២០២០
« ខ្ញុំ​នឹង​ពុំ​បដិសេធ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ឡើយ »
ខែ មិថុនា ឆ្នាំ ២០២០


« ខ្ញុំ​នឹង​ពុំ​បដិសេធ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ឡើយ »

អេឌូដ ងិនឌូ ទីក្រុង​កាតូកា សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

ខ្ញុំ​បាន​ក្លាយ​ជា​វត្ថុ​សម្រាប់​ការចំអក និង​មើលងាយ​នៅ​កន្លែង​ធ្វើការ ។ ហេតុអ្វី​ខ្ញុំ​បន្ត​ធ្វើការងារ​ដែល​បាន​ក្លាយ​ជា​គ្រោះថ្នាក់​មួយ​ដល់​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​ខ្ញុំ ?

man reading scriptures

រចនា​រូបភាព​ដោយ ក្រេហ្គ ស្ទីវិនសុន

មិន​យូរ​បន្ទាប់​ពី​ខ្ញុំ​ត្រូវបាន​គេ​ទទួល​ឲ្យ​ធ្វើការ​ជា​ជំនួយការ​នាយក​នៃ​បណ្ណាល័យ​ដ៏​ធំ​មួយ ក្រុម​របស់​ខ្ញុំ និង​ខ្ញុំ បានចាប់​ផ្ដើម​គម្រោង​ដ៏មាន​មហិច្ឆតា​មួយ ដើម្បី​បញ្ចូល​សៀវភៅ ៣៧០០០ ក្បាល​ទៅ​ជា​ឌីជីថល ។ ថ្ងៃមួយ​អ្នកគ្រប់គ្រង​របស់​ខ្ញុំ​បាន​ហៅខ្ញុំ​ឲ្យ​ចូល​ទៅក្នុង​ការិយាល័យ​គាត់ ។

គាត់​បាន​និយាយ​ថា « អេឌូដ ខ្ញុំ​ត្រូវបាន​គេ​អញ្ជើញ​ឲ្យ​ធ្វើ​បទបង្ហាញ​ពី​គម្រោង​ធ្វើ​សៀវភៅ​ឌីជីថល​របស់​យើង​នៅ​សហរដ្ឋ និង​ដើម្បី​រៃ​អង្គាស​ធនធាន​ជា​សៀវភៅ​ថ្មីៗ​ខ្លះ​ទៀត ។ ខ្ញុំ​ត្រូវបាន​ស្នើ​ឲ្យ​នាំ​មិត្តរួម​ការងារ​ដ៏​ទុកចិត្ត​ម្នាក់​ទៅ​ជាមួយ ។ ខ្ញុំ​មាន​ទំនុកចិត្ត​លើ​អ្នក ប៉ុន្តែ​មិន​ទុកចិត្ត​លើ​ព្រះវិហារ​របស់​អ្នក​ទេ ។ ប្រសិន​បើ​អ្នក​បោះបង់​ចោល​ជំនឿ​របស់​អ្នក នោះ​អ្នក​អាច​មក​ជាមួយ​ខ្ញុំ​បាន » ។

ខ្ញុំ​មិន​ទាន់​បាន​និយាយ​អ្វី​ផង គាត់​ក៏​ប្រាប់​ខ្ញុំ​ឲ្យ​គិត​មើល​ពី​វា ហើយ​ក៏​បាន​ឲ្យ​ខ្ញុំ​ចេញ​ទៅ ។

នៅ​ល្ងាច​នោះ ខ្ញុំ​បាន​ចែកចាយ​វា​ជាមួយ​ភរិយា​ខ្ញុំ​ពី​អ្វី​ដែល​បាន​កើតឡើង ។ គាត់​បានលើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​មាន​សេចក្ដីជំនឿ ។ ស្អែក​ឡើង ខ្ញុំ​បាន​ប្រាប់​អ្នក​គ្រប់គ្រង​របស់​ខ្ញុំ​ថា ខ្ញុំ​នឹង​រក្សា​សេចក្ដី​ជំនឿ​របស់​ខ្ញុំ ។ គាត់​ខឹង ហើយ​បាន​និយាយ​ថា គាត់​នឹង​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង ។

មួយ​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​មាន​ឱកាស​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​ដើម្បី​ទទួល​ការហ្វឹកហ្វឺន​ស្ដី​អំពី​ការផ្តល់​មូលនិធិ ការទទួល និង​ការគ្រប់គ្រង​បណ្ណាល័យ ។ ខ្ញុំ​គ្រាន់តែ​ត្រូវការ​ការអនុញ្ញាត​របស់​អ្នកគ្រប់គ្រង​របស់​ខ្ញុំ​ប៉ុណ្ណោះ ។ គាត់​បាន​និយាយ​ថា គាត់​នឹង​អនុញ្ញាត​បើ​ខ្ញុំ​ព្រម​ដកខ្លួន​ពី​ជំនឿ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​បដិសេធ​ម្ដង​ទៀត ។ បន្ទាប់​មក​គាត់​បាន​ហែក​ឯកសារ​នោះ ហើយ​បោះវា​លើ​មុខ​ខ្ញុំ ។ មួយ​រយៈ​ក្រោយ​មក​ទៀត អ្នក​គ្រប់គ្រង​របស់​ខ្ញុំ​បានមក​រក​ខ្ញុំ​ម្ដងទៀត ។

គាត់​បាន​និយាយ​ថា « ខ្ញុំរៀប​នឹង​ធ្វើដំណើរ​មួយ​ផ្សេង​ទៀត » ។ « អ្នក​អាច​មក​ជាមួយ​ខ្ញុំ តែ​លក្ខខណ្ឌ​គឺ​នៅ​ដដែល ។ ខ្ញុំ​នឹង​មិន​ធ្វើ​ដំណើរ​ជាមួយ​សមាជិក​ម្នាក់​នៃ​ព្រះវិហារ​របស់​អ្នក​ឡើយ » ។

ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​នឹង​ពុំ​បដិសេធ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ឡើយ » ។ គាត់​បាន​ចាកចេញ​ដោយ​មិន​និយាយ​អ្វី​មួយ​មាត់ ។ មិន​យូរ​ប៉ុន្មាន គាត់​បាន​និយាយ​ពី​ខ្ញុំ​ទៅកាន់​មិត្តរួម​ការងារ​របស់​ខ្ញុំ ។

គាត់​បាន​និយាយ​ថា « ខ្ញុំ​បាន​ផ្ដល់​ឱកាស​ដល់​គាត់ » ។ « ប៉ុន្តែ​គាត់​បាន​បោះបង់​ឱកាស​ទាំងអស់​នោះ ដោយសារ​សេចក្ដី​ជំនឿ​ដ៏​ងងឹង​ងងុល​របស់​គាត់ ។ គាត់​គឺ​ជា​មនុស្ស​ល្ងង់ » ។

ចាប់តាំង​ពី​នោះ​មក ខ្ញុំ​បាន​ក្លាយ​ជា​វត្ថុ​សម្រាប់​ការចំអក និង​មើលងាយ​នៅ​កន្លែង​ធ្វើការ ។ ខ្ញុំ​បានមាន​អារម្មណ៍​ថា​ត្រូវ​គេ​វាយ​បំបាក់ ។ នា​ល្ងាច​មួយ ដោយ​បាន​ខ្វល់ខ្វាយ​ជាមួយ​បញ្ហា​នេះ​ទៅហើយ នោះ​ខ្ញុំ​បាន​បើក​ព្រះគម្ពីរ​ប៊ីប ហើយ​អាន​ថា « បើ​ភ្នែក​ស្តាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​ខ្វេះ​ចេញ​បោះ​ចោល​ទៅ ដ្បិត​ដែល​ភ្នែក​អ្នក​១​ត្រូវ​វិនាស នោះ​មាន​ប្រយោជន៍ ជា​ជាង​ឲ្យ​រូបកាយ​ទាំង​មូល ត្រូវ​បោះ​ទៅ​ក្នុង​នរក » ( ម៉ាថាយ ៥:២៩ ) ។

បើ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា យើង​គួរតែ​ដកចេញ​នូវ​អ្វី​មួយ​ដើម្បី​សង្គ្រោះ​ខ្លួន​យើង ចុះ​ហេតុអ្វី​ខ្ញុំ​បន្ត​ធ្វើការងារ​ដែល​បាន​ក្លាយ​ជា​គ្រោះថ្នាក់​មួយ​ដល់​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​ខ្ញុំ ? ស្អែក​ឡើង ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​ឈប់​របស់​ខ្ញុំ ។

ថ្ងៃ​នេះ ខ្ញុំ​រីករាយ​នឹង​ជម្រើស​នេះ ។ ជាមួយ​នឹង​សេចក្ដី​ក្លាហាន និង​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​ខ្ញុំ​បាន​ប្រឈម​នឹង​ភាពអាម៉ាស​នៅ​កន្លែង​ការងារ ហើយ​អត់​ការងារ​ធ្វើ​​ជា​បណ្ដោះ​អាសន្ន ។ ការងារ​ថ្មី​របស់​ខ្ញុំ​ឥឡូវ​នេះ​ផ្ដល់​ឱកាស​ទាំងឡាយ​ដល់​ខ្ញុំ ដែល​ពុំ​មាន​ពី​មុន​មក ។ ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ខ្ញុំ ហើយ​ខ្ញុំ​អរព្រះគុណ​ទ្រង់​សម្រាប់​ព្រះសណ្ដោស​របស់​ទ្រង់ និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ខ្ញុំ ។