២០២០
ពិធី​សម្ភោធ​​បើក​ព្រះវិហារ​បរិសុទ្ធ​បាន​បើក​ដួងចិត្ត​ខ្ញុំ
ខែ មិថុនា ឆ្នាំ ២០២០


ពិធី​សម្ភោធ​​បើក​ព្រះវិហារ​បរិសុទ្ធ​បាន​បើក​ដួងចិត្ត​ខ្ញុំ

រីការដូ ម៉ាថាម៉ូរ៉ូស ទីក្រុង​អាហ៊ូឆាផេន ប្រទេស​អែលសាវ៉ាឌ័រ

ជាមួយ​នឹង​ការប្រកាស​ពី​ពិធី​សម្ភោធ​បើក​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​អញ្ជើញ​ខ្ញុំ​ដោយ​ផ្ទាល់​ទៅកាន់​ព្រះដំណាក់​របស់​ទ្រង់ ។

man at temple open house

រចនា​រូបភាព​ដោយ ប្រេដលី ខ្លាក

ខ្ញុំ​បាន​ជ្រមុជទឹក កាល​ខ្ញុំ​មាន​អាយុ ១៥ ឆ្នាំ ។ មនុស្ស​ជា​ច្រើន​ពុំ​យល់​ពី​ជំនឿ​ថ្មី​របស់​ខ្ញុំ​នោះ​ទេ ។ មនុស្ស​ខ្លះ រួម​ទាំង​មិត្តភក្ដិ​ខ្ញុំ ថែមទាំង​បាន​ចំអក​ដល់​ខ្ញុំ​ដោយសារ​ការសម្រេច​ចិត្ត​របស់​ខ្ញុំ​ដើម្បី​ចូល​ព្រះវិហារ ។ ឪពុក​ម្ដាយ​ខ្ញុំ​ពុំមែន​ជា​សមាជិក​ព្រះវិហារ​ទេ ដូច្នេះ​ខ្ញុំ​ពុំមាន​ការគាំទ្រ​របស់​ពួកគាត់​ឡើយ ។

ជា​លទ្ធផល វា​បាន​ក្លាយ​ជា​ការលំបាក​សម្រាប់​ខ្ញុំ​ដើម្បី​បន្ត​ទៅ​ព្រះវិហារ និង​បន្ត​រស់នៅ​ក្នុង​ដំណឹង​ល្អ ។ ពេល​ខ្ញុំ​បាន​ឈាន​ដល់​វ័យ ១៩ ឆ្នាំ ខ្ញុំ​បាន​ឈប់​ទៅ​ព្រះវិហារ​តែ​ម្ដង ។

ដប់ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​ឮ​ថា ព្រះវិហារ​បរិសុទ្ធ​មួយ​នឹង​ត្រូវបាន​សង់​ឡើង​នៅក្នុង​ប្រទេស​អែលសាវ៉ាឌ័រ ។ ខ្ញុំ​មាន​ការភ្ញាក់​ផ្អើល​ដែល​ឮ​ថា ព្រះដំណាក់​នៃ​ព្រះអម្ចាស់​នឹង​ត្រូវ​សង់​ឡើង​នៅក្នុង​ប្រទេស​របស់​ខ្ញុំ ! បួន​ឆ្នាំ​ក្រោយមក ព្រះវិហារ​បរិសុទ្ធ​សានសាវ៉ាឌ័រ អែលសាវ៉ាឌ័រ ត្រូវបាន​បញ្ចប់ ហើយ​ពិធី​សម្ភោធ​បើក​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​ប្រកាស ។ នៅពេល​ខ្ញុំ​បានដឹង​ថា ការសម្ភោធ​បើក​ព្រះវិហារ​បរិសុទ្ធ​នឹង​ផ្ដល់​ឱកាស​ដល់​ខ្ញុំ​ឲ្យ​បាន​ចូល​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​បាន​មាន​អារម្មណ៍​ហាក់​ដូចជា ព្រះអម្ចាស់​បាន​អញ្ជើញ​ខ្ញុំ​ដោយ​ផ្ទាល់​ទៅកាន់​ព្រះដំណាក់​របស់​ទ្រង់ ។

ថ្ងៃ​ដែល​ខ្ញុំ​បាន​ដើរ​កាត់​ក្នុង​ព្រះវិហារ​បរិសុទ្ធ គឺ​​ជា​ថ្ងៃ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ ។ អំឡុង​ពិធី​សម្ភោព​បើក ខ្ញុំ​បាន​រៀន​បន្ថែម​ទៀត​អំពី​អ្វី​ដែល​កើតឡើង​នៅ​ខាង​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ឧទ្ទិស​ឆ្លង​ហើយ ។ ខ្ញុំ​ក៏​បាន​រៀន​ផងដែរ​អំពី​សេចក្ដី​សញ្ញា​ពិសិដ្ឋ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​បុគ្គល​ទាំងឡាយ​ធ្វើ​ជាមួយ​នឹង​ព្រះ ។

ពេល​ខ្ញុំ​ដើរ​កាត់​ក្នុង​បន្ទប់​នីមួយៗ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​វត្តមាន​របស់​ព្រះ ។ ខ្ញុំ​មាន​អារម្មណ៍​​សុខសាន្ត ។ ការទៅ​ទស្សនា​ព្រះវិហារ​បរិសុទ្ធ​ផ្ដល់​ដល់​ខ្ញុំ​នូវ​បំណង​ប្រាថ្នា​ដើម្បី​ត្រឡប់​ទៅ​ព្រះវិហារ​វិញ ហើយ​រស់នៅ​តាម​ដំណឹងល្អ​ម្ដង​ទៀត ។ ពេល​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​អាច​រួម​ចំណែក​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះ ខ្ញុំចង់​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​បុព្វការីជន​របស់​ខ្ញុំ ហើយ​អនុវត្ត​បព្វជិតភាព ។

បទពិសោធន៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ខ្ញុំ​នៅ​ថ្ងៃ​នោះ បាន​ផ្លាស់ប្ដូរ​ខ្ញុំ ។ ឥឡូវ​នេះ ខ្ញុំ​ជួយ​ដល់​សមាជិក​ក្នុង​វួដ​ខ្ញុំ​រៀបចំ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ហើយ​ជួយ​ពួកគេ​ជាមួយ​នឹង​ពង្សប្រវត្តិ ដើម្បី​ពួកគេ​អាច​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​បុព្វការីជន​របស់​ពួកគេ ។

វា​មិនដែល​យឺតពេល​ទេ​ដើម្បី​វិល​ត្រឡប់​មកកាន់​ព្រះវិហារ​​វិញ​នោះ ។ វា​មិនដែល​យឺតពេល​ទេ​ដើម្បី​ធ្វើ​ការ​ល្អ​នោះ ។ ជាមួយ​នឹង​សេចក្ដី​ស្រឡាញ់​ដ៏​ឥត​ព្រំដែន​របស់​ទ្រង់ ព្រះអម្ចាស់​តែងតែ​គង់​ជាមួយ​យើង ។ ព្រះវិហារ​បរិសុទ្ធ​ជា​កន្លែង​ដែល​បង្រួប​បង្រួម​យើង​ជាមួយ​ទ្រង់ ហើយ​អនុញ្ញាត​ឲ្យ​យើង​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ទ្រង់​វិញ​នៅ​ថ្ងៃ​មួយ ។