ការគ្រប់គ្រងការប្រតិកម្មចំណីអាហារនៅព្រះវិហារ
សកម្មភាពយុវវ័យនៅរាត្រីដ៏រងាមួយនៅក្នុងខែ មករា ឆ្នាំ ២០១៧ បានផ្លាស់ប្ដូរគ្រួសារសូរិនសុនជារៀងរហូត ។ កូនប្រុសរបស់ធែរី និងជេនីលីន ថេនន័រមានអាយុ 14 ឆ្នាំ ។ សកម្មភាពរួមគ្នាបានដល់ទីបញ្ចប់ ។ ថ្នាក់ដឹកនាំម្នាក់បានផ្ដល់ចំណីអាហារចុងក្រោយ ។ ថេនន័រ ដែលមានប្រតិកម្មនឹងសណ្ដែកដី បានយកនំឃុកឃីមួយ ហើយញ៉ាំវា ។ គាត់មិនគួរធ្វើដូច្នោះទេ ។ វាជានំឃុកឃីសណ្ដែកដី ។
ធែរីនិយាយថា « ជាធម្មតាគាត់ប្រុងប្រយ័ត្នណាស់ » ។
ថេនន័របានត្រឡប់មកដល់ផ្ទះវិញ—ផ្ទះរបស់គាត់នៅមិនឆ្ងាយពីព្រះវិហារទេ ។ ប៉ុន្តែគាត់បានបាត់បង់ស្មារតីយ៉ាងឆាប់បន្ទាប់ពីមកដល់ផ្ទះ ។ គាត់ឈប់ដកដង្ហើម ។ គ្រូពេទ្យ និងបុគ្គលិកនៅបន្ទប់សង្គ្រោះបន្ទាន់បានពុះពារជួយគាត់យ៉ាងស្វាហាប់ ។ ប៉ុន្តែជាអកុសលកិច្ចប្រឹងប្រែងរបស់ពួកគេពុំបានជោគជ័យទេ ។
ថេនន័របានស្លាប់នៅយប់នោះ ដោយសារតែការប្រតិកម្មចំណីអាហាររបស់គាត់ ។
បញ្ហាទូទាំងពិភពលោក
ប្រហែលប្រាំភាគរយនៃកុមារមានប្រតិកម្មចំណីអាហារនៅទូទាំងពិភពលោក ។១ នៅក្នុងសហរដ្ឋ ប្រហែលបួនភាគរយនៃមជ្ឈិមវ័យ និងរហូតដល់ប្រាំបីភាគរយនៃកុមារមានប្រតិកម្ម២ ដោយមានចំនួនតួលេខប្រហាក់ប្រហែលគ្នាត្រូវបានរាយការណ៍នៅក្នុងប្រទេសទាំងឡាយក្នុងទ្វីបអ៊ឺរ៉ុប និងអាស៊ី ។៣ នៅក្នុងវួដដែលមានមជ្ឈិមវ័យ ២០០ នាក់ ចំនួននោះគឺប្រហែល ៨ នាក់ ហើយនៅក្នុងថ្នាក់បឋមសិក្សាដែលមានកុមារ ៥០ នាក់ គឺមានប្រហែលជា ៤ នាក់ ។
ចំណីអាហារច្រើនជាង ១៧០ ប្រភេទត្រូវបានកំណត់ថាអាចជាសារធាតុប្រតិកម្ម ប៉ុន្តែនៅក្នុងសហរដ្ឋកំណត់ត្រាម្ហូប « ចំនួន៨ធំៗ » ដែលមនុស្សភាគច្រើនមានប្រតិកម្មជាមួយនោះគឺ ៖ ទឹកដោះគោ ស៊ុត សណ្ដែកដី គ្រាប់ផ្លែឈើ ស្រូវសាលី សណ្ដែកសៀង ត្រី និងសត្វក្នុងទឹកដែលមានសំបករឹង ។៤ នៅតាមតំបន់នានា ចំណីអាហារផ្សេងៗទៀតដែលស្ថិតនៅក្នុងបញ្ជីដែលមានសារធាតុប្រិតកម្មមានដូចជា សណ្ដែកឈីកភី នៅក្នុងប្រទេសឥណ្ឌា គ្រាប់បាក់វីតនៅក្នុងប្រទេសកូរ៉េខាងត្បូង និងជប៉ុន និងពងអង្ក្រងនៅក្នុងប្រទេសថៃភាគខាងជើង ។ ទឹកដោះគោ និងស៊ុត ជានិច្ចកាលគឺស្ថិតនៅក្នុងចំណោមចំណីអាហារដែលមានសារធាតុប្រតិកម្មដ៏ទូទៅបំផុតនៅទូទាំងពិភពលោក ។៥
ប្រតិកម្មកើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់រាងកាយបញ្ចេញប្រតិកម្មជ្រុលហួសទៅនឹងសារធាតុមួយ ដែលវាដឹងថាជាគ្រោះថ្នាក់មួយ ។ ប្រតិកម្មធ្ងន់ធ្ងរបំផុតគឺអាណាហ្វីឡាក់ទិច ដែលជាការឆ្លើយតបជាប្រព័ន្ធយ៉ាងឆាប់រហ័ស ដែលអាចបណ្ដាលឲ្យស្លាប់បាន ។៦ រោគសញ្ញាទាំងឡាយអាចរួមមានរមួលក្រពើ ឬរមាស់នៅក្នុងមាត់ ហើមបបូរមាត់ មុខ អណ្ដាត ឬផ្នែកផ្សេងទៀតនៃរាងកាយ ចង្អោរ ឬក្អួត ពិបាកដកដង្ហើម ជីបចរដើរលឿន ហើយវិលមុខ និងស្លុត ។៧
វេជ្ជ. ចនណាថាន អូលសុន ជាវេជ្ជបណ្ឌិតផ្នែកប្រតិកម្ម ហើយជាសមាជិកសាសនាចក្រ បានចង្អុលបង្ហាញថា « បើវាមិនធ្ងន់ធ្ងរជាង ក៏វាធ្ងន់ធ្ងរដូចជាមនុស្សម្នាក់ដាច់សរសៃឈាម ឬគាំងបេះដូងនៅក្នុងព្រះវិហារអញ្ចឹង » ។ « មនុស្សម្នាក់ដែលមានប្រតិកម្មអាចស្លាប់លឿនជាងមនុស្សម្នាក់ដែលគាំងបេះដូង » ។
ថ្វីបើការព្យាបាលដែលអាចមានបង្ហាញពីសក្តានុពល ក៏ឥឡូវនេះពុំមានការព្យាបាលឲ្យជាដាច់សម្រាប់ការប្រតិកម្មចំណីអាហារឡើយ ។ វេជ្ជ. អូលសុន មានប្រសាសន៍ថា បទដ្ឋាននៃការថែទាំបន្តជា « ការចៀសវាងសារធាតុដែលប្រតិកម្ម និងការស្គាល់ ព្រមទាំងការព្យាបាលអាណាហ្វីឡាក់ទិច » ។
ចំណីអាហារជាក្តីស្រឡាញ់
ជាញឹកញាប់ចំណីអាហារជារឿងសំខាន់សម្រាប់ការជួបជុំ ។ វាតំណាងឲ្យវប្បធម៌ ប្រពៃណី និងថ្ងៃបុណ្យ ។ ចំណីអាហារត្រូវបានប្រើប្រាស់ដើម្បីផ្ដល់ថាមពលដល់រាងកាយយើង ប៉ុន្តែវាក៏ត្រូវបានប្រើប្រាស់ដើម្បីបីបាច់ព្រលឹងយើងផងដែរ គឺបង្ហាញសេចក្ដីស្រឡាញ់ និងក្ដីកង្វល់ ហើយទាក់ទាញឲ្យមនុស្សជួបជុំគ្នា និងភ្ជាប់ទំនាក់ទំនងគ្នា ។
គ្មានកន្លែងណាដែលរឿងនេះពិតជាងនៅក្នុងព្រះវិហារនោះទេ ។ ចំណីត្រូវបានចែកចាយនៅក្នុងថ្នាក់ដើម្បីជំរុញឲ្យមានការចូលរួម ឬដើម្បីពង្រឹងដល់មេរៀនមួយ ។ ការញ៉ាំអាហាររួមគ្នា ការប្រកួតស៊ុបឈីលលី និងសកម្មភាពផ្សេងៗរបស់វួដ ផ្ដល់មូលហេតុដល់ពួកបរិសុទ្ធឲ្យជួបជុំ និងទំនាក់ទំនងគ្នាខាងសង្គម ។ យើងធ្វើម្ហូបសម្រាប់ម្ដាយដែលទើបសម្រាលកូនហើយ និងសម្រាប់បុណ្យសព ទុកជាការបម្រើដែលចេញពីចិត្ត ។ យើងទុកចំណីនៅនឹងមាត់ទ្វារដើម្បីប្រាប់ថាយើងគិតពីអ្នក ។
សូម្បីព្រះអង្គសង្គ្រោះបានផ្ដល់ចំណីដល់មនុស្ស ៥០០០ នាក់ ដែលបានប្រមូលផ្ដុំដើម្បីស្ដាប់ទ្រង់ ។៨
ឧទាហរណ៍ទាំងនេះជួយ បង្ហាញពីមូលហេតុដែលការប្រតិកម្មចំណីអាហារអាចពិបាកនឹងគ្រប់គ្រងណាស់ ហើយពិបាកខ្លាំងណាស់សម្រាប់មនុស្សខ្លះដើម្បីយល់—ហើយជាពិសេស—សូម្បីតែ—នៅព្រះវិហារ ។ ជាញឹកញាប់ ចំណីអាហារជាក្តីស្រឡាញ់ ។ ប៉ុន្តែបើសមាជិកវួដមើលទៅការប្រតិកម្មម្ហូបអាហារជាឱកាសដើម្បីផ្ដល់ការងារបម្រើ នោះ សូមធ្វើចម្រុះសម្រាប់អ្នកដែលមានបញ្ហាប្រតិកម្មចំណីអាហារ ហើយសូម្បីតែ កង្វះម្ហូបអាហារក៏អាចជាការបង្ហាញនូវសេចក្ដីស្រឡាញ់ផងដែរ ។
ធ្វើឲ្យសាក្រាម៉ង់ពិសិដ្ឋ—ហើយមានសុវត្ថិភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា ៖ « សាក្រាម៉ង់នៃយប់ចុងក្រោយរបស់ព្រះអម្ចាស់ [ គឺ ] ពិសិដ្ឋ ទទួលស្គាល់ចំណុចប្រសព្វនៃបទពិសោធន៍ថ្វាយបង្គំប្រចាំសប្ដាហ៍របស់យើង ។ …
« … ម៉ោងដែលព្រះអម្ចាស់បានតែងតាំងឡើងនោះគឺជាម៉ោងដ៏ពិសិដ្ឋបំផុតនៅក្នុងសប្តាហ៍របស់យើង » ។៩
ទោះជាយ៉ាងណា ដូចដែលបានកត់ចំណាំនៅក្នុងគោលការណ៍ណែនាំដែលបានបោះពុម្ពថ្មីៗរបស់សាសនាចក្រស្ដីអំពីការហ្វឹកហ្វឺនពីប្រតិកម្មចំណីអាហារ និងការចម្លងមេរោគ « ការប្រតិកម្មចំណីអាហារ អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពផ្លូវចិត្តរបស់បុគ្គលម្នាក់ … និងលទ្ធភាពក្នុងការចូលរួមក្នុងការប្រជុំ និងសកម្មភាពរបស់សាសនាចក្រ » ។១០
គោលការណ៍ណែនាំរបស់សាសនាចក្រស្ដីអំពីប្រតិកម្មចំណីអាហារ រួមមាននូវការណែនាំលើការផ្ដល់នំប៉័ងសាក្រាម៉ង់ដោយសុវត្ថិភាព ក៏ដូចជារបៀបដើម្បីចៀសវាងកុំឲ្យនំប៉័ងទាំងនោះប៉ះគ្នានៅលើតុសាក្រាម៉ង់ ។ ( ព័ត៌មានលម្អិតអាចរកបាននៅ disability.ChurchofJesusChrist.org ) ។ ការធ្វើតាមគោលការណ៍ណែនាំនេះ អាចធានាបាននូវបទពិសោធន៍សាក្រាម៉ង់ដ៏មានសុវត្ថិភាពមួយសម្រាប់សមាជិកភាគច្រើន ។
សមាជិកដែលមានប្រតិកម្មចំណីអាហារអាចពិភាក្សាជាមួយប៊ីស្សពរបស់ពួកគេអំពីការសម្របសម្រួលនានាដែលអាចសមរម្យសម្រាប់ពិធីសាក្រាម៉ង់ ។ សមាជិកអាចផ្ដល់នំប៉័ងដែលមិនមានសារធាតុប្រតិកម្មរបស់គេផ្ទាល់ដោយដាក់នៅក្នុងថង់ផ្លាស្ទិកបិទជិតមួយ ។
ជាងនោះទៀត គ្រួសារដែលមានប្រតិកម្មចំណីអាហារ ប្រឈមនឹងឧបសគ្គនានា ពេលដែលអ្នកដទៃទៀតយកម្ហូប ឬចំណីមកក្នុងការប្រជុំសាក្រាម៉ង់ ។ ដោយសារប្រតិកម្មខ្លះអាចកើតឡើងបានដោយគ្រាន់តែការដកដង្ហើមចូល ឬការប៉ះសារធាតុប្រតិកម្មនោះ គ្រួសារដែលមានប្រតិកម្មចំណីអាហារសម្របសម្រួលការប្រជុំសាក្រាម៉ង់ដោយការប្ដូរកន្លែងអង្គុយ ឬប្ដូរទៅកាន់ច្រកដើរចូលវិញពេលមានចំណីអាហារដែលមានសារធាតុប្រតិកម្មលើកមក ។
នៅក្នុងការប្រជុំហ្វឹកហ្វឺន ខែ មេសា ឆ្នាំ ២០១៥ ប្រធាន អិម រ័សុល បាឡឺដ ប្រធានស្ដីទីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់យោបល់ថា « គោលដៅចម្បងរបស់យើងគឺដើម្បីឲ្យមនុស្សគ្រប់គ្នាមានបទពិសោធន៍ខាងវិញ្ញាណ និងពង្រឹងសេចក្ដីជំនឿលើព្រះវរបិតាសួគ៌របស់យើង និងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈការគោរពប្រតិបត្តិថ្ងៃបរិសុទ្ធ » ។ លោកបានបន្ថែមថា « ប្រាកដណាស់ យើងអាចរំពឹងថា ទូរសព្ទ និងអាយភែត ល្បែង និងចំណីអាហារអាចត្រូវបានទុកមួយឡែកសម្រាប់រយៈពេលមួយម៉ោងដ៏មានតម្លៃចេញពី ១៦៨ ម៉ោងនៅក្នុងមួយសប្ដាហ៍សម្រាប់ការប្រជុំសាក្រាម៉ង់ ដែលត្រូវបានឧទ្ទិសដល់ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ គឺព្រះអម្ចាស់យេស៊ូវគ្រីស្ទ » ។១១
សម្រាប់មូលហេតុផ្សេងៗ មិនមែនមនុស្សគ្រប់គ្នាអាចទុកចំណីអាហារមួយឡែកអំឡុងពេលនៅព្រះវិហារនោះទេ ។ ប៉ុន្តែជាមួយនឹងកាលវិភាគដែលកាន់តែខ្លីជាងមុន ប្រហែលជាពួកយើងអាចពិចារណាពីយោបល់របស់ប្រធានបាឡឺដ ហើយវាយតម្លៃ ប្រសិនបើអ្នកត្រូវយកចំណីអាហារមកក្នុងការប្រជុំសាក្រាម៉ង់ ។
ទទួលបន្ទុកគ្នាទៅវិញទៅមក
ខណៈដែលផលប៉ះពាល់ខាងរាងកាយនៃការប្រតិកម្មចំណីអាហារអាចមានភាពធ្ងន់ធ្ងរ នោះផលប៉ះពាល់ខាងវិញ្ញាណអាចមានឥទ្ធិពលដូចគ្នាផងដែរ—ទាំងល្អ និងអាក្រក់ ។
កូនស្រីរបស់ហ្វ្រេនសេសខាមានប្រតិកម្មជាមួយទឹកដោះគោយ៉ាងធ្ងន់ធ្ងរ ។ ពេលកូនស្រីនាងនៅក្នុងថ្នាក់បឋមសិក្សា គ្រូបង្រៀនម្នាក់របស់នាងចូលចិត្តយកនំខាប់ខេកធ្វើនៅផ្ទះមកកាន់ថ្នាក់សម្រាប់ខួបកំណើត ។ ហ្វ្រេនសេសខាបានសុំយកនំខាប់ខេកដែលមានសុវត្ថិភាពមកពេលណាដែលមានខួបកំណើត ។ គ្រូបង្រៀននោះបានបដិសេធ ហើយបានឲ្យក្មេងស្រីអាយុប្រាំមួយឆ្នាំនោះទៅអង្គុយនៅផ្លូវដើរក្នុងព្រះវិហារវិញ ពេលចែកចាយនំខួបកំណើត ។
ហ្វ្រេនសេសខាបានរំឭកថា « វាគួរឲ្យឈឺចាប់ណាស់ » ។ « ជំនួសឲ្យការបង្រៀនកុមារដទៃទៀតឲ្យ ‹ ធ្វើដូចព្រះយេស៊ូវ › ហើយខ្វល់ខ្វាយគ្រប់គ្រាន់ដើម្បីរាប់បញ្ចូលមនុស្សគ្រប់គ្នា នាងបានបង្រៀនពួកគេឲ្យដកមនុស្សចេញវិញ » ។
ការបញ្ចូល និងការដកចេញជាប្រធានបទទូទៅពេលអ្នកនិយាយជាមួយនឹងគ្រួសារដែលមានប្រតិកម្មចំណីអាហារ ។ កូនប្រុសអាយុប្រាំបួនឆ្នាំរបស់ស៊ីនធៀ ដែលមានប្រតិកម្មជាមួយសណ្ដែកដី និងគ្រាប់ផ្លែឈើ បានគិតថានឹងចូលរួមការបោះជំរុំពេលថ្ងៃមួយ ។ ទោះជាយ៉ាងណា នៅព្រឹកនៃការបោះជំរុំនោះ ថ្នាក់ដឹកនាំម្នាក់បានទូរសព្ទមកស្នើសុំមិនឲ្យគាត់ចូលរួម ។ ពួកគេមិនអាចផ្ដល់ការសម្របសម្រួលសម្រាប់ប្រតិកម្មចំណីអាហាររបស់គាត់បានទេ ។
ស៊ីនធៀបានរំឭកថា « ខ្ញុំបានដាក់ទូរសព្ទចុះ ហើយយំ ជាមួយទឹកភ្នែកដែលពេញដោយភាពសោកសៅ ចេញអស់ពីចិត្តខ្ញុំ ចំពោះកូនប្រុសខ្ញុំដែលត្រូវបានគេមិនរាប់បញ្ចូលម្ដងទៀត » ។
ខាធី អែឌណា ស្ទីដ ជាអ្នកគ្រប់គ្រងជំនាញខាងពិការភាពសម្រាប់សាសនាចក្រ កត់សម្គាល់ ៖ « ព្រះអង្គសង្គ្រោះទុកចោលចៀម ៩៩ ហើយទៅរកចៀមមួយដែលបាត់ ។ យើងត្រូវតែចាំពីគំរូនោះ—ដើម្បីមើលឃើញពីចៀមមួយ ហើយយល់ពីចៀមមួយនោះ » ។
យើងអាចជួយបាន
មានអ្វីៗជាច្រើនដែលសមាជិកដែលមានប្រតិកម្មចំណីអាហារ និងគ្រួសារវួដរបស់ពួកគេអាចធ្វើ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់ និងធ្វើឲ្យការចូលរួមនៅព្រះវិហារមានសុវត្ថិភាព និង រាប់បញ្ចូល ។
តើក្រុមគ្រួសារដែលមានប្រតិកម្មចំណីអាហារអាចធ្វើអ្វីខ្លះ ?
ក្រុមគ្រួសារដែលមានប្រតិកម្មចំណីអាហារអាចពន្យល់ពីសេចក្ដីត្រូវការរបស់ពួកគេទៅកាន់ថ្នាក់ដឹកនាំ និងគ្រូ—ហើយធ្វើការទាក់ទងម្ដងទៀតពេលមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំ និងគ្រូ ។ ពួកគេអាចផ្ដល់ចំណីអាហារដែលមានសុវត្ថិភាព ហើយជួយដាក់ផែនការបញ្ជីមុខម្ហូប និងសកម្មភាពនានា ។ ពួកគេអាចផ្ដល់ការហ្វឹកហ្វឺនអំពីរបៀបងាយៗជួយសង្រ្គោះជីវិត និងផែនការសង្គ្រោះបន្ទាន់ ។ ពួកគេនឹងយល់ពេលសមាជិកបង្ហាញពីការភ័យខ្លាច ឬភាពស្ទាក់ស្ទើរ ប៉ុន្តែពួកគេនឹងប្រាប់ដល់សមាជិកដោយអត់ធ្មត់ ហើយធ្វើការរួមគ្នាដើម្បីស្វែងរកជម្រើសដែលមានសុវត្ថិភាព និងរាប់បញ្ចូល ។ ពួកគេគួរស្នើសុំដំណោះស្រាយសមហេតុផលដែលវួដអាចផ្ដល់ និងគាំទ្របាន ។
តើសមាជិកវួដអាចធ្វើអ្វីបានខ្លះ ?
សមាជិកវួដអាចព្យាយាមយល់ពីស្ថានភាពរបស់បុគ្គលម្នាក់ៗ ។ សមាជិកវួដគួរតែធ្វើតាមការណែនាំពីឪពុកម្ដាយអំពីការផ្ដល់ចំណីអាហារដល់កុមារម្នាក់ ។ ប្រសិនបើចំណីអហារជាការចាំបាច់សម្រាប់សកម្មភាព ឬមេរៀនមួយ គ្រូបង្រៀន និងថ្នាក់ដឹកនាំអាចសួរបុគ្គលទាំងឡាយ និងឪពុកម្ដាយថាបើចំណីអាហារនោះមានសុវត្ថិភាពឬទេ ។ សមាជិកវួដអាចអញ្ជើញបុគ្គលទាំងឡាយ និងឪពុកម្ដាយឲ្យចូលរួម និងដោះស្រាយបញ្ហាតាមកាលៈទេសៈចាំបាច់ ។
ស៊ូសានមានប្រតិកម្មចំណីអាហារមួយចំនួន ។ នាងមានការរំជួលចិត្តជាពិសេសដោយការគិតគូររបស់ពួកសង្សនៅក្នុងវួដរបស់នាង ពេលពួកគេរៀបចំសាក្រាម៉ង់ ។ នាងនិយាយថា « ខ្ញុំមានចិត្តរាបទាបជាខ្លាំងដោយសារពួកយុវជនដែលបានធ្វើឲ្យការទទួលសាក្រាម៉ង់របស់ខ្ញុំមានសុវត្ថិភាព » ។
នៅថ្ងៃអាទិត្យមួយ សាក្រាម៉ង់ពុំត្រូវបានចែកដល់នាងទេ ។ ពួកសង្ឃដែលរៀបចំវាបានកត់សម្គាល់ឃើញថា នំប៉័ងរបស់នាងប៉ះនឹងនំប៉័ងផ្សេងទៀតនៅលើតុ ។
ស៊ូសាននិយាយថា « ពួកគេបានមករកខ្ញុំបន្ទាប់ពីការប្រជុំសាក្រាម៉ង់ បានពន្យល់ពីអ្វីដែលបានកើតឡើង ហើយបានប្រាប់ខ្ញុំថា ពួកគេបានទទួលការអនុញ្ញាតពិសេសពីប៊ីស្សពដើម្បីផ្ដល់សាក្រាម៉ង់ ដល់ខ្ញុំនៅក្នុងថ្នាក់រៀន » ។ « ខ្ញុំបានយំនៅពេល ដែលពួកគេបានប្រសិទ្ធិពរ និងចែកសាក្រាម៉ង់ នៅក្នុងបន្ទប់ដ៏តូចនោះ ។ ខ្ញុំអាចទទួលអារម្មណ៍ពី ក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះយ៉ាងខ្លាំង និងព្រះរាជ តំរិះរបស់ទ្រង់ថាតើខ្ញុំមានការលំបាកយ៉ាងណាជាមួយនឹងបញ្ហានេះ » ។
ស៊ូសាននិយាយថា « ការបង្ហាញពីឆន្ទៈដើម្បីធ្វើឲ្យមានបរិយាកាសដែលមានសុវត្ថិភាពនៅព្រះវិហារសម្រាប់មនុស្សដែលមានប្រតិកម្មធ្ងន់ធ្ងរ ក៏ជាការបង្ហាញពីឆន្ទៈដើម្បីទទួលបន្ទុកគ្នាទៅវិញទៅមកផងដែរ » ។
កូនស្រីរបស់ហ្វ្រេនសេសខាជាយុវនារីឥឡូវនេះ ។ ប្រធានយុវនារីរបស់នាងបានទទួលការបំផុសគំនិតឲ្យជួយសម្រាលបន្ទុករបស់គ្រួសារនេះ ។ នាងនិយាយថា « ខ្ញុំមានអារម្មណ៍ថា យើងត្រូវតែធ្វើអ្វីដែលត្រូវធ្វើ ដើម្បីប្រាកដថានាងមិនត្រូវបានបង្ខំឲ្យជ្រើសរើសរវាងសុវត្ថិភាព និងការថ្វាយបង្គុំរបស់នាង » ។ « ខ្ញុំបានអធិស្ឋានអំពីរបៀបដែលយើងត្រូវប្រឈមនឹងស្ថានភាពនេះ ហើយបានទទួលអារម្មណ៍យ៉ាងកក់ក្តៅថា យើងត្រូវតែឱបក្រសោបគ្រួសារនេះ ហើយធ្វើឲ្យប្រាកដថា ពួកគេត្រូវបានរាប់បញ្ចូលទាំងស្រុង » ។
ថ្នាក់ដឹកនាំយុវវ័យបានទទួលយកការអញ្ជើញឲ្យដាក់ផែនការសម្រាប់សន្និសីទយុវវ័យឆ្លងយប់មួយ ដែលកូនស្រីរបស់ហ្វ្រេនសេសខាអាចចូលរួមដោយសុវត្ថិភាព ។ ហ្វ្រេនសេសខាបានជួយរៀបផែនការបញ្ជីមុខម្ហូប និងទៅទិញម្ហូប ។ កម្លាំងរបស់យុវជនបានជួយលាងសម្អាតចង្ក្រានអាំងសាច់មុនពេលពួកគេចម្អិនលើវា ។
ហ្វ្រេនសេសខានិយាយថា « វាគឺជារឿងដ៏អស្ចារ្យ ! » « ខ្ញុំបានយំ ហើយ ទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះតាមរយៈសកម្មភាពដ៏សប្បុរស និងរាប់បញ្ចូលរបស់ពួកគេ ។ កូនស្រីខ្ញុំក៏មានអារម្មណ៍បែបនោះដែរ » ។
កិច្ចការរបស់ព្រះបានបើកសម្ដែងឡើង
គ្រួសាររបស់ថេនន័របានឃើញអព្ភូតហេតុជាច្រើន ទាំងធំ ទាំងតូច តាំងពីបានបាត់បង់កូនប្រុសរបស់ពួកគេមក ។ ពួកគេសង្ឃឹមឲ្យមាននូវការយល់ដឹងកើនឡើងអំពីប្រតិកម្មចំណីអាហារ គឺជាអព្ភូតហេតុមួយក្នុងចំណោមនោះ ។
ធែរី ឪពុករបស់ថេនន័រនិយាយថា « មិនមែនថាក្មេងទាំងនេះដែលមានប្រតិកម្មចំណីអាហារពុំមានការទទួលខុសត្រូវនោះទេ ។ មិនមែនថាពួកគេមិនយកចិត្តទុកដាក់នោះទេ ។ ប៉ុន្តែពួកគេជាក្មេងៗ » ។ « វាគ្រាន់តែអ្នកមិនបានប្រុងប្រយ័ត្នតែមួយវិនាទីប៉ុណ្ណោះ » ។
ប៉ុន្តែការផ្ដល់ការងារបម្រើអាចជួយការពារពួកគេបាន ។ វេជ្ជ. អូលសុន និយាយថា « និយមន័យនៃការងារបម្រើ មានន័យថា ការឆ្លើយតបដល់តម្រូវការរបស់អ្នកដទៃទៀត » ។ « អ្វីគ្រប់យ៉ាងអំពីព្រះវិហារគឺផ្អែកលើតម្រូវការរបស់បុគ្គលម្នាក់ៗ ហើយធ្វើឲ្យប្រាកដថា តម្រូវការខាងវិញ្ញាណ និងខាងរាងកាយរបស់ពួកគេត្រូវបានបំពេញតាម » ។
សារ៉ុន អូប៊ែង ទីប្រឹក្សាទីមួយក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ បានបង្រៀនថា « ព្រះគ្រីស្ទបានប្រាប់ដល់ពួកនីហ្វៃដោយទន់ភ្លន់ថា ‹ យើងមិនបានបញ្ជានរណាមួយក្នុងពួកអ្នកឲ្យចេញទៅឡើយ › ។ … វាគឺជាតម្រូវការដ៏ខ្ជាប់ខ្ជួនមួយរបស់ពួកសិស្សគ្រីស្ទាន និងពួកបរិសុទ្ធថ្ងៃចុងក្រោយដើម្បីបង្ហាញសេចក្ដីស្រឡាញ់ពិតដល់គ្នាទៅវិញទៅមក » ។១២
សម្រាប់ហ្វ្រេនសេសខា បន្ទាប់ពីការលំបាកផ្ទាល់ខ្លួនដើម្បីយល់ពីមូលហេតុដែលកូននាងប្រឈមនឹងឧបសគ្គនៃការប្រតិកម្មចំណីអាហារ នាងបានយល់ដឹងថា « ជួនកាលព្រះព្យាបាលមនុស្សម្នាក់ដែលមានពិការភាព ដើម្បីបង្ហាញនូវកិច្ចការដ៏រុងរឿងរបស់ទ្រង់ ហើយពេលខ្លះទៀតទ្រង់អនុញ្ញាតឲ្យមនុស្សម្នាក់បន្តមានពិការភាព ដោយសារទ្រង់ចង់បង្ហាញកិច្ចការរបស់ទ្រង់នៅក្នុងរបៀបដែលអ្នកដទៃទៀតប្រព្រឹត្តិចំពោះបុគ្គលនោះ ។ ព្រះប្រទានដល់យើងទាំងអស់គ្នានូវឱកាសដើម្បីរៀនមានសណ្ដានចិត្តល្អ និងរៀនក្លាយដូចជាទ្រង់ ដោយការអនុញ្ញាតឲ្យយើងក្លាយជាអព្ភូតហេតុមួយ សម្រាប់នរណាម្នាក់នៅក្នុងការរងទុក្ខរបស់ពួកគេ » ។