ពាក្យសម្ដីរបស់ព្យាការីសម្រាប់មនុស្សគ្រប់រូប
ឃេធើរីន ហ្វើជេសុន រដ្ឋផែនសីលវេញ៉ា ស.រ.អា.
ខ្ញុំមិនបានរំពឹងថានឹងឃើញការដកស្រង់មួយពីព្យាការីម្នាក់របស់ព្រះនៅលើជញ្ជាំងសាលារៀននោះទេ ។
ខ្ញុំបានភ្ញាក់ពីព្រលឹមនៅព្រឹកមួយដើម្បីរៀបចំខ្លួនទៅធ្វើការ ។ ទោះជានិច្ចកាលខ្ញុំស្រឡាញ់ការងារខ្ញុំជាគ្រូបង្រៀន ក៏ជួនកាលខ្ញុំមិនសប្បាយចិត្តទេ ហើយចង់តែលូនចូលក្រោមភួយវិញ ហើយធ្វើពុតថាវាដល់ពេលគេងម្ដងទៀតហើយ ។
ពេលខ្ញុំមកដល់វិទ្យាល័យ ខ្ញុំបានព្យាយាមត្រៀមគំនិតជាស្រេចដើម្បីធ្វើការ ។ ខ្ញុំបានដឹងថា ខ្ញុំត្រូវបង្រៀនថ្នាក់គណិតវិទ្យាបន្តិចទៀតនេះ ប៉ុន្តែដួងចិត្ត និងខួរក្បាលខ្ញុំស្ពឹកអស់ ហើយធ្លាក់ទឹកចិត្ត ។ ខ្ញុំមានអារម្មណ៍អវិជ្ជមាន ។
ខ្ញុំបានសម្រេចចិត្តទៅបន្ទប់ទឹកមុនទៅថ្នាក់រៀន ។ យូរៗម្ដង មាននរណាម្នាក់បិតក្រដាសប្រកាសនៅក្នុងបន្ទប់ទឹកដែលមានព័ត៌មានសម្រាប់សិស្ស និងបុគ្គលិក ។ មានបណ្ណប្រកាសមួយទាក់ទាញកន្ទុយភ្នែកខ្ញុំ ។ វាមានការដកស្រង់ដ៏ល្អមួយដែលអានថា « ប្រសិនបើអ្នកចង់ផ្ដល់ពន្លឺទៅអ្នកដទៃទៀត អ្នកត្រូវតែបញ្ចេញពន្លឺខ្លួនឯង » ។១ ខ្ញុំភ្ញាក់ផ្អើលដែលឃើញថា ការដកស្រង់នេះគឺមកពីប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) ។
ខ្ញុំមិនរំពឹងថានឹងឃើញការដកស្រង់មួយពីព្យាការីម្នាក់របស់ព្រះនៅលើជញ្ជាំងសាលារៀននោះទេ ។ ខ្ញុំរស់នៅក្រុងតូចមួយនៅរដ្ឋផែនសីលវេញ៉ា ស.រ.អា. ហើយខ្ញុំប្រាកដណាស់ថា ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមពីរបីនាក់ ឬប្រហែលជាតែម្នាក់ប៉ុណ្ណោះ ដែលជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅក្នុងសាលានេះ ។ ខ្ញុំបានដឹងថា ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្សពីរបីនាក់ដែលយល់ពីសារសំខាន់នៃពាក្យសម្ដីរបស់ប្រធាន ម៉នសុន—ជាបុរសម្នាក់ដែលខ្ញុំបានគាំទ្រអស់ជាច្រើនឆ្នាំជាព្យាការីម្នាក់ ។ ខ្ញុំបានមានអារម្មណ៍ថា សារនេះគឺសម្រាប់ខ្ញុំ ។ វាបន្ទន់ចិត្តខ្ញុំ ហើយលើកស្ទួយអារម្មណ៍ខ្ញុំ ។ ការដឹងគុណចំពោះទីបន្ទាល់របស់ខ្ញុំបានបំពេញដួងចិត្តខ្ញុំ ហើយសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌បានហ៊ុំព័ទ្ធខ្ញុំ ។
ខ្ញុំចង់ទាញយកបណ្ណនោះពីជញ្ជាំង ហើយទុកវានៅក្នុងហោប៉ៅខ្ញុំពេញមួយថ្ងៃដើម្បីលើកទឹកចិត្តខ្ញុំ ប៉ុន្តែខ្ញុំបានដឹងអ្វីមួយមួយរំពេច ។ ប្រធាន ម៉នសុន មិនគ្រាន់តែជាព្យាការីសម្រាប់ខ្ញុំ និងសមាជិកផ្សេងទៀតនៃសាសនាចក្រនោះទេ—លោកជាព្យាការីសម្រាប់ពិភពលោកនេះ ។ ពាក្យសម្ដីរបស់លោក ដូចជាពាក្យសម្ដីរបស់ប្រធាន រ័សុល អិម ណិលសុន នៅសព្វថ្ងៃនេះ គឺសម្រាប់មនុស្សគ្រប់គ្នា ។ ពាក្យសម្ដីរបស់ព្យាការីជួយ និងលើកទឹកចិត្តដល់មនុស្សទាំងអស់ណាដែលស្ដាប់ ។ ខ្ញុំថតរូបនៃការដកស្រង់នោះជាមួយនឹងទូរសព្ទខ្ញុំ ហើយបានទុកបណ្ណប្រកាសនោះសម្រាប់គ្រប់គ្នាផ្សេងទៀតដែលត្រូវការវា ។
ខ្ញុំមានអំណរគុណចំពោះព្រះវរបិតាសួគ៌ ដែលបានដាក់សារនេះនៅតាមផ្លូវខ្ញុំ ។ ខ្ញុំចង់ផ្ដល់ពន្លឺដល់មនុស្សដទៃទៀត ។ តាមរយៈការគោរពប្រតិបត្តិ និងភាពជិតស្និតនឹងព្រះអង្គសង្គ្រោះយើង ខ្ញុំអាចបញ្ចេញពន្លឺ សូម្បីតែនៅថ្ងៃដែលភាពងងឹតធ្វើឲ្យខ្ញុំវង្វេងផ្លូវ ។