២០២០
ហែល​ដូចជា​​សេះ​សមុទ្រ
ខែ មិថុនា ឆ្នាំ ២០២០


ហែល​ដូចជា​​សេះ​សមុទ្រ

« ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញ​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ។ » ( នីហ្វៃទី ២ ៣២:៥ ) ។

Swimming Like a Seahorse

រ៉ូប៊ីន​បាន​សម្លឹង​ទៅក្នុង​អាង​ហែលទឹក ។ គាត់​បាន​ព្យាយាម​មិន​គិត​ពី​ចម្ងាយ​ឆ្ងាយ​ប៉ុណ្ណា​ដែល​គាត់​ត្រូវហែល​នោះ​ទេ ។ អ្វី​ដែល​សំខាន់​គឺ​ការទទួល​បាន​ស្លាក​កិត្តិយស ។ ស្លាក​កិត្តិយស seepferdchen ( សេះសមុទ្រ ) នឹង​បង្ហាញ​គ្រប់​គ្នា​នៅ​ប្រទេស​អាល្លឺម៉ង់​ថា គាត់​បាន​ចេះ​ហែល​ទឹក​ដោយ​ខ្លួនឯង ។

ខ្ញុំ​អាច​ធ្វើ​កិច្ចការ​នេះ​បាន ! រ៉ូប៊ីន​បាន​គិត ។ គាត់​បាន​ដក​ដង្ហើមធំ​មួយ ហើយ​លោត​ចូល​ទៅ ។

ទឹក​ខ្ទាត​ខ្ចាយ !

ទឹក​ត្រជាក់​ធ្វើ​ឲ្យ​ស្រួល​ខ្លួន​ណាស់​នៅ​ថ្ងៃ​ដ៏​ក្ដៅ ។

ប៉ា​បាន​ប្រាប់​គាត់​ថា ហែល​មួយ​ម៉ែត្រ​ម្ដងៗ ។ កុំ​គិត​ពី ២៥ ម៉ែត្រ​ទាំងអស់​ក្នុង​ពេល​តែ​មួយ ។

រ៉ូប៊ីន​បន្ត​មុជ​ក្បាល​ចុះ ។ គាត់​បាន​បោះ​ដៃ និង​ជើង​តាម​ដែល​គាត់​បាន​ហាត់​​អស់​ជា​ច្រើន​ខែ ។ គាត់​ងើប​ដក​ដង្ហើម​រៀងរាល់​ពីរបី​វិនាទី​ម្ដង ។

ធាក់ ។ កាយ ។ ធាក់ ។ កាយ ។

រំពេច​នោះ គ្រូ​បង្រៀន​ហែល​ទឹក​បាន​ផ្លុំ​កញ្ចែ​របស់​គាត់ ។ រ៉ូប៊ីន​បាន​ងើយ​មើល​ដោយ​ការងឿងឆ្ងល់ ។

គ្រូ​គាត់​បាន​និយាយ​ថា « ល្អ​ណាស់ » ។

គាត់​ធ្វើ​វា​បាន​ហើយ !

រ៉ូប៊ីន​បាន​សើច ហើយ​បាន​ដាំដូង​ក្នុង​ទឹក​ពីរបី​ដង​ដើម្បី​បង្ហាញ​នូវ​ចិត្ត​ត្រេកអរ ។ គាត់​គឺ​ជា​សេះសមុទ្រ !

ពេល​រ៉ូប៊ីន​មក​ដល់​ផ្ទះ គាត់​ប្រញាប់​ទៅរក​ប៉ា ។

« ប៉ា មើល​នែ៎ ! »

ប៉ា​របស់​រ៉ូប៊ីន​បាន​ដាក់​ញញួរ​គាត់​ចុះ ។ គ្រាន់តែ​បាន​ឃើញ​ស្លាក​កិត្តិយស seepferdchen ភ្លាម ប៉ា​ញញឹម​បិទ​ម៉ាត់​មិន​ជិត ។

« កូន​ធ្វើ​វា​បាន​នៅ​លើក​ទីមួយ ? » ប៉ា​បាន​ឱប​រ៉ូប៊ីន​យ៉ាង​ណែន ។ « តើ​កូន​ចង់​ធ្វើ​អ្វី​ដើម្បី​អបអរ ? »

រ៉ូប៊ីន​បាន​គិត​មួយ​សន្ទុះ ។ « អ្វី​ដែល​ខ្ញុំ​ពិត​ជា​ចង់​ធ្វើ​នោះ​គឺ​ទៅ​អាង​ហែលទឹក​ជាមួយ​ប៉ា ។ កូនចង់​បង្ហាញ​ប៉ា​នូវ​អ្វី​ដែល​កូន​អាច​ធ្វើ​បាន » ។

ប៉ា​បាន​ញញឹម​កាន់តែ​ខ្លាំង​ឡើង ។ « ឥឡូវ នោះ​ជា​ការអបអរ​សម្រាប់​យើង​ទាំងពីរ​នាក់ ។ ពេល​ប៉ា​មាន​ពេល​ភ្លាម យើង​នឹង​ទៅ​ភ្លាម » ។

រ៉ូប៊ីន​ក្ដាប់ដៃ​លើក​គ្រវី​ឡើង​លើ ។ គាត់​អន្ទះសា​ចង់​ដេរ​ស្លាក​កិត្តិយស​ទៅនឹង​សម្លៀកបំពាក់​ហែលទឹក​របស់​គាត់ ហើយ​ទៅ​ហែល​ទឹក​ជាមួយ​ប៉ា ។

បីបួន​ថ្ងៃ​កន្លង​ទៅ ។ រ៉ូប៊ីន​ចេះ​តែ​សួរ​ប៉ា​អំពី​អាង​ហែលទឹក ប៉ុន្តែ​តែងតែ​មាន​អ្វី​មក​រារាំង ។ ប៉ា​ហាក់ដូច​ជា​រវល់​រហូត ។

ព្រឹក​មួយ​រ៉ូប៊ីន​បាន​លុត​ជង្គង់​ចុះ​អធិស្ឋាន​នៅ​ក្បែរ​គ្រែ​គាត់ ។ នៅ​ចុង​បញ្ចប់​នៃ​ការអធិស្ឋាន​របស់​គាត់ គាត់​បាន​បន្ថែម​រឿង​មួយ​ទៀត ។

« សូម​ប្រទាន​ពេល​បន្ថែម​ទៀត​ដល់​ប៉ា​កូន ដើម្បី​យើង​អាច​ទៅ​អាង​ហែលទឹក ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន » ។

ពេល​រ៉ូប៊ីន​បើក​ភ្នែក​គាត់ គាត់​បាន​ឮ​ប៉ា​គោះ​ទ្វារ ។

« តោះ​ទៅ​អាងហែល​ទឹក ។ ប៉ា​ចង់​ឃើញ​កូន​ហែល​ទឹក​ផ្ទាល់ ! »

រ៉ូប៊ីន​ចំហរ​មាត់​ដោយ​ភ្ញាក់ផ្អើល ។ « ប៉ា ! ប៉ា​នឹង​មិនជឿ​វា​ទេ ។ កូន​ទើប​តែ​បាន​អធិស្ឋាន​ថា ប៉ា​នឹង​មាន​ពេល​បន្ថែម​ទៀត​ដើម្បី​យើង​អាច​ទៅ » ។

ប៉ា​ឱបដៃ​គាត់ ហើយ​ផ្អែក​ទៅ​នឹង​មាត់​ទ្វារ ។ « ឥឡូវ តើ​នោះ​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ​ឬ ? កូន​ឃើញ​ទេ ប៉ា​ទើប​តែ​បាន​ឮ​សារ​ដ៏​ស្ងៀមស្ងាត់ តែ​ច្បាស់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ប៉ា​ត្រូវតែ​នាំ​កូន​ទៅ​អាង​ហែលទឹក ។ តោះ​យើង​ទៅ​ល្អ​ជាង ! »

ពួកគេ​បាន​មាន​ពេល​ដ៏​អស្ចារ្យ ។ រ៉ូប៊ីន​បាន​បង្ហាញ​ប៉ា​ពី​របៀប​ដែល​គាត់​អាច​ហែល ២៥ ម៉ែត្រ​ដោយ​មិន​ឈប់ ។ ប៉ា​មាន​ការស្ងើច​សរសើរ​ណាស់ ។ ហើយ​រ៉ូប៊ីន​ក៏​បាន​ស្ងើច​ចំពោះ​ការដាំដូង​នៅក្រោម​ទឹក​របស់​ប៉ា​ដែរ ។ ប៉ា​អាច​ដាំដូង​ប្រាំដង​ជាប់​គ្នា ។

រ៉ូប៊ីន​បាន​និយាយ​ថា « កូន​សប្បាយ​ចិត្ត​ណាស់ ដែល​ព្រះវរបិតា​បាន​ប្រទាន​ពេល​បន្ថែម​ទៀត​នៅ​ថ្ងៃ​នេះ » ។

ប៉ា​បាន​និយាយ​ថា « តាមពិត​ទៅ ប៉ា​គិត​ថា ប៉ា​ធ្វើ​ឲ្យ​ខ្លួន​ឯង​រវល់​ពេក ។ ប៉ា​គិត​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​រំឭក​ប៉ា​ថា យើង​ត្រូវតែ​ផ្ដល់​ពេល​វេលា​ដល់​គ្នា​ទៅវិញ​ទៅមក មិន​អញ្ចឹង​កូន ? ប៉ា​សន្យា​ថា នឹង​ធ្វើ​ផ្នែក​របស់​ប៉ា » ។

រ៉ូប៊ីន​បាន​ញញឹម ។ « ខ្ញុំ​ក៏​ដូចគ្នា​ដែរ ! »

ភ្នែក​ប៉ា​ឡើង​ជ្រួញ​ដោយ​ការញញឹម ។ « មាន​រឿង​មួយ​ទៀត ។ តើ​ប៉ា​ធ្លាប់​ប្រាប់​កូន​ដែរ​ឬ​ទេ ថា​ប៉ា​មិន​ដែល​ចាញ់​ល្បែង​បាច​ទឹក​ដាក់​គ្នា​នោះ ?

រ៉ូប៊ីន​បាន​ញញឹម​តបវិញ ។ « ថ្ងៃ​នេះ​មិន​ទាន់​ចប់​នៅឡើយ​ទេ ! »

រូប​គំនូរ​ដោយ ម៉ាក រ៉ូប៊ិនសុន