២០២០
អ្វី​ដែល​ពិការភាព​របស់​កូនស្រី​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​អំពី​ព្រះគុណរបស់ព្រះ
ខែ មិថុនា ឆ្នាំ ២០២០


មាន​តែ​ឌីជីថល​ប៉ុណ្ណោះ

អ្វី​ដែល​ពិការភាព​របស់​កូនស្រី​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​អំពី​ព្រះគុណរបស់ព្រះ

ព្រះវរបិតាសួគ៌​ទ្រង់ជ្រាប​ពី​អ្វី​ដែល​យើង​កំពុង​ប្រឈមមុខ ។ ហើយ​ទ្រង់​ញាណដឹង​ថា យើងនឹង​អាច​ក្លាយជា​មនុស្សបែបណា ។

កែសម្រួល​ចេញ​ពី​ការប្រជុំ​ធម្មនិដ្ឋាន​សាកល​វិទ្យាល័យ​ព្រិកហាំ​យ៉ង់ នៅ​ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៨ ។ សម្រាប់​សុន្ទរកថា​ទាំងមូល សូម​ចូល​ទៅ​គេហទំព័រ speeches.byu.edu ។

កូនស្រី​ទី​ពីរ​របស់​ខ្ញុំ ខារ៉ូឡាញ បាន​កើត​ដោយ​ការវះកាត់​ជា​បន្ទាន់ ។ ការបាត់បង់​ឈាម​ដ៏​ច្រើន​លើសលុប​មាន​ន័យ​ថា​ធ្វើឲ្យ​ខ្វះ​អុកស៊ីសែន​បញ្ជូន​ទៅ​ដល់ខួរក្បាល​របស់​នាង ដែល​នាំ​ឲ្យ​មានការខូច​ខួរក្បាល​យ៉ាង​ធ្អន់ធ្ងរ ។

ដប់​ប្រាំ​ឆ្នាំ​ក្រោយមក ខារ៉ូឡាញ នៅតែ​ស្ថិត​ក្នុង​កម្រិត​អភិវឌ្ឍ​ប្រហែល​ក្មេង​អាយុ​បី​ខែ ។ នាង​មិន​អាច​ដើរ ឬ​វារ ឬ​ក្រឡាប់​បាន​ឡើយ ។ នាង​មិន​អាច​និយាយបាន ហើយ​យើង​មិន​ប្រាកដ​ថា​នាង​យល់​បាន​អ្វី​ខ្លះ​នោះទេ ។

ដំណឹង​ល្អ​នោះ​គឺ​ថា ខារ៉ូឡាញ​គឺ​គួរឲ្យ​ស្រឡាញ់​ខ្លាំងណាស់ ។ នាង​មាន​ស្នាម​ញញឹម​ដ៏​ធំ និង​សំណើច​ដ៏​អស្ចារ្យ ។ នាង​ចូលចិត្ត​ឱប​ថើប ខ្យល់​ត្រជាក់​ប៉ះ​មុខ​នាង និង​ឆ្នូត​លើគំនូស​ផ្លូវ​ជាតិ​ធ្វើ​ឲ្យ​មាន​សំឡេង​សន្ធឹក ។ នាង​ធ្វើ​សំឡេង​តូច​គួរឲ្យ​ស្រឡាញ់ « អា » និង​សំឡេង​ឮ​ខ្លាំង « អា៎ » —ជារឿយៗ​នៅពាក់​កណ្ដាល​យប់ ។

នៅពេល​ខារ៉ូឡាញ​មានអាយុ​ប្រាំ​ឆ្នាំ នាង​បាន​ភ្ញាក់​ឡើង​ចន្លោះ​ម៉ោង ២ ដល់ ៣ យប់ទាបភ្លឺ​ជាច្រើន​យប់​ជាប់ៗ​គ្នា ។ នា​យប់​មួយ​ក្រោយពី​សំឡេង​ហៅ​ឲ្យ​ភ្ញាក់​ដ៏​មិន​ស្វាគមន៍​នេះ ខ្ញុំ​បាន​សរសេរ​ដូច្នេះ ៖

កាល​ខ្ញុំ​ទើប​បាន​ប្ដូរ​កន្ទប​នាង​អំបាញ់​មិញ ខ្ញុំ​បាន​ច្រៀង​ទាំង​មិន​ដឹង​ខ្លួន​នូវ​បទ​ចម្រៀង [ ថ្នាក់​កុមារ ] មួយ​ដែល​លីហ្ស៊ី ( កូនស្រី​យើង​ម្នាក់ទៀត ) បាន​ប្រកាស​ថា ឥឡូវ​យើង​គួរតែ​ច្រៀង​បទ​នេះ​សម្រាប់​មុនពេល​ចូលគេង​រាល់​យប់ ។ . . . « ព្រះ​ប្រទាន​ក្រុមគ្រួសារ​ដល់​យើង ដើម្បី​ជួយ​យើង​ឲ្យ​ក្លាយ​ដូចជា​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ » ។ ហើយ​ខ្ញុំ​បាន​មើល​ទៅ​ខារ៉ូឡាញ ហើយ​ភ្លាម​នោះ ពាក្យ​នោះ​បាន​លេច​ច្បាស់​ក្នុង​មនសិការ​ខ្ញុំ ។

ព្រះ​បានប្រទាន​គ្រួសារ​មួយ​ដល់​ខ្ញុំ—រួម​ទាំង​កូន​ដែល​ដាស់​ខ្ញំនៅ​ម៉ោង ២ យប់ទាបភ្លឺ​នេះ— ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ក្លាយ​ដូចជា​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ ។ . . . បទ​បន្ដ​បន្ទរ​ថា « នេះ​ជា​របៀបដែល​ទ្រង់​ចែក​ក្ដីស្រឡាញ់របស់​ទ្រង់ ព្រោះ​គ្រួសារ​គឺ​មកពី​ព្រះ » ។

នា​យប់​នោះ ខ្ញុំ​បាន​មាន​អារម្មណ៍​មាន​ពរជ័យ​ដ៏​សង្ខេប​មួយ​ពី​ព្រះ ជា​ការបញ្ជាក់​មួយ​ថា ក្នុង​គ្រា​នោះ ទ្រង់​បាន​ជ្រាប​ពី​ខ្ញុំ និង​ខារ៉ូឡាញ និង​គ្រួសារ​របស់​យើង​ដោយ​ផ្ទាល់ ។ ទ្រង់​ស្រឡាញ់​យើង ។ ហើយ​ទ្រង់ ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រទាន​ការលើក​ទឹកចិត្ត​ខ្ញុំ តាមរយៈ​ការបង្រៀន​ខ្ញុំ​ពី​មូលហេតុ​ដែល​យើង​ជួប​នឹង​ឧបសគ្គ​បែប​នោះ ៖ « ដើម្បី​ជួយ​យើង​ឲ្យ​ក្លាយ​ដូចជា​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ » ។

សំឡេង « អា៎ » ដ៏​ឮ​របស់​ខារ៉ូឡាញ​ក៏​កើត​មាន​ញឹកញាប់​នៅ​ឯ​ព្រះវិហារ​ដែរ ។ ពេល​នាង​ក្រៀមក្រំ និង​ស្រែក​ឮ​ខ្លាំង ភរិយា​ខ្ញុំ ឬ​ខ្ញុំ​នឹង​យក​នាង​ចេញ​ទៅ​ច្រកចូល​ទទួល​ភ្ញៀវ ជា​កន្លែង​ដែល​យើង​រុញ​ខារ៉ូឡាញ​ទៅ​មក​ក្នុង​រទេះ​ពិការ​របស់​នាង ព្យាយាម​លួង​នាង​ដោយ​រុញ​ទៅមកៗ ។

នៅ​ថ្ងៃអាទិត្យ​មួយ ខ្ញុំ​បាន​មក​ព្រះវិហារ ហើយ​រុញ​ខារ៉ូឡាញ​​ដែលមានភាពក្រៀមក្រំ​ខ្លាំង ដោយ​គិត​ថា យើង​អាច​នៅ​បាន​តែ​ម៉ោង​សាក្រាម៉ង់​ប៉ុណ្ណោះ ។ កាល​ខ្ញុំ​ដើរ​ទៅ​ច្រកចូល​ទទួល​ភ្ញៀវ ហើយ​ខារ៉ូឡាញ​នៅតែ​ក្រៀមក្រំ​ដដែល ខ្ញុំ​បាន​ចាប់ផ្ដើម​គិត​ថា តើ​យើង​អាច​នៅ​ដល់​ចប់​ម៉ោង​សាក្រាម៉ង់​ដែរ​ឬ​អត់ ។ កិច្ច​ខំប្រឹងប្រែង​ទាំងអស់​របស់​ខ្ញុំ​ដើម្បី​លួង​នាង​ហាក់​គ្មាន​បាន​ផល​ឡើយ ។

ប៉ុន្ដែ​ពេលនោះ ទំនុក​តម្កើង​សាក្រាម៉ង់​បាន​បន្លឺ​ឡើង ។ ខ្ញុំ​ដាក់​ក្បាល​ខ្ញុំ​ផ្អែក​ថ្នម​លើ​មុខ​របស់​ខារ៉ូឡាញ ហើយ​ច្រៀង​ទៅ​នាង ។ នាង​បាន​ស្ងប់ស្ងាត់ ហើយ​ស្ដាប់ ។ ទំនុក​តម្កើង​សាក្រាម៉ង់​នា​ថ្ងៃនោះ​គឺ « ចូរ​មាន​គារវៈ និង​រាប​ទាប » ( ទំនុក​តម្កើង ល.រ. ១០៨ ) ដែល​បាន​សរសេរ​ហាក់​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​បាន​ច្រៀង ។ និយាយ​ដោយ​ត្រង់ ខ្ញុំ​បាន​ផ្ដោតលើ​ខារ៉ូឡាញ មិនមែន​លើ​ទំនុក​តម្កើង​ទេ—រហូត​ដល់​យើង​ច្រៀង​ដល់​វគ្គ​ទី​បួន ពេល​ខ្ញុំ​ដឹង​ថា​ខ្លួន​ឯង​កំពុង​ច្រៀង​ពាក្យ​ទាំងនេះ​ទៅកាន់​កូនស្រី​ខ្ញុំ ៖

យើង​បាន​ស្រឡាញ់​អ្នក​ដូច​មិត្ត

ជា​ក្តីស្រឡាញ់​គ្មាន​ទីបញ្ចប់ ។

ខ្ញុំ​មើល​ទៅ​ភ្នែក​ពណ៌​ខៀវ​ដ៏​ធំ​របស់​ខារ៉ូឡាញ ហើយ​មាន​អារម្មណ៍​ពី​សេចក្ដីពិត​ដ៏​ស្រទន់ និង​ផ្ទាល់ខ្លួន​នៃ​ពាក្យ​ទាំងនោះ​ដ៏​ខ្លាំង ។ ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​ព្រះប្រោសលោះ​នៃ​ពិភពលោក​នេះ ស្រឡាញ់​ខារ៉ូឡាញ​ដោយ « ក្តីស្រឡាញ់​គ្មានទី​បញ្ចប់ » ។ ពេល​នាង​ក្រៀមក្រំ ឬ​ឈឺចាប់ ពេល​ឪពុក​ម្ដាយ​នាង​មិន​ដឹង និង​មិន​អាច​លួងលោម​នាង​បាន មានតែ​ព្រះ​មួយ​អង្គ ដែល​ជា​មិត្ត​ដ៏​អស់កល្ប​របស់​នាង ដែល​ដឹង​ពី​អារម្មណ៍របស់​នាង និង​ព្រះញាណ​ពី​របៀប​ជួយ​នាង ។

ថ្មីៗ​នេះ​គ្រួសាររបស់​យើង​និយាយ​គ្នា​លេង​ពី​ប្រធានបទ​មិនសូវហ្មត់ចត់​មួយ ៖ សក់​របស់​ខ្ញុំ—ឬ​ក៏​ការអស់​សក់ ដោយសារ​ខ្ញុំ​ទំពែក ។ ខ្ញុំ​និយាយ​ថា នៅពេល​ការរស់​ឡើង​វិញ​មកដល់ នោះ​ពួកគេ​នឹង​មើល​មិន​ស្គាល់​ខ្ញុំ​ដែល​មាន​សក់​រួញ​អង្កាញ់ៗ​ឡើយ ។

លីហ្ស៊ី​បាន​និយាយ​បន្ដ​ភា្លមៗ​ថា « ខ្ញុំ​គិត​ថា យើង​ចាប់​អារម្មណ៍​ខ្លាំង​ជាង ពេល​ខារ៉ូឡាញ​និយាយ » ។

យើង​ទាំងអស់​គ្នា​បាន​សើច ប៉ុន្ដែ​សេចក្ដីពិត​ដ៏​ជ្រាលជ្រៅ​នេះ​ក្នុង​សម្ដី​របស់​នាង​បាន​ប៉ះពាល់​ចិត្ត​ខ្ញុំ ៖ សេចក្ដី​សង្គ្រោះ​ដែល​កើតមាន​តាមរយៈ​ព្រះប្រោសលោះ​ដ៏​អស្ចារ្យ​របស់​យើង​គឺ​រួម​បញ្ចូល​ទាំងអស់ មាន​លើស​ពី​សក់​ខ្ញុំ និង​ការខូច​ខួរក្បាល​របស់​ខារ៉ូឡាញ និង​អ្វីៗ​ទាំងអស់​ផ្សេងទៀត ។ ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​អស្ចារ្យ​ណាស់ ព្រះចេស្ដា​ដើម្បីព្យាបាល​របស់​ទ្រង់​គ្មាន​ដែន​កំណត់​ឡើយ ។

អត្តសញ្ញាណ​ដ៏​អស់កល្ប​របស់​ខារ៉ូឡាញ​មិន​ត្រូវបាន​កំណត់​ដោយ​ពិការភាព​របស់នាងនៅក្នុង​ជីវិត​នេះទេរ អនាគត​ដ៏ល្អស្អាត និង​ស្រស់​បំព្រង​កំពុង​តែ​រង់ចាំ​នាង ដោយសារតែ​ព្រះយេស៊ូវ​គ្រីស្ទ ។