២០២០
រៀន​មាន​ភាពរីករាយ​ពេល​ខ្ញុំ​នៅលីវ
ខែ មិថុនា ឆ្នាំ ២០២០


យុវមជ្ឈិមវ័យ

រៀន​មាន​ភាពរីករាយ​ពេល​ខ្ញុំ​នៅលីវ

ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​មាន​ទស្សនៈ​ខុស​ឆ្គង​អំពី​ការណាត់​ជា​គូ ។

រូបភាព
neighbors outside

រចនា​រូបភាព​ដោយ ចូស៊ី ផតធីឡូ

« ហេតុអ្វី​មនុស្ស​គ្រប់​គ្នា​ផ្សេងទៀត​ណាត់​ជាគូ ហើយ​មាន​ភាពរីករាយ ? »

« ហេតុអ្វី​ខ្ញុំ​មិន​ទាន់​រៀបការ ? »

« តើ​មាន​អ្វី​ខុសឆ្គង​អំពី​ខ្ញុំ​ឬ ? »

យុវមជ្ឈិមវ័យ​ភាគច្រើន​បំផុត​ប្រហែល​ជា​បាន​សួរ​ខ្លួនឯង​នូវ​សំណួរ​ទាំងនេះ​យ៉ាង​ហោច​ណាស់​ម្ដង ! ឧបសគ្គ​នៃ​ការស្វែងរក​ដៃគូ​អស់កល្ប អាច​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ និង​សេចក្ដី​សង្ឃឹម​ចុះ​ខ្សោយ សូម្បី​តែ​ចំពោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​មាន​ចិត្ត​ឧទ្ទិស​ភាគច្រើន​ក៏​ដោយ ។ មែនហើយ ក្នុង​ករណី​របស់​ខ្ញុំ​ផងដែរ ការណាត់​ជា​គូ​គឺ​ពិបាក​ខ្លាំង​ណាស់ ។

អាពាហ៍ពិពាហ៍​តែងតែ​ហាក់បី​ដូច​ជា​ការផ្សង​ព្រេង​ដ៏​ធំ​មហិមា​មួយ​ចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទន្ទឹង​រង់ចាំ​វា​តាំង​ពី​នៅ​ក្មេង ។ ប៉ុន្តែ​ខ្ញុំ​បាន​បាក់​ទឹកចិត្ត ពេល​វា​ហាក់​បី​ដូច​ជា​ខ្ញុំ​កំពុង​តែ​បរាជ័យ​ក្នុង​ការណាត់​ជា​គូ​អំឡុង​ពេល​រៀន​នៅ​មហាវិទ្យាល័យ ។ ទោះបី​ជា​ខ្ញុំ​បាន​ទៅ​ការណាត់​ជា​គូ​ជា​ច្រើន បាន​មាន​ចំណង​ទាក់ទង​ប្រាកដ​ប្រជា​មួយ​ចំនួន ហើយ​បាន​ជួប​នឹង​ស្ត្រី​ដ៏​មាន​ជោគជ័យ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្ដី ក៏​ខ្ញុំ​មិន​បាន​រៀបការ​ដែរ ។ ហើយ​ចំពោះ​ខ្ញុំ ចំណង​ទាក់ទង​បរាជ័យ​ទាំងនោះ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ជា​សញ្ញា​មួយ​ដែល​ថា ខ្ញុំ​អន់​ជាង​គេ ឬ​មិន​មាន​ភាពទាក់ទាញ ។

អារម្មណ៍​របស់​ខ្ញុំ​ចំពោះ​ភាពនៅលីវ​របស់​ខ្ញុំ​កាន់តែ​អាក្រក់​ថែមទៀត បន្ទាប់​ពី​ការបែកគ្នា​មួយ​ចំនួន​ ពេល​ខ្ញុំ​បាន​ចាប់ផ្ដើម​អាជីព​ការងារ​របស់​ខ្ញុំ ។ វា​ងាយស្រួល​សម្រាប់​ខ្ញុំ​ដើម្បី​សួរ​ថា តើ​មាន​អ្វី​ខុសឆ្គង​ជាមួយ​ខ្ញុំ ហើយ​មាន​អ្វី​ត្រឹមត្រូវ​ជាមួយ​នឹង​គ្រប់គ្នា​ផ្សេង​ទៀត​ដែល​បាន​រៀបការ ។ ពរ​របស់​លោក​អយ្យកោ​របស់​ខ្ញុំ ជាមួយ​នឹង​ពរជ័យ​បព្វជិតភាព​មួយ​ចំនួន បាន​បញ្ជាក់​យ៉ាង​ខ្លាំង និង​ជាក់លាក់​ថា ខ្ញុំ​នឹង​បាន​ផ្សារភ្ជាប់​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ទៅនឹង​ស្ត្រី​សុចរិត​ម្នាក់ ។ ចុះ​តើ​ហេតុ​អ្វី​វា​មិន​កើត​ឡើង ?

ខ្ញុំ​បាន​ចាប់ផ្ដើម​ឆ្ងល់​ថា « តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ចេញ​ពី​ផែនការ​របស់​ព្រះ​សម្រាប់​ខ្ញុំ​ឬ ? »

នៅ​ទី​បំផុត បន្ទាប់​ពី « ការប្រយុទ្ធ » ពី​មុខ​ព្រះ​អស់​ជា​ច្រើន​ឆ្នាំ​តាមរយៈ​ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ និង​ការចូលរួម​នៅ​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​បាន​ទទួល​វិវរណៈ​ទាក់ទង​នឹង​ស្ថានភាព​របស់​ខ្ញុំ​តាមរយៈ​មិត្តភក្ដិ និង​ទីប្រឹក្សា​របស់​ខ្ញុំ ប្រេដ ( ឈ្នោះ​ត្រូវបាន​ផ្លាស់ប្ដូរ ) ។ អំឡុងការប្រជុំ​ក្រុម​ប្រឹក្សា​មួយ គាត់​បាននិយាយ​ថា ៖ « សុភមង្គល​របស់​អ្នក​អាស្រ័យ​ទៅលើ​ខ្លួន​អ្នក—មិនមែន​លើ​អ្នកណា​ម្នាក់​ផ្សេង​ទៀត​នោះ​ទេ ។ ពេល​អ្នក​មាន​ភាពរីករាយ​កាល​អ្នក​នៅលីវ នោះ​អ្នក​អាច​មាន​ភាពរីករាយ​នៅក្នុង​កាលៈទេសៈ​ណា​ក៏​បាន » ។ ដូចគ្នា​នោះ​ដែរ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « អំណរ​ដែល​យើង​មាន​នោះ វា​មាន​ឥទ្ធិពល​តិច​តួច​មកពី​កាលៈទេសៈ​នៃ​ជីវិត​យើង ប៉ុន្តែ​វា​មាន​ឥទ្ធិពល​ខ្លាំង​មកពី​អ្វី​ដែល​ជីវិត​យើង​ផ្តោត​ទៅលើ » ( « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ ) ។​

ទស្សនៈ​របស់​ខ្ញុំ​ទាំងមូល​បាន​ផ្លាស់ប្ដូរ កាលដែល​ព្រះវិញ្ញាណ​បាន​បំផុស​យ៉ាង​ខ្លាំ​ងនូវ​ពាក្យពេចន៍​ទាំងនេះ​ដល់​ព្រលឹង​ខ្ញុំ ។​ ហើយ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​តែងតែ​បាន​ណាត់​ដើរ​លេង​ជាគូ​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​មួយ—ក្នុង​ករណី​របស់​ខ្ញុំ សេចក្ដី​ត្រូវការ​នោះ​គឺ​ដើម្បី​រៀបការ គ្រាន់តែ​ដើម្បី​មិន​ឲ្យ​ខ្ញុំ​នៅ​ឯកោ​ទៀត ។

ការណ៍​នេះ​ពិតជា​មិន​មែន​ជា​របៀប​មួយ​ដែល​នឹង​ដឹកនាំ​ទៅកាន់​ដៃគូ​អស់កល្ប​ដ៏​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​នោះ​ទេ ។ តាមរយៈ​ប្រេដ ព្រះអម្ចាស់​បាន​បង្រៀន​ខ្ញុំ​ដោយ​ទន់ភ្លន់​ថា ផែនការ​របស់​ទ្រង់​សម្រាប់​បុត្រា​បុត្រី​ទ្រង់​មិនមែន​សម្រាប់​ឲ្យ​ពួកគេ​រៀបការ​ដោយ​ផ្អែក​លើ​សេចក្ដី​ត្រូវការ ឬ​សម្ពាធ​វប្បធម៌ និង​ការភ័យខ្លាច​នោះ​ទេ ។ អាពាហ៍ពិពាហ៍​គឺ​ផ្អែកលើ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ ។ បន្ទាប់​មក​ទ្រង់​បាន​បង្រៀន​ខ្ញុំ​ថា ស្ថានភាព​នៅលីវ​របស់​ខ្ញុំ​អាច​បន្ត​បង្រៀន​ខ្ញុំ​ឲ្យ​រស់​នៅក្នុង​ជីវិត ហើយ​ស្វែករក​អាពាហ៍ពិពាហ៍​ដោយ​ផ្អែកលើ​សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ មិនមែន​ដោយ​ភាពងាយស្រួល​នោះទេ ។ ស្វែងរក​អាពាហ៍ពិពាហ៍​ដោយ​ហេតុផល​ត្រឹមត្រូវ ។

តាមរយៈ​បទពិសោធន៍​នេះ ខ្ញុំ​បាន​រៀន​សេចក្ដី​ពិត​បីយ៉ាង​ដែល​ខ្ញុំ​គិត​ដល់​ពេល​ណា​ដែល​ខ្ញុំ​មាន​អារម្មណ៍​បាក់​ទឹកចិត្ត​អំពី​ការណាត់​ជា​គូ ៖

  1. តម្លៃ​របស់​អ្នក​មិន​អាស្រ័យ​ទៅលើ​ស្ថានភាព​រៀបការ ឬ​នៅ​លីវ​របស់​អ្នក​នោះ​ទេ ។ អេសាយ​បាន​បង្រៀន​ថា « គំនិត [ របស់​ទ្រង់ ] មិន​មែន​ដូច​ជា​គំនិត [ របស់​យើង ] ទេ » ( អេសាយ ៥៥:៨ ) ។ ខ្ញុំ​បាន​គិត​ថា ការនៅលីវ​គឺ​ជា​ការឆ្លុះ​បញ្ជាំង​ពី​ការខ្វះ​តម្លៃ​របស់​ខ្ញុំ ។ ទោះ​ជា​យ៉ាង​ណា ព្រះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ឃើញ​ថា ការនៅ​លីវ​គឺ​ជា​ការរៀបចំ​ខ្ញុំ​សម្រាប់​អាពាហ៍ពិពាហ៍​មួយ​ដែល​កាន់តែ​ប្រសើរ​ជាង​ដែល​ខ្ញុំ​អាច​មាន ប្រសិន​បើ​ខ្ញុំ​រៀបការ​ទៅតាម​ពេលវេលា​របស់​ខ្ញុំ​នោះ ។ វា​មិន​មាន​អ្វី​ទាក់ទង​នឹង​តម្លៃ​របស់​ខ្ញុំ​នោះ​ទេ ។

  2. ការរៀបចំ​កម្ចាត់​ចោល​នូវ​ការអន្ទះសា និង​ការព្រួយ​ចិត្ត ។ ព្រះអម្ចាស់​ប្រាប់​យើង​ថា « បើសិន​ជា [ យើង ] បាន​ប្រុងប្រៀប​ទុកជា​ស្រេច នោះ [ យើង ] នឹង​មិន​ត្រូវ​ខ្លាច​ឡើយ » ​( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣៨:៣០ ) ។ ការស្វែងរក ហើយ​បន្ទាប់​មក​ធ្វើតាម​ព្រះរាជ​ឆន្ទៈ​របស់​ព្រះ បាន​ជួយ​ខ្ញុំ​ឲ្យ​ទម្លាក់​ចោល​ការភ័យខ្លាច និង​ការធុញ​ថប់​ពី​មុន​មក​ទាក់ទង​នឹង​ស្ថានភាព​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ ។ វា​ក៏បាន​ជួយ​ខ្ញុំ​ឲ្យ​ផ្ដោត​លើ​ការរៀបចំ​ខ្លួនឯង​សម្រាប់​អ្វី​ក៏​ដោយ​ដែល​នឹង​ចូល​មក​តាម​ផ្លូវ​របស់​ខ្ញុំ​នៅពេល​អនាគត​ផងដែរ ។

  3. មាន​អំណរ​នៅក្នុង​ការនៅលីវ ។ ការនៅ​លីវ​បាន​ផ្ដល់​ពរ​ដល់​ខ្ញុំ​ជាមួយ​នឹង​ឱកាស​ក្នុង​ការធ្វើ​ដំណើរ​ដ៏​រំភើប ការអភិវឌ្ឍ​ការងារ និង​មធ្យោបាយ​ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ ។ ខណៈ​ដែល​ខ្ញុំ​នៅតែ​មាន​បំណង​ប្រាថ្នា​យ៉ាង​ជ្រាលជ្រៅ​ដើម្បី​រៀបការ ហើយ​មាន​កូនចៅ ព្រះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ពេញ​ចិត្ត​ពី​អ្វីៗ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​នៅក្នុង​នគរ​របស់​ទ្រង់​ឥឡូវ​នេះ ថ្វីបើ​ខ្ញុំ​មាន​ដៃគូ​នៅ​ក្បែរ​ខ្ញុំ ឬ​អត់​ក៏​ដោយ ។

ខ្ញុំ​នៅតែ​មិន​ទាន់​រៀបការ ! ភរិយា​របស់​ខ្ញុំ​មិនទាន់​ចេញ​មក​ទេ ទោះជា​នៅ​ពេល​នេះ​ខ្ញុំ​បាន​ផ្លាស់ប្ដូរ​ទស្សនៈ​របស់​ខ្ញុំ​អំពី​ការណាត់​ជួប​ជា​គូ និង​អាពាហ៍ពិពាហ៍ ហើយ​ខ្ញុំ​ដឹង​ថា ពេលខ្លះ​ខ្ញុំ​នឹង​នៅតែ​មាន​ភាពតានតឹង​ជាមួយ​នឹង​ការណាត់​ជួប​ជា​គូ​នៅ​ពេល​អនាគត ។ ប៉ុន្តែ​ការភ័យខ្លាច និង​ការថប់​បារម្ភ​ជាច្រើន​អំពី​ស្ថានភាព​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​បាន​បាត់​អស់ទៅ​ហើយ ។ ហើយ​ឥឡូវ​នេះ​ខ្ញុំ​ដឹង​ថា វា​មិន​ថ្វី​ទេ​ដើម្បី​នៅលីវ ខណៈដែល​ព្រះអម្ចាស់ និង​ខ្ញុំ​ធ្វើការ​រួមគ្នា​ដើម្បី​បំពេញ​ការសន្យា និង​ពរជ័យ​ដ៏អស់កល្ប​ទាំងឡាយ ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​ខ្ញុំ—ទាំង​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ និង​នៅក្នុង​ភាពអស់កល្ប​ជានិច្ច ។

បោះពុម្ព