គេហដ្ឋានរបស់យើង ក្រុមគ្រួសាររបស់យើង
អំណោយនៃសេចក្តីស្រឡាញ់
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
ពេលស្វាមីខ្ញុំបានប្រសិទ្ធពរដល់កូនស្រីតូចរបស់យើង ខ្ញុំបានចាប់ផ្ដើមក្រឡេកមើលពីជម្រៅ និងទំហំនៃអំណោយនៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌—គឺបព្វជិតភាព ។
ខ្ញុំជាសមាជិកថ្មីម្នាក់របស់សាសនាចក្រ ជាភរិយាថ្មី និងជាម្ដាយថ្មីថ្មោង ។ វាជាថ្ងៃអាទិត្យតមអាហារ ហើយកូនស្រីដ៏តូចរបស់យើងត្រៀមនឹងទទួលឈ្មោះ និងពរជ័យមួយ ។ ខ្ញុំមិនដែលបានឃើញការប្រសិទ្ធពរទារកពីមុនមកទេ ដោយសារយើងបានរស់នៅក្នុងវួដមួយដែលមានគ្រួសារវ័យក្មេងតែបន្តិចបន្តួចប៉ុណ្ណោះ ។ ខ្ញុំពុំដឹងថា មានអ្វីត្រូវរំពឹងទុកឡើយ ។ ទោះយ៉ាងណាខ្ញុំបានទទួលអារម្មណ៍ពីព្រះវិញ្ញាណថា នេះជាអ្វីមួយពិសេស និងសំខាន់ខ្លាំងណាស់ ។
ស្វាមីខ្ញុំ ដោយបានចូលរួមពីអ្នកកាន់បព្វជិតភាពដ៏មានគារវភាពផ្សេងទៀត បានទ្រកូនស្រីតូចដ៏មានតម្លៃរបស់យើងដោយប្រុងប្រយ័ត្ន ។ ភាពផ្អែមល្ហែមនៃព្រះវិញ្ញាណបានបំពេញក្នុងចិត្តខ្ញុំ ។ ទឹកភ្នែកបានហូរកាត់ផ្ទាល់ខ្ញុំ ហើយការបំផុសជាច្រើនបានបំពេញក្នុងគំនិតខ្ញុំ ។ ខ្ញុំបានដឹងថា ខ្ញុំគ្រាន់តែបានចាប់ផ្ដើមក្រឡេកមើលឃើញពីជម្រៅ និងទំហំនៃអំណោយដ៏អស្ចារ្យនៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ដល់យើង—គឺបព្វជិតភាព ។
ពេលពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនខ្ញុំនូវការពិភាក្សាទាំងឡាយ ខ្ញុំបានដឹងថាពួកគេមានអារម្មណ៍ថាមានកិត្តិយសយ៉ាងណាដែលបានកាន់បព្វជិតភាពនោះ ។ ខ្ញុំបានឮវានៅក្នុងពាក្យសម្ដីរបស់ពួកគេ និងនៅក្នុងការអធិស្ឋានរបស់ពួកគេ រួមទាំងពេលដែលពួកគេបានប្រសិទ្ធិពរខ្ញុំឲ្យយកឈ្នះឧបសគ្គជាមួយនឹងច្បាប់ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។ ខ្ញុំបានដឹងពេលដៃរបស់ពួកគេដែលបានដាក់លើក្បាលខ្ញុំដោយថ្នមៗនោះ ចាប់ផ្ដើមញ័រពេលពួកគេបាននិយាយពាក្យពេចន៍ដែលខ្ញុំដឹងថាមកពីព្រះអម្ចាស់—ជាពាក្យនៃសេចក្ដីស្រឡាញ់ និងនៃការព្យាបាល ។
មិនយូរប៉ុន្មានខ្ញុំបានទទួលបុណ្យជ្រមុជទឹក ហើយដៃរបស់ពួកអ្នកកាន់បព្វជិតភាពបានដាក់លើក្បាលខ្ញុំម្ដងទៀត ។ ខ្ញុំបានទទួលពិធីបញ្ជាក់ជាសមាជិកនៃសាសនាចក្ររបស់ព្រះអម្ចាស់ និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ត្រូវបានប្រគល់ដល់ខ្ញុំ ។ ខ្ញុំបានស្អាតស្អំ និងបានកើតជាថ្មី ។ ខ្ញុំបានទទួលអារម្មណ៍នៃអំណាចបព្វជិតភាពពេញទាំងរាងកាយខ្ញុំ ហើយជាលើកទីមួយក្នុងជីវិតខ្ញុំ ខ្ញុំបានស្គាល់សេចក្ដីអំណរ ។
មិនយូរបន្ទាប់ពីបុណ្យជ្រមុជទឹករបស់ខ្ញុំ ខ្ញុំ និងស្វាមីខ្ញុំបានរៀបការ ។ ឪពុកម្ដាយគាត់ជាសមាជិកសាសនាចក្រ ហើយផ្ទះគាត់ផ្ដោតទៅលើដំណឹងល្អ ប៉ុន្តែខ្ញុំដឹងថា ទីបន្ទាល់របស់គាត់ពុំបានចាក់ឫសរឹងមាំទេ ។ ទោះយ៉ាងណា ខ្ញុំពុំមានការបារម្ភនោះទេ ។ សេចក្ដីជំនឿក៏ក្មេងខ្ចីរបស់ខ្ញុំធ្វើឲ្យខ្ញុំមានពេញដោយសុទិដ្ឋិនិយម ។ ខ្ញុំនឹងស្រឡាញ់គាត់ ហើយអត់ធ្មត់ និងអធិស្ឋាន ។
អំឡុងពេលដែលខ្ញុំមានផ្ទៃពោះជាមួយនឹងកូនដំបូងរបស់យើង ខ្ញុំមានអារម្មណ៍ដូចជាម្ដាយទាំងឡាយមានដែរ—ជិតដិតយ៉ាងខ្លាំងទៅនឹងកូនក្នុងផ្ទៃ ពោរពេញដោយភាពអស្ចារ្យនឹងជីវិតថ្មីដែលនៅក្នុងពោះខ្ញុំនេះ ។ ពេលកូនស្រីយើងបានកើតមក ចំណងរបស់ខ្ញុំនឹងនាងបានក្លាយជាចំណងនៃសេចក្ដីស្រឡាញ់ រឹងមាំ ហើយផ្អែមល្ហែម ។
ប៉ុន្តែខ្ញុំមានកង្វល់ពីស្វាមីខ្ញុំ ។ គាត់ពុំបានមានពរជ័យនៃភាពជិតស្និតដ៏ខ្លាំងនឹងកូនស្រីយើង ដែលខ្ញុំមាននោះទេ ។ ពិតណាស់គាត់ស្រឡាញ់នាង ប៉ុន្តែខ្ញុំឆ្ងល់ ហើយព្រួយបារម្ភថាបើគាត់ និងនាងនឹងអភិវឌ្ឍនូវចំណងដ៏រឹងមាំមួយដែរឬទេ ។ ខ្ញុំព្រួយចិត្ត ពេលខ្ញុំចំណាយពេលបំបៅនាង ងូតទឹកឲ្យនាង និងបីនាង ខណៈដែលពេលវេលាច្រើនបំផុតរបស់ស្វាមីខ្ញុំត្រូវបានចំណាយលើការងារដើម្បីផ្គត់ផ្គង់គ្រួសារយើង ។
ឥឡូវនេះ ពីរបីសប្ដាហ៍បន្ទាប់ពីនាងបានកើត យើងនៅក្នុងសាលាជំនុំរបស់យើង ។ អព្ភូតហេតុមួយបានបើកសម្ដែងឡើងនៅពីមុខខ្ញុំ និងនៅក្នុងដួងចិត្តខ្ញុំ ។ ស្វាមីរបស់ខ្ញុំដែលមិនដឹងថាគាត់កំពុងធ្វើអ្វីនោះ បានញញឹមដោយការបន្ទាបខ្លួនទៅកាន់បងប្អូនប្រុសរបស់គាត់ដែលនៅក្នុងរង្វង់ ភ្នែកគាត់ពោរពេញដោយពន្លឺ ហើយមានទឹកភ្នែករលីងរលោងផង ។ ជាការតបវិញ បងប្អូនប្រុសទាំងនោះបានផ្ដល់សេចក្ដីស្រឡាញ់ និងការគាំទ្រដល់គាត់ កាលដែលពួកគេបានដាក់ដៃលើស្នា ហើយជួយទ្រកូនរបស់យើង បង្កើតជារង្វង់តូចមួយស្រោចស្រប់នូវសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធ និងពិសិដ្ឋ ។ ពេលស្វាមីខ្ញុំបានចាប់ផ្ដើមការប្រសិទ្ធពរ ខ្ញុំបានឮសំឡេងគាត់ញ័រ ហើយខ្ញុំបានដឹងថា គាត់កំពុងទទួលអារម្មណ៍ពីព្រះចេស្តានៃព្រះ និងកិត្តិយសនៃការកាន់បព្វជិតភាព ។
ខ្ញុំបានដឹងថា គាត់មានអារម្មណ៍នៃសេចក្ដីស្រឡាញ់យ៉ាងអស្ចារ្យចំពោះកូនស្រីតូចរបស់យើង ហើយខ្ញុំបានដឹងថា គាត់បានព្យាយាមយ៉ាងខ្លាំងដើម្បីរៀបចំខ្លួនគាត់ក្នុងការប្រសិទ្ធិពរដល់នឹងនូវពរជ័យដែលព្រះវរបិតាសួគ៌មានព្រះរាជបំណងចង់ប្រទានដល់នាង ។ ខ្ញុំបានពោរពេញដោយអំណរ ពេលខ្ញុំបានដឹងថា ឥឡូវនេះគាត់មានចំណងដ៏រឹងមាំជាមួយកូនស្រីយើង ។ វាជាចំណងមួយដែលមិនដែលទន់ខ្សោយនោះឡើយ ។
ជាច្រើនឆ្នាំបានកន្លងទៅហើយតាំងពីបទពិសោធន៍នោះបានកើតឡើង ។ ខ្ញុំបានធ្វើជាសាក្សី និងទទួលអារម្មណ៍នៃអំណាច និងភាពស្រស់ស្អាតនៃបព្វជិតភាពដែលត្រូវបានអនុវត្តក្នុងរបៀបជាច្រើន ក្នុងទីកន្លែងជាច្រើន និងសម្រាប់បុត្រាបុត្រីជាច្រើនរបស់ព្រះវរបិតាសួគ៌ ។ ខ្ញុំបានមើលឃើញពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះដ៏ស្រស់បំព្រងដែលត្រូវបានប្រគល់ និងបំពេញដួងចិត្ត ។ ខ្ញុំបានសង្កេតឃើញមានការសម្អាត ការព្យាបាល ការលួងលោម និងការបង្រៀន ។ ខ្ញុំបានឃើញ និងទទួលអារម្មណ៍ថា បន្ទុកត្រូវបានធ្វើឲ្យស្រាលឡើង ។
ខ្ញុំដឹងថា ខ្ញុំនៅតែមិនយល់ពីភាពអស្ចារ្យពេញលេញនៃបព្វជិតភាពនោះទេ ប៉ុន្តែគ្រប់ការប្រសិទ្ធិពរទារកដែលខ្ញុំបានឃើញ បានបំពេញដួងចិត្តខ្ញុំជាមួយនឹងភាពស្ញប់ស្ញែងដែលខ្ញុំបានទទួលអារម្មណ៍អំឡុងការប្រសិទ្ធពរកូនដំបូងរបស់ខ្ញុំ ។ ខ្ញុំមានភាពស្ញប់ស្ញែងនឹងសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌បានបង្ហាញ ដោយការចែកចាយនូវអំណាចរបស់ទ្រង់ជាមួយយើង ហើយខ្ញុំពោរពេញដោយការដឹងគុណរកពាក្យអ្វីមកថ្លែងជាទីបន្ទាល់មិនបានអំពីទ្រង់ ព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ និងដំណឹងល្អដែលបានស្ដារឡើងវិញដ៏ស្រស់បំព្រងរបស់យើង ។