មានតែឌីជីថលប៉ុណ្ណោះ
គាត់ត្រូវការការប្រសិទ្ធពរបព្វជិតភាព ។ តើខ្ញុំអាចប្រសិទ្ធពរជូនគាត់បានទេ ?
ខ្ញុំតែងតែខ្លាចយ៉ាងខ្លាំងពេលផ្ដល់ប្រសិទ្ធពរបព្វជិតភាព ។ នៅពេលដែលពេលវេលានោះមកដល់ តើខ្ញុំនឹងត្រៀមខ្លួនហើយឬនៅ ?
នៅថ្ងៃមួយ ម្តាយខ្ញុំ និងខ្ញុំបើកឡានត្រឡប់ទៅផ្ទះ ពេលបុរសម្នាក់ជិះកង់ចុះពីលើភ្នំតូចមួយ ។ ភ្លាមៗនោះ អ្នកជិះកង់រូបនោះបានរេចង្កូតគេចពីឡានដឹកទំនិញមួយ ។ រំពេចនោះ គាត់ហោះចេញពីកង់ បុកក្បាលទៅនឹងថ្នល់យ៉ាងដំណំដោយសារគាត់កាច់ចង្កូតកង់ខ្លាំងពេក ។ យើងបានចតឡានភ្លាម ។ ខ្ញុំប្រញាប់ចេញពីឡានទៅក្បែរគាត់យ៉ាងស្លន់ស្លោ ។ គាត់បានដកដង្ហើមខ្លាំងៗប៉ុន្តែគាត់បាត់ស្មារតី ។
ខ្ញុំបានដឹងភ្លាមថា បុរសនោះត្រូវការការប្រសិទ្ធពរបព្វជិតភាព ប៉ុន្តែខ្ញុំមិនអាចជួយបានទេ ខ្ញុំឆ្ងល់ថាតើខ្ញុំអាចប្រសិទ្ធពរឲ្យគាត់បានឬទេ?
ខណៈនោះ ខ្ញុំបាននឹកចាំប្រសាសន៍អែលឌើ ជែហ្វ្រី អ័រ ហូឡិនកាលខ្ញុំនៅជាអ្នកកាន់បព្វជិតភាពអើរ៉ុន វ័យក្មេង « យុវជនទាំងឡាយ អ្នកនឹងរៀន បើ អ្នកពុំទាន់បានរៀននៅឡើយនោះ គឺថានៅគ្រាគួរឲ្យភ័យខ្លាចនិងសូម្បីតែគ្រាះថ្នាក់ សេចក្តីជំនឿ និងបព្វជិតភាពរបស់អ្នកនឹងតម្រូវឲ្យអ្នកខំអស់ពីសមត្ថភាពដើម្បីទូលអង្វរពីស្ថានសួគ៌ ។ . . .
«. . . ប្រាកដណាស់ —ថ្ងៃនោះនឹងមកដល់— នៅពេលដែលស្ថិតនៅក្នុងកាលៈទេសៈពុំរំពឹងទុក ឬពេលវេលាចាំបាច់មួយ រន្ទះនឹងកើតមានឡើង ហើយអនាគតនឹងស្ថិតនៅក្នុងកណ្តាប់ដៃរបស់អ្នក ។ សូមត្រៀមខ្លួនជាស្រេច សម្រាប់ថ្ងៃនោះមកដល់ » ( «Sanctify Yourselves »Ensignខែ វិច្ឆកា ឆ្នាំ ២០០០ ទំព័រ ៣៩, ៤០; លីអាហូណាខែមករា ឆ្នាំ ២០០១ ទំព័រ ៤៧, ៤៩ ) ។
ការយកឈ្នះលើសេចក្តីភ័យខ្លាចរបស់ខ្ញុំ
នៅក្នុងនាមជាយុវវ័យ ពាក្យទាំងនេះបានចាក់ចូលទៅក្នុងដួងចិត្តខ្ញុំយ៉ាងខ្លាំង ហើយវាបានជួយរៀបចំខ្ញុំឲ្យក្លាយទៅជាអ្នកកាន់បព្វជិតភាពមិលគីស្សាដែកដ៏ស័ក្តិសមម្នាក់ ។ ប៉ុន្តែជាច្រើនឆ្នាំក្រោយពីទទួលបព្វជិតភាពមក ខ្ញុំមិនអាចផ្តល់ការប្រសិទ្ធពរបព្វជិតភាពឲ្យអ្នកដទៃទៀតបានសោះ ហើយមូលហេតុដ៏ធំបំផុតនោះគឺការភ័យខ្លាច ។
ខ្ញុំមានការភ័យខ្លាចថា ខ្ញុំមិនមានភាពស្អាតស្អំឬថាខ្ញុំមិនអាចនិយាយបានត្រឹមត្រូវ ។ ការភ័យខ្លាចនេះបានបង្អាក់ខ្ញុំមិនឲ្យប្រើអំណាចបព្វជិតភាពដែលខ្ញុំត្រូវបានប្រទានឲ្យដើម្បីអំពាវនាវសូមអំណាចស្ថានសួគ៌ ប្រទានពរដល់អ្នកដទៃ ។ ប៉ុន្តែខ្ញុំដឹងយ៉ាងច្បាស់ថាប្រសិនបើខ្ញុំចង់តម្កើងបព្វជិតភាពខ្ញុំត្រូវតែធ្វើការផ្លាស់ប្តូរអារម្មណ៍របស់ខ្ញុំ ។ ខ្ញុំត្រូវតែយកឈ្នះលើការភ័យខ្លាច និងភាពអសន្តិសុខរបស់ខ្ញុំអំពីការប្រើអំណាចរបស់ព្រះដើម្បីប្រទានពរដល់អ្នកដទៃ ។
តាមរយៈការអនុវត្តសេចក្តីជំនៀទៅលើព្រះអម្ចាស់ និងការធ្វើទៅតាមដំបូន្មានដ៏បំផុសគំនិតរបស់អ្នកបម្រើរបស់ទ្រង់នោះខ្ញុំនឹងភ្ជាប់ជីវិតរបស់ខ្ញុំឲ្យកាន់តែជិតស្និទ្ធជាមួយនឹងការបង្រៀនរបស់ទ្រង់ ។ ខ្ញុំបានចំណាយពេលវេលាដើម្បីដាក់ព្រលឹងរបស់ខ្ញុំនៅក្នុងការអធិស្ឋានរាល់ថ្ងៃ ហើយខ្ញុំបានអធិស្ឋានសូមមានភាពរឹងមាំខាងវិញ្ញាណនៅពេលខ្ញុំសិក្សាព្រះគម្ពី ។ ខ្ញុំបានចែកចាយខគម្ពីជាមួយអស់អ្នកដែលខ្ញុំនឹកដល់នៅពេលដែលខ្ញុំកំពុងអាននោះ ។ ខ្ញុំបានស្តាប់សុន្ទរកថាសន្និសីទទូទៅ ។ ខ្ញុំបានចែកចាយទីបន្ទាល់អំពីដំណឹងល្អរបស់ខ្ញុំជាមួយនឹងមនុស្សដទៃ ។ ហើយខ្ញុំបានធ្វើការតមអាហារនៅពេលដែលខ្ញុំត្រូវការកម្លាំងបន្ថែម ។
នៅពេលដែលខ្ញុំធ្វើតាមការណែនាំសាមញ្ញៗដោយមានការតាំងចិត្តដើម្បីភ្ជាប់ឆន្ទៈរបស់ខ្ញុំជាមួយព្រះ ខ្ញុំអាចមានអារម្មណ៏ពីព្រះវិញ្ញាណបរិសុទ្ធ ហើយសមត្ថភាពខាងវិញ្ញាណរបស់ខ្ញុំក៏បានរីកចម្រើនឡើង ហើយទំនាក់ទំនងរបស់ខ្ញុំជាមួយអំណាចនៃស្ថានសួគ៌ក៏ត្រូវបានពង្រឹងឡើង ។ ទីបំផុតខ្ញុំមានភាពក្លាហានដើម្បីផ្តល់ពរជ័យនៃការលួងលោម និងការណែនាំ។
ខ្ញុំនៅចាំពីអារម្មណ៍ភ័យខ្លាចនាគ្រាដំបូង ហើយ ខ្ញុំព្រួយបារម្ភថាត្រូវនិយាយអ្វី ។ ប៉ុន្តែនៅពេលដែលព្រះវិញ្ញាណបានលាងសម្អាតខ្ញុំ នោះសេចក្តីភ័យខ្លាចខ្ញុំក៏បាត់បង់អស់ ហើយការព្រួយបារម្ភរបស់ខ្ញុំត្រូវជំនួសដោយពាក្យដែលខ្ញុំគួរនិយាយវិញ ! ត្រូវណាស់ខ្ញុំមានអារម្មណ៍ដូចជាបានបាត់បង់ផ្នែកណាមួយក្នុងខ្លួនខ្ញុំជាយូរណាស់មកហើយ !
ចាប់តាំងពីពេលនោះមកខ្ញុំត្រូវបានសុំឲ្យផ្ដល់ការប្រសិទ្ធពរច្រើនរាប់មិនអស់ ហើយខ្ញុំចូលចិត្តវាណាស់ ។ នៅរាល់ពេលដែលខ្ញុំប្រសិទ្ធពរដល់កូនចៅរបស់ព្រះអម្ចាស់ ខ្ញុំទទួលបានពរជ័យយ៉ាងច្រើនក្រៃលែងមកវិញ ។ ពរជ័យនៃបព្វជិតភាពពិតជាប្រទានពរដល់យើងគ្រប់គ្នាដែលបានចូលរួមចំណែក ។
សូមអំពាវនាវសូមព្រះចេស្តារបស់ព្រះអម្ចាស់នៅពេលដែលយើងត្រូវការបំផុត ។
ដូចជាអែលឌើហូឡិនបានព្យាករណ៍ ផ្លេកបន្ទោរនៅថ្ងៃនោះបានបាញ់នៅលើផ្លូវលើអ្នកជិះកង់ដែលរងរបួសដោយមិននឹកស្មានដល់ ។ បើខ្ញុំមិនបានធ្វើការជាមួយព្រះអម្ចាស់កាលពីប៉ុន្មានឆ្នាំមុនដើម្បីយកឈ្នះទៅលីភាពភ័យខ្លាចរបស់ខ្ញុំក្នុងការផ្ដល់ការប្រសិទ្ធពរឲ្យមានស្ថានភាពល្អប្រសើរនោះទេ នោះយើងទាំងពីរនាក់នឹងត្រូវអស់សង្ឃឹមនៅក្នុងស្ថានភាពដែលគំរាមគំហែងដល់អាយុជីវិតនេះហើយ ។ ប៉ុន្តែដោយសារមានការដឹកនាំ និងការពង្រឹងមកពីព្រះអម្ចាស់ ខ្ញុំបានលុតជង្គង់ចុះនៅក្បែរគាត់ ហើយបាននិយាយខ្សឹបៗនូវពាក្យដែលខ្ញុំមានអារម្មណ៏នឹងត្រូវនិយាយនៅពេលដែលខ្ញុំប្រសិទ្ធពរដល់គាត់ ។
ពេលខ្ញុំបានអធិស្ឋានចប់ ខ្ញុំបានមើលទៅលើ ហើយឃើញតម្រួតតំបន់រងឈរនៅក្បែរខ្ញុំ ។ គាប់ជួន គាត់បាននៅពីក្រោយយើងរហូតមក ហើយបានជួយហៅឡានពេទ្យឲ្យ ។ ប៉ុន្តែបុរសដែលរងរបួសបានដឹងខ្លួនវិញភា្លមៗ ហើយបានប្រាប់ថា គាត់មិនអីទេ រួចគាត់ក៏ទាញកង់ជិះចេញទៅជ្រួសនឹង ឡានពេទ្យដែលបើកមក ។ ខ្ញុំយល់ថា មិនមែនរាល់ពរជ័យបព្វជិតភាពទាំងអស់ផ្តល់លទ្ធផលភា្លមៗនោះទេ តែនេះគឺជាបទពិសោធន៏មួយដែលខ្ញុំនឹងមិនអាចបំភ្លេចបានឡើយ ។ ខ្ញុំពិតជាមានអំណរគុណជាខ្លាំងដែលនៅពេលនោះខ្ញុំបានត្រៀមខ្លួនជាស្រេច ។