ពាក្យចុងក្រោយ
ការបម្រើរួមគ្នាជាមួយនឹងអំណាចបព្វជិតភាព
ដកស្រង់ចេញពីសុន្ទរកថានៅក្នុងសន្និសីទទូទៅខែ មេសា ឆ្នាំ ២០១៣ ។
កាលពីបីបួនឆ្នាំមុន ភរិយារបស់ខ្ញុំ បាបារ៉ា និងខ្ញុំ បានសម្លឹងមើលទៅមេឃនាពេលរាត្រីដោយភាពអស្ចារ្យ ។ មានផ្កាយរាប់លានហាក់ដូចជាមានពន្លឺភ្លឺស្រស់ស្អាតខុសប្លែកពីធម្មតា ។ ក្រោយមកខ្ញុំបានបើកទៅគម្ពីរមុក្ដាដ៏មានតម្លៃមហិមា ហើយអានម្ដងទៀតទាំងងឿងឆ្ងល់ពីអ្វីដែលព្រះអម្ចាស់ជាព្រះបានមានបន្ទូលទៅកាន់ម៉ូសេថា ៖ « ហើយពិភពលោកដ៏ច្រើនឥតគណនា នោះយើងបានបង្កើតឡើង ហើយយើងបានបង្កើតរបស់ទាំងនោះឡើងសម្រាប់គោលបំណងរបស់យើងផ្ទាល់ ហើយដោយសារព្រះរាជបុត្រា នោះយើងបានបង្កើតរបស់ទាំងនោះមក គឺជាព្រះរាជបុត្រាបង្កើតតែមួយរបស់យើង » ( ម៉ូសេ ១:៣៣ ) ។
អំណាចដែលបង្កើតស្ថានសួគ៌ និងផែនដីគឺជាបព្វជិតភាព ។ ប្រភពនៃអំណាចបព្វជិតភាពនេះគឺជាព្រះដ៏មានមហិទ្ធិឫទ្ធិ និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ វាជាអំណាចដែលព្រះអង្គសង្គ្រោះបានប្រើដើម្បីធ្វើអព្ភូតហេតុ ដើម្បីផ្ដល់នូវដង្វាយធួនដែលគ្មានដែនកំណត់ និងដើម្បីយកឈ្នះសេចក្ដីស្លាប់ខាងរូបកាយតាមរយៈការរស់ឡើងវិញ ។
នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌យើង បុរសមានទំនួលខុសត្រូវដ៏ពិសេសក្នុងការគ្រប់គ្រងបព្វជិតភាព តែពួកគេពុំមែនជាបព្វជិតភាពនោះទេ ។ ការយល់ដឹងថាព្រះវរបិតាសួគ៌ បានផ្ដល់វិធីមួយសម្រាប់បុត្រាបុត្រីទ្រង់គ្រប់រូបអាចទទួលបានពរជ័យ និងទទួលការពង្រឹងនៃបព្វជិតភាព វាជារឿងសំខាន់ណាស់សម្រាប់យើង ។
អំណាចបព្វជិតភាពដូចគ្នាដែលបានបង្កើតពិភពលោក កាឡាក់ស៊ី និងសកលលោក អាច ហើយគួរតែជាផ្នែកមួយនៃជីវិតយើងក្នុងការជួយពង្រឹង ហើយផ្ដល់ពរដល់គ្រួសារយើង មិត្តភក្ដិយើង និងអ្នកជិតខាងយើង—និយាយម្យ៉ាងទៀត គឺត្រូវធ្វើកិច្ចការដែលព្រះអង្គសង្គ្រោះនឹងធ្វើ បើទ្រង់កំពុងបម្រើក្នុងចំណោមពួកយើងសព្វថ្ងៃនេះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨១:៥ ) ។
គោលបំណងចម្បងរបស់អំណាចបព្វជិតភាពគឺដើម្បីផ្ដល់ពរ ស្អាង និងបន្សុទ្ធយើង ដើម្បីយើងអាចរស់នៅជាមួយគ្នាជាមួយគ្រួសារយើងនៅក្នុងវត្តមានរបស់ព្រះបិតាព្រះមាតាសួគ៌យើងជារៀងរហូត ។ តាមរបៀបនេះ បុរស ស្ត្រី និងកុមារទាំងអស់—មិនថាអ្វីជាកាលៈទេសៈរបស់យើងនោះទេ—អាចចូលរួមនៅក្នុងកិច្ចការដ៏អស្ចារ្យរបស់ព្រះ និងព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ូសេ ១:៣៩ ) ហើយរីករាយនឹងពរជ័យទាំងឡាយនៃបព្វជិតភាព ។
សូមឲ្យយើងឈ្លាសវៃ ហើយព្យាយាមពង្រឹងជីវិតយើង ជីវិតគ្រួសារយើង និងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈអំណាចនៃបព្វជិតភាពនៃព្រះ ។