២០២០
ការនៅ​លីវ​រំឭក​ខ្ញុំ​ឲ្យ​មានការទុកចិត្តទៅ​លើ​ផែនការ​ទាំងស្រុង​របស់​ព្រះ​ដែល​មាន​សម្រាប់​ខ្ញុំ
ខែ មិថុនា ឆ្នាំ ២០២០


សម្រាប់​តែ​ឌីជីថល​ប៉ុណ្ណោះ ៖ ពួក​យុវមជ្ឈិមវ័យ

ការនៅ​លីវ​រំឭក​ខ្ញុំ​ឲ្យមានការ​ទុកចិត្តទៅ​លើ​ផែនការ​ទាំងស្រុង​របស់​ព្រះ​ដែល​មាន​សម្រាប់​ខ្ញុំ

ខ្ញុំ​រកឃើញ​អំណរ ពេល​ខ្ញុំ​លែង​គិត​ច្រើន ហើយ​ទុកចិត្ត​ទៅលើ​ផែនការ​ទាំងស្រុង​របស់​ព្រះវរបិតាសួគ៌ ។

ពេល​ខ្ញុំ​អាយុ ៣០ ឆ្នាំ មិត្ត​ខ្ញុំ​សួរ​ខ្ញុំ​សំណួរ​ខ្លះៗ​ដែល​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្ញុំ ។ គាត់​បាន​សួរ​ថា « ប្រសិនបើ​ឯង​មាន​លុយ​ទាំងអស់​ក្នុង​ពិភពលោក​នេះ តើ​ឯង​នឹង​ធ្វើ​អ្វី ? » ខ្ញុំ​បានផ្តល់ជាចម្លើយ​សាមញ្ញៗ ដូចជា​ទិញ​ផ្ទះ​មួយ មើលថែ​គ្រួសារ​របស់ខ្ញុំ មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ ល ។

រួច​គាត់​ក៏បាន​សួរ​ជ្រៅ​ទៅៗ​ថា « ចុះ​បើ​ឯង​មាន​របស់​ទាំងនោះ​រួចអស់​ហើយ ហើយ​មាន​លុយ​ទាំងអស់​ក្នុង​ពិភពលោក​នេះ តើ​ឯង​នឹង​ធ្វើ​អ្វី​ទៀត ? » នោះ​ជា​ពេល​ដែល​ខ្ញុំ​បាន​ដឹង​ថា ដោយ​មិន​គិត​ពី​ស្ថានភាព​នៅលីវ​របស់​ខ្ញុំ ខ្ញុំ​មាន​អ្វី​ជាច្រើនដែលអាចផ្តល់ឲ្យ​ទៅ​ពិភពលោក​នេះ ។ ខ្ញុំ​បាន​គិត​ពី​រឿង​ដែល​ខ្ញុំ​អាច​រៀន និង​ចែកចាយ​ និង​ពី​ភាពខុសគ្នា ក៏​ដូចជា​ឥទ្ធិពល​ដែល​ខ្ញុំ​អាច​បង្កើត​បាន ។

ការផ្លាស់ប្ដូរ​ការផ្ដោតចិត្ត​របស់​ខ្ញុំ

ក្ដីស្រមៃ​របស់​ខ្ញុំ​កាល​ពី​នៅ​ជា​យុវមជ្ឈិមវ័យ​គឺ​ចង់​រក​បាន​ដៃគូ​ម្នាក់ ហើយ​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ចាប់ផ្ដើម​គ្រួសារ​មួយ ។ ខ្ញុំ​បាន​គិត​ថា ការណ៍​នេះ​គឺជា​គោលបំណង​តែមួយ​គត់​របស់​ខ្ញុំ ។ ដូច្នេះ​នៅពេល​វា​មិន​បាន​កើតឡើង ខ្ញុំ​បាន​ឆ្ងល់​ថា « ប្រសិនបើ​ការរៀបការ​គឺជា​រឿង​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​នេះ ចុះ​តើ​ហេតុអ្វី​បានជា​ខ្ញុំ​មិន​មាន​ឱកាស​នោះ ? »

ក្រោយពី​មិត្ត​របស់​ខ្ញុំ​បាន​សួរ​នូវ​សំណួរ​ទាំងនោះ​ហើយ ទីបំផុត​ខ្ញុំ​បាន​យល់អំ​ពី​គោលបំណង​ដ៏​ពិត​នៃ​ជីវិត​នេះ ។ ខ្ញុំ​នៅតែ​ជឿ​ថា ការរៀបការ និង​ការមាន​កូន​គឺ​សំខាន់​ចំពោះ​ផែនការ​ដ៏​អស់កល្ប​របស់​ព្រះវរបិតាសួគ៌​សម្រាប់​យើង​ម្នាក់ៗ ប៉ុន្ដែ​ខ្ញុំ​បាន​ដឹង​ថា វា​មិន​មែន​ជា​ផែនការ​ទាំងស្រុង​ទេ ។

យើង​នៅ​ទីនេះ នៅលើ​ផែនដី​នេះ ដើម្បី​រីកចម្រើន ចែកចាយ​សេចក្ដីពិត ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ និង​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​វិញ​នៅ​ទីបញ្ចប់ ( សូមមើល អាលម៉ា ៣៤:៣២ ) ។

ដូច្នេះ ដោយ​គិត​ដល់​រឿង​នេះ​ក្នុង​ចិត្ត​ ខ្ញុំ​បាន​ចាប់ផ្តើម​អធិស្ឋាន ហើយ​ទូលសូម​ព្រះ​ឲ្យ​ជួយ​ខ្ញុំ​រកឃើញ​គោលបំណង និង​កម្លាំង​របស់​ខ្ញុំ ។ ការអធិស្ឋាន និង​កិច្ចខំ​ប្រឹងប្រែង​របស់​ខ្ញុំ​ផ្ទាល់​ដើម្បី​សាកល្បង​ចំណូល​ចិត្ត​ថ្មីៗ និង​ដើម្បី​បង្កើន​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ ដែលទីបំផុត បាន​បង្ហាញ​ពី​គោលបំណង​របស់​ខ្ញុំ​ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​មាន​សេចក្ដី​ជំនឿ​យ៉ាង​ខ្លាំង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ហើយ​ផ្នែក​មួយ​នៃ​គោលបំណង និង​ផែនការ​របស់​ខ្ញុំ​នៅលើ​ផែនដីនេះ គឺ​ការជួយ​ដល់​មនុស្ស​ដទៃទៀតឲ្យ​អភិវឌ្ឍន៍ និង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ទ្រង់ផង​ដែរ ។ សេចក្ដីពិត​នេះ​បាន​នាំ​ឲ្យ​ខ្ញុំ​មាន​ទិសដៅ​ដ៏​ច្បាស់លាស់​មួយ​ក្នុង​ជីវិត​របស់ខ្ញុំ ហើយ​បាន​ជួយ​ខ្ញុំ​ឲ្យ​ផ្ដោត​លើ​ការធ្វើជាមនុស្ស​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ក្លាយជា ។

ការយល់ដឹងអំ​ពី​គោលបំណង​របស់​ខ្ញុំ

ពេល​ខ្ញុំ​នៅ​វ័យ ២០ ឆ្នាំ​បា្លយ ការសន្ទនា​ជាច្រើន​របស់​ខ្ញុំ​វិលវល់​ជុំវិញ​ការនៅ​លីវ ។ ខ្ញុំ​ផ្ដោត​តែ​លើ​ស្ថានភាព « ដ៏​ក្រៀមក្រំ » របស់​ខ្ញុំ ។ ឥឡូវ​នេះ ខ្ញុំ​បាន​ដឹង​ថា វា​ល្អ​ដើម្បី​តម្រង់​ឆ្ពោះទៅកាន់​អាពាហ៍ពិពាហ៍ ប៉ុន្ដែ​ខ្ញុំ​អាច​ដេញ​តាម​គោលបំណង និង​ឱកាស​ផ្សេងៗទៀត​ក្នុង​ពេល​ទន្ទឹម​គ្នា​នេះ ។

ប្រសិនបើ​អ្នក​មិន​ប្រាកដ​ពី​អ្វី​ដែល​អ្នក​គួរតែ​ធ្វើ​នា​ពេល​នេះ​ទេ ប្រធាន រ័សុល អិម ណិលសុន បាន​ផ្ដល់​ដំបូន្មាន​មួយ​ចំនួន​ស្ដីពី​ការចាប់ផ្តើមគួចេញពីកន្លែងណា ៖

« ចូរ​ទូល​សួរ​ព្រះវរបិតាសួគ៌​របស់​អ្នក នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ថាតើ​ទ្រង់​មាន​ព្រះទ័យ​ដូចម្ដេច​អំពីអ្នក និង បេសកកម្ម​របស់​អ្នកនៅ​លើ​ផែនដី​នេះ ។ ប្រសិន​បើ​អ្នក​ទូល​សួរ​ដោយ​ស្មោះ​អស់​ពី​ចិត្ត មិន​យូរ​មិន​ឆាប់​នោះ​ព្រះវិញ្ញាណ​នឹង​ខ្សឹប​ប្រាប់​សេចក្ដីពិត​ដែល​ផ្លាស់ប្ដូរ​ជីវិត​ដល់​អ្នក ។ …

ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា បើ​អ្នក​ចាប់ផ្ដើម​មើល​ឃើញ​តែ​បន្តិច​អំពី​អ្វី​ដែល​ព្រះវរបិតាសួគ៌​ទត​ឃើញ​ក្នុង​អ្នក និង​អ្វី​ដែល​ទ្រង់​រំពឹង​ឲ្យ​អ្នក​ធ្វើ​ដើម្បី​ទ្រង់ នោះ​ជីវិត​អ្នក​នឹង​មានការផ្លាស់ប្ដូរ​ ! » ( « Stand as True Millennials » Liahona ខែ តុលា ឆ្នាំ ២០១៦ ទំព័រ ៤៩ ) ។

ពាក្យពេចន៍​ទាំងនោះ​មាន​ន័យ​ជ្រាលជ្រៅ​ណាស់ ។

ខណៈពេល​ដែល​ខ្ញុំ​មាន​គំនិត​នានា​អំពី​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ក្នុង​ជីវិត​នេះ ( ដែល​វា​អស្ចារ្យ​ណាស់​ក្នុង​គំនិត​ខ្ញុំ ! ) នោះ​ព្រះ​ទ្រង់​ជ្រាប​ដឹង​អ្វីៗច្រើន​ជាង​ខ្ញុំ ។ ហើយ​ផែនការ​របស់​ទ្រង់​នឹង​នាំ​ខ្ញុំ​ទៅរក​ផ្លូវ​ដ៏​កាន់តែ​អស្ចារ្យ ជាង​អ្វី​ដែល​ខ្ញុំ​បាន​ស្រមៃ​សម្រាប់​ខ្លួន​ខ្ញុំ​ទៅ​ទៀត ។

ការបើក​ចិត្ត​ទូលាយ​ចំពោះ​ក្ដីសង្ឃឹម​ថ្មីៗ

ការសម្រប​សម្រួលខ្លួន​ខ្ញុំ​ទៅតាម​ផែនការ​របស់​ព្រះវរបិតាសួគ៌​ដែល​មាន​សម្រាប់​ខ្ញុំ គឺ​ពិបាក​នៅពេល​ដំបូង ។ ខ្ញុំ​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​ចំពោះ​គំនិត​ថ្មីៗ ចក្ខុវិស័យ​ថ្មីៗ និង​សេចក្ដី​សង្ឃឹម​ថ្មីៗ ។ ពេលខ្លះ​វា​ឈឺចាប់ នៅពេល​ជីវិត​មិន​បានប្រែក្លាយ​ដូចអ្វីៗដែល​ខ្ញុំ​បាន​គ្រោង​ទុក ។ ពរជ័យ​លោក​អយ្យកោ​របស់​ខ្ញុំ​បាន​ធ្វើការ​សន្យា​ដ៏​ជាក់លាក់​នានា ដែល​មិន​បាន​កើត​ចេញជាផ្លែផ្កា​ឡើយ ។ ប៉ុន្ដែ​ខ្ញុំ​បាន​ឈប់​ព្រួយ​បារម្ភ ពេល​ខ្ញុំ​លែង​គិត​ច្រើន​ពី​គំនិត​របស់​ខ្ញុំ​ផ្ទាល់ ហើយ​សម្រេច​ចិត្តធ្វើការ​ទុកចិត្ត​លើ ពរជ័យ​ដែល​បាន​សន្យា​ទាំងអស់​របស់​ខ្ញុំ​នឹង​ត្រូវបាន​បំពេញ—​ដោយសារ​ខ្ញុំ​ដឹង​ថា វា​នឹង​កើតឡើង​តាម​ពេលវេលា​កំណត់របស់​ទ្រង់ ។

ប្រសិនបើ​យើង​ទុកចិត្ត ហើយ​ផ្ដោត​ទៅលើ​ផែនការ​ទាំងស្រុង​របស់​ព្រះវរបិតាសួគ៌​ដែល​មាន​សម្រាប់​យើង​នោះ យើង​នឹង​មាន​អំណរ​ដ៏​អស់កល្ប​ ដែល​ទ្រង់​សន្យា​នឹង​យើង ( សូមមើល នីហ្វៃ​ទី​២ ២:២៥ ) ។ យើង​នឹង​រកឃើញ​បេសកកម្ម​ផ្ទាល់ខ្លួន​របស់​យើង ។ យើង​នឹង​ក្លាយជា​អ្នក​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ក្លាយជា ។ ហើយ​ទន្ទឹម​ពេល​គ្នា​នេះ យើង​នឹង​ត្រៀម​ខ្លួន​យើង​សម្រាប់​ពរជ័យ​ដ៏​អស់កល្ប​ទាំងអស់​របស់​យើង—​រួម​ទាំង​អាពាហ៍ពិពាហ៍​ផងដែរ ។

ដោយសារ​តែ​ការផ្លាស់ប្ដូរ​ក្នុង​ទស្សនវិស័យ​នេះ ខ្ញុំ​បាន​រកឃើញ​អំណរ​ដ៏​ពិតនៅ​ក្នុង​ជីវិត​របស់ខ្ញុំ ។ ខ្ញុំ​មិន​ដឹង​ពី​ចម្លើយ​ទាំងអស់​ទេ ប៉ុន្ដែ​ទ្រង់​បន្ដ​ផ្ដល់​ពន្លឺ​ដល់​ជីវិត​របស់​ខ្ញុំ​បន្ដិច​ម្ដងៗ ។