គោលការណ៍នៃការងារបម្រើ
ការងារបម្រើតាមរយៈការប្រជុំសាក្រាម៉ង់
ការប្រជុំសាក្រាម៉ង់ផ្ដល់ឱកាសដើម្បីភ្ជាប់ទំនាក់ទំនង និងផ្ដល់ការងារបម្រើដល់អ្នកដទៃទៀត ។
ការប្រជុំសាក្រាម៉ង់គឺជាពេលវេលាមួយសម្រាប់ការចិញ្ចឹមបីបាច់ខាងវិញ្ញាណ និងជាការសញ្ជឹងគិតដោយផ្ទាល់ពីព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ ។ ពេលយើងទទួលទានសាក្រាម៉ងជារៀងរាល់សប្ដាហ៍ យើងត្រូវបានស្អាងឡើងជាមួយគ្នា ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១១០ ) ។ ប៉ុន្តែមនុស្សមួយចំនួននៅក្នុងវួដ និងសាខារបស់យើងមកជាមួយនឹងបន្ទុកដ៏ធ្ងន់ ឬមិនបាននៅទីនោះទាល់តែសោះ ។
នេះជាឱកាសមួយចំនួនពីរបៀបដែលយើងអាចប្រើពេលវេលាដ៏ពិសិដ្ឋនោះ ដើម្បីផ្ដល់ការងារបម្រើដល់អ្នកដទៃទៀត ហើយធ្វើឲ្យមានការផ្លាស់ប្ដូរមួយក្នុងជីវិតរបស់ពួកគេ ។
ជួយធ្វើឲ្យការប្រជុំសាក្រាម៉ង់កាន់តែប្រសើរឡើងសម្រាប់មនុស្សដែលអ្នកផ្ដល់ការងារបម្រើដល់
ជំហានទីមួយនៅក្នុងការរៀនពីរបៀបដើម្បីផ្ដល់ការងារបម្រើ គឺការស្គាល់បុគ្គល ឬគ្រួសារនោះ និងតម្រូវការរបស់ពួកគេ ។ ប្រហែលជាមានរបៀបនានាដែលអ្នកអាចជួយធ្វើឲ្យបទពិសោធន៍នៃការថ្វាយបង្គុំសាក្រាម៉ង់របស់ពួកគេកាន់តែប្រសើរឡើង ដោយគ្រាន់តែរៀនបន្ថែមទៀតអំពីពួកគេ ។
សម្រាប់មីនឌី ជាម្ដាយវ័យក្មេងដែលមានកូនភ្លោះតូចៗ កិច្ចប្រឹងប្រែងយ៉ាងសាមញ្ញរបស់បងស្រីដែលផ្ដល់ការងារបម្រើដល់នាង បានធ្វើឲ្យមានការផ្លាស់ប្ដូរដ៏ធំនៅក្នុងបទពិសោធន៍នៃការប្រជុំសាក្រាម៉ង់របស់នាងជារៀងរាល់សប្ដាហ៍ ។
មីនឌីពន្យល់ថា « ដោយសារកាលវិភាគការងាររបស់ស្វាមីខ្ញុំ ខ្ញុំយកកូនស្រីភ្លោះទាំងពីររបស់ខ្ញុំទៅព្រះវិហារដោយខ្លួនឯងជារៀងរាល់សប្ដាហ៍ » ។ « វាពិតជាមានអារម្មណ៍សន្ធប់ណាស់ ក្នុងការព្យាយាមនៅឲ្យចប់ការប្រជុំសាក្រាម៉ង់ជាមួយនឹងកូនតូចៗដ៏រពឹសពីរនាក់នោះ ប៉ុន្តែបងស្រីដែលផ្ដល់ការងារបម្រើរបស់ខ្ញុំបានយកបន្ទុកនោះដាក់ខ្លួនគាត់ដើម្បីជួយខ្ញុំ ។
« គាត់អង្គុយក្បែរខ្ញុំ ហើយជួយខ្ញុំថែទាំកូនស្រីខ្ញុំជារៀងរាល់សប្ដាហ៍ ។ គ្រាន់តែមានគាត់អង្គុយជិតខ្ញុំគឺមានន័យខ្លាំងណាស់ចំពោះខ្ញុំ ហើយពិតជាជួយសម្រួលដល់ការថប់បារម្ភរបស់ខ្ញុំនៅពេលពួកគេម៉ួម៉ៅខ្លាំង ។ ខ្ញុំគិតថា គាត់ពុំដែលបានដឹងទេថា ទង្វើរបស់គាត់បានមានផលប៉ះពាល់យ៉ាងណាចំពោះខ្ញុំនៅគ្រានោះនៃជីវិតរបស់ខ្ញុំ ។ គាត់បានឃើញពីតម្រូវការរបស់ខ្ញុំក្នុងនាមជាម្ដាយវ័យក្មេងដែលពោរពេញដោយការថប់បារម្ភ ហើយគាត់ជួយធ្វើឲ្យព្រះវិហារជាកន្លែងនៃភាពសុខសាន្ត និងរីករាយសម្រាប់យើងទាំងអស់គ្នា » ។
គំនិតដើម្បីជួយដល់ពួកអ្នកដែលមានតម្រូវការជាក់លាក់
-
សូមប្រឹក្សាជាមួយនឹងថ្នាក់ដឹកនាំកូរ៉ុមអែលឌើរ និងថ្នាក់ដឹកនាំសមាគមសង្រ្គោះ អំពីតម្រូវការរបស់សមាជិក ។
-
ថ្នាក់ដឹកនាំដាក់ផែនការការឡើងនិយាយនៅការប្រជុំសាក្រាម៉ង់ ដើម្បីជួយបំពេញតាមតម្រូវការរបស់សមាជិក ។ ប្រសិនបើពួកអ្នកដែលអ្នកផ្ដល់ការងារបម្រើដល់ នឹងទទួលបានប្រយោជន៍ពីការស្ដាប់ឮសារជាក់លាក់មួយ នោះសូមចែកចាយគំនិតនោះជាមួយថ្នាក់ដឹកនាំរបស់អ្នក ។
-
ប្រសិនបើអ្នកស្គាល់នរណាម្នាក់ដែលមានពិការភាព ឬមានប្រតិកម្មម្ហូបអាហារ ដែលរារាំងពួកគេពីការរីករាយនឹងពរជ័យនៃសាក្រាម៉ង់ សូមសុំព័ត៌មានពិស្ដារពីពួកគេ និងពីដំណោះស្រាយអ្វីដែលអាចត្រូវបានធ្វើឡើង ដើម្បីធ្វើឲ្យបទពិសោធន៍នៃការថ្វាយបង្គំរបស់ពួកគេបានប្រសើរឡើង ។ សូមចែកចាយព័ត៌មាននេះជាមួយនឹងថ្នាក់ដឹកនាំរបស់អ្នក ។១
-
ប្រសិនបើនរណាម្នាក់ដែលអ្នកផ្ដល់ការងារបម្រើដល់ ឬស្គាល់ ជាប់នៅក្នុងផ្ទះដោយប្រការណាមួយដោយអចិន្ត្រៃយ៍ ឬបណ្ដោះអាសន្នក្ដី សូមសួរដល់ប៊ីស្សពរបស់អ្នកថាប្រសិនបើអាចផ្ដល់សាក្រាម៉ង់ដល់ពួកគេនៅផ្ទះ ។ ម្យ៉ាងទៀតអ្នកអាចសូម្បីតែធ្វើការកត់ត្រាទុកនូវអ្វីដែលបាននិយាយនៅអំឡុងការប្រជុំសាក្រាម៉ង់ ហើយចែកចាយដល់ពួកគេតាមទូរសព្ទ តាមអ៊ីម៉ែល ឬដោយផ្ទាល់ក៏បាន ។
-
ប្រសិនបើនរណាម្នាក់ដែលអ្នកផ្ដល់ការងារបម្រើដល់ មានកូនតូចៗ អ្នកអាចជួយពួកគេនៅអំឡុងការប្រជុំសាក្រាម៉ង់ ។
-
ប្រសិនបើអ្នកដែលអ្នកផ្ដល់ការងារបម្រើដល់ ពុំមកការប្រជុំសាក្រាម៉ង់ជាញឹកញាប់ទេ សូមព្យាយាមយល់ ហើយពិចារណាពីរបៀបដែលអ្នកអាចជួយ ។ ប្រសិនបើពួកគេត្រូវការមធ្យោបាយធ្វើដំណើរ អ្នកអាចផ្ដល់មធ្យោបាយធ្វើដំណើរដល់ពួកគេ ។ ប្រសិនបើពួកគេពុំទទួលការគាំទ្រពីគ្រួសារ អ្នកអាចអញ្ជើញពួកគេឲ្យអង្គុយជាមួយអ្នក ។ អ្នកអាចធ្វើការអញ្ជើញពិសេសនានា ដើម្បីជួយពួកគេឲ្យមានអារម្មណ៍ស្វាគមន៍ និងសំខាន់នៅក្នុងការប្រជុំសាក្រាម៉ង់ ។
សូមចង់ចាំ កាយវិការដ៏សាមញ្ញនាំឲ្យមានផលយូរអង្វែង
និយាយដល់ការងារបម្រើ ស៊ីស្ទើរ ជេន ប៊ី ប៊ីងហាំ ប្រធានសមាគមសង្គ្រោះទូទៅបានបង្រៀន ៖ « ជួនកាល យើងគិតថា យើងត្រូវធ្វើអ្វីមួយធំដុំ និងដូចជាវីរជន ‹ ដើម្បីរាប់ថា › ជាការបម្រើដល់អ្នកជិតខាងរបស់យើង ។ ប៉ុន្ដែទង្វើសាមញ្ញៗនៃការបម្រើអាចមានឥទ្ធិពលដ៏ខ្លាំងទៅលើអ្នកដទៃ—ក៏ដូចជាខ្លួនយើងផងដែរ » ។២
នៅក្នុងវួដដ៏តូចមួយនៅក្នុងប្រទេសបែលហ្ស៊ិក អ៊ីវីតាតែងសូមជួយបកប្រែសម្រាប់ភ្ញៀវ និងសមាជិកដែលនិយាយភាសាអេស្ប៉ាញ អំឡុងការប្រជុំនៅព្រះវិហារ ។ មានម្ដង អ៊ីវីតាត្រូវបានណែនាំឲ្យស្គាល់មនុស្សម្នាក់ពីសាធារណរដ្ឋដូមីនីហ្គែន ដែលកំពុងរៀនអំពីសាសនាចក្រ ។ គាត់ចេះភាសាអង់គ្លេសខ្លះៗ ប៉ុន្តែភាសាអេស្ប៉ាញគឺជាភាសាកំណើតរបស់គាត់ ។ ដូច្នេះ អ៊ីវីតាបានសូមជួយបកប្រែដោយស្ងាត់ស្ងៀមសម្រាប់គាត់នៅក្នុងការប្រជុំសាក្រាម៉ង់ ដើម្បីជួយឲ្យគាត់មានអារម្មណ៍កាន់តែកក់ក្តៅ ។
អ៊ីវីតានិយាយថា « ជួនកាល ការបកប្រែអាចធ្វើឲ្យថ្ងៃបរិសុទ្ធរបស់ខ្ញុំមានភាពមមាញឹកបន្តិច » ។ « ប៉ុន្តែការធ្វើតាមការបំផុសគំនិតឲ្យសួរអ្នកដទៃទៀតថាតើពួកគេត្រូវការអ្នកបកប្រែដែរឬទេ ពិតជាផ្ដល់នូវអារម្មណ៍នៃអំណរ និងភាពកក់ក្ដៅដល់ខ្ញុំ ដោយដឹងថា ខ្ញុំអាចជួយពួកគេឲ្យមានអារម្មណ៍ពីព្រះវិញ្ញាណ ហើយរីករាយនឹងការប្រជុំរបស់ពួកគេ » ។
គំនិតដើម្បីជួយតាមរយៈទង្វើដ៏សាមញ្ញៗ
-
សូមនិយាយទៅកាន់ថ្នាក់ដឹកនាំរបស់អ្នក ដើម្បីមើលថាតើនរណាអាចនឹងត្រូវការការបម្រើបន្ថែមអំឡុងការប្រជុំសាក្រាម៉ង់ ។ ឬប្រសិនបើអ្នកស្គាល់នរណាម្នាក់ដែលត្រូវការ សូមធ្វើឲ្យប្រាកដថាថ្នាក់ដឹកនាំរបស់អ្នកដឹងពីពួកគេ ។
-
អង្គុយដោយស្ងៀមស្ងាត់ពេលអ្នករង់ចាំការប្រជុំចាប់ផ្ដើម ។ ការណ៍នេះនឹងជួយដល់ « មនុស្សដទៃដែលខូចចិត្ត និងមានទុក្ខដែលនៅជុំវិញយើង »៣ ដែលត្រូវការភាពសុខសាន្តដែលអាចបានមកតាមរយៈគារវភាពនៅក្នុងកន្លែងបរិសុទ្ធ ។
-
នៅថ្ងៃអាទិត្យតមអាហារ សូមពិចារណាពីការឧទ្ទិសការតមអាហារ និងការអធិស្ឋានរបស់អ្នកទៅកាន់នរណាម្នាក់ដែលអ្នកផ្ដល់ការងារបម្រើដល់ ដែលអាចនឹងត្រូវការការលួងលោមបន្ថែមទៀត ។
-
សូមអធិស្ឋានដើម្បីដឹងថាបើមាននរណាម្នាក់ ដែលអាចទទួលផលពីអ្នកអង្គុយក្បែរ ឬជិតពួកគេអំឡុងការប្រជុំសាក្រាម៉ង់ ឬបើមានរបៀបផ្សេងទៀតដែលអ្នកអាចជួយបាន ។
ការប្រជុំសាក្រាម៉ង់អាចជាកន្លែងស្វាគមន៍មួយសម្រាប់មនុស្សទាំងអស់គ្នា
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ( ១៨៧៦–១៩៧២ ) បានបង្រៀនថា « ការប្រជុំសាក្រាម៉ង់គឺជាការប្រជុំដ៏ពិសិដ្ឋ និងបរិសុទ្ធបំផុតលើសអស់ការប្រជុំទាំងអស់របស់សាសនាចក្រ » ។៤ ដូច្នេះហើយ វាសំខាន់ដើម្បីធ្វើឲ្យប្រាកដថា អ្នកទាំងអស់ដែលចូលរួមក្នុងការប្រជុំសាក្រាម៉ង់ មានអារម្មណ៍ស្វាគមន៍ និងបីបាច់ខាងវិញ្ញាណ—ជាពិសេសសមាជិកថ្មី ឬសមាជិកដែលពុំបានចូលរួមព្រះវិហារអស់មួយរយៈ ។
មេរ៉ានៀ មកពីញូវសៅវេលស៍ ប្រទេសអូស្ត្រាលី បានធ្វើជាមិត្តនឹងស្ត្រីម្នាក់ដែលកំពុងរៀនអំពីសាសនាចក្រនៅក្នុងវួដរបស់គាត់ ។ មេរ៉ានៀនិយាយថា « គាត់បានក្លាយជាមិត្តជាទីស្រឡាញ់ម្នាក់របស់ខ្ញុំឥឡូវនេះ » ។ « ខ្ញុំចូលចិត្តអង្គុយជាមួយគាត់នៅក្នុងការប្រជុំសាក្រាម៉ង់ជារៀងរាល់សប្ដាហ៍ ហើយខ្ញុំតែងតែសួរថាតើគាត់សុខសប្បាយទេ ហើយថាបើមានអ្វីដែលខ្ញុំអាចធ្វើសម្រាប់គាត់បាន » ។ មួយរយៈក្រោយមក មិត្តរបស់មេរ៉ានៀបានទទួលបុណ្យជ្រមុជទឹក ។ កិច្ចប្រឹងប្រែងរបស់សមាជិកវួដ ក៏ដូចជាបរិយាកាសស្វាគមន៍នៅក្នុងការប្រជុំសាក្រាម៉ង់ ជាផ្នែកដ៏ធំមួយក្នុងការសម្រេចចិត្តរបស់គាត់ ។
គំនិតដើម្បីផ្ដល់ការងារបម្រើដល់សមាជិកដែលត្រឡប់មកវិញ ឬសមាជិកថ្មី
-
ពេលអ្នកត្រូវឡើងនិយាយក្នុងការប្រជុំសាក្រាម៉ង់ អ្នកអាចអញ្ជើញមិត្តភក្ដិ គ្រួសារ និងអ្នកដទៃទៀតមកស្ដាប់សាររបស់អ្នក ។
-
អ្នកអាចរកមើល ហើយស្វាគមន៍ពួកអ្នកដែលនៅម្នាក់ឯង ឬអ្នកដែលអាចនឹងត្រូវការជំនួយ ។ សួរថាបើអ្នកអាចអង្គុយក្បែរពួកគេ ឬអញ្ជើញពួកគេឲ្យអង្គុយជាមួយអ្នក ។
-
ពេលការប្រជុំចប់ អ្នកអាចអញ្ជើញពួកអ្នកដែលអ្នកផ្ដល់ការងារបម្រើដល់ និងអ្នកដទៃទៀតឲ្យមកកាន់សកម្មភាពសាសនាចក្រខាងមុខទៀត មកកាន់ព្រះវិហារបរិសុទ្ធ ឬកម្មវិធីសង្គមមួយ ។
-
ប្រសិនបើនរណាម្នាក់ដែលអ្នកផ្ដល់ការងារបម្រើដល់ ចូលរួមការប្រជុំសាក្រាម៉ង់ ប៉ុន្តែពុំបានមកមួយរយៈ អ្នកអាចសួរពួកគេថាតើពួកគេមានសំណួរអ្វីដែរឬទេអំពីអ្វីដែលបានបង្រៀន ។ សូមប្រាប់ពួកគេថា អ្នកស្វាគមន៍ពួកគេជានិច្ច ប្រសិនបើមានពាក្យ រឿង ឬផ្នែកណានៃគោលលទ្ធិដែលពួកគេមិនយល់ ។ អ្នកអាចរកមើលចម្លើយជាមួយគ្នាប្រសិនបើចាំបាច់ ។