សម្រាប់តែឌីជីថលប៉ុណ្ណោះ ៖ ពួកយុវមជ្ឈិមវ័យ
គន្លឹះ ៧ យ៉ាងដើម្បីឲ្យនៅជិតស្និទ្ធនឹងគ្នាក្នុងទំនាក់ទំនងចម្ងាយផ្លូវឆ្ងាយ
ប្រសិនបើអនាគតដៃគូអស់កល្បរបស់អ្នកនៅឆ្ងាយពីគ្នាខ្លាំង នេះគឺជាវិធីខ្លះៗដើម្បីធ្វើឲ្យមានភាពងាយស្រួល ។
ការរកឃើញមនុស្សល្អ និងមានសន្ដានចិត្តល្អ ដែលអ្នកចង់ចំណាយពេលពេញមួយជីវិតរបស់អ្នកជាមួយអាចជារឿងពិបាកមួយ ។ បន្ថែមលើឧបសគ្គក្នុងការចង់មាននរណាម្នាក់ដែលមានភាពសក្ដិសមសម្រាប់ចូលព្រះវិហារបរិសុទ្ធ ហើយមានបទដ្ឋាន និងជំនឿដូចអ្នក ហើយរស់នៅក្បែរគ្នាដើម្បីអាចចំណាយពេលជាមួយគ្នាបាននោះ យើងអាចមានអារម្មណ៍ថាស្ទើរតែមិនអាចទៅរួច ។ ប៉ុន្ដែដោយមានការបង្កើតអ៊ិនធើរណិត ការឆាតជាវីដេអូ ការណាត់ជាគូតាមអ៊ិនធើរណិត និងកម្មវិធីណាត់ជួបគ្នា នោះទំនាក់ទំនងចម្ងាយផ្លូវឆ្ងាយកាន់តែមានភាពទូលំទូលាយជាងមុនខ្លាំងណាស់ និងជាដំណឹងល្អសម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយជាច្រើន ដែលរស់នៅក្នុងតំបន់ដែលមានសមាជិកតិច និងឆ្ងាយពីគ្នាក្នុងសាសានាចក្រទូទាំងពិភពលោកនេះ ។
សំណាងល្អ យើងបានមានដំបូន្មានល្អៗជាច្រើនមកពីថ្នាក់ដឹកនាំក្នុងសាសនាចក្ររបស់យើងស្ដីអំពីទំនាក់ទំនងក្នុងការណាត់ជួបដើរលេង មិនថាទំនាក់ទំនងនោះមានចម្ងាយផ្លូវឆ្ងាយឬអត់នោះទេ ។ អែលឌើរ ជែហ្វ្រី អរ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងថា ប្រសិនបើយើង « ចង់បានសមត្ថភាព សុវត្ថិភាព និងសន្ដិសុខនៅក្នុងការណាត់ជួបដើរលេង និងមនោសញ្ចេតនា នៅក្នុងជីវិតអាពាហ៍ពិពាហ៍ និងភាពអស់កល្ប » នោះយើងត្រូវតែ « ជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវ » ( « How Do I Love Thee ? »New Era ខែ តុលា ឆ្នាំ ២០០៣ ទំព័រ ៨ ) ។ ក្រៅពីនោះ យើងមានគន្លឹះ ៧ យ៉ាងស្ដីពីរបៀបឲ្យនៅជិតស្និទ្ធនឹងគ្នាក្នុងការទំនាក់ទំនងចម្ងាយផ្លូវឆ្ងាយ ៖
-
រក្សាវាឲ្យមានភាពទៀងទាត់ ។ សូមដាក់កាលវិភាគដែលត្រូវគ្នាសម្រាប់អ្នកទាំងពីរ ។ ដៃគូជាច្រើនដែលបានមានបទពិសោធន៍ក្នុងទំនាក់ទំនងចម្ងាយផ្លូវឆ្ងាយបាននិយាយថា ការនិយាយគ្នារាល់ថ្ងៃតាមទូរសព្ទ ឬតាមការឆាកវីដេអូបានធ្វើឲ្យមានភាពខុសគ្នាខ្លាំងនៅក្នុងការទំនាក់ទំនងរបស់ពួកគេ ។ ប្រហែលអ្នកមិនអាចមានពេលវេលាជជែកគ្នារាល់ថ្ងៃនោះទេ ប៉ុន្ដែអ្នកគួរតែណាត់ពេលគ្នា ដែលល្អសម្រាប់ដៃគូខ្លួន ។
-
តែងតែផ្ដល់ ១០០ ភាគរយ ។ ជាញឹកញាប់ ការទំនាក់ទំនងចម្ងាយផ្លូវឆ្ងាយមិនដំណើរការឡើយ នៅពេលដៃគូម្នាក់ ឬទាំងពីរនាក់មិនបេ្ដជ្ញាចិត្តយ៉ាងពេញលេញដើម្បីធ្វើឲ្យវាមានដំណើរការនោះ ។ នៅពេលអ្នកប្ដេជ្ញាចិត្តដើម្បីបង្ហាញ និងប្រាប់ដៃគូម្នាក់ទៀតថា អ្នកពិតជាបារម្ភពីពួកគេ ទោះជាពេលអ្នកនៅឆ្ងាយពីគ្នាក្ដី នោះអ្នកអាចនៅជិតស្និទ្ធនឹងគ្នាកាន់តែខ្លាំង ។
-
ការប្រាស្រ័យទាក់ទងគ្នាគឺជាគន្លឹះ ។ នៅពេលអ្នកមានពេលជជែកគ្នាមួយទល់មួយ សូមផ្ដោតទៅលើការប្រាស្រ័យទាក់ទងគ្នាដោយបើកចំហ ។ សូមកុំស្ទាក់ស្ទើរនឹងចែកចាយនូវអារម្មណ៍របស់អ្នក មិនថាវាពិបាក ហើយអវិជ្ជមាន ឬកក់ក្ដៅ និងស្រពិចស្រពិលប៉ុណ្ណានោះឡើយ ។ ការបង្ហាញអារម្មណ៍ទាំងនេះដោយបើកចំហនឹងពង្រឹងដល់ការទំនាក់ទំនងរបស់អ្នក ហើយអ្នកនឹងអាចមានអារម្មណ៍ជិតស្និទ្ធនឹងគ្នា មិនថារូបកាយនៅឆ្ងាយពីគ្នាប៉ុណ្ណានោះទេ ។
-
ត្រូវមានមនោសព្ចោតនា ! ដោយសារតែចម្ងាយផ្លូវធ្វើឲ្យវាពិបាកសម្រាប់អ្នកទាំងពីរបង្ហាញក្ដីស្រឡាញ់ខាងរូបកាយ អ្នកត្រូវតែរកមើលរបៀបផ្សេងៗទៀតដើម្បីបង្ហាញថា អ្នកបារម្ភ ។ អ្នកអាចធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលតាមរយៈសារខ្លីៗពេញមួយថ្ងៃ ។ អ្នកអាចឲ្យគេដឹកអាហារ ឬផ្កាទៅឲ្យពួកគេ ។ ហើយសំបុត្រដ៏ស្មោះត្រង់ដែលសរសេរបានយ៉ាងល្អផ្ញើតាមប្រៃណីយ៍គឺតែងតែមានជ័យជំនះជានិច្ច !
-
បង្កើតការផ្សារភ្ជាប់ខាងវិញ្ញាណមួយ ។ សូមព្យាយាមធ្វើរាត្រីជួបជុំក្រុមគ្រួសារ ឬការប្រជុំធម្មនិដ្ឋានរាល់សប្ដាហ៍រួមជាមួយគ្នា ។ សូមមើលសុន្ទរកថាសន្និសីទទូទៅមួយជាមួយគ្នា ហើយពិភាក្សាពីអ្វីដែលអ្នកបានរៀន ឬក៏អានមេរៀន ចូរមកតាមខ្ញុំ សម្រាប់សប្ដាហ៍នោះ ។ ការពង្រឹងការផ្សារភ្ជាប់ខាងវិញ្ញាណរបស់អ្នកក៏នឹងពង្រឹងទៅដល់ទំនាក់ទំនងខាងមនោសញ្ចេតនារបស់អ្នកផងដែរ !
-
រកពេលដើម្បីជួបគ្នាផ្ទាល់ ។ ការឃើញគ្នាតាមអេក្រង់ក្នុងរយៈពេលគ្មានកំណត់គឺមិនគ្រប់គ្រាន់ជានិច្ចនោះទេ ។ សូមព្យាយាមដាក់ផែនការដើម្បីជួបគ្នាផ្ទាល់ឲ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ។ សូមកុំចំណាយថវិកាទាំងអស់របស់អ្នកដើម្បីជួបគ្នាញឹកញាប់ពេក ប៉ុន្ដែសូមព្យាយាមទៅលេងគ្នាយ៉ាងហោចណាស់ពីរបីខែម្ដង ប្រសិនបើការនៅបែកគ្នាគឺជាពេលវាលាដ៏យូរមួយ ។
-
សូមមានភាពស្មោះត្រង់ជានិច្ច ។ ផ្នែកដ៏សំខាន់បំផុតនៃការប្រាស្រ័យទាក់ទងគ្នាគឺភាពស្មោះត្រង់ ។ សូមឲ្យដៃគូម្នាក់ទៀតដឹងថា តើអ្នកមានអារម្មណ៍យ៉ាងណា ហើយតើអ្នករំពឹងចង់បានអ្វីពីទំនាក់ទំនងរបស់អ្នក ។ អ្នកទាំងពីរត្រូវតែជិះលើទូកតែមួយ ដើម្បីឲ្យទំនាក់ទំនងរបស់អ្នកដំណើរការបាន ហើយរបៀបតែមួយគត់ដើម្បីឲ្យការណ៍នេះកើតឡើងបានគឺថា តើអ្នកទាំងពីរត្រូវជ្រើសរើសដើម្បីនៅស្មោះត្រង់នឹងគ្នាដែរឬអត់ ។ នៅពេលអ្នកធ្វើដូច្នោះ ទំនាក់ទំនងរបស់អ្នកអាចរីកស្រស់ស្រាយឡើង ហើយនឹងក្លាយទៅជាអ្វីមួយដែលនឹងផ្ដល់ពរជ័យដល់អ្នកជារៀងរហូត ។
សំខាន់ជាងអ្វីៗផ្សេងទៀត សូមចងចាំថា ទំនាក់ទំនងណាត់ជួប—មិនថាជិត ឬឆ្ងាយ—គួរតែមានមូលដ្ឋាននៅលើមិត្តភាព ។ ដូចស៊ិស្ទើរ ស៊ូសាន ដបុលយូ ថានណើរ អតីតប្រធានយុវនារីទូទៅបាននិយាយថា « មិត្តភាពគឺជាមូលដ្ឋានគ្រឹះដែលការចែចង់ និងអាពាហ៍ពិពាហ៍គួរតែសង់នៅលើ ហើយនឹងអាចរស់រានបាន » ( « Making Dating Smooth Sailing New Era ខែ តុលា ឆ្នាំ ២០០៤ ទំព័រ ២៨ ) ។