តើកូនរបស់ខ្ញុំដែលពិការបានត្រៀមខ្លួនដើម្បីទទួលបុណ្យជ្រមុជទឹកហើយឬនៅ ?
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
ខួបប្រាំបីឆ្នាំរបស់កូនប្រុសយើងជិតចូលមកដល់ហើយ ។ ប៉ុន្តែតើយើងអាចមានចិត្តប្រាកដថា គាត់បានត្រៀមខ្លួនដើម្បីទទួលបុណ្យជ្រមុជទឹកហើយឬនៅនោះ ។
មិនដល់មួយឆ្នាំទៀតទេ ដេវីឌ កូនប្រុសយើងនឹងឈានចូលអាយុប្រាំបីឆ្នាំ ។ ស្វាមីខ្ញុំ និងខ្ញុំចង់ឲ្យគាត់រៀបចំធ្វើសេចក្ដីសញ្ញាដ៏ពិសិដ្ឋនៃបុណ្យជ្រមុជទឹក ។ នោះមានន័យថា ធ្វើរឿងទាំងឡាយដូចជាអានព្រះគម្ពីរមរមន សិក្សាសេចក្ដីសញ្ញាបុណ្យជ្រមុជទឹ និងរំឭកសំណួរសម្ភាសបុណ្យជ្រមុជទឹក ។ យើងបានធ្វើការណ៍ទាំងអស់នេះពីមុនមកជាមួយនឹងបងស្រីរបស់ដេវីឌ ប៉ុន្តែដេវីឌមានអធីហ្សឹម ដូច្នេះការសម្រេចចិត្តថាបើគាត់គួរទទួលបុណ្យជ្រមុជទឹកឬទេគឺមិនច្បាស់លាស់ទេសម្រាប់យើង ។
មែនហើយ យើងបានដឹងថាត្រូវធ្វើអ្វីខ្លះដើម្បីជួយរៀបចំគាត់ ប៉ុន្តែសំណួរដែលយើងនៅតែគិតក្នុងចិត្តនោះគឺ ៖ តើដេវីឌគួរតែទទួលបុណ្យជ្រមុជទឹកដែរឬទេ ? តើគាត់ត្រៀមខ្លួនហើយឬនៅ ? តើគាត់ត្រូវការទទួលបុណ្យជ្រមុជទឹកទេ ? តើគាត់បានយល់ពីអ្វីដែលគាត់នឹងប្ដេជ្ញាចិត្តធ្វើដែរឬទេ ? តើយើងអាចដឹងយ៉ាងប្រាកដដោយរបៀបណាថា អ្វីដែលយើងកំពុងធ្វើជារឿងត្រឹមត្រូវនោះ ?
ដូចជាឪពុកម្ដាយជាច្រើនដែលមានកូនជាមួយនឹងពិការភាពដែរ សំណួរទាំងនេះបានដឹកនាំយើងនៅលើដំណើរមួយនៃការស្វែងរកការយល់ដឹងខាងគោលលទ្ធិ និងវិវរណៈផ្ទាល់ខ្លួន ។
អាយុនៃការទទួលខុសត្រូវ និងការទទួលខុសត្រូវ
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៨:២៧ ចែងថា « ហើយកូនចៅរបស់ពួកគេត្រូវទទួលបុណ្យជ្រមុជទឹកសម្រាប់ការផ្ដាច់បាបទាំងឡាយរបស់ខ្លួន កាលមានអាយុប្រាំបីឆ្នាំ និងទទួលការដាក់ដៃលើ » ។
ប្រសិនបើយើងផ្អែកទាំងស្រុងទៅលើខគម្ពីរនេះ យើងនឹងសន្មត់ថា ក្មេងអាយុប្រាំបីឆ្នាំ ទាំងអស់គឺបានត្រៀមខ្លួនដើម្បីទទួលបុណ្យជ្រមុជទឹក ។ ទោះជាយ៉ាងណា ព្រះគម្ពីរក៏បង្រៀនផងដែរ ៖
« កូនក្មេងតូចត្រូវបានប្រោសលោះ … តាមរយៈព្រះរាជបុត្រាបង្កើតតែមួយរបស់យើង
« ដូច្នោះហើយ ពួកគេពុំអាចធ្វើបាបបានទេ … លុះត្រាពួកគេចាប់ផ្ដើមទទួលការខុសត្រូវនៅចំពោះយើងសិន » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:៤៦–៤៧; សូមមើលផងដែរ មរ៉ូណៃ ៨:៧–២២ ) ។
តើស្វាមីខ្ញុំ និងខ្ញុំអាចយល់បានដោយរបៀបណាថាបើដេវីឌមានការទទួលខុសត្រូវហើយឬនៅនោះ ? យើងបានបន្តស្រាវជ្រាវទៀត ។
យើងបានរៀនពីគោលនយោបាយសាសនាចក្រថា ការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ គឺផ្អែកទៅលើបំណងប្រាថ្នារបស់គាត់ និងកម្រិតនៃការយល់ដឹងរបស់គាត់ ៖ ប្រសិនបើដេវីឌមានភាពសក្ដិសម ហើយមានបំណងប្រាថ្នាដើម្បីទទួលបុណ្យជ្រមុជទឹក ហើយបង្ហាញថាគាត់អាចទទួលខុសត្រូវ នោះយើងមិនគួររារាំងគាត់ពីការទទួលបុណ្យជ្រមុជទឹកនោះទេ ។
យើងក៏បានរៀនផងដែរថា ប្រសិនបើពិការភាពរបស់ដេវីឌកំណត់សមត្ថភាពខាងប្រាជ្ញារបស់គាត់ដូចកូនក្មេងតូចនោះ នោះគាត់មិនអាចទទួលខុសត្រូវបានទេ ហើយនឹងមិនត្រូវការពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះនោះទេ ( សូមមើល ក្បួនខ្នាត ភាគ១ ៖ ប្រធានស្តេក និងប៊ីស្សព [ ឆ្នាំ ២០១០ ] ចំណុច ១៦.១.៨ សមាជិកដែលមានសំណួរអំពីគោលលទ្ធិសាសនាចក្រ អាចធ្វើការប្រឹក្សាជាមួយប៊ីស្សពរបស់ពួកគេបាន ) ។
សមត្ថភាពខាងប្រាជ្ញារបស់ដេវីឌតាមពិតទៅធម្មតា ។ ទោះជាយ៉ាងណា ខ្ញុំនៅតែឃើញថាខ្លួនខ្ញុំមានការសង្ស័យថាតើ ដេវីឌបានឈានដល់កម្រិតនៃការទទួលខុសត្រូវសមរម្យដែរឬទេ ។ ខ្ញុំបានបន្តស្រាវជ្រាវប្រកបដោយការអធិស្ឋាន ហើយសង្ឃឹមថាបានការណែនាំដែលនឹងនាំភាពសុខសាន្តដល់ខ្ញុំ ។
ពិការភាព និងភាពគ្មានកំហុស
ខ្ញុំស្គាល់ឪពុកម្ដាយខ្លះដែលមានកូនមានពិការភាព ដែលបានទទួលនូវការលួងលោមយ៉ាងខ្លាំងពីការអានថា ពួកអ្នកដែលបានឆ្លងកាត់ជីវិតរមែងស្លាប់ដោយពុំបានមានការទទួលខុសត្រូវ នោះបន្តស្ថិតនៅក្នុងស្ថានភាពគ្មានកំហុស ៖ « អស់ទាំងកូនក្មេងតូចរស់នៅក្នុងព្រះគ្រីស្ទ ។ … ត្បិតព្រះចេស្ដានៃសេចក្ដីប្រោសលោះ មានមកដល់អស់អ្នកណាដែលគ្មានច្បាប់ … ហើយចំពោះមនុស្សបែបនោះ នោះបុណ្យជ្រមុជទឹកនឹងពុំនាំមកនូវផលប្រយោជន៍អ្វីឡើយ » ( មរ៉ូណៃ ៨:២២ ) ។
ព្យាការី យ៉ូសែប ស៊្មីធ ក៏បានពិពណ៌នាផងដែរពី លក្ខខណ្ឌរបស់កុមារដែលស្លាប់ ហើយដោយពុំទាន់ចូលដល់ការទទួលខុសត្រូវ ៖ « ហើយខ្ញុំក៏បានឃើញកូនក្មេងទាំងអស់ដែលបានស្លាប់មុនគ្រប់អាយុទទួលខុសត្រូវ នោះត្រូវបានសង្គ្រោះនៅក្នុងនគរសេឡេស្ទាលនៅស្ថានសួគ៌ដែរ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៧:១០ ) ។
ខ្ញុំដឹងថា សម្រាប់បុគ្គលទាំងនេះ បុណ្យជ្រមុជទឹកពុំចាំបាច់នៅក្នុងជីវិតនេះទេ ។ ខ្ញុំក៏ដឹងដែរថា ព្រះនឹងជួយយើងឲ្យដឹងនូវអ្វីដែលល្អបំផុតសម្រាប់ដេវីឌ ។
ស្វែងរកការណែនាំពីព្រះ
មានលទ្ធភាពជាច្រើន សម្រាប់ពួកអ្នកដែលមានពិការភាព ។ បុគ្គលជាច្រើនដែលមានពិការភាព មានកម្រិតសតិខ្ពស់ជាងក្មេងអាយុប្រាំបីឆ្នាំ ហើយអាចទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ប្រសិនបើពួកគេមានការទទួលខុសត្រូវ ( សូមមើល ក្បួនខ្នាត ភាគ១ ចំណុច ១៦.៣.៥ ) ។ បុគ្គលដទៃទៀតនឹងមិនទទួលខុសត្រូវទេ ។ ខ្ញុំបានដឹងថា ស្វាមីខ្ញុំ និងខ្ញុំអាចប្រឹក្សាជាមួយនឹងកូនប្រុសយើង ជាមួយព្រះ និងជាមួយប៊ីស្សពយើង ដែលឈរតំណាងជា « ចៅក្រមក្នុងអ៊ីស្រាអែល » ដើម្បីជួយធ្វើការសម្រេចចិត្តដ៏បំផុសគំនិត ទាក់ទងនឹងភាពរួចរាល់របស់ដេវីឌដើម្បីទទួលបុណ្យជ្រមុជទឹកឬនៅ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៧៦ ) ។
ពាក្យសម្ដីទាំងនេះមកពីអាលម៉ា បាននាំមកនូវក្ដីសុខសាន្តយ៉ាងខ្លាំងដល់ខ្ញុំ ៖ « ហើយឥឡូវនេះ ដោយអ្នករាល់គ្នាមានបំណងចង់ចូលរួមក្នុងក្រោលនៃព្រះ ហើយដើម្បីឲ្យបានហៅថាជារាស្ត្ររបស់ទ្រង់ … តើមានអ្វីទៅដែលរារាំងអ្នកមិនឲ្យទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះអម្ចាស់ ដើម្បីធ្វើជាសាក្សីដល់ទ្រង់ថា អ្នករាល់គ្នាបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ថា អ្នករាល់គ្នានឹងបម្រើព្រះអង្គ ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ដើម្បីឲ្យទ្រង់ស្រោចព្រះវិញ្ញាណទ្រង់ មកលើអ្នករាល់គ្នាយ៉ាងបរិបូរណ៍ ? » ( ម៉ូសាយ ១៨:៨, ១០ ) ។
បន្ទាប់ពីការរៀបចំទាំងអស់របស់យើង គឺមេរៀនទាំងអស់របស់យើងទាំងនៅផ្ទះ និងនៅថ្នាក់បឋមសិក្សា នោះខ្ញុំបានចាប់ផ្ដើមសួរដេវីឌនូវសំណួរទាំងឡាយដែលខ្ញុំដឹងថា គាត់នឹងត្រូវសួរនៅក្នុងការសម្ភាសសម្រាប់បុណ្យជ្រមុជទឹករបស់គាត់ ។
ជួនកាលការឆ្លើយតបរបស់គាត់បង្ហាញពីការយល់ដឹង ប៉ុន្តែពេលខ្លះទៀតគាត់មិនដឹងពីរបៀបឆ្លើយតបទេ ។ ខ្ញុំឆ្ងល់ថាបើយើងកំពុងធ្វើរឿងត្រឹមត្រូវដែរឬទេ ។
នៅទីបំផុត ព្រះវិញ្ញាណបានខ្សឹបដល់ដួងចិត្តខ្ញុំថា « ហេតុអ្វីអ្នកមិនសួរដល់ដេវីឌថា គាត់គិតយ៉ាងណា ? »
ខ្ញុំបានបែរទៅដេវីឌ ហើយបានសួរថា « ដេវីឌ តើកូនចង់ទទួលបុណ្យជ្រមុជទឹកទេ ? »
គាត់បានមើលមកចំខ្ញុំ ហើយនិយាយថា « បាទ ! »
ពេលខ្ញុំសួរគាត់ថា ហេតុអ្វីបានជាគាត់ចង់ទទួលបុណ្យជ្រមុជទឹក គាត់បាននិយាយថា « ដើម្បីក្លាយដូចជាព្រះយេស៊ូវ » ។
ខ្ញុំបានពោរពេញដោយភាពសុខសាន្ត និងការណែនាំ ។ ខ្ញុំបានដឹងភ្លាមថា ទោះបីជាដេវីឌពុំយល់គ្រប់សំណួរបានឥតខ្ចោះ ក៏គាត់មានភាពរួចរាល់ដើម្បីទទួលបុណ្យជ្រមុជទឹក និងការបញ្ជាក់រួចហើយ ។ គាត់បានដឹងពីអ្វីដែលគាត់ត្រូវការដឹង ហើយសំខាន់បំផុត គាត់បានដឹង ហើយមានបំណងប្រាថ្នាដើម្បីចូលក្នុងនគរនៃព្រះតាមរយៈពិធីបុណ្យជ្រមុជទឹក ។
ថ្ងៃដែលដេវីឌទទួលបុណ្យជ្រមុជទឹក និងបញ្ជាក់ជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជាថ្ងៃដែលពោរពេញដោយក្ដីស្រឡាញ់ មិត្តភាព និងភាពសុខសាន្ត ។ មានគ្រួសារ សមាជិកវួដ មិត្តភក្ដិនៅសាលា និងសូម្បីតែគ្រូៗមកពីសាលារបស់ដេវីឌផងដែរមកពេញក្នុងបន្ទប់ ។ គំរូដែលដេវីឌបានធ្វើនៅថ្ងៃនោះ ក្នុងការជ្រើសរើសដើម្បីធ្វើតាមព្រះយេស៊ូវ ហើយទទួលបុណ្យជ្រមុជទឹកគឺជាគំរូមួយដែលជះឥទ្ធិពលល្អដល់មនុស្សជាច្រើន ។ គ្រួសាររបស់យើងកាន់តែរឹងមាំឡើង ដោយសារយើងមានឱកាសរៀនពីរបៀបដែលកិច្ចការរបស់ព្រះត្រូវបានធ្វើឲ្យឃើញតាមរយៈកូនប្រុសរបស់យើង គឺដេវីឌ ( សូមមើល យ៉ូហាន ៩:៣ ) ។