២០២០
តើ​សាសនាចក្រ​មាន​គោល​ជំហរ​យ៉ាង​ដូចម្ដេច ចំពោះ​ការប្រកាន់​ពូជសាសន៍ ?
ខែ មិថុនា ឆ្នាំ ២០២០


តើ​សាសនាចក្រ​មាន​គោល​ជំហរ​យ៉ាង​ដូចម្ដេច ចំពោះ​ការប្រកាន់​ពូជសាសន៍ ?

យើង​ជឿ​ថា ព្រះ​ជា​ព្រះវរបិតា​នៃ​មនុស្ស​លោក​ទាំងអស់ ហើយ​ថា « ទ្រង់​ពុំ​បដិសេធ​អ្នក​ណា​ម្នាក់ ដែល​មក​រក​ទ្រង់​ឡើយ [ ទាំង ] ខ្មៅ និង​ស … មនុស្ស​ទាំងអស់​ដូចគ្នា​នៅ​ចំពោះ​ព្រះ » ( នីហ្វៃទី ២ ២៦:៣៣ ) ។ ដោយសារ​មនុស្ស​ទាំងអស់​គ្នា​គឺ​ស្មើ​គ្នា​ចំពោះ​ព្រះ នោះ​យើង​ជឿ​ថា គ្មាន​មនុស្ស​ណា​ម្នាក់​អាច​មាន​សិទ្ធិ​ប្រកាស​ថា​ខ្ពស់ជាង​ម្នាក់​ផ្សេង​ទៀត​ដោយសារតែ​សាវតា​ពូជសាសន៍ ឬ​ជនជាតិ​របស់​ពួកគេ​ឡើយ ។ ជាង​នោះ​ទៀត យើង​ជឿ​ថា វា​ជា​អំពើ​បាប​ក្នុង​ការបន្ទាប​បន្ថោក និយាយ​មើលងាយ ឬ​រើសអើង​ទាស់​នឹង​មនុស្ស​ផ្សេង​ទៀត​ដោយសារ​តែ​ពូជសាសន៍​របស់​ពួកគេ​នោះ ។

ព្យាការី និង​សាវក​សម័យ​ទំនើប​បាន​ថ្កោលទោស​លើ​ការប្រកាន់​ពូជសាសន៍​ក្នុង​លក្ខខណ្ឌ​ដ៏​ខ្លាំងក្លា​បំផុត​ដែល​អាច​ធ្វើ​ទៅបាន ។ ឧទាហរណ៍ ៖

  • ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) ៖ « គ្មាន​មនុស្ស​ណា ដែល​បាន​និយាយ​បន្ដុះ​បង្អាប់​ដល់​​​អ្នក​ទាំងឡាយ​ដែល​មាន​ជាតិសាសន៍​ផ្សេង ហើយ​នៅតែ​អាច​គិត​ថា​ខ្លួន​គាត់​ជា​សិស្ស​ពិត​មួយ​រូប​របស់​ព្រះគ្រីស្ទ​ឡើយ ។ ហើយ​គាត់​ក៏​មិន​អាច​ចាត់ទុក​ខ្លួនគាត់​ថា​បាន​រស់នៅ​ស្រប​នឹង​​ការបង្រៀន​នៃ​សាសនា​ចក្រ​នៃ​ព្រះគ្រីស្ទ​​ដែរ » ។

  • ប្រធាន អិម រ័សុល បាឡឺដ ប្រធាន​ស្ដីទី​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖ « យើង​ត្រូវ​ឱប​ក្រសោប​បុត្រា​បុត្រី​នៃ​ព្រះ​ដោយ​ក្ដី​មេត្តា ហើយ​លប់​បំបាត់​ចោល​នូវ​ការរើសអើង​គ្រប់​រូបភាព រួមមាន​ទាំង​ការប្រកាន់​ពូជសាសន៍ ការប្រកាន់​ភេទ និង​ជាតិ​សាសន៍ » ។

  • ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​ទី​មួយ ៖ « ការប្រកាន់​ពូជសាសន៍​គឺ​ប្រហែល​ជា​ប្រភព​នៃ​ការរើសអើង​ដែល​គេ​ដឹង​ឮ​យ៉ាង​ច្រើន​បំផុត​នៅ​សព្វថ្ងៃ​នេះ ហើយ​យើង​ទាំងអស់​គ្នា​ត្រូវបាន​ហៅ​ឲ្យ​ប្រែចិត្ត​ពី​ការណ៍​នោះ » ។

កំណត់​ចំណាំ

  1. ហ្គរដុន ប៊ី ហ៊ីងគ្លី « The Need for Greater Kindness » Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៥៨ ។

  2. អិម រ័សុល បាឡឺដ « ដំណើរ​មាន​បន្ត​ទៅ​មុខ​ទៀត ! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១០៦ ។

  3. ដាល្លិន អេក អូក « A Cause for Celebration » Liahona ខែ ធ្នូ ឆ្នាំ ២០១៩ ទំព័រ ៤៩ ។