ក្រុមយុវនារី ៖ ប្រារព្វខួប ១៥០ ឆ្នាំ
អង្គការយុវនារីឈានចូលដល់ ១៥០ ឆ្នាំហើយនៅឆ្នាំនេះ ហើយវាដល់ពេលប្រារព្ធអបអរហើយ ! សូមក្រឡេកមើលការពិតទាំងនេះអំពីរបៀបដែលអង្គការនេះបានវិវត្តតាំងពីឆ្នាំ ១៨៧០ រហូតដល់សព្វថ្ងៃនេះ អ្វីដែលយុវវ័យដូចជាប្អូនៗកំពុងតែធ្វើដើម្បីចូលរួមនៅក្នុងក្រុមយុវនារីឥឡូវនេះ និងរបៀបដែលប្អូនៗអាចត្រូវបានបំផុសដោយពួកយុវនារីនៅក្នុងប្រវត្តិសាស្ត្រ ដែលបានបង្ហាញភាពក្លាហាន និងសេចក្ដីជំនឿ ។
ឆ្នាំ ១៨៧០–១៩២០
ឈ្មោះ ៖ ស្ថាប័នស្ត្រីវ័យក្មេងនៃសមាគមន៍សហការកាត់បន្ថយរបស់ស្ត្រី ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ១៨៧០ ក្រោមការដឹកនាំរបស់ព្រិកហាំ យ៉ង់ ។១ ឈ្មោះនោះត្រូវបានផ្លាស់ប្ដូរទៅជា សមាគមន៍កែលម្អទៅវិញទៅមកសម្រាប់ស្ត្រីវ័យក្មេង នៅក្នុងឆ្នាំ ១៨៧៧ ។២
អង្គការ និងថ្នាក់ទាំងឡាយ ៖ កម្មវិធីនារីប៊ីហៃ ត្រូវបានបង្កើតឡើងជាកម្មវិធីរដូវក្ដៅសម្រាប់ក្មេងស្រីអាយុ ១៤ ឆ្នាំ និងច្រើនជាងនោះ ។
ការអភិវឌ្ឍ និងការទទួលស្គាល់ ៖ សៀវភៅក្បួនខ្នាតប៊ីហៃត្រូវបានបោះពុម្ពនៅក្នុងឆ្នាំ ១៩១៥ ដោយមានគូសបញ្ជាក់នូវ « ផ្នែក » ចំនួនប្រាំពីរនៃការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សាសនា គេហដ្ឋាន សុខភាព សិល្បៈក្នុងស្រុក សកម្មភាពក្រៅផ្ទះ ជំនួញ និងសេវាកម្មសាធារណៈ ។៣
ទស្សនាវដ្ដី និងកំណត់ហេតុ ៖ ច្បាប់ដំបូងនៃ កំណត់ហេតុយុវនារីត្រូវបានបោះពុម្ពនៅក្នុងឆ្នាំ ១៨៨៩ ។៤ សមាគមន៍កែលម្អទៅវិញទៅមកជាច្រើនក្នុងតំបន់ ( ឬ ស.ក.ទ. ) ផលិតសារព័ត៌មានដែលសរសេរដោយដៃ និងមានតែមួយ ឬពីរច្បាប់ប៉ុណ្ណោះដើម្បីឲ្យក្មេងស្រីទាំងឡាយចែកគ្នាអាន ។
ឆ្នាំ ១៩២០–១៩៧០
ឈ្មោះ ៖ សមាគមន៍កែលម្អទៅវិញទៅមកសម្រាប់ស្ត្រីវ័យក្មេង ផ្លាស់ប្ដូរទៅជា សមាគមន៍កែលម្អទៅវិញទៅមកសម្រាប់យុវនារី នៅក្នុងឆ្នាំ ១៩៣៤ ។៥
អង្គការ និងថ្នាក់ទាំងឡាយ ៖ មានថ្នាក់ចំនួនពីរ គឺ នារីប៊ីហៃ សម្រាប់ក្មេងស្រីដែលក្មេងៗជាង និង គ្លីនន័រ សម្រាប់ក្មេងស្រីដែលមានអាយុច្រើនជាង ។ អាយុដើម្បីចូលក្នុងកម្មវិធីនោះផ្លាស់ប្ដូរពី ១៤ ទៅ ១២ ឆ្នាំ ។ នៅក្នុងឆ្នាំ ១៩៥០ ថ្នាក់ម៉ៃម៉េតត្រូវបានណែនាំឲ្យស្គាល់ ។
ការអភិវឌ្ឍ និងការទទួលស្គាល់ ៖ ការទទួលស្គាល់គ្លីនន័រមាស កំណត់ពីការសម្រេចបានខ្ពស់បំផុតដែលយុវនារីអាចទទួលបាននៅក្នុងកម្មវិធីនោះ ។
ទស្សនាវដ្ដី និងកំណត់ហេតុ ៖ កំណត់ហេតុយុវនារី បញ្ចូលជាមួយនឹងទស្សនាវដ្ដី Improvement Era សម្រាប់យុវវ័យទាំងអស់នៅក្នុងឆ្នាំ ១៩២៩ ។៦
ឆ្នាំ ១៩៧០–២០១៩
ឈ្មោះ ៖ សមាគមន៍កែលម្អទៅវិញទៅមកសម្រាប់យុវនារី ផ្លាស់ប្ដូរទៅជា អង្គការយុវនារី នៅក្នុងឆ្នាំ ១៩៧៤ ។៧
អង្គការ និងថ្នាក់ទាំងឡាយ ៖ មកដល់ត្រឹមឆ្នាំ ១៩៧២ អង្គការយុវនារីមានបីថ្នាក់គឺ ៖ ប៊ីហៃ ( អាយុ ១២–១៣ ឆ្នាំ ) ម៉ៃម៉េត ( អាយុ ១៤–១៥ ឆ្នាំ ) និងឡូរ៉ល ( អាយុ ១៦–១៧ ឆ្នាំ ) ។ ចាប់ផ្ដើមក្នុងឆ្នាំ ២០១៩ យុវនារីចូលរួមក្នុងថ្នាក់ប៊ីហៃនៅខែមករានៃឆ្នាំដែលពួកគេឈានចូលអាយុ ១២ ឆ្នាំ ។
ការអភិវឌ្ឍ និងការទទួលស្គាល់ ៖ កម្មវិធីការអភិវឌ្ឍខ្លួន និងមេដាយត្រូវបានណែនាំឲ្យស្គាល់នៅក្នុងឆ្នាំ ១៩៧៧ ។ យុវនារីផ្ដល់តម្លៃដល់ សេចក្ដីជំនឿ និស្ស័យនៃព្រះ គុណសម្បត្តិផ្ទាល់ខ្លួន ចំណេះវិជ្ជា ការជ្រើសរើស និងការទទួលខុសត្រូវ កិច្ចការល្អ និងសេចក្ដីទៀងត្រង់ ត្រូវបានបន្ថែមនៅក្នុងឆ្នាំ ១៩៨៧ ។៨ គុណធម៌ ត្រូវបានបន្ថែមនៅក្នុងឆ្នាំ ២០០៨ ។៩
ទស្សនាវដ្ដី និងកំណត់ហេតុ ៖ ទស្សនាវដ្ដី New Era សម្រាប់យុវវ័យបានចាប់ផ្ដើមការបោះពុម្ពជាភាសាអង់គ្លេសនៅក្នុងឆ្នាំ ១៩៧១ ហើយ លីអាហូណា ផ្ដល់នូវអត្ថបទទាំងឡាយសម្រាប់យុវវ័យនៅក្នុងភាសាជាច្រើន ។១០
ឆ្នាំ ២០២០
ឈ្មោះ ៖ ឈ្មោះបន្តនៅជា អង្គការយុវនារី ។
អង្គការ និងថ្នាក់ទាំងឡាយ ៖ ថ្នាក់ទាំងឡាយត្រូវបានរៀបចំឡើងនៅក្នុងវួដ ឬសាខានីមួយៗទៅតាមតម្រូវការរបស់វួដ ឬសាខានោះ ហើយត្រូវបានកំណត់ជាស្លាករួមថា « យុវនារី » ( ឧទាហរណ៍ « យុវនារី ១២ » « យុវនារី ១២–១៥ » ឬគ្រាន់តែ « យុវនារី » ប្រសិនបើពួកគេទាំងអស់គ្នាជួបក្នុងថ្នាក់តែមួយ ) ។
ការអភិវឌ្ឍ និងការទទួលស្គាល់ ៖ កម្មវិធី កុមារ និងយុវវ័យ ជំនួសឲ្យកម្មវិធីការរីកចម្រើនផ្ទាល់ខ្លួន ។ កម្មវិធីថ្មីនេះជំរុញឲ្យមានឱកាសផ្ទាល់ខ្លួនដើម្បីលូតលាស់នៅក្នុងចំនុចទាំងឡាយនៃការអភិវឌ្ឍផ្ទាល់ខ្លួន ការរៀនសូត្រដំណឹងល្អ និងការបម្រើ ព្រមទាំងសកម្មភាពទាំងឡាយ ។១១
ទស្សនាវដ្ដី និងកំណត់ហេតុ ៖ ទស្សនាវដ្ដី New Era ជិតដល់ខួប ៥០ ឆ្នាំរបស់វាហើយ ។