យើងត្រូវការអព្ភូតហេតុទីពីរ
ដានីយ៉ែល ផេន ទីក្រុងនូវម៉ិកស៊ីកូ ស.រ.អា.
យើងបានមានអព្ភូតហេតុមួយរួចមកហើយជាមួយនឹងការមានផ្ទៃពោះរបស់ភរិយាខ្ញុំ ។ ឥឡូវនេះយើងត្រូវការអព្ភូតហេតុមួយទៀត ។
ភរិយាខ្ញុំ សារ៉ាមានផ្ទៃពោះ ២៤ សប្ដាហ៍ពេលនាងបានចាប់ផ្ដើមមានការឈឺចាប់ជាខ្លាំង ។ ខ្ញុំបានផ្ដល់ការប្រសិទ្ធិពរមួយដល់នាង ហើយបានចេញទៅធ្វើការ ។ ខ្ញុំនៅកន្លែងធ្វើការនៅឡើយ ពេលនាងបានទូរសព្ទឲ្យខ្ញុំទៅផ្ទះដើម្បីយកនាងទៅមន្ទីរពេទ្យ ។
យើងត្រូវបានប្រាប់ថា « កូនអ្នកនឹងសម្រាលមកហើយ » នៅពេលយើងមកដល់មន្ទីរពេទ្យ ។ ដោយសារសារ៉ាទើបតែមានទម្ងន់ ២៤ សប្ដាហ៍ នោះឱកាសដ៏ល្អបំផុតដើម្បីឲ្យកូននៅរស់គឺការវះកាត់ជាបន្ទាន់ ។
វេជ្ជបណ្ឌិតបានប្រាប់ខ្ញុំថា « ភរិយារបស់អ្នកមិនត្រូវការឆ្លងកាត់ការប៉ះទង្គិចផ្លូវចិត្តបន្ថែមទៀតទេ » ។ « នាងគង់តែនឹងបាត់បង់កូននេះដដែលហ្នឹង » ។
សារ៉ា និងខ្ញុំបាននិយាយគ្នា ហើយបានអធិស្ឋានអំពីអ្វីដែលវេជ្ជបណ្ឌិតបានប្រាប់ ។ យើងបានទទួលអារម្មណ៍ថា បើមានឱកាសណាមួយដែលកូនយើងអាចបានរស់ នោះយើងត្រូវតែទាញយកឱកាសនោះ ។ យើងមានការលំបាកណាស់ដើម្បីមានកូន ។ កូនប្រុសច្បងរបស់យើង ថេល័រ គឺជាកូនដែលយើងសុំមកចិញ្ចឹម ។ នៅពេលសារ៉ាបានមានផ្ទៃពោះ ពីរឆ្នាំក្រោយពីយើងបានសុំថេល័រមកចិញ្ចឹម យើងបានមានអារម្មណ៍ថាវាជាអព្ភូតហេតុមួយ ។ ឥឡូវនេះ យើងត្រូវការអព្ភូតហេតុទីពីរ ។
មួយសន្ទុះក្រោយមក អ្នកជំនាញម្នាក់បានមកជួបយើង ហើយនិយាយថា « ខ្ញុំគិតថា យើងអាចនឹងមានពេលដើម្បីនាំភរិយាលោកទៅកាន់មន្ទីរពេទ្យកុមារនៅទីក្រុងអិលផាសូ រដ្ឋតិចសាស ដែលមានបំពាក់ដោយបរិក្ខារវេជ្ជសាស្ត្រដើម្បីថែទាំកូនដែលទើបនឹងកើតដែលកើតមុនកំណត់ ហើយឈឺធ្ងន់ធ្ងរ ។ កូននេះនឹងមានឱកាសមួយនៅទីនោះ ! »
រថយន្តសង្គ្រោះបន្ទាន់បានបើកចេញពីមន្ទីរពេទ្យក្នុងតំបន់របស់យើងដោយមានសារ៉ានៅក្នុងនោះ ហើយបើកយ៉ាងលឿនទៅកាន់មន្ទីរពេទ្យកុមារដែលនៅចម្ងាយ ៤៥ នាទីពីនោះ ។ ខ្ញុំបើកតាមប្រកៀកពីក្រោយ ដោយអធិស្ឋានទូលអង្វរដល់ព្រះអម្ចាស់សូមប្រទានអព្ភូតហេតុមួយដល់យើង ។ ខ្ញុំបានសន្យានឹងទ្រង់ថា ខ្ញុំនឹងបន្តដើរនៅលើផ្លូវនៃដំណឹងល្អ ហើយព្យាយាមក្លាយជាមនុស្សល្អប្រសើរជាងនេះ ។
នៅឯមន្ទីរពេទ្យ ខ្ញុំបានប្រាប់វេជ្ជបណ្ឌិតនៅក្នុងផ្នែកថែទាំកម្រិតខ្ពស់ដល់ទារកទើបនឹងកើតថា ៖ « ខ្ញុំដឹងថា យើងមានអព្ភូតហេតុមួយរួចហើយជាមួយនឹងការមានផ្ទៃពោះរបស់ភរិយាខ្ញុំ ។ ឥឡូវនេះយើងរំពឹងថាបានអព្ភូតហេតុមួយទៀត » ។
ការសម្រាលប្រព្រឹត្តិទៅយ៉ាងរលូន ហើយកូនរបស់យើងបានរស់ ។ បន្ទាប់ពីនាងបានស្នាក់នៅក្នុងផ្នែកថែទាំកម្រិតខ្ពស់ដល់ទារកទើបនឹងកើតអស់បួនខែ យើងបាននាំស្ហានណាមកផ្ទះ ។ យើងបានទទួលអព្ភូតហេតុទីពីរ ។ មិនជាច្រើនឆ្នាំក្រោយមកទៀត យើងបានទទួលអព្ភូតហេតុមួយទៀត—ព្រះអម្ចាស់បានប្រទានពរដល់យើងជាមួយនឹងកូនភ្លោះ ។
ស្ហានណាមាន IQ ទាបបន្តិច ហើយនាងត្រូវនៅក្នុងរទេះរុញ ប៉ុន្តែនាងពោរពេញដោយអំណរ តែងតែវិជ្ជមាន ហើយជាមិត្តដល់មនុស្សគ្នា ។ នាងចូលចិត្តប្រាប់អ្នកពីថ្ងៃរបស់នាង ហើយនាងរំភើបនឹងជីវិត ។ នាងធ្វើឲ្យយើងញញឹម ហើយបង្រៀនយើងឲ្យរីករាយ ។ យើងស្រឡាញ់នាង ហើយមានអំណរគុណចំពោះនាង ។ ស្ហានណាគឺពិតជាពរជ័យមួយ ។