២០២០
ដៃ​ជំនួយ​របស់​ហាវិន
ខែ មិថុនា ឆ្នាំ ២០២០


ដៃ​ជំនួយ​របស់​ហាវិន

ហាវិន អាយុ ១៤ ឆ្នាំ​មកពី​រដ្ឋ​យូថា ស.រ.អា. បាន​សម្រេច​ចិត្ត​ដើម្បី​ប្រារព្ធ​អបអរ​ការក្លាយ​ជា​យុវនារី​ម្នាក់​នៅក្នុង​សាសនាចក្រ​ដោយ​ការបម្រើ​ដល់​អ្នក​ដទៃ​ទៀត ។

នាង​និយាយ​ថា « វា​បាន​ចាប់ផ្ដើម​ពី​គំនិត​តូច​មួយ » ។ « ពូ​របស់​ខ្ញុំ​បាន​ទៅ​ប្រទេស​​បង់ក្លាដែស​ដើម្បី​ធ្វើ​កិច្ចការ​មនុស្សធម៌ ហើយ​បាន​រៀន​ពី​ការលំបាក​ដែល​ប្រជាជន​នៅ​ទីនោះ​កំពុង​ជួប​ប្រទះ ។ ខ្ញុំ​ចង់​ជួយ​ពួកគេ—ដូច្នេះ​ខ្ញុំ​បាន​មើល​ក្នុង​កម្មវិធី JustServe ហើយ​បាន​មាន​គំនិត​ដើម្បី​ធ្វើ​កញ្ចប់​ដែល​ធ្វើ​ដោយដៃ​សម្រាប់​ជនភៀស​ខ្លួន​នៅ​ទីនោះ » ។

ហាវិន​បាន​ប្រមូល​ការបរិច្ចាគ​នានា​នៅ​សាលា​នាង បង្កើត​ទំព័រ GoFundMe ហើយ​សូម្បី​តែ​បាន​យក​ធុង​សម្រាម​របស់​អ្នក​ជិតខាង​ចេញក្រៅ​ដើម្បី​ជួយ​រៃអង្គាស​ប្រាក់​សម្រាប់​កញ្ចប់​ទាំងនោះ ។ នាង​និយាយ​ថា « ខ្ញុំ​យក​ធុង​សម្រាម​ប្រហែល ២២ ចេញ​ក្រៅ និង​ធុង​វត្ថុ​អាច​កែច្នៃ​ឡើងវិញ ១១ ធុង ជារៀងរាល់​ថ្ងៃ​ច័ន្ទ និង​អង្គារ » ។ « ជា​ធម្មតា​ខ្ញុំ​ប្រើប្រាស់​ប្រាក់​ដែល​ខ្ញុំ​រកបាន​នោះ​សម្រាប់​កម្មវិធី​ក្រុម​ចម្រៀង​របស់​ខ្ញុំ និង​ដើម្បី​សន្សំ​សម្រាប់​បេសកកម្ម ប៉ុន្តែ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ដើម្បី​ប្រើប្រាស់​ប្រាក់​របស់​ខ្ញុំ​នៅ​ខែ​នោះ​ដើម្បី​ជួយ​ទិញ​សម្ភារ​ជំនួស​វិញ » ។

បន្ទាប់​មក​ហាវិន​បាន​ចេញ​ទៅ​ទិញ​សម្ភារ​ទាំងអស់​ដែល​នាង​ត្រូវការ​សម្រាប់​កញ្ចប់​ទាំងនោះ រួមមាន​ទាំង​ស្រោមជើង ស្រោមដៃ កន្សែង​បង់ក និង​មួក ។ នាង​បាន​ច្រក​កញ្ចប់​នីមួយៗ ហើយ​ក៏​បាន​ទាក់ទង​ជាមួយ​នឹង​នាយក Lifting Hands International ដើម្បី​សម្របសម្រួល​បញ្ជូន​កញ្ចប់​ទាំងនោះ​ទៅ​ប្រទេស​បង់ក្លាដែស ។

« ពេលវេលា​ភាគ​ច្រើន​បំផុត​នៅក្នុង​គម្រោង​របស់​ខ្ញុំ​គឺ​ចំណាយ​ទៅលើ​ការរៀបចំ​កញ្ចប់​ទាំងនោះ ។ ប៉ុន្តែ​រាល់ពេល​ដែល​ខ្ញុំ​ដាក់​របស់​មួយ​ចូល​ទៅ​ក្នុង​កញ្ចប់​នោះ ខ្ញុំ​បាន​ដឹង​ថា វា​នឹង​បាន​ទៅ​ដល់​នរណា​ម្នាក់​ដែល​ត្រូវការ ហើយ​ថា​ពួកគេ​នឹង​ទទួល​ពរ​យ៉ាង​យូរ​ដោយសារ​សម្ភារៈ​ទាំងនោះ » ។

មកទល់​នឹង​ពេល​បញ្ចប់​គម្រោង​របស់​នាង ហាវិន​បាន​មាន​អារម្មណ៍​ថា ទំនុកចិត្ត​របស់​នាង​ក្នុង​សមត្ថភាព​របស់​នាង​ដើម្បី​បម្រើ​ត្រូវបាន​ស្ថាបនា​ឡើង ។ « ខ្ញុំ​បាន​រៀន​ពី​ការណ៍​នេះ​ថា​ខ្ញុំ​អាច​ជួយ​បាន​ច្រើន​ប៉ុណ្ណា បើ​ខ្ញុំ​ព្យាយាម​អស់​ពី​សមត្ថភាព​ខ្ញុំ​នោះ ។ ខ្ញុំ​ក៏​មាន​អារម្មណ៍​អាណិត​អាសូរ​ដល់​មនុស្ស​ដែល​ខ្ញុំ​កំពុង​ជួយ​ផងដែរ ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​​មាន​អារម្មណ៍​កាន់តែ​ខិត​ជិត​នឹង​ព្រះអង្គ​សង្គ្រោះ ហើយ​ស្គាល់​អារម្មណ៍​ខ្លះ​ដែល​ទ្រង់​មាន​ចំពោះ​យើង » ។

កាលដែល​យើង​ប្រារព្ធ​អបអរ​ខួប​របស់​អង្គការ​យុវនារី យើង​ម្នាក់ៗ​អាច​ចងចាំ​ថា យើង​ជា​គំរូ​នៃ​ព្រះគ្រីស្ទ ។ ដូចជា​ហាវិន​ដែរ យើង​អាច​ធ្វើ​ជា​ជំនួយ​ដ៏​ធំ​ដល់​មនុស្ស​ដទៃ​ទៀត ពេល​យើង​ព្យាយាម​អស់​ពី​សមត្ថភាព​យើង​ដើម្បី​បម្រើ​ដូចជា​ទ្រង់​ធ្វើ ។