២០២០
មនុស្ស​ដែល​មាន​តម្រូវការ​ពិសេស មេរៀន​ពិសេស
ខែ មិថុនា ឆ្នាំ ២០២០


មនុស្ស​ដែល​មាន​តម្រូវការ​ពិសេស មេរៀន​ពិសេស

យើង​សូម​ចែកចាយ​បទពិសោធន៍​មួយ​ចំនួន ដែល​យើង​បាន​រៀន​ពី​បទពិសោធន៍​របស់​យើង​ជាមួយ​ដូរ៉ា កូនស្រី​យើង​ដែល​មាន​តម្រូវការ​ពិសេស ដោយ​សង្ឃឹម និង​អធិស្ឋាន​ថា គំនិត និង​ពាក្យ​សម្ដី​របស់​យើង​អាច​ផ្ដល់​ពរ​ដល់​នរណា​ម្នាក់​ផ្សេងទៀត ដែល​ស្ថិត​នៅលើ​ដំណើរ​ស្រដៀង​គ្នា​នេះ ។

Elder Pieper with his daughter Dora

រូបថត​ដូរ៉ា ផ្ដល់​ឲ្យ​ដោយ​គ្រួសារ​ផែបភើរ

នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការសម្រាល​របស់​ដូរ៉ា​ដោយ​ការវះកាត់​ដែល​បាន​កំណត់​ទុក នោះ​យើង​បាន​ដឹង​ថា​មាន​អ្វី​មួយ​ខុស​ធម្មតា​អំពី​នាង ។ ប៉ុន្តែ​ទាល់តែ​ពេល​ដែល​យើង​ប្រញាប់​យក​នាង​ទៅ​មន្ទីរពេទ្យ​ពី​ការពិនិត្យ​សុខភាព​ជាមួយ​វេជ្ជបណ្ឌិត​នៅបី​សប្ដាហ៍​ក្រោយ​មក ទើប​យើង​បាន​ចាប់ផ្ដើម​យល់​ថា កំណើត​របស់​នាង​ជា​ព្រឹត្តិការណ៍​ដែល​ផ្លាស់ប្ដូរ​ជីវិត​គ្រួសារ​យើង ។

ជាច្រើន​សប្ដាហ៍ និង​ខែ​បន្ទាប់​ពី​នោះ យើង​មាន​ក្ដីសង្ឃឹម​ដ៏​ច្រើន​ផង ហើយ​ភ័យខ្លាច​ខ្លាំង​ផងដែរ កាលដែល​អ្នកជំនាញ​ខិតខំ​ជាខ្លាំង​ដើម្បី​ធ្វើរោគ​វិនិច្ឆ័យ​លើ​ស្ថានភាព​របស់​ដូរ៉ា ។ របាយការណ៍​វិភាគ​នីមួយៗ​នាំ​មក​នូវ​ភាពថប់​បារម្ភ​របស់​វា​ផ្ទាល់ ។

យើង​បាន​ឆ្លើយ​តប​ទៅនឹង​រោគវិនិច្ឆ័យ​ដែល​អាច​កើត​មាន​មួយ​ថា « ឱ​សូម​កុំ​ឲ្យ​ដូច្នោះ​ឡើយ ។ យើង​មិន​អាច​ទ្រាំ​បាន​ទេ​បើ​យើង​បាត់បង់​នាង​នោះ » ។ យើង​បាន​ឆ្លើយ​តប​ទៅនឹង​ការវិនិច្ឆ័យ​រោគ​មួយ​ទៀត​ថា « បើសិន​ជា​វា​ដូច្នេះ យើង​មិន​ប្រាកដ​ថា​យើង​អាច​ដោះស្រាយ​ជាមួយ​វា​យ៉ាង​ដូច​ម្ដេច​នោះ​ទេ » ។

ការធ្វើ​រោគ​វិនិច្ឆ័យ​គឺ​ជា​ដាវ​មុខពីរ ។ វា​អាច​ធ្វើ​ឲ្យ​យើង​បាន​ធូរ​ចិត្ត ហើយ​ជួយ​មនុស្ស​ម្នាក់​ឲ្យ​យល់​ថា​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា ប៉ុន្តែ​វា​ក៏​បង្កើត​នូវ​ការរំពឹងទុក ឬ​កំណត់​ពី​ព្រំដែន​ដែល​អាច​មិន​មែន​ជា​ការពិត​ផង​ដែរ ។ ក្នុង​ករណី​របស់​យើង យើង​មាន​អំណរគុណ​ដែល​បន្ទាប់​ពី​របាយការណ៍​វិភាគ និង​ការធ្វើ​តេស្ដ៍​ទាំងអស់ ក្រុម​វេជ្ជបណ្ឌិត​មិន​អាច​ផ្ដល់​លទ្ធផល​នៃ​រោគវិនិច្ឆ័យ​ជាក់លាក់​មួយ​សម្រាប់​ដូរ៉ា​ឡើយ ។

ពួកគេ​ប្រាប់​យើង​ថា « សរីរាង្គ​របស់​នាង​ធ្វើការ​ធម្មតា​ទាំងអស់ ប៉ុន្តែ​នាង​មាន​សាច់ដុំ​ខ្សោយ ហើយ​ប្រកាច់ ។

យើង​បាន​រស់នៅ​ជាមួយ​នឹង​ប្រយោគ​នេះ​អស់ ២៨ ឆ្នាំ​ហើយ—ភាពមិន​ច្បាស់លាស់​របស់​វា ភាពបត់បែន​របស់​វា ឧបសគ្គ​របស់​វា ព្រមទាំង​អំណរ និង​លទ្ធភាព​របស់​វា ។ យើង​មិន​បាន​ដឹង​ថា​វិថី​នេះ​នឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​យើង​មិនដែល​មាន​អារម្មណ៍​ថា​ត្រូវបាន​កំណត់​ព្រំដែន​ដោយ​រោគវិនិច្ឆ័យ​វេជ្ជសាស្ត្រ​ជាក់លាក់​មួយ​ឡើយ ។

ការកំណត់​ថា​មនុស​ម្នាក់​មាន​តម្រូវការពិសេស

សំណួរ​មួយ​ចំនួន​ដែល​យើង​បាន​ទទួល​អស់​ជាច្រើន​ឆ្នាំ​នេះ​អំពី​ដូរ៉ា​គឺ « តើ​នាង​មាន​ជម្ងឺ​អ្វី ? » និង « តើ​អ្វី​ជា​ពិការភាព​របស់​នាង ? » ជា​ទូទៅ​យើង​ឆ្លើយ​ដោយ​និយាយ​ដូចនេះ​ថា « មែនហើយ នាង​មិន​និយាយ ​ដើរ​ដោយ​គ្មាន​ជំនួយ ឬ​ញ៉ាំ ឬ​ស្លៀកពាក់​ដោយ​ខ្លួន​ឯង​បាន​ឡើយ ប៉ុន្តែ​នាង​មាន​អ្វីៗ​ច្រើន​ជាង​នោះ​ទៀត » ។

យើង​បាន​រៀន​ដើម្បី​មិន​កំណត់​នាង​ដោយ​អសមត្ថភាព ឬ​ភាពមាន​កំណត់​របស់​នាង​ឡើយ ។ ប៉ុន្តែ យើង​ចូលចិត្ត​កំណត់​នាង​ដោយ​សមត្ថភាព​របស់​នាង​វិញ ។

ឧទាហរណ៍ ដូរ៉ា​អាច​ញញឹម ។ ស្នាម​ញញឹម​របស់​នាង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​នាង​ញញឹម​ដែរ ។ មនុស្ស​ដែល​មិន​ស្គាល់​យើង​សោះ​បាន​បញ្ឈប់​យើង​នៅ​ព្រលាន​យន្តហោះ​ដើម្បី​សួរ​ថា​បើ​ពួកគេ​អាច​ថតរូប​ជាមួយ​ដូរ៉ា​បាន​ឬទេ ដោយគ្រាន់តែ​ព្រោះ​ពួកគេ​រំជួល​ចិត្ត​ដោយ​ពន្លឺ​នៃ​ស្នាម​ញញឹម​ដ៏​ចែងចាំង​របស់​នាង ។

នាង​អាច​ឱប ។ បើ​អ្នក​មាន​សំណាង​គ្រប់គ្រាន់​ដើម្បី​បាន​ដូរ៉ា​ឱប នោះ​វា​នឹង​ផ្លាស់ប្ដូរ​ជីវិត​អ្នក ។ មាន​ពេល​មួយ​នោះ ពេល​យើង​កំពុង​ដើរ​ចេញ​ពី​កម្មវិធី​កីឡា​មួយ ដោយ​ឆ្លងកាត់​បុរស​អនាថា​ម្នាក់​នៅ​ចញ្ចើម​ផ្លូវ ដូរ៉ា​បានចូល​ទៅជិត និង​ឱប​គាត់​ដោយ​ឯកឯង ។ ទឹកមុខ​របស់​គាត់​បង្ហាញ​យ៉ាង​ជាក់ស្ដែង​ថា ការឱប​របស់​នាង​គឺ​ជា​អ្វី​មួយ​ដែល​អស្ចារ្យ​បំផុត​ដែល​គាត់​បាន​ទទួល​នៅ​ថ្ងៃ​នោះ ។

ដូរ៉ា​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់ ។ ប្រសិន​បើ​ដូរ៉ា​សម្លឹង​ប៉ះ​ភ្នែក​អ្នក សូម្បី​តែ​មួយ​វិនាទី នោះ​អ្នក​នឹង​ទទួល​អារម្មណ៍​នៃ​ក្ដីស្រឡាញ់ និង​ភាពផ្អែមល្ហែម​ដែល​អាច​បណ្ដាល​ឲ្យ​អ្នក​មាន​ទឹកភ្នែក​រលីងរលោង ។ ជាមួយ​នឹង​អំណោយទាន​ដ៏​អស្ចារ្យ​ទាំងនោះ ហេតុអ្វី​យើង​ចង់​កំណត់​នាង​ថា « អសមត្ថភាព » ឬ « ពិការ » ទៅវិញ ? នាង​បាន​ជះ​ឥទ្ធិពល​ល្អ​ដល់​ជីវិត​មនុស្ស​រាប់រយ​អ្នក ដោយ​គ្រាន់តែ​បង្ហាញ​គុណសម្បត្តិ​ធម្មជាតិ​របស់​នាង ហើយ​ធ្វើ​នូវ​អ្វីដែល​នាង​ធ្វើ ។

Photograph of Dora Pieper

មួយ​ថ្ងៃ​ម្ដងៗ

វា​ងាយ​ស្រួល​នឹង​មាន​ការសន្ធប់​ចិត្ត​ដល់​ឪពុក​ម្ដាយ ពេល​ដឹង​ថា​កូន​របស់​ពួកគេ​នឹង​ត្រូវ​ពឹង​ផ្អែក​លើ​ពួកគេ​អស់​មួយ​ជីវិត​នោះ ។ អារម្មណ៍​សន្ធប់​ចិត្ត​នោះ​កាន់តែ​ជ្រាលជ្រៅ​ថែម​ទៀត ពេល​ដែល​កូន​នោះ​តម្រូវ​នូវ​ការគាំទ្រ​ឥត​ឈប់ឈរ​ខាង​រាងកាយ ផ្លូវចិត្ត ហើយ​ប្រហែល​ជា​ខាង​វេជ្ជសាស្ត្រ​ផង ។ ការគិត​ឃើញ​ពី​ការបញ្ចុក ការស្លៀកពាក់ ការងូតទឹក ការថែទាំ និង​ការ​គាំទ្រ​ដល់​កូន​ម្នាក់​ជារៀង​រាល់ថ្ងៃ អាច​ឃើញ​ថា​ជា​ភ្នំ​មួយ​ដ៏​ខ្ពស់ និង​ចោត​ហួស​ដើម្បី​ឡើង​ទៅ ។

នៅក្នុង​គ្រា​ទាំងនោះ វា​សំខាន់​ដើម្បី​ឈាន​ត្រឡប់​ក្រោយ ហើយ​និយាយ​ថា « ខ្ញុំ​គ្រាន់តែ​ត្រូវ​ធ្វើ​វា​ថ្ងៃ​នេះ​ប៉ុណ្ណោះ » ។ យើង​បាន​ឃើញ​ថា ដោយ​ការផ្ដោត​តែ​ទៅលើ​តម្រូវការ និង​ឱកាស​នៃ​ថ្ងៃ​នីមួយៗ នោះ​កិច្ចការ​ហាក់ដូច​ជា​អាច​គ្រប់គ្រង​បាន​ជាង ។ យើង​អាច​រស់នៅ​គ្រាន់តែ​មួយ​ថ្ងៃម្ដងៗ ហើយ​យើង​អាច​រកមើល​អំណរ និង​ភាពលូតលាស់​ដែល​បាន​មក​នៅ​ថ្ងៃ​នោះ ។

សមត្ថភាព​នៃ​ការពង្រីក

វិញ្ញាណ​នីមួយៗ​ដែល​ត្រូវបាន​បញ្ជូន​មក​ផែនដី គឺ​មាន​សមត្ថភាព​នៃ « ការពង្រីក » ។ យើង​ទាំងអស់​គ្នា​ត្រូវបាន​រំពឹង​ឲ្យ​អនុវត្ត​សិទ្ធិជ្រើសរើស​របស់​យើង​ឲ្យ​ដល់​កម្រិត​ដែល​យើង​អាច​ធ្វើ​បាន ។ យើង​ដែល​ជា​អ្នក​ថែទាំ​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ជួយ​ដល់​ពួកអ្នក​ដែល​នៅ​ក្រោម​ការថែទាំ​របស់​យើង​ឲ្យ​លូតលាស់ និង​រីកចម្រើន​ឡើង​ខាង​រាងកាយ ខាងផ្លូវ​អារម្មណ៍ និង​ខាង​វិញ្ញាណ​ឲ្យ​ដល់​កម្រិត​មួយ​ដែល​ពួកគេ​អាច​ធ្វើ​ទៅបាន ។ នោះ​អាច​មានន័យ​ថា ជួយ​ពួកគេ​ឲ្យ​មាន​ឱកាស​ដើម្បី​បម្រើ—ដូចជា​ដូរ៉ា​បាន​ផ្ដល់​ការឱប ឬ​ស្នាម​ញញឹម ។ វា​ក៏​អាច​មានន័យ​ថា ជួយ​ពួកគេ​ឲ្យ​ប្រើប្រាស់ ហើយ​បើ​អាច​ធ្វើ​ទៅបាន ពង្រីក​សមត្ថភាព​ខាង​រាងកាយ និង​ខាង​ផ្លូវចិត្ត​របស់​ពួកគេ​តាមរយៈ​ការព្យាបាល និង​សកម្មភាព ។

នៅក្នុង​ការធ្វើ​ដូច្នោះ យើង​ត្រូវ​នៅក្នុង​ភាពជាក់ស្ដែង ។ បើ​យើង​តែងតែ​តានតឹង​ក្នុង​ចិត្ត នោះ​យើង​ប្រហែល​ជា​ប្រឹង​ជំរុញ​ហួស​កម្លាំង​ពេកហើយ ។ ព្រះអម្ចាស់​អាច​ជួយ​យើង ហើយ​ដឹកនាំ​យើង​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ ឲ្យ​ធ្វើ​កិច្ចការ​ទាំងឡាយនោះ​ដែល​អាច​ធ្វើ​ទៅបាន និង​ដែល​សមរម្យ ។ នៅក្នុង​ករណី​ខ្លះ ទ្រង់​នឹង​ប្រទាន​អព្ភូតហេតុ​ដល់​យើង ទោះជា​វា​ហាក់ដូច​ជា​តូចក្ដី ។

យើង​នឹង​តែងតែ​ចងចាំ​ពី​អ្វី​ដែល​អ្នក​ជំនាញ​ផ្នែក​ឆ្អឹង​ឈានមុខ​ម្នាក់​ប្រាប់​យើង​ថា ដូរ៉ា​នឹង​ពុំ​ដែល​អាច​ដើរ​បាន​ទេ ។ ប៉ុន្តែ​បន្ទាប់​ពី​ការអធិស្ឋាន​ជាច្រើន និង​ការខិតខំ​អស់​ជាច្រើន​ឆ្នាំ​មក ឥឡូវនេះ ដូរ៉ា​អាច​ដើរបាន​ដោយ​មាន​ជំនួយ ។ ស្ថានភាព​ទូទៅ​របស់​នាង​ពុំ​បាន​ផ្លាស់ប្ដូរ​ទេ ប៉ុន្តែ​ព្រះអម្ចាស់​បាន​ប្រទាន​អព្ភូតហេតុ​តូចមួយ​ដល់​យើង​ដើម្បី​ជួយ​នាង​ឲ្យ​លូតលាស់ និង​ស្វែងរក​ភាពរីករាយ​បន្ថែម​ទៀត​នៅក្នុង​ជីវិត ។

Dora riding a horse

សេចក្ដី​ជំនឿ​ទោះ​មិន​បាន​ព្យាបាល

វា​ជា​រឿង​ធម្មតា​ដើម្បី​សួរ​ថា ហេតុអ្វី ? ពេល​ដែល​បុត្រ​ដ៏​មាន​តម្លៃ​ដែល​មាន​ឧបសគ្គ​របស់​ព្រះ​ម្នាក់​ត្រូវបាន​បញ្ជូន​មក​ផ្ទះ​របស់​យើង ។ សេចក្ដី​ជំនឿ​របស់​យើង​ដឹកនាំ​យើង​ដោយ​ឯកឯង​ឲ្យ​សួរ​ដល់​ព្រះ ថាតើ​វា​អាច​ទៅរួច​ទេ​ដើម្បី​ព្យាបាល ឬ​ដកចេញ​នូវ​ស្ថានភាព​របស់​កូន​នោះ ។ យើង​មាន​សេចក្ដី​ជំនឿ​យ៉ាង​ប្រាកដ​ថា ព្រះអាច​ព្យាបាល​កូនស្រី​យើង​បាន ប៉ុន្តែ​ទ្រង់​ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា វា​មិនមែន​ជា​ព្រះទ័យ​របស់​ទ្រង់​ដើម្បី​ធ្វើ​ដូច្នោះ​នៅ​ឥឡូវ​នេះ​ទេ ។

ព្រះវរបិតាសួគ៌​មាន​ព្រះរាជ​បំណង​ផ្ទាល់​របស់​ទ្រង់​ដែល​បាន​បញ្ជូន​ដូរ៉ា​មក​យើង ហើយ​ទ្រង់​នឹង​ព្យាបាល​នាង—ប្រសិនបើ ហើយ​នៅពេល​ដែល​ទ្រង់​នឹង​ធ្វើ​ដូច្នោះ ។ ថ្ងៃនោះ​អាច​នឹងមិន​កើត​រហូត​ដល់​ពេល​នៃ​ការព្យាបាល​ចុងក្រោយ​បំផុត—ការរស់ឡើងវិញ ។ វា​ត្រូវការ​សេចក្ដី​ជំនឿ​ច្រើន​ដូចគ្នា ដើម្បី​ទទួល​យក​ព្រះឆន្ទៈ​របស់​ព្រះ​ថា កូនៗ​ដ៏​មាន​តម្លៃ​ទាំងនេះ​ពុំ​ទទួល​បាន​ការព្យាបាល​ឥឡូវនេះ ទៅនឹង​ការជឿ​ថា ទ្រង់​អាច​ព្យាបាល​ពួកគេ​ឥឡូវ​នេះ ។ ដូរ៉ា​ត្រូវបាន​បញ្ជូន​មក​យើង​ជាមួយ​នឹង​គោលបំណង​មួយ ហើយ​យើង​បាន​ទទួល​ការរំឭក​មិន​ឲ្យ​ស្វែងរក​ថា​ហេតុអ្វី ប៉ុន្តែ​ឲ្យ​សួរ​ដល់​ព្រះវរបិតាសួគ៌​ថា អ្វី ដែល​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​រៀន ។

អែលឌើរ រីឆាដ ជី ស្កត ( ១៩២៨–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « ដើម្បី​សួរ​ថា ហេតុអ្វី​រឿង​នេះ​ត្រូវ​កើតឡើង​ចំពោះ​ខ្ញុំ ? ហេតុអ្វី​ខ្ញុំ​ត្រូវ​រងទុក្ខ​ចំពោះ​បញ្ហា​នេះ នៅ​ពេល​នេះ ? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​​បាន​ជា​វា​កើតឡើង ? នឹង​នាំ​អ្នក​ទៅកាន់​ជ្រលង​ដ៏​ងងឹត » ។ លោក​បាន​និយាយ​ថា ផ្ទុយទៅវិញ « សួរ​ថា តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ? តើ​ខ្ញុំ​ត្រូវ​រៀន​អ្វី​ខ្លះ​ចេញ​មក​ពី​បទពិសោធន៍​នេះ ? … ពេល​អ្នក​អធិស្ឋាន​ដោយ​ភាពជឿជាក់​យ៉ាង​ប្រាកដ​ថា ‹ សូម​ឲ្យ​កូន​បាន​ដឹង​ពី​ព្រះឆន្ទៈ​របស់​ទ្រង់ › និង ‹ ​សូម​តាម​ព្រះហឫទ័យ​ទ្រង់​ចុះ › នោះ​អ្នក​ស្ថិត​នៅក្នុង​ជំហរ​ដ៏​រឹងមាំ​បំផុត​ដើម្បី​ទទួល​ជំនួយ​ធំធេង​បំផុត​ពី​ព្រះវរបិតាសួគ៌​របស់​អ្នក​ហើយ » ។

ពេល​ខ្លះ យើង​គិត​ពី​ឪពុក​ម្ដាយ​របស់​កូនៗ​ទាំងនោះ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ព្យាបាល​អំឡុង​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ។ ប្រហែល​ជា​ដូច​យើង​ដែរ ឪពុក​ម្ដាយ​ទាំងនោះ​ឆ្ងល់​​ថា​តើ​អ្វី​ជា​គោលបំណង​ដែល​កូនៗ​របស់​ពួកគេ​ត្រូវបាន​បញ្ជូន​មក​ពួកគេ​នោះ ។ បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បានព្យាបាល​ពួកគេ​ហើយ ឪពុក​ម្ដាយ​ទាំងនោះ​អាច​យល់​ថា វា​ពុំ​អាច​ទៅរួច​ទេ​ដែល​ទ្រង់​បង្ហាញ​ពី​អំណាច និង​ទេវភាព​នៃ​ការព្យាបាល​របស់​ទ្រង់​នោះ បើ​ពុំមាន​នរណា​ម្នាក់​ឈឺ ហើយ​ត្រូវការ​ការព្យាបាល​នោះ ។ យើង​មាន​សេចក្ដី​ជំនឿ​ថា ពេលវេលា​នៃ​ការព្យាបាល​នឹង​មក​ដល់​បុត្រាបុត្រី​គ្រប់​រូប​របស់​ព្រះ ។

យើង​ទន្ទឹង​រង់ចាំ​ថ្ងៃ​នោះ ។

កំណត់​ចំណាំ

  1. ព្យាការី យ៉ូសែប ស្ម៊ីធ បាន បង្រៀន ថា « គ្រប់​ទាំង​គំនិត និង​វិញ្ញាណ​ដែល​ព្រះ​ធ្លាប់​បាន​បញ្ជូន​មក​ក្នុង​ពិភពលោក​នេះ គឺ​ងាយ​នឹង​ពង្រីក​បាន » ( Teachings of Presidents of the Church: Joseph Smith [ ២០០៧ ] ទំព័រ ២១០ ) ។

  2. រីឆាដ ជី ស្កត « Trust in the Lord » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ១៧ ។

  3. សម្រាប់​ការយល់ដឹង​ពី​ការមាន « សេចក្ដី​ជំនឿ​ទោះ​មិន​បាន​ព្យាបាល » សូមមើល ដេវីឌ អេ បែដណា « Accepting the Lord’s Will and Timing » Liahona ខែ សីហា ឆ្នាំ ២០១៦ ទំព័រ ១៦–២៣ ។