២០២០
ការសម្រេច​ចិត្ត​លើ​បុណ្យ​ជ្រមុជ​ទឹក
ខែ មិថុនា ឆ្នាំ ២០២០


ការសម្រេច​ចិត្ត​លើ​បុណ្យ​ជ្រមុជ​ទឹក

feet in baptismal font

ថ្មីៗ​នេះ ស្វាមី​ខ្ញុំ និង​ខ្ញុំ​ព្យាយាម​ធ្វើ​ការសម្រេច​ចិត្ត ថា​បើ​កូនប្រុស​អាយុ​ប្រាំពីរ​ឆ្នាំ​របស់​យើង​បាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ​ឬ​នៅ ។ គាត់​មាន​ជំងឺ​អធីហ្សឹម ដូច្នេះ​យើង​មិន​ប្រាកដ​ថា​បើ​គាត់​យល់​គ្រប់គ្រាន់​ដើម្បី​ទទួល​ខុសត្រូវ​លើ​ការសម្រេច​ចិត្ត​នេះ​ឬ​ទេ ។ នៅ​ទំព័រ ១៨ អ្នក​អាច​អាន​អំពី​​រឿង​ជា​ច្រើន​ដែល​យើង​បាន​ពិចារណា ពេលដែល​យើង​បាន​ព្យាយាម​ដើម្បី​ធ្វើ​ការសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ ។

ក្នុង​នាម​ជា​អ្នក​ជំនាញ​ខាង​ផ្នែកពិការភាព​ប្រចាំ​សាសនាចក្រ ខ្ញុំ​ដឹង​ថា មាន​មនុស្ស​ពិការ​ដ៏​ល្អៗ​ជា​ច្រើន​ដែល​មាន​បំណង​ប្រាថ្នា​ចង់​មាន​អារម្មណ៍​ថា​ត្រូវគេ​រាប់បញ្ចូល​ក្នុង​ចំណោម​សមាជិក​នៅឯ​ព្រះវិហារ ។ ចំពោះ​បងប្អូន​ប្រុសស្រី​គ្រប់រូបរបស់​យើង ដែល​មាន​ពិការភាព ទោះ​ជា​ពិការភាព​អ្វី​ក៏​ដោយ និង​ចំពោះ​គ្រួសារ​របស់​ពួកគាត់ យើង​សូម​និយាយ​ថា ៖ យើង​ស្រឡាញ់​បងប្អូន យើង​ត្រូវការ​បងប្អូន ហើយ​យើង​ចង់​រៀន​ពី​របៀប​ដើម្បី​បម្រើ​បងប្អូន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។

អត្ថបទ​មួយ​ចំនួន​នៅក្នុង​ច្បាប់​នេះ ជួយ​យើង​ឲ្យ​យល់​ពី​ពិការភាព និង​របៀប​ដែល​យើង​អាច​បង្កើន​ការរាប់បញ្ចូល​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នៅក្នុង​វួដ និង​សហគមន៍​របស់​យើង ៖

  • ទំព័រ ២៨ ៖ អែលឌើរ ប៉ូល ប៊ី ផែបភើរ នៃ​ពួក​ចិតសិប​នាក់ និង​ភរិយា​លោក ម៉ែលីស្សា ដែល​មាន​កូន​ម្នាក់​មាន​ពិការភាព ផ្ដល់​នូវ​ក្ដីសង្ឃឹម និង​ការលើក​ទឹកចិត្ត​ដល់​យើង​ដែល​ជា​ឪពុក​ម្ដាយ​ទាំងឡាយ ។

  • ទំព័រ ២១ ៖ នៅ​ចុង​បញ្ចប់​នៃ​អត្ថបទ​របស់​ខ្ញុំ បងប្អូន​​អាច​ស្វែងរក​គំនិត​នានា​ពី​របៀប​ដើម្បី​សម្រប​សម្រួល​មេរៀន​នៅ​ព្រះវិហារ និង​ការហៅ​បម្រើ​ឲ្យ​កាន់តែ​ប្រសើរ​សម្រាប់​សមាជិក​ដែល​មាន​ពិការភាព ។

  • ទំព័រ ខ១៦ ៖ ឪពុក​ម្ដាយ​អាច​ប្រើប្រាស់​រឿង​នេះ​នៅក្នុង ប្រិយមិត្ត ដើម្បី​ជួយ​កូនៗ​របស់​ពួកគេ​ឃើញ​ពី​គំរូ​មួយ​នៃ​ការធ្វើ​ជាមិត្ត​ដល់​នរណា​ម្នាក់​ដែល​មាន​ពិការភាព ។

កាល​ដែល​អ្នក​អាន​ច្បាប់​នេះ សូម​ចាំ​ថា « តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ​គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១០ ) ។ យើង​អាច​ជួយ​បង្កើត​ឲ្យ​មាន​បរិយាកាស​ក្នុង​គេហដ្ឋាន និង​សាសនាចក្រ​ដែល​ពោរពេញ​ដោយ​ក្ដីស្រឡាញ់ និង​ការស្វាមគមន៍ ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​ណា​ដែល​ចង់​មក ហើយ​ប្រែក្លាយ​ដូច​ជា​ព្រះយេស៊ូវ មាន​ឱកាស​បែប​នោះ ។

ដោយ​ក្តី​ស្រឡាញ់

ខាធី អែឌណា ស្ទីដ

នាយកដ្ឋាន​បព្វជិតភាព និង​គ្រួសារ អ្នក​ជំនាញ​ផ្នែក​ពិការភាព