យុវមជ្ឈិមវ័យ
ការដកយកសម្ពាធចេញពីការស្វែងរកដៃគូអស់កល្ប
សាសនាចក្រនៅប្រទេសប៉ូឡូញតូចណាស់ ។ តាមពិតទៅ វាតូចនៅគ្រប់ទីកន្លែងនៅទ្វីបអ៊ីរ៉ុបប៉ែកខាងកើត ។ ជាធម្មតា យើងពុំមានសមាជិកសាសនាចក្រអាយុស្របាលយើងច្រើនទេនៅក្នុងប្រទេសរបស់យើងទាំងមូល ចុះទម្រាំតែនៅក្នុងវួដ ឬស្ដេករបស់យើងទៀតនោះ ។ សំណាងល្អមានសន្និសីទសម្រាប់យុវមជ្ឈិមវ័យដែលធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសជាច្រើននៅអ៊ឺរ៉ុបខាងកើត ។
សន្និសីទទាំងនេះត្រូវបានរៀបចំឡើង មិនមែនចាំបាច់តែជាការជួយអ្នកឲ្យស្វែងរក « ដៃគូឥតខ្ចោះ » នោះទេ ប៉ុន្តែភាគច្រើនបំផុតគឺដើម្បីជួយដល់យុវមជ្ឈិមវ័យឲ្យបង្កើតមិត្តថ្មី ដែលមានគុណតម្លៃដូចគ្នា ហើយពង្រឹងសេចក្ដីជំនឿរបស់ពួកគេដោយការនិយាយជាមួយគ្នាអំពីបទពិសោធន៍ខាងវិញ្ញាណរបស់ពួកគេ ។
ការផ្ដោតលើមិត្តភាព
អំឡុងសន្និសីទមួយនៅប្រទេសប៉ូឡូញនៅឆ្នាំ ២០១០ ខ្ញុំបានជួបរ៉ាឌូ ។ គាត់មកពីប្រទេសរូម៉ានី ។ យើងបាននិយាយគ្នាបន្តិច ប៉ុន្តែមិនយូរប៉ុន្មានគាត់បានចេញទៅបេសកកម្មរបស់គាត់ ហើយយើងក៏មិនបានជួបគ្នាទៀតទេទាល់តែដល់សន្និសីទយុវមជ្ឈិមវ័យមួយទៀត នៅបីឆ្នាំក្រោយមក ។ នៅទីនោះ យើងបានមានពេលស្គាល់គ្នាទៅវិញទៅមកបន្ថែមបន្ដិចទៀត ប៉ុន្តែខ្ញុំនឹងចេញទៅបេសកកម្មរបស់ខ្ញុំផ្ទាល់នៅមួយខែទៀត ។ រ៉ាឌូបានជូនពរខ្ញុំឲ្យជួបតែអ្វីដែលល្អ ហើយបាននិយាយថា « សូមឲ្យយើងបន្តទំនាក់ទំនងនឹងគ្នា » ។ ខ្ញុំមិនជាបានគិតទេថា គាត់នឹងបន្តទាក់ទងនោះ ប៉ុន្តែគាត់បានធ្វើវា ។ គាត់បានសរសេរសំបុត្រដល់ខ្ញុំអស់ពេញមួយបេសកកម្មខ្ញុំ ។ ពុំមានអ្វីទាក់ទងរឿងស្នេហាទេនៅក្នុងសំបុត្ររបស់គាត់ ប៉ុន្តែគាត់បានក្លាយជាមិត្តដ៏ស្និតស្នាលម្នាក់របស់ខ្ញុំ ។ ហើយខ្ញុំចូលចិត្តការគោរពដែលគាត់មានសម្រាប់ខ្ញុំ និងសម្រាប់កិច្ចការផ្សព្វផ្សាយសាសនាជាទូទៅ ។
ពេលខ្ញុំបានត្រឡប់មកផ្ទះវិញ រ៉ាឌូ និងខ្ញុំទាំងពីរនាក់រំភើបណាស់ដោយបានស្គាល់គ្នាបន្ថែមទៀតកាន់តែច្បាស់—នៅទីបំផុតយើងអាចធ្វើឲ្យវាកើតឡើងបានបន្ទាប់ពីរយៈពេលជាច្រើនឆ្នាំមក ។ យើងបានជ្រើសរើសកន្លែងមួយដែលមិនសូវថ្លៃសម្រាប់យើងទាំងពីរដើម្បីជួបគ្នា ( ដែលជាប្រទេសបែលហ្ស៊ិកនៅពេលនោះ ) ដើម្បីចំណាយពេលខ្លះជាមួយគ្នា ។ យើងបានជជែកគ្នា ហើយជជែកគ្នាទៀត ហើយជជែកគ្នាថែមទៀត ។
យើងពុំបានដាក់សម្ពាធលើចំណងទាក់ទងរបស់យើងនោះទេ ។ យើងបានផ្ដោតទៅលើការស្ថាបនាមិត្តភាពមួយ ហើយគ្រាន់តែរៀនស្គាល់គ្នាបន្ថែមទៀត ។ យើងតែងតែមានភាពសប្បាយរីករាយយ៉ាងខ្លាំងជាមួយគ្នា ប៉ុន្តែយើងក៏មាននូវការពិភាក្សាដ៏មានអត្ថន័យ និងជ្រាលជ្រៅផងដែរអំពីការណ៍ទាំងឡាយដែលមានសារសំខាន់បំផុត ។ ពេលវេលាចេះតែរំកិលទៅមុខ ហើយមិត្តភាពរបស់យើងលូតលាស់កាន់តែរឹងមាំ ។ យើងនិយាយគ្នាតាម Skype ស្ទើរតែរាល់ថ្ងៃ ហើយក្រោយមកយើងបានចាប់ផ្ដើមអធិស្ឋានពេលរាត្រីជាមួយគ្នា ។ នៅទីបំផុតយើងបានចាប់ផ្ដើមទៅលេងប្រទេសរបស់គ្នាទៅវិញទៅមកជារៀងរាល់ពីរបីខែម្ដង ។
« ចូរយើងអធិស្ឋានអំពីវា »
មួយរយៈក្រោយមកទៀត ខ្ញុំបានចាប់ផ្ដើមមានការថប់បារម្ភដោយសារខ្ញុំបានមានអារម្មណ៍ថាមិត្តភាពរបស់យើងកំពុងអភិវឌ្ឍទៅកាន់អ្វីមួយថែមទៀត ។ ប៉ុន្តែគាត់មកពីប្រទេសរូម៉ានី ! ខ្ញុំមិនចង់មានចំណងទាក់ទងដែលឆ្ងាយពីគ្នានោះទេ ព្រោះចំណងទាក់ទងមួយអាចនាំទៅកាន់អាពាហ៍ពិពាហ៍ ដែលមានន័យថាម្នាក់ក្នុងចំណោមទាំងពីរត្រូវតែប្ដូរទៅកាន់ប្រទេសមួយផ្សេងទៀត ។ ខ្ញុំពុំទាន់បានត្រៀមខ្លួនរួចរាល់ចំពោះរឿងនោះទេ ។
ថ្ងៃមួយពេលខ្ញុំមានការថប់បារម្ភខ្លះៗ នោះរ៉ាឌូបានរំឭកខ្ញុំពីគោលការណ៍ដ៏សាមញ្ញតែមានអានុភាពមួយ ។ គាត់បាននិយាយថា « ចូរយើងអធិស្ឋានពីចំណងទាក់ទងរបស់យើង ហើយមើលថាតើយើងមានអារម្មណ៍យ៉ាងណា » ។
ខ្ញុំមិនបានដឹងទេថាហេតុអ្វីខ្ញុំមិនបានគិតអំពីការអធិស្ឋានអំពីចំណងទាក់ទងរបស់យើងពីមុននេះ ។ ប៉ុន្តែនោះគឺជាដំបូន្មានដ៏ល្អបំផុតដែលខ្ញុំបានទទួលនៅពេលនោះ ។ ដូច្នេះ ខ្ញុំបានអធិស្ឋានសូមការដឹកនាំ ។
ខ្ញុំពុំបានរំពឹងថាបានចម្លើយជាក់លាក់ណាមួយឡើយនៅគ្រានោះទេ ប៉ុន្តែខ្ញុំបានសម្រេចចិត្តបន្តឈានទៅមុខជាមួយនឹងការរៀនស្គាល់រ៉ាឌូបន្ថែមទៀត ។ ខ្ញុំបានសង្ឃឹមថា ព្រះវរបិតាសួគ៌នឹងផ្ដល់ការព្រមានដល់ខ្ញុំ ប្រសិនបើចំណងទាក់ទងរបស់យើងមិនមែនជាអ្វីដែលខ្ញុំគួរតែបន្ត ។ ប៉ុន្តែយូរៗទៅ ចម្លើយដែលខ្ញុំបានសូម ពិតជាបានមក ។ ខ្ញុំបាននិយាយអំពីរ៉ាឌូជាមួយគ្រួសារ និងមិត្តភក្ដិខ្ញុំ ហើយគ្រប់ការសន្ទនាទាំងអស់ ខ្ញុំត្រូវបានបញ្ជាក់ជាថ្មីថា ខ្ញុំកំពុងដើរទៅកាន់ទិសដៅត្រឹមត្រូវ ។
មិនយូរប៉ុន្មាន ខ្ញុំបានមានការយល់ដឹងដ៏គួរឲ្យអស់សំណើចមួយ ។ បន្ទាប់ពីមានការនិយាយតាម Skype ដ៏អស្ចារ្យមួយទៀតជាមួយរ៉ាឌូនៅយប់មួយ ខ្ញុំបាននិយាយទៅកាន់ខ្លួនឯងថា « គាត់ពិតជាមិត្តដ៏ល្អបំផុតដែលខ្ញុំធ្លាប់មាន ។ ខ្ញុំចង់ធ្វើជាមិត្តរបស់គាត់ជារៀងរហូត ! » ពេលនោះហើយដែលខ្ញុំបានដឹង ។ រំពេចនោះសំឡេងមួយនៅក្នុងចិត្តខ្ញុំបានឆ្លើយទៅនឹងគំនិតរបស់ខ្ញុំផ្ទាល់ថា « មែនហើយ អញ្ចឹងអ្នកត្រូវតែរៀបការនឹងគាត់ ! » ខ្ញុំដឹងថា ព្រះវរបិតាសួគ៌ញញឹមនឹងចំណងទាក់ទងរបស់ខ្ញុំនឹងរ៉ាឌូ ។ ខ្ញុំអាចឃើញថា គាត់ជាមិត្តដ៏ល្អបំផុត ហើយថាយើងអាចមានភាពរីករាយជាមួយគ្នា ។
ការដកយកសម្ពាធចេញពីការស្វែងរកស្វាមី/ភរិយា
ដូច្នេះខ្ញុំបានប្ដូរទៅនៅប្រទេសរូម៉ានី ហើយបានរៀបការនឹងរ៉ាឌូ ។ ខ្ញុំមិនដែលគិតទេថា ខ្ញុំនឹងរស់នៅប្រទេសរូម៉ានី ។ ប៉ុន្តែយើងបានរៀបការអស់បួនឆ្នាំហើយឥឡូវនេះ ហើយយើងមានកូនស្រីដ៏ល្អម្នាក់ឈ្មោះ អាំមើលៀ ។
ខ្ញុំដឹងពីអ្វីដែលអ្នកកំពុងគិត—ខ្ញុំគ្រាន់តែជាយុវមជ្ឈិមវ័យម្នាក់ទៀតដែលបានជួប « ដៃគូជីវិត » របស់ខ្ញុំនៅសន្និសីទយុវមជ្ឈិមវ័យ ហើយអ្វីៗបានដំណើរការទៅដោយមិនបាច់ប្រឹង ។ ប៉ុន្ដែនោះពុំមែនជារឿងពិតទេ ។ មូលហេតុដែលខ្ញុំប្រាប់រឿងនេះដល់អ្នក គឺដើម្បីឲ្យអ្នកឈប់ដាក់សម្ពាធលើខ្លួនឯងក្នុងការស្វែងរកដៃគូអស់កល្ប ហើយសូមឲ្យព្រះដឹកនាំអ្នកវិញ ។
តើខ្ញុំទៅសន្និសីទយុវមជ្ឈិមវ័យទាំងនោះដើម្បីទៅរកស្វាមីឬ ? អត់ទេ ។
តើខ្ញុំបានគិតថា បុរសម្នាក់ដែលខ្ញុំបានជួបនៅទីនោះនឹងក្លាយជាស្វាមីរបស់ខ្ញុំឬ ? ខ្ញុំមិនប្រាកដដែរ ។
ផ្ទុយទៅវិញ ខ្ញុំបានដកយកសម្ពាធចេញពីការស្វែងរកមនុស្សដែលខ្ញុំចង់រៀបការជាមួយ ហើយខ្ញុំគ្រាន់តែទៅសន្និសីទទាំងនេះដើម្បីភ្ជាប់ទំនាក់ទំនងនឹងមនុស្សផ្សេងទៀត ហើយកសាងមិត្តភាព—នោះហើយជាអ្វីដែលរ៉ាឌូ និងខ្ញុំបានធ្វើពីដំបូង ។
សម្ពាធដើម្បីស្វែងរកដៃគូអស់កល្បឲ្យឆាប់បំផុតតាមដែលអាចធ្វើទៅបាន អាចជារឿងពិតជាក់ស្តែងណាស់នៅពេលខ្លះ ។ ប៉ុន្តែពុំមានការកំណត់ពេលវេលាលើចំណងទាក់ទងដ៏អស់កល្បនោះទេ ។ ពុំចាំបាច់តានតឹងពីវាទេ ។ ជីវិតមិនមែនតែពីការរៀបការនោះទេ ប៉ុន្តែវាអំពីការក្លាយជាទម្រង់ដ៏ល្អបំផុតនៃខ្លួនយើង ហើយអនុញ្ញាតឲ្យព្រះធ្វើកិច្ចការរបស់ទ្រង់នៅក្នុងជីវិតយើង ។ មែនហើយ យើងទាំងអស់គ្នាគួរតែចេញទៅ បង្ហាញខ្លួន ជួបមនុស្សម្នា បង្កើតមិត្តថ្មី ហើយធ្វើអ្វីដែលមិនមែនជារឿងងាយស្រួលសម្រាប់យើង ។ ប៉ុន្តែយើងក៏គួរតែធ្វើដូច្នោះដោយមានគំនិតថា « ខ្ញុំនឹងសប្បាយរីករាយ ហើយជួបនឹងមិត្តភក្ដិដ៏អស្ចារ្យមួយចំនួន » ជាជាងថា « ខ្ញុំត្រូវតែចាំយាមរកមើល ‹ មនុស្សម្នាក់ដែលល្អបំផុត › ឬមិនដូច្នោះទេខ្ញុំនឹងធ្វើឲ្យខូចផែនការអស់ពេញមួយជីវិតខ្ញុំ ! »
រឿងមួយដែលរ៉ាឌូបានប្រាប់ខ្ញុំពេលយើងភ្ជាប់ពាក្យគឺថា ថ្វីបើគាត់តែងតែមានអារម្មណ៍តានតឹងបន្តិចពេលនៅជិតមនុស្សស្រីដែលគាត់ចូលចិត្ត ក៏គាត់ពុំបានមានអារម្មណ៍បែបនោះជាមួយខ្ញុំឡើយ ។ គាត់បាននិយាយថា ដោយសារតែមិត្តភាពរបស់យើង គាត់តែងតែងមានអារម្មណ៍ស្រាកស្រាន្ត ហើយគាត់តែងតែអាចធ្វើជាខ្លួនឯង ។
ដូច្នេះ សូមរកមើលមនុស្សល្អៗឲ្យនៅជុំវិញខ្លួនឯង ហើយរីករាយជាមួយនឹងស្ថានភាពបច្ចុប្បន្នរបស់អ្នក ។ ដោយសារតាមពិតទៅ ពេលអ្នកឈប់មានភាពតានតឹង ហើយគ្រាន់តែជ្រើសរើសដើម្បីកសាងមិត្តភាព ហើយរៀនស្រឡាញ់ខ្លួនឯង និងស្ថានភាពបច្ចុប្បន្នរបស់ខ្លួនឯង ពេលនោះហើយដែលជីវិតក្លាយកាន់តែរីករាយឡើង ។
ការទុកចិត្តលើផែនការរបស់ព្រះសម្រាប់អនាគតរបស់យើង
រ៉ាឌូ និងខ្ញុំមិនល្អឥតខ្ចោះទេ ។ យើងមិនបានស្វែងរកមនុស្ស « ល្អឥតខ្ចោះ » ឡើយ—យើងគ្រាន់តែធ្វើជាខ្លួនឯងប៉ុណ្ណោះ ។ អ្វីដែលខ្ញុំបានសង្កេតឃើញនោះគឺថា ភាពពិតនៃខ្លួនអ្នក និងរបៀបដែលអ្នករស់នៅ គឺជាអ្វីដែលទាក់ទាញចិត្តបំផុតដល់មនុស្សផ្សេងទៀត ។ ពេលអ្នកព្យាយាមធ្វើតាមព្រះយេស៊ូវគ្រីស្ទ អ្នកនឹងទាក់ទាញចិត្តអ្នកដទៃទៀតដែលកំពុងធ្វើតាមទ្រង់ឲ្យបានល្អបំផុតផងដែរ ។
ខ្ញុំក៏បានរៀនផងដែរថា ពេលយើងក្លាយកាន់តែប្រសើរឡើង ហើយមានសេចក្ដីជំនឿពេញលេញថា ព្រះជាអង្គទទួលខុសត្រូវ នោះយើងនឹងអញ្ជើញព្រះហស្ដទ្រង់ចូលក្នុងជីវិតយើង—ហើយពេលយើងទទួលស្គាល់ព្រះហស្ដទ្រង់ នោះមិនចាំបាច់ភ័យខ្លាចអនាគតឡើយ ។ សូមចងចាំអ្វីដែលព្រះអម្ចាស់បានបង្រៀននីហ្វៃ ៖ « ហើយយើងក៏នឹងទៅជាពន្លឺរបស់អ្នករាល់គ្នានៅក្នុងទីរហោស្ថានដែរ ហើយយើងនឹងរៀបចំផ្លូវសម្រាប់អ្នករាល់គ្នា បើសិនជាអ្នករាល់គ្នាកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង ហេតុដូច្នោះហើយ ដរាបណាអ្នករាល់គ្នាកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នករាល់គ្នានឹងត្រូវបាននាំទៅដែនដីសន្យា ហើយអ្នករាល់គ្នានឹងដឹងថា គឺយើងនេះហើយដែលបាននាំអ្នករាល់គ្នាទៅ » ( នីហ្វៃទី១ ១៧:១៣ ) ។
យើងមិនត្រូវដាក់សម្ពាធឥតឈប់ឈរលើខ្លួនឯងដោយសារតែការរំពឹងទុក ឬគោលដៅជាក់លាក់ទាំងឡាយដែលមិនបានសមប្រកបតាមពេលវេលារបស់យើងផ្ទាល់នោះឡើយ ។ តាមពិតទៅ ពេលវេលារបស់ព្រះវរបិតាសួគ៌គឺខុសពីរបស់យើង—វាគឺអស់កល្បជានិច្ច ។ ទ្រង់មានផែនការមួយសម្រាប់យើង ដើម្បីបំពេញរាល់ពរជ័យទាំងឡាយដែលយើងស្វែងរក ។ ហើយពេលយើងទុកចិត្តលើផែនការរបស់ទ្រង់ឲ្យអស់ពីសមត្ថភាព ហើយស្វែងរកការបំពេញនៅក្នុងកាលៈទេសៈណាក៏ដោយដែលយើងឃើញថាយើងស្ថិតនៅក្នុង នោះហើយជាពេលដែលយើងនឹងរកឃើញសុភមង្គលដ៏ពិត ។ ផែនការរបស់ទ្រង់តែងតែល្អជាងផែនការដែលយើងមានសម្រាប់ខ្លួនយើង ។