ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរមរមន
តើការអភិវឌ្ឍឲ្យមានដួងចិត្តទន់ភ្លន់ ជួយយើងទទួលបានការចេះដឹងខាងវិញ្ញាណដោយរបៀបណា ?
អាលម៉ា ៨–១២ ថ្ងៃទី ៨–១៤ ខែ មិថុនា
ពេលអាលម៉ាប្រកាសដំណឹងល្អនៅទីក្រុងអាំម៉ូណៃហា ប្រជាជនភាគច្រើនបានបដិសេធលោក ប៉ុន្តែអាមូលេកបានស្ដាប់ ហើយបានជឿ ។ ភាពខុសគ្នារវាងអាមូលេក និងប្រជាជនផ្សេងទៀតនៅទីក្រុងអាំម៉ូណៃហា បង្ហាញយើងពីលទ្ធផលនៃការមានដួងចិត្តទន់ភ្លន់ ឬដួងចិត្តរឹងរូស ចំពោះការណ៍ទាំងឡាយរបស់ព្រះ ( សូមមើល អាលម៉ា ១២:១០ ) ។ អ្នកអាចជ្រើសរើសដើម្បីមានដួងចិត្តទន់ភ្លន់ ។
អាមូលេក និងប្រជាជនអាំម៉ូណៃហា
អាមូលេកបានជឿថា អាលម៉ាជាព្យាការីរបស់ព្រះ ( សូមមើល អាលម៉ា ៨:២០ ) ។ ពេលទេវតាបានប្រាប់លោកឲ្យអនុញ្ញាតអាលម៉ាចូលក្នុងផ្ទះលោក លោកបានជ្រើសរើសដើម្បីគោរពតាម ( សូមមើល អាលម៉ា ១០:៨ ) ។ លោកក៏បានឆ្លើយតបចំពោះការហៅរបស់ព្រះឲ្យប្រកាសដំណឹងល្អផងដែរ ( សូមមើល អាលម៉ា ៨:២៩–៣០ ) ។ ទោះជាយ៉ាងណា មនុស្សផ្សេងទៀតនៅក្នុងទីក្រុងនោះបានបដិសេដអាលម៉ា និងមិនជឿឡើយ ។
ពរជ័យនៃដួងចិត្តទន់ភ្លន់
ដោយសារលោកបានទទួលយកព្រះបន្ទូលរបស់ព្រះ នោះអាមូលេកត្រូវបានប្រទានពរឲ្យមានការចេះដឹងខាងឯព្រះវិញ្ញាណ ។ លោកបាន « ពោរពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធ » ( អាំលម៉ា ៨:៣០ ) លោកទទួលបានទីបន្ទាល់មួយអំពីព្រះចេស្ដានៃព្រះ ( សូមមើល អាលម៉ា ១០:៥ ) ហើយលោកថែមទាំងបានដឹងពីគំនិតរបស់ពួកអ្នកដែលព្យាយាមបោកបញ្ឆោតលោកទៀតផង ( សូមមើល អាលម៉ា ១០:១៧ ) ។ អ្នកក៏អាចជ្រើសរើសដើម្បីទទួលយកព្រះបន្ទូលនៃព្រះ ហើយទទួលពរជ័យរបស់ទ្រង់ផងដែរ ។
លទ្ធផលនៃដួងចិត្តរឹងរូស
ដោយសារប្រជាជនអាំម៉ូណៃហាបានពង្រឹងចិត្តរបស់ពួកគេចំពោះការបង្រៀនរបស់អាលម៉ា នោះពួកគេបានបាត់បង់ពរជ័យដ៏មានតម្លៃទាំងឡាយ ។ ពួកគេពុំមានចំណេះដឹងអំពីអព្ភូតហេតុនៃព្រះ ( សូមមើល អាលម៉ា ៩:៥ ) ហើយពួកគេត្រូវបានព្រមានថា ព្រះនឹងបំផ្លិចបំផ្លាញពួកគេ ហើយពួកគេនឹងមិនបានទទួលមរតកនៃនគររបស់ទ្រង់ឡើយ ( សូមមើល អាលម៉ា ៩:១២ ) ។