២០២០
ការអធិស្ឋាន​របស់​ខេលលី
ខែ មិថុនា ឆ្នាំ ២០២០


ការអធិស្ឋាន​របស់​ខេលលី

Kellys Prayer

ខេលលី និង​ម៉ាក់​របស់​នាង​បាន​ដើរ​ទៅកាន់​អគារ​សាសនាចក្រ ហើយ​មើល​ជុំវិញ ។ វា​ស្រស់ស្អាត ដោយមាន​ដើម​ត្នោត​ដុះ​ទេរ​នៅ​ខាងក្រៅ ។ ស្លាក​សញ្ញា​នៅលើ​អគារ​នោះ​បាន​សរសេរ​ថា « សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ។ ជា​បី​ភាសា​ខុសៗ​គ្នា—ម៉ាឡេ ចិន និង​អង់គ្លេស !

ខេលលី​មិន​បាន​ដឹង​ច្រើន​ទេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ហើយនាង​ពុំដែល​បាន​ទៅ​ព្រះវិហារ​ពីមុន​មក​ឡើយ ។ មិត្តភក្ដិ​ម៉ាក់​នាង លី លីន បាន​ទៅ​ព្រះវិហារ​នៅ​ទីនោះ ។ គាត់​បាន​អញ្ជើញ​ខេលលី និង​ម៉ាក់​នាង​ឲ្យមក​ជាមួយ​គាត់ ។

ពេល​ពួកគេ​បាន​ដើរ​ចូល​ទៅ​ខាងក្នុង មនុស្ស​ម្នា​បាន​ញញឹម​ដាក់​ពួកគេ ហើយ​បាន​និយាយ​ថា​សួស្តី ។ គ្រប់​គ្នា​ល្អ​ណាស់ ។ ខេលលី និង​ម៉ាក់​បាន​ដើរ​តាម​ លី លីន ទៅ​ខាងលើ​ទៅ​បន្ទប់​ធំ​មួយ ។ លី លីន បាន​ប្រាប់​ថា គេ​ហៅ​បន្ទប់​នោះ​ថា​រោង​ជំនុំ ។

ខេលលី​បាន​អង្គុយ​ចុះ​នៅ​ក្បែរ​ម៉ាក់ និង​លីលីន នៅនឹង​កៅអ៊ី​មួយ​ជួរ ហើយ​មិន​យូរ​ប៉ុន្មាន​ព្រះវិហារ​បាន​ចាប់ផ្ដើម ។ នាង​បាន​ស្តាប់​តន្ត្រី ។ នាង​ចូលចិត្ត​ពី​របៀប​ដែល​វា​ធ្វើ​ឲ្យ​នាង​មានអារម្មណ៍ សូម្បី​តែ​នាង​មិន​ស្គាល់​ពាក្យ​ក្នុង​ចម្រៀង​ក្ដី ។

នៅ​ចុង​បញ្ចប់​នៃ​ការប្រជុំ ស្ត្រី​ម្នាក់​បាន​ក្រោកឈរ​ឡើង​ដើម្បី​អធិស្ឋាន​បិទ ។ ខេលលី​សម្លឹង​ជុំវិញ​ពេលដែល​មនុស្ស​គ្រប់គ្នា​ផ្សេងទៀត​បាន​ឱបដៃ ហើយ​បិទ​ភ្នែក​ពួកគេ ។ នាង​នៅតែ​មាន​អារម្មណ៍​អ្វី​មួយ​ល្អ​ណាស់​នៅក្នុង​ចិត្ត ។ តើ​នោះ​គឺ​ជា​អ្វី ? វា​ខុស​ពី​អ្វីៗ​ដែល​នាង​ធ្លាប់​មាន​អារម្មណ៍​ពី​មុន​មក !

កាលដែល​ពួកគេ​ចាកចេញ​ពី​ព្រះវិហារ​ក្រោយមក ខេលលី​បាន​ប្រាប់​ម៉ាក់​អំពី​អារម្មណ៍​របស់​នាង​ដែល​នាង​បាន​មាន​អំឡុង​ការអធិស្ឋាន ។

ម៉ាក់​បាន​និយាយ​ថា « ម៉ាក់​មិន​មាន​អារម្មណ៍​ពិសេស​អ្វី​នោះ​ទេ » ។

ប៉ុន្តែ​ខេលលី​បន្ត​គិត​ពី​អារម្មណ៍​ដែល​នាង​បាន​មាន​​នៅ​ព្រះវិហារ ។ នាង​បាន​ចូលចិត្ត​ការអធិស្ឋាន​នោះ ។ ហើយនាង​ចូលចិត្ត​ឮ​ពី​ព្រះយេស៊ូវ ។

« តើ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​មក​បង្រៀន​ខ្ញុំ​បាន​ទេ ? » ខេលលី​បាន​សួរ​ម៉ាក់ ។ « ខ្ញុំចង់​រៀន​បន្ថែម​ទៀត » ។

ម៉ាក់​បាន​និយាយ​ថា « បើ​នោះ​ជា​អ្វី​ដែល​កូន​ចង់​ធ្វើ វា​មិន​ថ្វី​ទេ » ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​ខេលលី​ពី​របៀប​អធិស្ឋាន ហើយ​អាន​ព្រះគម្ពីរ ។ ពួកគេ​បាន​បង្រៀន​នាង​អំពី​ព្រះយេស៊ូវ និង​របៀប​ដែល​ទ្រង់​ស្រលាញ់​យើង ។ ខេលលី​ចូលចិត្ត​អ្វី​ដែល​នាង​កំពុង​រៀន ។

ថ្ងៃ​មួយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ផ្ដល់​ការអញ្ជើញ​ដ៏​ពិសេស​មួយ​ដល់​នាង ។

អែលឌើរ ផាកកឺបាន​សួរ​ថា « តើ​ប្អូន​អាច​ព្យាយាម​អធិស្ឋាន​នៅសប្តាហ៍​នេះ​ដែរ​ឬ​ទេ ? »

រហូត​មក​ដល់​ពេល​នេះ ខេលលី​គ្រាន់តែ​អធិស្ឋាន​ជាមួយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ប៉ុណ្ណោះ ។ ប៉ុន្តែ​នាង​ចង់​សាកល្បង​វា​ដោយ​ខ្លួនឯង ។ នាង​បាន​ដឹង​ថា ព្រះវរបិតាសួគ៌​តែងតែ​ស្ដាប់ ហើយ​ទ្រង់​មាន​ព្រះទ័យ​ចង់​ឮ​ពី​នាង ។

នាង​បាន​សន្យា​ថា « ខ្ញុំ​នឹង​ធ្វើ​វា » ។

ស្អែក​ឡើង​នៅ​សាលា​ជា​ថ្ងៃ​ដ៏​ពិសេស​មួយ ។ ខេលលី​នឹង​ច្រៀង​នៅក្នុង​ការប្រកួត​មួយ ! នាង​បានរៀន​ចម្រៀង​ចិន​ដ៏​ពិរោះ​មួយ ។ ការរៀន​ពី​ណោត​ចម្រៀង និង​សំឡេង​ជា​កិច្ចការ​ដ៏​ពិបាក ! នាង​បាន​ហាត់ ហើយ​ហាត់​ទៀត ។

ឥឡូវ​នេះ​វា​ដល់​ពេល​ត្រូវ​ច្រៀង​ហើយ ខេលលី​មាន​អារម្មណ៍​ភ័យ ។ នាង​បាន​ទាញ​រូប​ព្រះយេស៊ូវ​ដែល​នាង​បាន​ដាក់​ក្នុង​ហោប៉ៅ​ឯកសណ្ឋាន​សាលា​របស់​នាង​នៅ​ព្រឹកនោះ ។ នាង​សម្រេច​ចិត្ត​ដើម្បី​អធិស្ឋាន ដូច​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្ហាញ​នាង ។ នាង​បាន​អធិស្ឋាន​ថា « ព្រះវរបិតាសួគ៌ សូម​ជួយ​កូន​ឲ្យ​បាត់​ភ័យ » ។ « នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន » ។

បន្ទាប់​មក​ខេលលី​បាន​ឈាន​ជើង​ទៅលើ​ឆាក ។ នាង​បាន​សម្លឹង​មើល​ទៅ​អ្នក​ទស្សនា និង​មេប្រយោគ ។ នាង​បាន​គិត​អំពី​រូប​ព្រះយេស៊ូវ​នៅ​ក្នុង​ហោប៉ៅ​​នាង ហើយ​មាន​អារម្មណ៍​ប្រសើរ​ឡើង​បន្តិច ។ នាង​បាន​ដក​ដង្ហើមធំ ហើយ​បាន​ចាប់ផ្ដើម​ច្រៀង ។

នាង​បាន​ច្រៀង​គ្រប់​ពាក្យ​ដូច​ដែល​នាង​បាន​ហាត់ ។ កាលដែល​នាង​បាន​ច្រៀង​ដល់​ណោត​ចម្រៀង​ចុងក្រោយ ហើយ​ឱន​ក្បាល នោះ​ខេលលី​បាន​ដឹង​ថា ព្រះវរបិតាសួគ៌​បាន​ឮ​ការអធិស្ឋាន​របស់​នាង ហើយ​បាន​ជួយ​នាង ។

ខេលលី​បាន​ដើរ​ចុះ​ពី​ឆាក​ដោយ​ញញឹម ។ នាង​ទន្ទឹង​រង់ចាំដើម្បី​ប្រាប់​​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​អំពី​អ្វី​ដែល​បាន​កើតឡើង ! នាង​បាន​ដឹង​ថា នាង​ចង់​បន្ត​អធិស្ឋាន​ជា​រៀងរាល់​ថ្ងៃ ។

រចនា​រូបភាព​ដោយ ថេមមី លីអន