាមានអ្វីជាច្រើនទៀតនឹងកើតឡើង កាលដែលព្រះអម្ចាស់រៀបចំយើងសម្រាប់ថ្ងៃដ៏រំភើបទាំងឡាយដែលនឹងមកដល់ ។ ការស្ដារបព្វជិតភាពឡើងវិញអនុញ្ញាតឲ្យបុត្រាបុត្រីព្រះ ផ្ដល់ការងារបម្រើ និងទទួលពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ ហើយវាផ្ដល់សិទ្ធិអំណាចដល់ពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈសម័យទំនើប ឲ្យដឹកនាំនគររបស់ព្រះអម្ចាស់ ។
ពរជ័យរាប់មិនអស់កើតឡើងជារៀងរាល់ថ្ងៃដល់សាសនាចក្រ និងសមាជិកដោយសារតែមានបព្វជិតភាពរបស់ព្រះអម្ចាស់ ។ សូមឲ្យយើងបង្ហាញការដឹងគុណរបស់យើងសម្រាប់ការលេចមករបស់យ៉ូហានបាទីស្ទ និងរបស់ពេត្រុស យ៉ាកុប និងយ៉ូហាន និងសម្រាប់ការត្រឡប់មកវិញនៃបព្វជិតភាពអើរ៉ុន និងមិលគីស្សាដែកនៅក្នុងថ្ងៃចុងក្រោយនេះ និងគ្រាកាន់កាប់ត្រួតត្រាចុងក្រោយបង្អស់នេះ ជាការត្រៀមរៀបចំសម្រាប់ការយាងត្រឡប់របស់ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។